ក្រោយពីចូលនិវត្តន៍មុនអាយុ លោក វ៉វុាំងឡុក (កើតឆ្នាំ ១៩៧០ នៅអនុសង្កាត់៥ សង្កាត់ង្វៀកហ្វា ខេត្តវិញឡុង) បានមោះមុតបង្វែរមកអនុវត្តទម្រង់ចិញ្ចឹមអន្ទង់មិនប្រើភក់ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ ដោយស្មារតីហ៊ានគិត ហ៊ានធ្វើ និងមានចរិតឧស្សាហ៍ព្យាយាមរៀនសូត្របទពិសោធន៍ និងហ៊ានអនុវត្តបច្ចេកទេសក្នុងការផលិត ទម្រង់នេះបាននាំមកនូវប្រាក់ចំណូលលំនឹង ទន្ទឹមនឹងនោះ ក្លាយជាកន្លែងទស្សនា និងរៀនសូត្របទពិសោធន៍របស់កសិករជាច្រើនទាំងក្នុងនិងក្រៅភូមិភាគ។
ក្រោយពីបំពេញការងារផ្នែកភ័ស្តុភារក្នុងកងកម្លាំងនគរបាលខេត្តត្រាវិញ (ចាស់) ជាច្រើនឆ្នាំ ដល់ឆ្នាំ ២០១៩ លោក វ៉វុាំងឡុក សូមចូលនិវត្តន៍មុនអាយុ ដើម្បីផ្តុំកម្លាំងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ មុនពេលចូលនិវត្តន៍ ចាប់ពីឆ្នាំ ២០១៦ គាត់បានវិនិយោគចិញ្ចឹមត្រីផ្ទក់នៅឃុំង៉ាយស្វៀង ស្រុកថ្កូវ (ចាស់)។ ប៉ុន្តែដោយសារតម្លៃមិនប្រក្រតី ចំណាយខ្ពស់ និងប្រសិទ្ធភាពសេដ្ឋកិច្ចមិនដូចការរំពឹងទុក គាត់ក៏បង្វែរមកអនុវត្តទម្រង់ចិញ្ចឹមអន្ទង់មិនប្រើភក់ ដោយសង្ឃឹមថាបង្កើនប្រាក់ចំណូល និងអភិវឌ្ឍសេដ្ឋកិច្ចដោយចីរភាព។


លោក វ៉វុាំងឡុក បូមទឹកចូលអាងចិញ្ចឹមអន្ទង់តាមទម្រង់ចិញ្ចឹមមិនប្រើភក់ រួមចំណែករក្សាបរិស្ថានទឹកស្អាត បង្កលក្ខណៈដើម្បីអន្ទង់ឆាប់ធំ។
ក្នុងដំណើរស្វែងយល់ជាក់ស្តែង ទស្សនានូវទម្រង់ចិញ្ចឹមអន្ទង់ជាច្រើនកន្លែងទាំងក្នុងនិងក្រៅភូមិភាគ ទន្ទឹមនឹងនោះចូលរួមវគ្គហ្វឹកហ្វឺនបច្ចេកទេសអាស្រ័យផ្នែកកសិកម្មចាត់តាំងឡើង លុះដល់ឆ្នាំ ២០២០ លោក វ៉វុាំងឡុក សម្រេចចិត្តវិនិយោគចិញ្ចឹមអន្ទង់សាច់ដោយមិនប្រើភក់។ ដំបូង គាត់ធ្វើអាងស៊ីម៉ង់ត៍ចិញ្ចឹម ៥ អាង ហើយអាងនីមួយៗមានផ្ទៃក្រឡា ៦ ម៉ែត្រការ៉េ (បណ្តោយ៣ម៉ែត្រ ទទឹង២ម៉ែត្រ) អាងនីមួយៗចិញ្ចឹមប្រមាណ ៤.០០០ ក្បាល។ ដោយសារទម្រង់នេះមានប្រសិទ្ធភាពសេដ្ឋកិច្ចល្អប្រសើរ គាត់ក៏ពង្រីកទម្រង់ និងរក្សាចិញ្ចឹមអន្ទង់សាច់រហូតដល់ ១៥ អាង។


អាងចិញ្ចឹមអន្ទង់នីមួយៗរបស់លោក វ៉វុាំងឡុក មានផ្ទៃដី ៦ ម៉ែត្រការ៉េ (៣ម៉ែត្រ × ២ម៉ែត្រ) ចិញ្ចឹមប្រមាណ ៤.០០០ ក្បាល ដោយមិនប្រើភក់ ងាយស្រួលក្នុងការថែទាំ និងគ្រប់គ្រង។
លោក វ៉វុាំងឡុក ឱ្យដឹង៖ ការចិញ្ចឹមអន្ទង់ដោយមិនប្រើភក់ ទោះបីជាមិននឿយហត់ ប៉ុន្តែទាមទារអ្នកចិញ្ចឹមត្រូវគោរពតាមខ្សែសង្វាក់បច្ចេកទេសឱ្យបានម៉ឺងម៉ាត់។ រៀងរាល់ថ្ងៃត្រូវផ្លាស់ទឹកយ៉ាងតិចបំផុត ៣ ដង ដើម្បីធានាបរិស្ថានទឹកស្អាត ទន្ទឹមនឹងនោះតាមដានសុខភាពអន្ទង់ ឱ្យចំណីត្រូវតាមចំណែកអាហារ និងបង្ការទប់ស្កាត់ជំងឺ។ បើថែទាំបានល្អ ក្រោយពីចិញ្ចឹមប្រមាណ ៨ ខែ អន្ទង់មានទម្ងន់អាចលក់បាន។ បច្ចុប្បន្ន ប្រភពពូជអន្ទង់បានផ្គត់ផ្គង់នៅតាមភូមិភាគជាច្រើន ប៉ុន្តែគាត់អាទិភាពជ្រើសរើសពូជពីម៉ាំងថិត វិញឡុង។ តាមបទពិសោធន៍របស់គាត់ កូនពូជនៅតំបន់មានលក្ខណៈធម្មជាតិប្រហាក់ប្រហែលគ្នានេះ នឹងមានភាពស៊ាំល្អ អត្រាខូចខាតទាប និងឆាប់ធំ។ លំបាកធំបំផុតបច្ចុប្បន្ន គឺតម្លៃអន្ទង់សាច់ចុះថោកជាងមុន ដូច្នេះប្រាក់ចំណេញមិនខ្ពស់។ ទោះបីដូច្នោះក្តី ច្រកចេញនៅតែមានស្ថេរភាព ដោយសារមានឈ្មួញមកទិញដល់កន្លែង។ បើអន្ទង់មានតម្លៃពី ៧០.០០០ ដុង/គីឡូក្រាម ក្រោយពីទូទាត់ប្រាក់ចំណាយលើកូនពូជ ចំណី និងវិនិយោគផ្សេងៗនោះ ប្រមូលផលអន្ទង់មួយលើកៗចំនួន ១៥ អាង គ្រួសារលោកអាចរកបានចំណេញពី ១៥០ ដល់ ២០០ លានដុង។
មិនត្រឹមតែអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារប៉ុណ្ណោះទេ លោក វ៉វុាំងឡុក ថែមទាំងចែករំលែកបទពិសោធន៍ ដោយអស់ពីចិត្តជាមួយគ្រួសារកសិករដែលមានតម្រូវការបង្វែរមកអនុវត្តទម្រង់នេះ។ មានកសិករជាច្រើនទាំងក្នុងនិងក្រៅភូមិភាគបានមកទស្សនា រៀនសូត្រពីរបៀបធ្វើអាង ជ្រើសរើសពូជ និងបច្ចេកទេសថែទាំដើម្បីអនុវត្តជាក់ស្តែង។
លោក ថាច់ឡេ សមាជិកគណៈប្រតិបត្តិការសមាគមកសិករ ប្រធានក្រុមប្រិតសំចៃនិងបុលទុននៅភូមិភាគ ឱ្យដឹង៖ លោក វ៉វុាំងឡុក គឺជាសមាជិកសកម្មមួយរូប ហ៊ានវិនិយោគអភិវឌ្ឍផលិត។ ផ្តើមពីប្រភពទុនបុលដំបូង ៥០ លានដុង ពេលទម្រង់ពង្រីកប្រសិទ្ធភាព គាត់បុលបន្ថែម ២០០ លានដុងទៀត ដើម្បីពង្រីកទម្រង់ចិញ្ចឹមអន្ទង់។ វាយតម្លៃអំពីទម្រង់នេះ លោកថាច់ឡេ យល់ថា លោក វ៉វុាំងឡុក គឺជាគ្រួសារមួយឈានមុខគេបាននាំទម្រង់ចិញ្ចឹមអន្ទង់ដោយមិនប្រើភក់មកភូមិភាគ។ ដោយសារហ៊ានអនុវត្តវិទ្យាសាស្រ្តបច្ចេកទេស ប្រើប្រាស់ប្រភពទុនបុលមានប្រសិទ្ធភាព និងអត់ធ្មត់អភិវឌ្ឍផលិត ទើបគ្រួសារលោកឡុក មានប្រាក់ចំណូលមានស្ថេរភាព បង្កកម្លាំងជំរុញឱ្យសមាជិកជាច្រើនហ៊ានបង្វែរមកអនុវត្តទម្រង់ផលិត បង្កើនប្រាក់ចំណូល។
ផ្តើមពីប្រសិទ្ធភាពជាក់ស្តែងនោះ ទើបទម្រង់ចិញ្ចឹមអន្ទង់មិនប្រើភក់កំពុងបើកចេញទិសដៅអភិវឌ្ឍសេដ្ឋកិច្ចសមស្របដល់គ្រួសារកសិករជាច្រើននៅភូមិភាគ។ ដោយមានគុណសម្បត្តិប្រើប្រាស់ផ្ទៃដីតូច ងាយគ្រប់គ្រង រយៈពេលចិញ្ចឹមមិនយូរពេក ទម្រង់រំពឹងទុកនឹងបន្តពង្រីក រួមចំណែកពិពិធកម្មផលិតកសិកម្ម បង្កើនប្រាក់ចំណូលដល់ប្រជាជននៅជនបទ៕
ទីទុយ-វិមាន