មានថ្ងៃខ្លះ ការងារនៅមូលដ្ឋានបន្តរហូតដល់យប់ព្រលប់។ នៅពេលបងស្រីត្រឡប់មកដល់ផ្ទះ ឪពុកម្តាយបានចូលសម្រាក ហើយកូនៗក៏បានរៀនចប់រួចរាល់។ ប៉ុន្តែ សម្រាប់បងស្រី ថាច់គឹមធីតឹម លេខាសាខាបក្សភូមិព្រែកអំពិល ឃុំទីវកឹង ខេត្តវិញឡុង រាល់ការលំបាកនិងភាពនឿយហត់ទាំងអម្បាលម៉ានសុទ្ធតែមានតម្លៃ ហើយសក្ដិសមនឹងការលះបង់ នៅពេលឃើញដងផ្លូវជនបទមានភ្លើងបំភ្លឺ ស្រឡះស្អាត ប្រជាជនសាមគ្គីព្រួតដៃកសាងភូមិស្រុក។ នៅដើមឆ្នាំ២០២៦ បងស្រីមានកិត្តិយសទទួលបានការលើកតម្កើងជាលេខាសាខាបក្សភូមិឆ្នើម នៅរដ្ឋធានីហាណូយ។ នេះគឺជាការទទួលស្គាល់ដ៏សក្ដិសម ចំពោះការលះបង់និងការខិតខំប្រឹងប្រែងឥតឈប់ឈររបស់បងស្រី ក្នុងការបំពេញភារកិច្ចនៅមូលដ្ឋាន។
.jpg)
បងស្រី ថាច់គឹមធីតឹម (ឈរខាងស្តាំដៃ) មកសួរសុខទុក្ខនិងលើកទឹកចិត្ត
គ្រួសារបងស្រី ថាច់ធីស៊ឺ ។
ចាប់តាំងពីទទួលតួនាទីជាលេខាសាខាបក្សភូមិ នៅឆ្នាំ២០១៩មក បងស្រី ថាច់គឹមធីតឹម តែងជិតដិតនឹងប្រជាជន ទទួលស្តាប់ដោយយកចិត្តទុកដាក់នូវក្តីកង្វល់និងសំណូមពររបស់ប្រជាជន ដើម្បីដោះស្រាយបញ្ហាលំបាកនានាបានទាន់ពេលតាំងពីមូលដ្ឋាន។ បងស្រី តែងរំពឹងគិតថា ប្រសិនបើចង់ឱ្យប្រជាជនមានការឯកភាពនិងគាំទ្រ មុនដំបូងកម្មាភិបាលត្រូវតែធ្វើជាគំរូល្អ អនុវត្តឱ្យស្របនឹងអ្វីដែលខ្លួនបាននិយាយ ព្រមទាំងអត់ធ្មត់ក្នុងការផ្សព្វផ្សាយនិងចលនាប្រជាជន ដោយឈរលើភាពស្មោះត្រង់និងស្មារតីទទួលខុសត្រូវខ្ពស់។
ស្នាដៃលេចធ្លោមួយរបស់បងស្រី គឺការចលនាប្រជាជនចូលរួមបរិច្ចាគដី កម្លាំងពលកម្ម និងរួមចំណែកថវិកាតាមរយៈការចលនាក្នុងសង្គម ដើម្បីកសាងផ្លូវជនបទតាមទម្រង់ "ភ្លឺ - បៃតង - ជ្រះ - ស្អាត" ព្រមទាំងដំឡើងប្រព័ន្ធភ្លើងបំភ្លឺនិងដាំផ្កាតាមសងខាងផ្លូវ។ នៅក្នុងដំណាក់កាលដំបូងនៃការអនុវត្ត គ្រួសារប្រជាជនមួយចំនួននៅមានការស្ទាក់ស្ទើរនិងមិនទាន់ឯកភាព ដោយយល់ថា ការកសាងផ្លូវគឺជាភារកិច្ចរបស់រដ្ឋ។ ទោះជាយ៉ាងណាក៏ដោយ បងស្រីមិនបានបោះបង់ឡើយ បងស្រីរួមជាមួយគណៈប្រជាជនភូមិនិងអង្គការមហាជន បានអត់ធ្មត់ចុះទៅដល់គ្រួសារទាំងនោះ ដើម្បីផ្សព្វផ្សាយពន្យល់និងវិភាគអំពីអត្ថប្រយោជន៍របស់គម្រោងសម្រាប់ការធ្វើដំណើរ ការផលិត ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការលើកកម្ពស់គុណភាពនៃការស់នៅរបស់ប្រជាជន។
ចំពោះគ្រួសារមួយចំនួន បងស្រីត្រូវចុះទៅដល់ផ្ទះជាច្រើនលើក ដើម្បីជួបពិភាក្សា ស្តាប់ពីក្តីបារម្ភរបស់ពួកគាត់ ហើយពន្យល់ដោយអត់ធ្មត់អំពីផែនការអនុវត្តគម្រោង។ បងស្រី បានបកស្រាយពន្យល់ ការពង្រីកផ្លូវត្រូវបានអនុវត្តតាមគោលការណ៍ពង្រីកស្មើគ្នាទាំងសងខាងផ្លូវ ដើម្បីធានាភាពយុត្តិធម៌រវាងគ្រួសារប្រជាជនទាំងអស់ មិនមែនធ្វើតែម្ខាងៗនោះទេ។ ដោយភាពស្មោះត្រង់ ស្មារតីទទួលខុសត្រូវ និងការអនុវត្តការងារដោយបើកចំហ និងតម្លាភាពបែបនេះ ទើបទទួលបានការឯកភាពពីប្រជាជន។ បងស្រី ថាច់គឹមធីតឹម រំឭកឡើង៖ "នៅពេលឃើញគ្រួសារដែលនាំមុខគេស្ម័គ្រចិត្តបរិច្ចាគដី និងរួមចំណែកកសាងផ្លូវ គ្រួសារផ្សេងៗទៀតក៏ផ្លាស់ប្តូរគំនិតហើយចូលរួមតាម។ លុះផ្លូវកសាងសម្រេចរួចរាល់ ពេលយប់មានភ្លើងបំភ្លឺ ផ្លូវថ្នល់ស្អាតបាត មានសណ្តាប់ធ្នាប់ មាមីងនរណាក៏សប្បាយរីករាយ ព្រោះភូមិស្រុកមានការផ្លាស់ថ្មី"។
បងថាច់កីន ជាគ្រួសារមួយក្នុងចំណោមគ្រួសារដែលស្ម័គ្រចិត្តបរិច្ចាគដី ដើម្បីពង្រីកផ្លូវគមនាគមន៍ បានឱ្យដឹង ដំបូងឡើយគ្រួសាររបស់គាត់ក៏នៅមានការស្ទាក់ស្ទើរដែរ ព្រោះត្រូវបរិច្ចាគផ្ទៃដីមួយចំណែកធំ។ ប៉ុន្តែ បន្ទាប់ពីបងស្រី ថាច់គឹមធីតឹម បានចុះមកជួបដោយផ្ទាល់ជាច្រើនលើក ចលនានិងពន្យល់អំពីអត្ថប្រយោជន៍នៃគម្រោង ក៏ដូចជាគោលការណ៍ពង្រីកផ្លូវ ដោយធានាភាពយុត្តិធម៌រវាងគ្រួសារប្រជាជនទាំងអស់ គ្រួសាររបស់គាត់ក៏យល់ព្រម។ បងថាច់កីន ចែករំលែក៖ "ខ្ញុំយល់ឃើញថា រាល់ការងារដែលអ្នកមីងតឹមធ្វើគឺសុទ្ធតែដើម្បីផលប្រយោជន៍រួមរបស់ប្រជាជន មិនមែនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ។ ដូច្នេះ គ្រួសារខ្ញុំបានស្ម័គ្រចិត្តបរិច្ចាគដីដើម្បីកសាងផ្លូវ"។
មិនត្រឹមតែរួមចំណែកធ្វើឱ្យទិដ្ឋភាពជនបទកាន់តែស្រស់បំព្រង បងស្រី ថាច់គឹមធីតឹម ក៏បានអនុវត្តទម្រង់ "ភូមិគ្មានគ្រួសារក្រីក្រ" ប្រកបដោយប្រសិទ្ធភាព។ ពីមុន ក្នុងភូមិមានគ្រួសារក្រីក្រ ១០ គ្រួសារ និងគ្រួសារក្បែរក្រ ២០ គ្រួសារ ប៉ុន្តែមកដល់បច្ចុប្បន្ន ភូមិមិនមានគ្រួសារក្រីក្រទៀត ខណៈចំនួនគ្រួសារក្បែរក្របានថយចុះមកនៅត្រឹម ៦ គ្រួសារ។ បងស្រីបានខិតខំចលនាប្រជាជនឱ្យចូលរួមរៀនវិជ្ជាជីវៈ ផ្លាស់ប្តូរទម្រង់ផលិត អភិវឌ្ឍន៍ការចិញ្ចឹមសត្វ និងជួយឱ្យពួកគាត់បានបង្ខិតជិតប្រភពទុនឥណទានអនុគ្រោះ ដើម្បីពង្រីកការផលិតនិងអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ ជួយឱ្យគ្រួសារជាច្រើនជាជំហានៗលំនឹងជីវភាព។
ទន្ទឹមនឹងនោះ បងស្រី ថាច់គឹមធីតឹម តែងយកចិត្តទុកដាក់លើការលើកកម្ពស់គុណភាពនៃការប្រជុំជីវភាពសាខាបក្ស លើកកម្ពស់លក្ខណៈប្រជាធិបតេយ្យ ពង្រឹងសាមគ្គីផ្ទៃក្នុង ព្រមទាំងសហការជាមួយអង្គការមហាជននានា ដើម្បីចលនាប្រជាជនចូលរួមចលនា ទូទាំងប្រជាជនចូលរួមការពារសន្តិសុខមាតុភូមិ រួមចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅភូមិភាគ។ តាមលោក គឹមសាមឿន បក្ខជនប្រជុំជីវភាពនៅសាខាបក្សភូមិព្រែកអំពិល បានឱ្យដឹង បងស្រី ថាច់គឹមធីតឹម តែងបំពេញការងារដោយការលះបង់ មានស្មារតីទទួលខុសត្រូវខ្ពស់ ជិតដិតនឹងមូលដ្ឋាន។ រាល់គោលនយោបាយនិងការងារទាំងអស់ សុទ្ធតែបានអនុវត្តដោយបើកចំហ តម្លាភាព និងពិភាក្សាតាមលក្ខណៈប្រជាធិបតេយ្យ ដូច្នេះ ទើបទទួលបានការឯកភាពនិងការគាំទ្រពីបក្ខជននិងប្រជាជន។
នៅដើមឆ្នាំ២០២៦ នៅពេលបងស្រី ថាច់គឹមធីតឹម ធ្វើដំណើរទៅរដ្ឋធានីហាណូយ ដើម្បីចូលរួមសន្និសីទលើកតម្កើងលេខាសាខាបក្សភូមិឆ្នើមទូទាំងប្រទេស បងស្រីបាននាំយកនូវមោទនភាពរបស់កម្មាភិបាលមូលដ្ឋានម្នាក់ មកពីតំបន់ដែលមានជនរួមជាតិខ្មែររស់នៅកុះករ។ ឈរនៅកណ្តាលសាលសន្និសីទ បងស្រីមិនបានគិតដល់សមិទ្ធផលផ្ទាល់ខ្លួននោះទេ ប៉ុន្តែ បាននឹកឃើញគ្រាដែលបងស្រី និងកម្មាភិបាលភូមិចុះទៅចលនាតាមគ្រួសារប្រជាជនដើម្បីចូលរួមបរិច្ចាគដីធ្វើផ្លូវ ក៏ដូចជាកិច្ចប្រជុំជាច្រើនដែលអូសបន្លាយពេល ដើម្បីស្វែងរកការឯកភាពរួម និងរូបភាពដែលប្រជាជនសាមគ្គីព្រួតដៃកសាងភូមិស្រុក។ បងស្រី ថាច់គឹមធីតឹម ចែករំលែក៖ "ការទទួលបានការលើកតម្កើង គឺជាកិត្តិយសដ៏ធំធេងសម្រាប់ខ្ញុំ។ ប៉ុន្តែ ខ្ញុំតែងគិតថា នេះមិនមែនជាសមិទ្ធផលរបស់ខ្ញុំតែម្នាក់ឯងនោះទេ ប៉ុន្តែជាលទ្ធផលនៃការខិតខំរួមរបស់សមូហភាពសាខាបក្ស រដ្ឋអំណាចភូមិភាគ និងការឯកភាពសាមគ្គីរបស់ប្រជាជន។ ការជឿទុកចិត្តពីប្រជាជន ទើបជារង្វាន់ដ៏មានតម្លៃបំផុតសម្រាប់ខ្ញុំ"។
តាមប្រសាសន៍លោក ង្វៀងវ៉ាំងតាម លេខាគណៈកម្មាធិការបក្សឃុំទីវកឹង បងស្រី ថាច់គឹមធីតឹម គឺជាកម្មាភិបាលមូលដ្ឋានគំរូម្នាក់ ដែលតែងប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវខ្ពស់ នៅក្បែរប្រជាជន ជិតដិតនឹងប្រជាជន ក្ដាប់ច្បាស់ពីស្ថានភាពជាក់ស្តែង និងមានការរួមចំណែកយ៉ាងសំខាន់ក្នុងការចលនាប្រជាជនចូលរួមកសាងសំណង់សុខុមាលភាពសង្គម បន្ថយភាពក្រីក្រ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅមូលដ្ឋាន។ លោកបានបន្តថា ការដែលបងស្រី ថាច់គឹមធីតឹម ទទួលបានការលើកតម្កើងជាលេខាសាខាបក្សភូមិឆ្នើម នៅរដ្ឋធានីហាណូយ គឺជាការទទួលស្គាល់ដ៏សក្ដិសម ចំពោះការលះបង់និងការខិតខំប្រឹងប្រែងជាច្រើនឆ្នាំរបស់បងស្រី។ "ផ្លូវជនបទភ្លឺ បៃតង ជ្រះ ស្អាត និងមានសណ្តាប់ធ្នាប់ ជីវភាពរស់នៅរបស់ប្រជាជនកាន់តែលំនឹង ភូមិមិនមានគ្រួសារក្រីក្រ ហើយមានការឯកភាពរបស់ប្រជាជន គឺជាសក្ខីភាពបញ្ជាក់ពីប្រសិទ្ធភាពនៃការងាររបស់បងស្រី ថាច់គឹមធីតឹម" -លោកង្វៀងវ៉ាំងតាម បានវាយតម្លៃដូច្នេះ៕
ពេជ្រ សឿន
| ចែករំលែកអត្ថបទ |
|
នាយក៖ ហ្វិញហ្វាងម៉េន
លិខិតអនុញាតលេខ ៧៨៩/GP- BTTTTអាស្រ័យក្រសួងព័ត៌មាននិងសារគមនាគមន៍ផ្តល់នូវថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ សង្កាត់និញកេវ ក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម: quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព "សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពី websiteនេះ។

ពាក្យគន្លឹះ