ស្ថិតនៅឃុំប៊ិញភូ ខេត្តវិញឡុង វត្តពិសីវរារាម គឺជាវត្តពុទ្ធសាសនាទក្ខិណនិកាយខ្មែរ ដែលមានប្រវត្តិយូរអង្វែងនិងជាប់ទាក់ទងយ៉ាងជ្រាលជ្រៅជាមួយសហគមន៍ភូមិភាគ។ អស់រយៈពេលជាង ៣ សតវត្សរ៍កកើតនិងអភិវឌ្ឍវត្តមិនត្រឹមតែជាមជ្ឈមណ្ឌលសកម្មភាពសាសនានិងជំនឿរបស់ជនរួមជាតិខ្មែរប៉ុណ្ណោះទេ ថែមទាំងរក្សានូវតម្លៃវប្បធម៌និងប្រវត្តិសាស្ត្រដ៏វិសេស។ ពិសេស គឺការរួមចំណេកក្នុងបុព្វហេតុតស៊ូការពារមាតុភូមិ បង្កបានកម្លៃប្រវត្តិសាស្ត្រដ៏លេចធ្លោ បានទទួលស្គាល់ជាកេរដំណេលប្រវត្តិសាស្ត្រថ្នាក់ជាតិ។

ព្រះពុទ្ធបដិមាទ្រង់ឱ្យអភ័យសត្វ (អភយមុទ្រ) នៅកណ្តាលទីធ្លាវត្តពិសីវរារាម។
ដោយបានសាងសង់ឡើងនៅចុងសតវត្សទី XVII វត្តពិសីវរារាមឆ្លងកាត់ព្រះចៅអធិការ ១១ ជំនាន់។ ឆ្លងកាត់ការប្រែប្រួលនៃសម័យកាលជាច្រើន វត្តនេះនៅតែរក្សាតួនាទីជាមជ្ឈមណ្ឌលនៃសកម្មភាពវប្បធម៌និងជំនឿសាសនារបស់ជនរួមជាតិខ្មែរ ព្រមទាំងជាទីកន្លែងថែរក្សានូវតម្លៃប្រពៃណីដ៏មានតម្លៃនិងអភិរក្សបន្តពីមួយជំនាន់ទៅមួយជំនាន់។ ក្នុងអំឡុងពេលតស៊ូប្រឆាំងដើម្បីការពារមាតុភូមិ វត្តពិសីវរារាម គឺជាមូលដ្ឋានសកម្មភាពបដិវត្តន៍ ជាទីកន្លែងលាក់បាំង ការពារនិងកងកម្លាំងបដិវត្តន៍ដែលធ្វើសកម្មភាពនៅលើភូមិឋាន។ ការរួមចំណែកយ៉ាងស្ងៀមស្ងាត់ទាំងនេះ បានរួមចំណែកបង្កប្រពៃណីស្នេហាជាតិ ផ្សារភ្ជាប់យ៉ាងជិតស្និទ្ធរវាងពុទ្ធសាសនាទក្ខិណនិកាយខ្មែរជាមួយបុព្វហេតុតស៊ូរំដោះជាតិ។ ឆ្នាំ ២០១៨ វត្តពិសីវរារាម បានទទួលស្គាល់ជាកេរដំណែលប្រវត្តិសាស្ត្រថ្នាក់ជាតិ ដោយទទួលស្គាល់នូវតម្លៃដ៏លេចធ្លោផ្នែកប្រវត្តិសាស្ត្រ វប្បធម៌និងបដិវត្តន៍។
ឈានចូលបរិវេណវត្ត លេចធ្លោជាងគេនៅក្នុងបរិវេណវត្ត គឺបដិមាព្រះសម្មាសម្ពុទ្ធទ្រង់ឱ្យអភ័យសត្វ (អភយមុទ្រ) នៅកណ្តាលទីធ្លាវត្ត។ សំណង់នេះមិនត្រឹមតែឆ្លុះបញ្ចាំងពីអត្តសញ្ញាណដ៏វិសេសនៃស្ថាបត្យកម្មនិងសិល្បៈពុទ្ធសាសនាទក្ខិណនិកាយខ្មែរប៉ុណ្ណោះទេ ថែមទាំងបង្កនូវបរិយាកាសស្ងប់ស្ងាត់ ពិសិដ្ឋ។ វត្តមានបរិវេណទូលាយជាង ៧ ហិកតា មានដើមឈើធំៗអាយុកាលរាប់រយឆ្នាំជាច្រើន រួមចំណែកបង្កទេសភាពបៃតងត្រជាក់ ហើយមានសោភណភាពសុខដុមរមនា និងអភិរក្សបរិស្ថានធម្មជាតិនៃកេរដំណេលប្រវត្តិសាស្ត្រ។
ចំណុចលេចធ្លោបំផុតនៃវត្តពិសីវរារាម គឺព្រះវិហារ ដែលកសាងតាមរចនាបថស្ថាបត្យកម្មពុទ្ធសាសនាទក្ខិណនិកាយខ្មែរ។ ដំបូលប្រក់ក្បឿងជាច្រើនជាន់ មានរាងកោង អមដោយក្បាច់រចនានិងចម្លាក់លម្អដ៏វិចិត្រដែលបង្ហាញពីសិល្បៈហត្ថកម្មប្រពៃណី និងទស្សនៈសោភណភាពរបស់ជនរួមជាតិខ្មែរ។ រាល់លម្អិតនៃស្ថាបត្យកម្មសុទ្ធតែមានអត្ថន័យជានិមិត្តរូប ដែលឆ្លុះបញ្ចាំងពីការរួមបញ្ចូលគ្នាយ៉ាងសមស្របរវាងព្រះពុទ្ធសាសនានិងអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិខ្មែរនៅតំបន់ណាមបូ។

ព្រះវិហារវត្តពិសីវរារាម - សំណង់សំខាន់នៃកេរដំណែលប្រវត្តិសាស្ត្រថ្នាក់ជាតិ ប្រកបដោយស្ថាបត្យកម្មពុទ្ធសាសនាទក្ខិណនិកាយខ្មែរ។
តាមថេរដីកាព្រះតេជគុណ ថាច់ថាញហ្វៀង ព្រះចៅអធិការវត្តពិសីវរារាម តំបន់ដែលទទួលស្គាល់ជាកេរដំណែលប្រវត្តិសាស្ត្រថ្នាក់ជាតិនាពេលបច្ចុប្បន្ន គឺជាព្រះវិហារ ហើយនៅតែអភិរក្សតាមស្ថានភាពដើមនៃស្ថាបត្យកម្មបុរាណ។ ចំណែកសំណង់ផ្សេងៗ ដូចជា កុដិ សាលានិងអគារបម្រើដល់សកម្មភាពប្រចាំថ្ងៃរបស់វត្ត វត្តតែងអនុវត្តកសាង ជួសជុលទៅតាមតម្រូវការជាក់ស្តែង ប៉ុន្តែធានាសមស្របជាមួយស្ថាបត្យកម្មនិងទេសភាពទាំងមូលនៃកេរដំណែល រួមចំណែកអភិរក្សតម្លៃដើមរបស់សំណង់ប្រវត្តិសាស្ត្រនេះឱ្យគង់វង្ស។

សំណង់នានាក្នុងបរិវេណវត្តពិសីវរារាម បានកសាងយ៉ាងរឹងមាំ សម្របជាមួយព្រះវិហារដែលជាសំណង់បានទទួលស្គាល់ជាកេរដំណែលប្រវត្តិសាស្ត្រថ្នាក់ជាតិ។
វត្តពិសីវរារាមមិនត្រឹមតែជាទីកន្លែងប្រតិបត្តិសាសនាប៉ុណ្ណោះទេ ថែមទាំងមានតួនាទីយ៉ាងសំខាន់ក្នុងការអភិរក្សនិងលើកតម្កើងអត្តសញ្ញាណវប្បធម៌ខ្មែរផងដែរ។ ជារៀងរាល់ឆ្នាំ នារដូវវិស្សមកាល វត្តរៀបចំបើកថ្នាក់បង្រៀនអក្សរខ្មែរដោយឥតគិតថ្លៃជូនដល់សិស្សានុសិស្ស រួមចំណែកថែរក្សាភាសានិងអក្សរសាស្ត្ររបស់ជនរួមជាតិខ្មែរ។ ទន្ទឹមនឹងនោះ ថ្នាក់ពុទ្ធិកបឋមសិក្សា តែងបានបើកបង្រៀនជាប្រចាំ បង្កលក្ខណៈដល់សមណសិស្សនិងសិក្ខាកាម សិក្សាស្វែងយល់អំពីព្រះធម៌វិន័យនៃព្រះពុទ្ធសាសនាទក្ខិណនិកាយខ្មែរ រួមចំណែកបណ្តុះបណ្តាលធនធានមនុស្សបន្តវេនសម្រាប់បម្រើការងារព្រះពុទ្ធសាសនា។
ដោយមានតម្លៃលេចធ្លោផ្នែកប្រវត្តិសាស្ត្រ វប្បធម៌ ស្ថាបត្យកម្មនិងការអប់រំប្រពៃណី វត្តពិសីវរារាម មិនត្រឹមតែជាទីបង្អែកស្មារតីរបស់ជនរួមជាតិខ្មែរប៉ុណ្ណោះទេ ថែមទាំងជាទីកន្លែងដ៏មានអត្ថន័យសម្រាប់អប់រំប្រពៃណីស្នេហាជាតិ រួមចំណែកអភិរក្សនិងលើកតម្កើងអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិខ្មែរណាមបូ។ ការអភិរក្សនិងលើកកម្ពស់តម្លៃកេរដំណែលប្រវត្តិសាស្ត្រជាតិ ថែមទាំងអប់រំដល់មនុស្សសម័យបច្ចុប្បន្ននិងជំនាន់ក្រោយ ឱ្យយល់ដឹងអំពីប្រពៃណីសាមគ្គីស្នេហាជាតិ ផ្សារភ្ជាប់យ៉ាងជិតស្និទ្ធរវាងព្រះពុទ្ធសាសនានិងជនរួមជាតិ៕
ទីទូយ