ក្រោយការរៀបចំ និងចាត់តាំងឡើងវិញ ទីក្រុងកឹងធើបានកាត់បន្ថយ ៦៤៤ អង្គភាព ចាប់ពីមាន ១.៨៩៦ ភូមិ និងមណ្ឌល (១.៤០៥ ភូមិ និង ៤៩១ មណ្ឌល) នៅត្រឹម ១.២៥២ អង្គភាព (៨៥២ ភូមិ និង ៤០០ មណ្ឌល)។ ក្រោយការរួមបញ្ចូល កម្មាភិបាលមូលដ្ឋានជាច្រើនបានឱ្យដឹងថា ភូមិឋានគ្រប់គ្រងទូលំទូលាយ បរិមាណការងារកើនឡើង ទាមទារកម្មាភិបាលត្រូវអស់ពីចិត្តពីថ្លើម និងជិតដិតជាងជាមួយប្រជាជន។
ក្រោយការរៀបចំឡើងវិញ ឃុំង៉ុកតូ ទីក្រុងកឹងធើ បានបន្ថយពី ៣០ ភូមិ នៅត្រឹម ១៥ ភូមិ។ ការងារសម្រិតសម្រាំងបានរួមចំណែកលើកកម្ពស់សុពលភាពនិងប្រសិទ្ធភាពសកម្មភាពរបស់ប្រព័ន្ធនយោបាយនៅមូលដ្ឋាន បង្កលក្ខណៈងាយស្រួលក្នុងការដឹកនាំ ចាត់ចែង បង្កើនគុណភាពបម្រើប្រជាជន ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការពារប្រទេស និងសន្តិសុខរបស់ភូមិភាគ។
.jpg)
លោកថាច់ស៊ីក្វឹង (អ្នកទី៤ រាប់ពីស្តាំ) ទទួលសេចក្តីសម្រេចកាន់តំណែងជាលេខាសាខាបក្សភូមិបឹងជុំ ឃុំង៉ុកតូ។
ចែករំលែកអំពីការបញ្ចូលភូមិ លោកថាច់ស៊ីក្វឹង លេខាសាខាបក្សភូមិបឹងជុំ បានឱ្យដឹង៖ “ការរួមបញ្ចូលភូមិ គឺបានប្រជាជនឯកភាពគាំទ្រយ៉ាងខ្ពស់។ ក្រោយពេលរួមបញ្ចូល ប្រជាជនរស់នៅប្រមូលផ្តុំជាងមុន បង្កភាពងាយស្រួលដល់ការងារឃោសនា និងចលនាប្រជាជនអំពីគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារផ្ទៃដីធម្មជាតិមានរហូតដល់ ៣៨៦,៧៦ ហិកតា និងមានប្រជាជន ៧២៩ គ្រួសារ ទាមទារកម្មាភិបាលត្រូវខ្នះខ្នែងអស់ពីចិត្ត រវៀសរវៃ និងខិតខំប្រឹងប្រែងច្រើនថែមទៀត។ ទន្ទឹមនឹងនោះ ខ្ញុំក៏មានបំណងឱ្យរដ្ឋអំណាចភូមិភាគយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលជាងទៀត ដើម្បីឱ្យយើងខ្ញុំបំពេញបានល្អនូវភារកិច្ចដែលបានប្រគល់ជូន”។

ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនឃុំតឹងថាញ់ ប្រគល់សេចក្តីសម្រេចដល់ប្រធានគណះប្រជាជនភូមិនានាក្រោយការរួមបញ្ចូល។
ដូចគ្នាដែរ លោកគឹមសាយ អនុលេខាសាខាបក្សនិងជាប្រធានគណះប្រជាជនភូមិកកូរ ឃុំតឹងថាញ់ បានចែករំលែក៖ “ក្រោយការរៀបចំឡើងវិញ ទ្រង់ទ្រាយប្រជាជនបានកើនឡើង តម្រូវការការងារគ្រប់គ្រង និងបម្រើប្រជាជនកាន់តែខ្ពស់ជាងមុន។ ប៉ុន្តែ ជាមួយនឹងការជឿទុកចិត្តរបស់រដ្ឋអំណាចនិងការទំនុកចិត្តពីសំណាក់ប្រជាជន ខ្ញុំនឹងខិតខំពង្រីកស្មារតីសាមគ្គីភាព ជិតដិតជាមួយប្រជាជន; ព្រមទាំងស្តាប់មតិយោបល់របស់ប្រជាជន។ ជាមួយគ្នានោះ ខ្ញុំនឹងសហការយ៉ាងជិតដិតជាមួយអង្គការមហាជន ដើម្បីធ្វើជាស្ពានចម្លងដ៏ល្អរវាងរដ្ឋអំណាចនិងប្រជាជន រួមចំណែកកសាងភូមិឱ្យមានសាមគ្គីភាព ស៊ីវិល័យនិងអភិវឌ្ឍ”។
តាមប្រភពព័ត៌មានឱ្យដឹងថា ក្រោយការរៀបចំឡើងវិញ ឃុំតឹងថាញ់ នៅត្រឹម ១២ ភូមិ គឺថយចុះ ៤ ភូមិ បើប្រៀបនឹងពេលមុន។ ការរៀបចំនេះបានអនុវត្តទៅតាមលក្ខឋានស្តីពីចំនួនប្រជាជន ចំនួនគ្រួសារ លក្ខខណ្ឌភូមិសាស្ត្រ កត្តាវប្បធម៌-ប្រវត្តិសាស្ត្រ និងតម្រូវការគ្រប់គ្រងក្នុងស្ថានភាពថ្មី។ តាមលោកស្រី ង្វៀងធីកេវលិញ លេខាគណៈកម្មាធិការបក្សឃុំ និងជាប្រធានក្រុមប្រឹក្សាប្រជាជនឃុំតឹងថាញ់ បានឱ្យដឹងថា ការរៀបចំភូមិនេះ គឺជាភារកិច្ចដ៏សំខាន់ សំដៅសម្រិតសម្រាំងប្រព័ន្ធគ្រប់គ្រង លើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រង និងសកម្មភាពរបស់ប្រព័ន្ធនយោបាយមូលដ្ឋាន។ សង្ឃឹមថា បណ្តាអង្គភាព និងកម្មាភិបាលភូមិនឹងអនុវត្តបានល្អនូវការងារប្រគល់-ទទួល និងធ្វើឱ្យសុក្រឹតអង្គការ ដើម្បីជួយឱ្យបណ្តាភូមិថ្មីៗនៅក្នុងឃុំឆាប់មានស្ថិរភាព និងដំណើរការប្រកបដោយប្រសិទ្ធភាព។
ដើម្បីគោលការណ៍ថ្មីនេះបានទៅក្នុងជីវភាព គឺចាំបាច់ត្រូវពង្រីកកម្លាំងចម្រុះនៃប្រព័ន្ធនយោបាយទាំងមូល ដែលក្នុងនោះ កម្មាភិបាលមូលដ្ឋានត្រូវធ្វើជាគំរូ ជិតដិតប្រជាជន មានមុខផ្ទាល់ដើម្បីពន្យល់បកស្រាយ ជជែកពិភាក្សា និងធ្វើបានល្អនូវការងារសេនាធិការជូនរដ្ឋអំណាចភូមិភាគ។ ទន្ទឹមនឹងនោះ រដ្ឋអំណាចគ្រប់ថ្នាក់ត្រូវមានរបបឧបត្ថម្ភជាក់ស្តែង បញ្ចប់ការងារប្រគល់-ទទួល និងបើកវគ្គបំប៉នវិជ្ជាជីវៈជាប្រចាំ ដើម្បីឱ្យក្បាលម៉ាស៊ីនដំណើរការបានរលូន មិនឱ្យមានភាពខ្វះចន្លោះក្នុងកិច្ចការងារ បង្កើតមូលដ្ឋានគ្រឹះយ៉ាងរឹងមាំក្នុងការកសាងរដ្ឋអំណាចមូលដ្ឋានដ៏ទំនើប សុពលភាព ជិតដិតប្រជាជននិងបម្រើប្រជាជនកាន់តែល្អប្រសើរថែមទៀត៕
ថាញវ៉ាង - ថាច់ធី