នៅវេលាម៉ោង៥ល្ងាចរៀងរាល់ថ្ងៃ ក្នុងបរិវេណវត្តផ្នោកញ្ជើចាស់ ឃុំង៉ុកតូ សំឡេងភ្លេងពិណពាទ្យ បានបន្លឺឡើងលាន់រំពង។ អ្វីដែលពិសេសនោះគឺ អ្នកភ្លេងទាំងអស់សុទ្ធតែជាងសំណង់ដែលកំពុងធ្វើការនៅក្នុងវត្ត។ បន្ទាប់ពីមួយថ្ងៃធ្វើការនឿយហត់ ពួកគាត់នៅតែខិតខំហាត់រៀន ដោយគោលបំណងរួមចំណែកអភិរក្សសិល្បៈប្រពៃណីរបស់ជនជាតិខ្មែរនិងបម្រើសហគមន៍។

ក្រុមភ្លេងពិណពាទ្យវត្តផ្នោកញ្ជើចាស់។
បង្កើតឡើងបានជាង១ខែ ក្រុមភ្លេងពិណពាទ្យវត្តផ្នោកញ្ជើចាស់ រួមមានសមាជិកចំនួន៨នាក់។ និយាយអំពីមូលហេតុ ក៏ដូចជាដំណើរការកកើតក្រុមភ្លេងនេះ លោកថាច់ខាំ - ប្រធានគណៈកម្មការវត្តផ្នោកញ្ជើចាស់ ឱ្យដឹង៖ "វង់ភ្លេងពិណពាទ្យនេះ បានពុទ្ធបរិស័ទទិញប្រគេនវត្តតាំងពីឆ្នាំ ២០២៤ បន្ទាប់ពីមិនបានប្រើប្រាស់អស់ជាច្រើនឆ្នាំ ឥឡូវនេះវត្តបានសម្រេចចិត្តអញ្ជើញគ្រូភ្លេងពីក្រុមសិល្បៈខ្មែរទីក្រុងកឹងធើមកបង្រៀន គោលបំណងសំខាន់គឺដើម្បីបម្រើក្នុងវត្ត និងពិធីបុណ្យផ្សេងក្នុងភូមិស្រុក។ ពេលទៅបម្រើ គ្រួសារណាធូរធារគេជូនប្រាក់កម្រៃ សេសសល់ខ្លះៗបងប្អូននឹងយកទៅប្រគេនវត្ត។ ចំពោះគ្រួសារដែលមានជីវភាពខ្វះខាត បងប្អូនក្រុមភ្លេងស្ម័គ្រចិត្តមកបម្រើដោយឥិតគិតថ្លៃទាំងស្រុង"។
ចំណុចពិសេសនៃវង់ភ្លេងនេះ គឺសមាជិកភាគច្រើនជាអ្នកវ័យចំណាស់ ដោយសារពេលថ្ងៃរវល់ធ្វើការងារ ម្ល៉ោះហើយការរៀនភ្លេងរបស់ពួកគាត់សំខាន់ប្រព្រឹត្តទៅនៅពេលល្ងាច និងជួបប្រទះឧបសគ្គមិនតិចឡើយ។ លោក ត្រឹងយ៉ាង អាយុ៦៦ឆ្នាំ នៅភូមិផ្នោកញ្ជើចាស់១ ឃុំង៉ុកតូ ជាសមាជិកដែលមានវ័យចំណាស់ជាងគេក្នុងក្រុម ចែករំលែក៖ "បងប្អូននៅទីនេះភាគច្រើនធ្វើជាជាងសំណង់ ឬធ្វើការឈ្នួលឱ្យគេ។ ឱ្យតែដល់ម៉ោង៥ល្ងាចចេញពីធ្វើការ គឺប្រញាប់មកជុំគ្នានៅវត្ត។ ដោយសារវ័យចំណាស់ ម្ល៉ោះហើយពេលគ្រូបង្រៀនអាចនឹងប្រគំបាន ប៉ុន្តែពេលត្រឡប់ទៅផ្ទះវិញបែរជាភ្លេចអស់។ គ្រូត្រូវណែនាំចុះណែនាំឡើងជាច្រើនលើក ទើបយើងខ្ញុំអាចចាំសូរភ្លេងបាន"។
ដើម្បីជម្នះការលំបាកក្នុងការចងចាំសូរភ្លេង សិក្ខាកាមម្នាក់ៗត្រូវស្វែងរកវិធីសាស្ត្រចងចាំដោយខ្លួនឯង។ ក្នុងរយៈកាលដំបូងដែលមិនទាន់ថ្នឹកនឹងឧបករណ៍ភ្លេង សមាជិកម្នាក់ៗ ត្រូវកត់លេខដោយផ្ចិតផ្ចង់នៅលើផ្លែរនាតដើម្បីចាំ។ ត្រូវចំណាយពេលពេញមួយសប្តាហ៍ហ្វឹកហាត់ជាប្រចាំ ទើបចាប់ផ្តើមយល់ដឹងពីទ្រឹស្តីភ្លេង ហើយតាមរយៈការអនុវត្តជាក់ស្តែងយូរៗទៅ ទើបថ្នឹកនឹងសូរភ្លេងដើម្បីអាចប្រគំត្រូវចង្វាក់។

តន្រ្តីករឡឹមមិញកឿង កំពុងណែនាំសិក្ខាកាម។
តន្ត្រីករ ឡឹមមិញកឿង-ក្រុមសិល្បៈខ្មែរទីក្រុងកឹងធើ ជាអ្នកបង្រៀនផ្ទាល់ក្រុមភ្លេងនេះ ឱ្យដឹង៖ "សិស្សដែលមានវ័យចំណាស់គឺដៃជើងរឹង មិនអាចរហ័សរហួនដូចយុវជនឡើយ ដូច្នេះដាច់ខាតមិនអាចយកបទធំៗ ឬស្មុគស្មាញមកបង្រៀនបានទេ។ ខ្ញុំត្រូវជ្រើសរើសបទសប្បាយៗ បទបុរាណខ្លីៗ និងងាយចាំមកបង្រៀនមុន។ ក្នុងមួយបទខ្ញុំបែងចែកពី៣ទៅ៤វគ្គ ក្នុងមួយវគ្គរៀនប្រហែលពី៣ទៅ៤ សប្តាហ៍ ដើម្បីឱ្យអ្នករាល់គ្នាទន្ទេញចាំមាត់។ ទោះបីជានឿយហត់ ប៉ុន្តែដោយសារស្មារតីខិតខំប្រឹងប្រែងមិនខ្លាចភ្លៀងខ្យល់ ត្រឹមតែក្នុងរយៈពេលមួយខែ អ្នករាល់គ្នាអាចប្រគំបាន៥បទយ៉ាងល្អពីរោះ។
ទោះបីការរៀនភ្លេងនៅមានឧបសគ្គច្រើនយ៉ាងណាក៏ដោយ ប៉ុន្តែដោយសេចក្តីស្រឡាញ់វប្បធម៌ និងទឹកចិត្តឆ្ពោះទៅរកសហគមន៍ បានជួយឱ្យសមាជិកទាំងអស់ផ្សារភ្ជាប់ជាមួយនឹងវង់ភ្លេង។ ដោយក្តីស្មោះត្រង់ទាំងស្រុង អ្នកភ្លេងទាំងនោះ កំពុងរួមកម្លាំងអភិរក្សសិល្បៈប្រពៃណី ដើម្បីសំឡេងភ្លេងពិណពាទ្យនៅតែបន្តផ្សារភ្ជាប់ជាមួយនឹងជីវភាពស្មារតីរបស់មាមីង ក្នុងភូមិស្រុកជារៀងរហូត។
វឌ្ឍា- លីសៀ