ប្រភពទុនឥណទានគោលនយោបាយនៅទីក្រុងកឹងធើ បាននិងកំពុងនាំមកនូវប្រសិទ្ធភាពយ៉ាងច្បាស់ក្រឡែត ជួយប្រជាជនអភិវឌ្ឍសេដ្ឋកិច្ច។ រួមចំណែកដល់ជោគជ័យនេះ ក្រុមប្រិតសំចៃនិងបុលទុននៅមូលដ្ឋានមានតួនាទីជាស្ពានតភ្ជាប់ និងជា “កម្លាំងជំនួយ” របស់ធនាគារគោលនយោបាយសង្គម។ ជាមួយនឹងសកម្មភាពដ៏សកម្មរបស់ក្រុមប្រិតសំចៃនិងបុលទុនទាំងនេះ បានជួយនាំយកប្រភពទុនអនុគ្រោះពីធនាគារគោលនយោបាយសង្គមដល់មុខសញ្ញា ធានាបាននូវសុខុមាលភាពសង្គមនៅមូលដ្ឋាន។

បងស្រី ង្វៀងធីកុក ប្រធានក្រុមប្រិតសំចៃនិងបុលទុន នៅមណ្ឌល១៥ សង្កាត់ប៊ិញធ្វី (ទីពីរពីឆ្វេង) រួមជាមួយកម្មាភិបាលការិយាល័យប្រតិបត្តិការនៃធនាគារគោលនយោបាយសង្គមខណ្ឌប៊ិញធ្វី ចុះសួរសុខទុក្ខ និងក្តាប់ស្ថានការណ៍ប្រើប្រាស់ទុនកម្ចីរបស់គ្រួសារពាណិជ្ជកម្មនៅក្នុងមណ្ឌល។
ជិតដិតជាមួយគ្រួសារបុលទុននីមួយៗ
នៅមណ្ឌល១៥ សង្កាត់ប៊ិញធ្វី បងស្រី ង្វៀងធីកុក ប្រធានក្រុមប្រិតសំចៃនិងបុលទុន បានផ្សារភ្ជាប់ជាង ២០ ឆ្នាំជាមួយការងារឥណទានគោលនយោបាយ។ ក្រុមប្រិតសំចៃនិងបុលទុន អាស្រ័យបងស្រីទទួលបន្ទុកមានគ្រួសារបុលទុនចំនួន ៦០ គ្រួសារ ដោយសរុបប្រាក់បំណុលជាង ៧ ពាន់លានដុង រក្សាការប្រជុំជីវកិច្ចជាប្រចាំ អាត្រាប្រមូលការប្រាក់និងផ្ញើប្រិតសំចៃប្រចាំខែសម្រេច ១០០% និងគ្មានបំណុលហួសកាលកំណត់ឡើយ។
តាមប្រសាសន៍ បងស្រីកុក ការងារជាប្រធានក្រុមប្រិតសំចៃនិងបុលទុនទាមទារការតស៊ូ អត់ធ្មត់ ទទួលខុសត្រូវខ្ពស់ និងជិតដិតជាមួយមូលដ្ឋាន។ ក្រៅពីការកត់ត្រាបញ្ជី ជូនដំណឹងអំពីកាលវិភាគដោះដូរ រំលឹកគ្រួសារបុលទុនបង់ការប្រាក់និងផ្ញើប្រិតសំចៃចំពេលកំណត់ ប្រធានក្រុមត្រូវក្តោបក្តាប់ឱ្យបានច្បាស់ពីស្ថានភាព តម្រូវការ និងសមត្ថភាពប្រើប្រាស់ទុនរបស់គ្រួសារនីមួយៗ ដើម្បីណែនាំបងប្អូនទទួលបានកម្មវិធីឥណទានត្រឹមត្រូវ និងប្រើប្រាស់ទុនចំទិសដៅ។ តាមរយៈប្រជុំជីវកិច្ច ប្រធានក្រុមប្រិតសំចៃនិងបុលទុនបានផ្សព្វផ្សាយខ្លឹមសារដែលពាក់ព័ន្ធនឹងឥណទានគោលនយោបាយ ពិនិត្យឱ្យបុលដោយបើកចំហនិងចំមុខសញ្ញា។
ផ្តើមពីការរួមដំណើររបស់ក្រុមប្រិតសំចៃនិងបុលទុន គ្រួសារប្រជាជនជាច្រើននៅក្នុងមណ្ឌល ១៥ ជាជំហានៗ អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងបង្កើនប្រាក់ចំណូល។ បងស្រី ហ្វិញង៉ុកហៀង ជាគ្រួសារមួយក្នុងចំណោមគ្រួសារដែលប្រើប្រាស់ទុនបុលមានប្រសិទ្ធភាព។ គ្រួសារបងស្រីហៀង ស្ថិតក្នុងស្ថានភាពលំបាក បងស្រីម្នាក់ឯងចិញ្ចឹមឪពុកម្តាយចាស់ និងបងប្រុសមានជំងឺផង។ កាលពីមុន បងស្រីធ្លាប់ធ្វើជាគ្រូបង្រៀនថ្នាក់មត្តេយ្យ បន្ទាប់មកលក់នំនិងភេសជ្ជៈបន្តិចបន្តួចដើម្បីមានចំណូលបន្ថែម។ ផ្តើមពីប្រាក់បុលដំបូង ៥ លានដុងពីធនាគារគោលនយោបាយសង្គម បងស្រីបានវិនិយោគទិញទំនិញបន្ថែម។ បច្ចុប្បន្ន បងស្រីហៀង កំពុងបុលទុនចំនួន ១០០ លានដុងពីកម្មវិធីបុលទុនដោះស្រាយការងារធ្វើ ដើម្បីពង្រីកការធ្វើពាណិជ្ជកម្ម។ បន្ទាប់ពីទូទាត់ចំណាយរួច បងស្រីហៀង ទទួលបានប្រាក់ចំណេញប្រហែល ២០០.០០០ ដុងក្នុងមួយថ្ងៃ។
នៅមណ្ឌល១១ សង្កាត់ភូឡើយ បងស្រីត្រឹងធីទៀកហូវ ប្រធានក្រុមប្រិតសំចៃនិងបុលទុន តែងជិតដិតភូមិឋាននិងក្តាប់ច្បាស់ពីស្ថានភាពរបស់គ្រួសារបុលទុននីមួយៗ។ ក្រុមប្រិតសំចៃនិងបុលទុនដែលបងស្រីទទួលបន្ទុកមានសមាជិកាចំនួន ៥៦ នាក់ ដោយមានប្រាក់បំណុលសរុបជាង ៣,២ ពាន់លានដុង ភាគច្រើនជាកម្មវិធីបុលទុនដោះស្រាយការងារធ្វើ។ ទន្ទឹមនឹងការណែនាំបែបបទ ចាត់តាំងការប្រជុំជីវកិច្ចក្រុម ប្រមូលការប្រាក់ និងចលនាផ្ញើប្រាក់ប្រិតសំចៃប្រចាំខែ បងស្រីហូវ តែងត្រួតពិនិត្យនិងរំលឹកគ្រួសារបុលទុនឱ្យសងបំណុលនិងបង់ការប្រាក់ចំពេលវេលា នឹងប្រើប្រាស់ដើមទុនចំទិសដៅ។ តាមរយៈនោះ រួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃប្រភពទុនឥណទានគោលនយោបាយនៅមូលដ្ឋាន។
លើកកម្ពស់គុណភាពឥណទានគោលនយោបាយ
យោងតាមសាខាធនាគារគោលនយោបាយសង្គមទីក្រុងកឹងធើ គិតដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៦ សរុបឥណទានគោលនយោបាយដែលបានប្រគល់សិទ្ធិ តាមរយៈអង្គការនយោបាយ-សង្គមទាំង ៤ មានជាង ១៨.៣០០ ពាន់លានដុង ស្មើនឹងជាង ៩៦% នៃប្រាក់បំណុលសរុបរបស់សាខា។ ប្រភពទុននេះ បានគ្រប់គ្រងដោយក្រុមប្រិតសំចៃនិងបុលទុនជិត ៧.៤០០ ក្រុម មានគ្រួសារដែលកំពុងជាប់បំណុលជាង ៣៥៨.០០០ គ្រួសារ។ តាមរយៈបណ្តាញក្រុមប្រិតសំចៃនិងបុលទុន ដំណាក់ការវាយតម្លៃឱ្យបុល ណែនាំធ្វើឯកសារ ពិនិត្យការប្រើប្រាស់ទុន ប្រមូលការប្រាក់ ចលនាផ្ញើប្រាក់ប្រិតសំចៃ និងការសងបំណុល បានអនុវត្តដោយបើកចំហ ប្រជាធិបតេយ្យ ជិតដិតនឹងភាពជាក់ស្តែង ជួយឱ្យគ្រួសារដែលបុលប្រើប្រាស់ទុនចំគោលទិសដៅ និងលើកកម្ពស់ស្មារតីទទួលខុសត្រូវក្នុងការសងបំណុលនិងបង់ការប្រាក់ចំពេលកំណត់។
បច្ចុប្បន្ន ការិយាល័យប្រតិបត្តិនៃធនាគារគោលនយោបាយសង្គមប៊ិញធ្វី កំពុងសហការជាមួយអង្គការនយោបាយ-សង្គមចំនួន៤ ទទួលការប្រគល់សិទ្ធីគ្រប់គ្រងក្រុមប្រិតសំចៃនិងបុលទុនចំនួន ១៧៤ ក្រុម នៅសង្កាត់ចំនួន ៣ រួមមាន៖ ប៊ិញធ្វី ថើយអាងដុង និងឡុងទ្វៀង។ ភាគច្រើនក្រុមប្រិតសំចៃនិងបុលទុនបានរៀបចំណាត់ថ្នាក់ល្អ និងបង្គួរ ហើយគ្មានក្រុមខ្សោយ។ លោក ង្វៀងម៉ាញ់ហ៊ុង នាយកប្រតិបត្តិការធនាគារគោលនយោបាយសង្គមខណ្ឌប៊ិញធ្វី បានឱ្យដឹង៖ បណ្តាញក្រុមប្រិតសំចៃនិងបុលទុនបានចាត់តាំងទៅដល់គ្រប់តំបន់ប្រជាជនតាំងទីលំនៅ។ សកម្មភាពបានផ្សារភ្ជាប់ជាមួយនឹងទីតាំងដោះដូរចំនួន ៨ និងរក្សាការប្រជុំជីវកិច្ច ព្រមទាំងប្រជុំប្តូរវេនប្រចាំខែ។ តាមរយៈនោះ ប្រជាជនទទួលបានប្រភពទុនកាន់តែងាយស្រួល ឯធនាគារនិងអង្គការនយោបាយ-សង្គម ក៏ក្តាប់បានទាន់ពេលវេលានូវស្ថានភាពប្រើប្រាស់ទុន និងសមត្ថភាពសងបំណុលរបស់គ្រួសារបុលទុនផងដែរ។
នៅពេលខាងមុខ សាខាធនាគារគោលនយោបាយសង្គមទីក្រុងកឹងធើ នឹងបន្តសហការជាមួយអង្គការនយោបាយ-សង្គម ទទួលការប្រគល់សិទិ្ធពង្រឹងនិងលើកកម្ពស់គុណភាពសកម្មភាពរបស់ក្រុមប្រិតសំចៃនិងបុលទុន រក្សាការប្រជុំជីវកិច្ចក្រុម និងប្តូរវេននៅទីតាំងដោះដូរតាមឃុំ-សង្កាត់ បង្កើនការងារត្រួតពិនិត្យ ក្រោយពេលឱ្យបុល ព្រមទាំងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់ប្រធានក្រុម។ ទន្ទឹមនឹងនោះ បន្តជំរុញការផ្សព្វផ្សាយដើម្បីជួយឱ្យគ្រួសារបុលទុនយល់ច្បាស់ពីសិទ្ធិ ទទួលខុសត្រូវ ប្រើប្រាស់ទុនចំទិសដៅ និងមានប្រសិទ្ធភាព... តាមរយៈនោះ កាន់តែពង្រីកនូវតួនាទីរបស់ប្រភពទុនឥណទានគោលនយោបាយក្នុងការគាំទ្រប្រជាជនអភិវឌ្ឍសេដ្ឋកិច្ច បង្កការងារធ្វើ បង្កើនប្រាក់ចំណូល និងធានាសុវត្ថិភាពសង្គម៕
គៀងក្វឹក-ត្រឹងរ៉ូន