ចំពោះជនរួមជាតិខ្មែរណាមបូ វត្តអារាមមិនត្រឹមតែជាកន្លែងគោរពជំនឿសាសនាប៉ុណ្ណោះទេ ថែមទាំងជាមជ្ឈមណ្ឌលវប្បធម៌ សិល្បៈដ៏វិសេសវិសាលថែរក្សាទាំងអត្តសញ្ញាណរបស់សហគមន៍។ វត្តនីមួយៗសុទ្ធតែបង្កប់នូវតម្លៃស្ថាបត្យកម្មនិងវិចិត្រសិល្បៈដ៏ប្រណីត ដែលបង្កើតឡើងដោយស្នាដៃដ៏ប៉ិនប្រសប់របស់សិប្បករស្រឡាញ់អាជីព។ក្នុងនោះ សិប្បករស៊ើងតឺយ នៅអនុសង្កាត់១៤ សង្កាត់ង្វៀកហ្វា ខេត្តវិញឡុង មានឈ្មោះបោះសំឡេង ពេលរួមបញ្ចូលគ្នាយ៉ាងស្ទាត់ជំនាញរវាងគំនូរនិងចម្លាក់ប្រពៃណី ដើម្បីបង្កើតជាវណ្ណកម្ម រក្សាព្រលឹងវប្បធម៌និងមានភាពរស់រវើកដោយឡែកក្នុងសម័យទំនើប។

សិប្បករស៊ើងតឺយ(ខាងឆ្វេង)កំពុងណែនាំសិក្ខាកាមពីបច្ចេកទេសឆ្លាក់ក្បាច់
នៅវត្តរាជសីមាគោក។
ទម្រង់សិល្បៈចម្លាក់បានដុះក្នុងគំនិតរបស់ស៊ើងតឺយតាំងពីកុមារភាពម្ល៉េះ។ ចាប់បីអាយុ៦-៧ឆ្នាំ គាត់បានឪពុកម្តាយបញ្ជូនឱ្យទៅរៀនអក្សរខ្មែរក្នុងវត្ត ដូចយុវជនខ្មែរដទៃទៀតដែរ គាត់ធ្លាប់បានបួសរៀននៅវត្តសំរោងឯក។ អាស្រ័យបរិយាកាសនៃព្រះពុទ្ធសាសនា ដែលពោពេញដោយតម្លៃវប្បធម៌នេះ បានបណ្តុះទេពកោសល្យរបស់គាត់ គឺរៀនទាំងអក្សរនិងគំនូរនៅលើជញ្ជាំងកុដិសាលា អំពីពុទ្ធប្រវត្តិនិងរឿងព្រេងរបស់ជនជាតិខ្មែរ។ ឆ្នាំ១៩៩១ ការស្រឡាញ់ចូលចិត្តបានជំរុញឱ្យគាត់ចុះឈ្មោះរៀនផ្នែកវិចិត្រកម្មនៅសាលាមធ្យមសិក្សាវិជ្ជាជីវៈគឺវឡុង បង្កើតមូលដ្ឋានគ្រឹះចំណេះជំនាញដ៏រឹងមាំសម្រាប់វិចិត្រសិល្បៈខាងមុខ។
ឆ្នាំ១៩៩៣ បន្ទាប់ពីលាចាកសិក្ខាបទ បងស៊ើងតឺយ បានសម្រេចចិត្តចាប់យកអាជីពជាងគំនូរ។ ស្នាដៃដំបូងរបស់គាត់នៅតែផ្សារភ្ជាប់នឹងលំហរវត្តអារាម៖ គូរផ្ទាំងគំនូរលើជញ្ជាំងព្រះវិហារ កុដិ សាលានៅតាមវត្តក្នុងនិងក្រៅខេត្ត។ ជាមួយលក្ខណៈក្បាច់ល្អវិចិត្រ រំលេចពណ៌ស្រស់ស្អាតនិងការស្រឡាញ់ចូលចិត្តវប្បធម៌ខ្មែរ ដូច្នេះ វណ្ណកម្មរបស់គាត់ឆាប់បានព្រះចៅអធិការវត្តនានានិងមាមីងជនរួមជាតិខ្មែរនៅគ្រប់ទិសទីស្រឡាញ់ពេញចិត្ត ដាក់ពាក្យបញ្ជាទិញយ៉ាងច្រើន។ ផ្តើមពីមូលដ្ឋានគ្រឹះវិចិត្រកម្មដ៏រឹងមាំ គាត់បានពង្រីកវិសាលភាពនៃការច្នៃប្រតិដ្ឋជាបណ្តើរៗទៅលើវិស័យក្បាច់ចម្លាក់ដិតដាមដោយអត្តសញ្ញាណវប្បធម៌ខ្មែរ ដូចជា៖ បដិមាព្រះពុទ្ធ កិន្នរ នាគរាជឬក្បាលនាគ ជារូបចម្លាក់ដែលមិនអាចខ្វះបានក្នុងស្ថាបត្យកម្មនៅតាមវត្តខ្មែរ។
បងស៊ើងតឺយ ឱ្យដឹង៖"ខ្ញុំស្រឡាញ់ចូលចិត្តរបរចម្លាក់តាំងពីកុមារមកម្ល៉េះ ហើយមានសំណាងបានសិប្បកររៀមច្បងជួយបង្រៀនរបរ។ ខ្ញុំប្តេជ្ញាចិត្តនឹងខិតខំបង្រៀនរបរដល់បងប្អូនដែលធ្វើការជាមួយខ្ញុំក៏ដូចជាបងប្អូននៅក្នុងភូមិស្រុកមានការងារធ្វើលំនឹង។ ខ្ញុំកំពុងបង្រៀនរបរដល់សិក្ខាកាម៩នាក់ បន្ទាប់ពីចេះស្ទាត់ជំនាញ ខ្ញុំនឹងទទួលចូលធ្វើការជាមួយខ្ញុំនៅតាមវត្តខ្មែរក្នុងខេត្ត"។
អាស្រ័យរជ្រើសរើសផ្លូវដើរដោយឡែក គួបផ្សំរវាងបច្ចេកទេសគំនូរដ៏ទំនើបនិងក្បូរក្បាច់ចម្លាក់ប្រពៃណីខ្មែរ បងស៊ើយតឺយ ជាជំហានៗបង្កើតបានគោលជំហរដ៏រឹងមាំក្នុងទឹកចិត្តសហគមន៍។ រាប់សិបឆ្នាំផ្សារភ្ជាប់នឹងអាជីព គាត់បានចូលរួមគូរគំនូរនិងឆ្លាក់ក្បាច់ចម្លាក់ឱ្យវត្តខ្មែររាប់រយវត្តនៅខេត្តវិញឡុងនិងខេត្តនៅជិតខាង បច្ចុប្បន្ន គាត់កំពុងគូរគំនូរនិងឆ្លាក់ក្បាច់នៅវត្តរាជសីមាគោក និងវត្តអូរក្តារ។សម្រាប់គាត់ ការចូលរួមកសាងនិងធ្វើឱ្យវត្តអារាមកាន់តែមានសោភ័ណភាព មិនត្រឹមតែជារបរចិញ្ចឹមជីវិតប៉ុណ្ណោះទេ ថែមទាំងជាមោទនភាពដ៏ធំធេងនិងជាវិធីដែលគាត់បានរួមចំណែករក្សាតម្លៃវប្បធម៌ដ៏ផូរផង់របស់ជនជាតិ។
លោកថាច់យ៉ែត ប្រធានគណៈកម្មការវត្តរាជសីមាគោក បញ្ជាក់៖"ស៊ើងតឺយ គឺជាសិប្បករវ័យក្មេងមានទេពកោសល្យ សកម្មក្នុងការងារ គូរផ្ទាំងគំនូរលើជញ្ជាំងព្រះវិហារទាក់ទាញភ្នែក បានព្រះចៅអធិការនៅតាមវត្តនិងជនរួមជាតិខ្មែរវាយតម្លៃខ្ពស់។ ក្រៅពីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ក្មួយស៊ើងតឺយនៅទាំងជួយឧបត្ថម្ភគ្រួសារក្រីក្រមួយចំនួននៅក្នុងភូមិភាគ។ បច្ចុប្បន្ន ស៊ើងតឺយ កំពុងទទួលធ្វើសំណង់ក្នុងវត្តនិងជួយបង្ហាត់បង្រៀនដល់កូនចៅមាមីងក្នុងភូមិមករៀនរបរ បង្កលក្ខណៈឱ្យកម្មករជាង១០នាក់មានការងារធ្វើលំនឹង។
ព្រះតេជព្រះគុណ ស៊ើងកាង ព្រះចៅអធិការវត្តរាជសីមាគោក មានថេរដីកា៖"បងស៊ើងតឺយកំពុងឆ្លាក់ក្បាច់ ជួសជុលព្រះវិហារវត្តរាជសីមាគោក។ ពីមុន ពេលវត្តជួសជុលឬសាងសង់កុដិ សាលា ខ្លោងទ្វារ គណៈកម្មការវត្តតែងទៅអញ្ជើញស៊ើងតឺយមកគូរក្បាច់ គំនូរ និងឆ្លាក់បដិមាព្រះពុទ្ធ។ល។ ក្រៅពីនោះ បងស៊ើងតឺយ នៅទាំងបានព្រះចៅអធិការនានាវត្តនៅខេត្តវិញឡុង អញ្ជើញទៅគូរគំនូរលើសំណង់ផ្សេងៗ។ ជាមួយភាពប៉ិនប្រសប់និងផ្ចិតផ្ចង់រាល់លក្ខណៈក្បូរក្បាច់ ដូច្នេះ សំណង់ដែលបងស៊ើងតឺយតុបតែងរចនាដិតដាមដោយស្ថាបត្យកម្មខ្មែរ៕
ស៊ើងម៉ាល័យ-មុនី