(កឹងធើ) - រសៀលថ្ងៃទី ៣០ ខែមិថុនា លោកដុងវ៉ាំងថាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ ព្រមទាំងអនុប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង បានទទួលជួបគណៈប្រតិភូក្រុមប្រឹក្សាប្រជាជនខេត្តចំប៉ាសាក់ ដែលដឹកនាំដោយបណ្ឌិត Alounxay Sounnalath សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ លេខាគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តចំប៉ាសាក់ (ប្រទេសឡាវ) ប្រធានគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ច និងធ្វើការនៅទីក្រុងកឹងធើ។

លោក ដុងវ៉ាំងថាញ (ខាងឆ្វេង) ជូនវត្ថុអនុស្សាវរីយ៍ដល់បណ្ឌិត Alounxay Sounnalath។
នៅក្នុងកិច្ចជំនួប លោក ដុងវ៉ាំងថាញ បានសម្តែងនូវក្តីរីករាយយ៉ាងក្រៃលែងក្នុងការទទួលស្វាគមន៍គណៈប្រតិភូក្រុមប្រឹក្សាប្រជាជនខេត្តចំប៉ាសាក់; អបអរសាទរខេត្តចំប៉ាសាក់ ដែលបានចាត់តាំងជោគជ័យនូវការបោះឆ្នោតជ្រើសរើសអ្នកតំណាងក្រុមប្រឹក្សាប្រជាជន នីតិកាលទី ៥ និងសុក្រឹតភាពប្រព័ន្ធក្រុមប្រឹក្សាប្រជាជនខេត្ត។ ទន្ទឹមនឹងនោះ បានចែករំលែកនូវលទ្ធផលនានាដែលទីក្រុងសម្រេចបាន បន្ទាប់ពីរយៈពេល ១ ឆ្នាំអនុវត្តការរៀបចំឡើងវិញនូវអង្គភាពរដ្ឋបាល និងរដ្ឋអំណាចភូមិភាគ ២ ថ្នាក់។ ដោយសង្កត់ធ្ងន់លើទំនាក់ទំនងមិត្តភាពប្រពៃណី សាមគ្គីពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម- ឡាវ លោក ដុងវ៉ាំងថាញ ជឿជាក់ថា ដំណើរបំពេញទស្សនកិច្ច និងធ្វើការលើកនេះ នឹងរួមចំណែកបង្កើនការដោះដូរបទពិសោធន៍សកម្មភាពស្ថាប័នតំណាងប្រជាជន ចែករំលែកព័ត៌មានអភិវឌ្ឍសេដ្ឋកិច្ច-សង្គម បើកឱកាសបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងទីក្រុងកឹងធើ និងខេត្តចំប៉ាសាក់ លើគ្រប់វិស័យ។ល។
វាយតម្លៃខ្ពស់ទំនាក់ទំនងឡាវ-វៀតណាម បណ្ឌិត Alounxay Sounnalath អះអាង៖ ទំនាក់ទំនងសហប្រតិបត្តិការរវាងខេត្តចំប៉ាសាក់ និងទីក្រុងកឹងធើ ចាប់ពីឆ្នាំ ២០១១ រហូតមកដល់បច្ចុប្បន្ន បានស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ និងសម្រេចបានលទ្ធផលជាក់ស្តែងជាច្រើន។ ទន្ទឹមនឹងនោះ លោកបានស្នើឱ្យភាគីទាំងពីរ បន្តកិច្ចសហការផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃកិច្ចសហប្រតិបត្តិការ ត្រៀមលក្ខណៈចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ដំណាក់កាល ២០២៦-២០៣០។ លោកក៏សង្ឃឹមថា ភូមិភាគទាំងពីរ បង្កើនការដោះដូរ អប់រំប្រពៃណីមិត្តភាពឡាវ-វៀតណាម ដល់ជំនាន់យុវវ័យ ចែករំលែកបទពិសោធន៍ក្នុងការកសាងសង្កាត់ ឃុំគំរូ ពង្រីកកិច្ចសហប្រតិបត្តិការ រួមចំណែកពង្រីកសក្តានុភាព ឧត្តមភាពរបស់ភូមិភាគនីមួយៗ។

ថ្នាក់ដឹកនាំទីក្រុងកឹងធើ ថតរូបអនុស្សាវរីយ៍ជាមួយគណៈប្រតិភូក្រុមប្រឹក្សាប្រជាជនខេត្តចំប៉ាសាក់។
* មុននោះ គណៈប្រតិភូក្រុមប្រឹក្សាប្រជាជនខេត្តចំប៉ាសាក់ បានទៅទស្សនកិច្ច និងសិក្សាស្វែងយល់ពីទម្រង់ផលិត និងអាជីវកម្ម នៅសហករណ៍បច្ចេកវិទ្យាទំនើប ODA សង្កាត់អាងប៊ិញ និងមណ្ឌលទេសចរណ៍ធម្មជាតិចម្ការឈើហូបផ្លែ ភីអៀង៕
ហុងវ៉ឹង - លីសៀ