បន្ទាប់ពីដំណើរការអស់រយៈពេលជាងមួយឆ្នាំ មជ្ឈមណ្ឌលបម្រើសេវារដ្ឋបាលរដ្ឋឃុំតឹងថាញ់ ទីក្រុងកឹងធើ បានដំណើរការតាមទិសដៅឌីជីថល ប្រកបដោយតម្លាភាព និងកាន់តែជិតដិតប្រជាជន។ រាល់បែបបទរដ្ឋបាលបានដោះស្រាយយ៉ាងឆាប់រហ័ស សាមញ្ញ តាមប្រព័ន្ធអេឡិចត្រូនិក មិនចាំបាច់រង់ចាំយូរ ធ្វើឱ្យប្រជាជនមានការពេញចិត្តយ៉ាងខ្លាំង។

កម្មាភិបាលមជ្ឈមណ្ឌលបម្រើសេវារដ្ឋបាលរដ្ឋឃុំតឹងថាញ់ ណែនាំប្រជាជនពិនិត្យលទ្ធផលដោះស្រាយបែបបទរដ្ឋបាលលើទូរស័ព្ទឆ្លាតវៃ។
ក្រោយរយៈពេលជាងមួយឆ្នាំដំណើរការរដ្ឋអំណាចភូមិភាគ ២ ថ្នាក់ អត្ថន័យដ៏ធំធេងនៃការរៀបចំអង្គភាពរដ្ឋបាលឡើងវិញ មិនត្រឹមតែជារូបមន្តនៃការកាត់បន្ថយរចនាសម្ព័ន្ធប្រព័ន្ធគ្រប់គ្រងប៉ុណ្ណោះទេ សំខាន់ជាងទៀត គឺបង្កការផ្លាស់ប្តូរយ៉ាងច្បាស់អំពីគុណភាពនៃការបម្រើប្រជាជន។ ដំណើរការប្រព័ន្ធគ្រប់គ្រងថ្មី មជ្ឈមណ្ឌលបម្រើសេវារដ្ឋបាលរដ្ឋឃុំតឹងថាញ់ បានកំណត់ច្បាស់ទិសស្លោក៖ “យកប្រជាជនជាស្នូល និងយកការពេញចិត្តរបស់ប្រជាជនជាការវាស់វែងពីប្រសិទ្ធភាព”។ ជារៀងរាល់ថ្ងៃ ពេលទៅកាន់មជ្ឈមណ្ឌលបម្រើសេវារដ្ឋបាលរដ្ឋឃុំតឹងថាញ់ ទើបឃើញច្បាស់ពីបរិយាកាសបំពេញការងារប្រព្រឹត្តទៅយ៉ាងមមាញឹក មានរបៀបរៀបរយ។ ប្រជាជនមកធ្វើបែបបទរដ្ឋបាល មិនចាំបាច់យកឯកសារច្រើន ហើយដើរច្រើនកន្លែងដូចមុនទៀត។ ពេលចូលដល់មជ្ឈមណ្ឌល កម្មាភិបាលទទួលបន្ទុកណែនាំយ៉ាងលម្អិតពីរបៀបដាក់ពាក្យតាមប្រព័ន្ធអនឡាញ ជួយសន្សំពេលវេលានិងកាត់បន្ថយការធ្វើដំណើររបស់ប្រជាជន។ អ្នកមីង លីធីសួន នៅភូមិកគោ ឱ្យដឹង៖ “ពីមុន ពេលទៅធ្វើលិខិតស្នាមម្ដងៗ ខ្ញុំត្រូវយកឯកសារជាច្រើន និងចំណាយពេលរង់ចាំយូរ; ឥឡូវនេះ គ្រប់បែបបទអាចធ្វើបាននៅឃុំ ដូច្នេះងាយស្រួលជាងមុនច្រើន។ ថ្ងៃនេះ ខ្ញុំមកធ្វើសំបុត្រកំណើតឱ្យកូននិងបញ្ជាក់ឯកសារ ចូលដល់ភ្លាម កម្មាភិបាលឃុំបានណែនាំឱ្យខ្ញុំបំពេញបែបបទដោយផ្ទាល់លើទូរស័ព្ទឆ្លាតវៃ ចំណាយពេលតែបន្តិចប៉ុណ្ណោះក៏រួចរាល់។ កម្មាភិបាលបម្រើការងារយ៉ាងយកចិត្តទុកដាក់ ស្និទ្ធស្នាលនឹងប្រជាជន ធ្វើឱ្យខ្ញុំមានអារម្មណ៍រីករាយនិងពេញចិត្តយ៉ាងខ្លាំង”។
តឹងថាញ់ ជាឃុំមានជនរួមជាតិខ្មែរជាង ២៨% នៃចំនួនប្រជាជនសរុប។ ប្រជាជនភាគច្រើនប្រកបរបរកសិកម្ម ហើយសមត្ថភាពខាងបំណិនឌីជីថលនៅមានកម្រិត។ ដើម្បីជួយប្រជាជនងាយស្រួលបង្ខិតជិតបច្ចេកវិទ្យាឌីជីថល មជ្ឈមណ្ឌលបានផ្សព្វផ្សាយអនុវត្តដំណោះស្រាយជាច្រើន។ លោកង្វៀងហ៊ឺវតាយ នាយកមជ្ឈមណ្ឌលបម្រើសេវារដ្ឋបាលរដ្ឋឃុំតឹងថាញ់ ឱ្យដឹង៖ “ជាមួយទិសស្លោក “មកតែម្តង អាចអនុវត្តបែបបទរដ្ឋបាលបានគ្រប់ពេលវេលានិងគ្រប់ទីកន្លែង” មជ្ឈមណ្ឌលបានចាត់ឱ្យកម្មាភិបាល ២ រូប ប្រចាំការជួយប្រជាជនអនុវត្តបែបបទរដ្ឋបាល បង្កើតគណនីសេវារដ្ឋ ដាក់ពាក្យដោយខ្លួនឯង ទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក និងតាមដានលទ្ធផលលើទូរស័ព្ទឆ្លាតវៃ។ ប្រសិនបើប្រជាជនមិនទាន់ដំឡើងកម្មវិធី VNeID កម្រិតទី២ កម្មាភិបាលនឹងជួយដំឡើង ព្រមទាំងណែនាំពីរបៀបប្រើប្រាស់ និងអនុវត្តបែបបទរដ្ឋបាលតាមប្រព័ន្ធអនឡាញ ស្របតាមតម្រូវការរបស់ពួកគាត់។ ទន្ទឹមនឹងនោះ មជ្ឈមណ្ឌលក៏បានអនុវត្តទម្រង់ “បណ្ណាគារអាទិភាព - បម្រើដោយយកចិត្តទុកដាក់” សម្រាប់ស្ត្រីមានផ្ទៃពោះ អ្នកពិការ និងអ្នកវ័យចាស់ចាប់ពីអាយុ ៦០ ឆ្នាំឡើងទៅ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជន។ អាស្រ័យហេតុនោះ ការដោះស្រាយបែបបទរដ្ឋបាលបានអនុវត្តយ៉ាងឆាប់រហ័ស ទទួលបានការពេញចិត្តយ៉ាងខ្លាំងពីប្រជាជន”។

កម្មាភិបាលមជ្ឈមណ្ឌលបម្រើសេវារដ្ឋបាលរដ្ឋ កំពុងណែនាំប្រជាជនដាក់ពាក្យតាមប្រព័ន្ធអនឡាញ។
រហូតមកដល់ពេលនេះ មជ្ឈមណ្ឌលបម្រើសេវារដ្ឋបាលរដ្ឋឃុំតឹងថាញ់ បានទទួលនិងដោះស្រាយសំណុំឯកសាររដ្ឋបាលជាង ៤.៤០០ ច្បាប់ (ដោះស្រាយទាន់ពេលវេលា និងមុនកាលកំណត់១០០%); អត្រាទទួលឯកសារតាមប្រព័ន្ធអនឡាញសម្រេច ៩៩,៨៨%; អត្រាទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកសម្រេច ១០០%; អត្រាធ្វើឌីជីថលភាវូបនីយកម្មសំណុំឯកសារ សម្រេច៩៦,៣២% ហើយប្រជាជនបានវាយតម្លៃពីការពេញចិត្តចំពោះគុណភាពផ្តល់សេវា ១០០%។ សន្ទស្សន៍វាយតម្លៃគុណភាពបម្រើសេវានៅលើច្រកទ្វារអេឡិចត្រូនិកជាតិ សម្រេច ៩៧,៦១/១០០ ពិន្ទុ (វាយតម្លៃឆ្នើម និងជាប់ចំណាត់ថ្នាក់ ១៤/១០៣ ឃុំ សង្កាត់លើភូមិឋានទីក្រុង)។ លោកង្វៀងហ៊ឺវតាយ នាយកមជ្ឈមណ្ឌលបម្រើសេវារដ្ឋបាលរដ្ឋឃុំតឹងថាញ់ ចែករំលែក៖ “តួលេខទាំងនេះបង្ហាញឱ្យឃើញថា ការផ្លាស់ប្ដូរឌីជីថលកំពុងនាំមកនូវការផ្លាស់ថ្មីយ៉ាងជាក់ស្តែងក្នុងរបៀបបម្រើប្រជាជន។ ក្រៅពីអនុវត្តដំណោះស្រាយជាក់ស្តែងក្នុងការដោះស្រាយបែបបទរដ្ឋបាល គឺហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់ឃុំ តែងធានាបានតម្រូវការដោះស្រាយការងារ។ ក្រៅពីនេះ ប្រធានគណៈកម្មាធិការប្រជាជនឃុំ បានប្រគល់សិទ្ធិឱ្យនាយកមជ្ឈមណ្ឌលដោះស្រាយដោយផ្ទាល់នូវបែបបទស្ថិតក្នុងដែនសមត្ថកិច្ច ទើបលទ្ធផលដោះស្រាយជូនប្រជាជនក៏បានឆាប់រហ័សនិងមានភាពងាយស្រួល។ នៅពេលខាងមុខ មជ្ឈមណ្ឌលនឹងបន្តធ្វើឱ្យសុក្រឹតនិងពង្រីកទម្រង់ដែលមានប្រសិទ្ធភាព ព្រមទាំងបន្តយកការពេញចិត្តរបស់ប្រជាជនសម្រាប់វាស់វែងពីគុណភាពបម្រើការងារ”។
បន្ទាប់ពីដំណើរការអស់រយៈពេលជាងមួយឆ្នាំ មជ្ឈមណ្ឌលបម្រើសេវារដ្ឋបាលរដ្ឋឃុំតឹងថាញ់ បានបង្ហាញពីប្រសិទ្ធភាពយ៉ាងច្បាស់ក្នុងការបម្រើប្រជាជន បែបបទនិងសំណុំឯកសារជាច្រើនត្រូវបានដោះស្រាយឆាប់រហ័ស ងាយស្រួល បង្កការពេញចិត្តយ៉ាងខ្ពស់ក្នុងប្រជាជន។ ប្រការនេះ បានបញ្ជាក់កាន់តែច្បាស់ រដ្ឋអំណាចឌីជីថលកំពុងលេចចេញជារូបរាងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ រួមចំណែកធ្វើឱ្យរដ្ឋអំណាចឌីជីថលបន្តខិតជិតប្រជាជន លើកកម្ពស់ប្រសិទ្ធភាពនៃការបម្រើប្រជាជនឱ្យកាន់តែល្អប្រសើរ៕
យ៉ីអាញ - ពេជ្រសឿន