28/06/2026 - 18:13

ភាពច្នៃប្រតិដ្ឋក្នុងវប្បធម៌ម្ហូបអាហាររបស់ប្រជាជននៅវាលរាបទន្លេគឺវឡុង 

កាលពី ៣០០ ឆ្នាំមុន តំបន់វាលរាបទន្លេគឺវឡុងជាដីវាលភក់ ព្រៃប្រឹក្សាដុះស៊ុបទ្រុប និងមានសត្វសាហាវជាច្រើន ដូចពាក្យប្រជាប្រិយពោលថា៖ “មកដល់ទីនេះប្លែកអស្ចារ្យ សត្វបក្សីយំគួរឱ្យខ្លាច មច្ឆាលោតត្រដរគួរឱ្យភ័យរន្ធត់"។ ធម្មជាតិបែបនោះឯង បង្ខំចិត្តឱ្យបុព្វបុរសត្រូវបន្សាំខ្លួនឱ្យសមស្របដើម្បីរស់នៅបាន ជាពិសេសគឺការហូបចុក។ កាលដំបូង ជួបអ្វីហូបហ្នឹង ក្រោយមកទើបចេះបែងចែកជាបណ្តើរៗ៖ ហូបបាន-ហូបមិនបាន ឆ្ងាញ់-មិនឆ្ងាញ់។ នៅពេលមនុស្សចេះបែងចែកភោគផលធម្មជាតិ ក៏ជាពេលដែលពួកគាត់បន្សាំខ្លួនទៅនឹងបរិស្ថាន និងច្នៃប្រតិដ្ឋបង្កឡើងនូវវប្បធម៌ម្ហូបអាហារដ៏មានលក្ខណៈពិសេសដោយឡែក។

ត្រីរ៉ស់ធ្វើត្រីងៀត។ រូបថត៖ យ្វីខូយ

ភាពច្នៃប្រតិដ្ឋក្នុងការទាញយកវត្ថុធាតុដើម

ទោះបីជាធម្មជាតិនៃតំបន់វាលរាបទន្លេគឺវឡុង ក្នុងដំណាក់កាលដំបូងពោរពេញដោយការលំបាក ប៉ុន្តែក៏ជាឃ្លាំងភោគផលដ៏សម្បូរបែបនៃព្រៃប្រឹក្សា និងព្រែក ទន្លេ។ ទោះបីស្ថិតក្នុងកាលៈទេសៈមិនអំណោយផល ដូចជារដូវទឹកជន់ ជះឥទ្ធិពលដល់ការផលិត និងគំរាមកំហែងដល់អាយុជីវិតមនុស្សក្ដី ក៏ធម្មជាតិផ្តល់មកវិញនូវដីល្បាប់សម្រាប់វាលស្រែ និងប្រភពផលជលផលយ៉ាងសម្បូរហូរហៀរ។ អាកាសធាតុអំណោយផល ដីធ្លីមានជីជាតិ ប្រព័ន្ធព្រែកប្រឡាយខ្វាត់ខ្វែង ដីល្បាប់ចាក់បំពេញខួបឆ្នាំ បានបង្កលក្ខណៈងាយស្រួលដល់ការលូតលាស់នៃរុក្ខជាតិ សត្វព្រៃ ព្រមទាំងផ្តល់ផលជលផលយ៉ាងសន្ធឹកសន្ធាប់ ដូចពាក្យពោលថា៖ "វាលស្រែធំល្វើងល្វើយសម្រាប់បក្សីហើរ បឹងបួរទឹកល្ហល្ហេវសម្រាប់ហ្វូងមច្ឆាហែលប្រណាំងគ្នា"។ 

លក្ខខ័ណ្ឌធម្មជាតិផ្តល់នូវប្រភពស្បៀងអាហារដ៏សម្បូរបែបឥតឧបមា រួមមាន ត្រី បង្កង ក្តាម ខ្យង អន្ទង់ ពស់ បក្សី កណ្តុរស្រែ បន្លែព្រៃ ផ្លែឈើ និងជលផលជាច្រើនប្រភេទទៀត។ ប្រជាជនវៀតណាមបានចេះជ្រើសរើស និងច្នៃភោគផលដ៏សាមញ្ញទាំងនេះឱ្យក្លាយជាមុខម្ហូបដ៏ពិសេស។ ចាប់ពីប្រភេទត្រីទឹកសាបដូចជា ត្រីរ៉ស់ ត្រីអណ្តែង ត្រីក្រាញ់ ត្រីរៀល ត្រីកំភ្លាញ ប្រជាជនក្នុងស្រុកបានបង្កើតមុខម្ហូបជាច្រើនមុខ ដូចជាត្រីដុតចំបើង ត្រីខឆ្នាំងដី ត្រីចំហុយឃ្លោក ត្រីស្លម្ជូរ ត្រីបំពងស្រួយ ត្រីងៀត និងប្រហុកផ្អកគ្រប់ប្រភេទ។ ចំពោះបង្គា ក្តាម និងក្ដាមប្រឃី ត្រូវបានច្នៃជាមុខម្ហូបដែលមានរសជាតិប្លែកពីគេ ជាក់ស្តែងដូចជា ក្ដាមប្រឃីលីងអំបិល លីងអំពិលទុំ បង្គាក្រៀម និងផ្អកបង្គា។

ជាក់ស្តែងដូចជាប្រភេទបន្លែជាច្រើនដែលដុះឯងក្នុងធម្មជាតិ ដូចជា ព្រលិត ផ្កាស្នោ កញ្ឆែត ហ្ហូងក្របី កំពីងពួយ ដង្គៀបក្ដាម ត្រួយដំឡូង និងប្លុងអង្ក ត្រូវបាននាំយកមកប្រើប្រាស់ក្នុងរបបអាហារប្រចាំថ្ងៃ។ មាមីងនៅវាលរាបទន្លេគឺវឡុងនៅទាំងចេះផ្សំផ្គុំភោគផលវាលស្រែ ភោគផលព្រែក ទន្លេ និងផលចម្ការដំណាំ ដើម្បីបង្កើតបានជាទម្រង់មុខម្ហូបដ៏សម្បូរបែប។ ភាពសម្បូរបែបនៃវត្ថុធាតុដើមគឺជាមូលដ្ឋានគ្រឹះសម្រាប់ការច្នៃប្រតិដ្ឋក្នុងការច្នៃមុខម្ហូបអាហារ។

ភាពច្នៃប្រតិដ្ឋក្នុងបច្ចេកទេសច្នៃមុខម្ហូបអាហារ

ភាពច្នៃប្រតិដ្ឋនៅទីនេះ បានបង្ហាញឡើងដោយទិដ្ឋភាពពីរយ៉ាង៖

ទីមួយ៖ ផ្ដើមពីមុខម្ហូបមួយប្រភេទ មនុស្សអាចច្នៃដោយប្រើប្រាស់សាច់សត្វ និងរុក្ខជាតិខុសៗគ្នាជាច្រើន។ ឧទាហរណ៍ គ្រាន់តែមុខម្ហូប ខ គឺមានត្រីរ៉ស់ខ ត្រីអណ្តែងខ ត្រីកំភ្លាញខ ត្រីស្លូញខ ត្រីក្រាញ់ខ ត្រីកូនខ... នៅទាំងមានសាច់មាន់ខ និងដូងខទៀតផង។ របៀបខក៏មានច្រើនយ៉ាងដែរ៖ ខម្រេច ខឆ្នាំងដី ខខាប់ ខស្ងួត ខក្រៀមជាដើម។

ទីពីរ៖ គ្រាន់តែវត្ថុធាតុដើមមួយមុខ ក៏អាចច្នៃចេញជាមុខម្ហូបជាច្រើន ជាមួយនឹងរបៀបធ្វើ និងរសជាតិខុសៗគ្នា។ ឧទាហរណ៍ចំពោះត្រីរ៉ស់ រួមមាន៖ ងៀតត្រីរ៉ស់អាំង ងៀតត្រីរ៉ស់ហែកញាំ ងៀតត្រីរ៉ស់ស្លត្រួយឃ្លោក ប្រហុកត្រីរ៉ស់ឆៅញាំ ប្រហុកត្រីរ៉ស់ខទឹករាវ ប្រហុកត្រីរ៉ស់ចំហុយទាំងមូល ប្រហុកត្រីចំហុយក្នុងឆ្នាំងបាយ សម្លម្ជូរក្បាលត្រីរ៉ស់ ត្រីរ៉ស់ស្ងោរទឹកបាយស្រា ត្រីរ៉ស់អប់ស្លឹកញរដាក់សណ្តែកដី-ខ្ទិះដូង ត្រីរ៉ស់ដុតចំបើង ត្រីរ៉ស់ដុតបំពង់ឫស្សី ត្រីរ៉ស់ខទឹកដូង ត្រីរ៉ស់បំពងធម្មតា ត្រីរ៉ស់ឆាគល់ខ្ទឹម ត្រីរ៉ស់ឆាស្លឹកឈើឆ្អេះ-ស្លឹកញរ ត្រីរ៉ស់អាំងលាបខ្លាញ់ស្លឹកខ្ទឹម ត្រីរ៉ស់បិតដីដុត ត្រីរ៉ស់ដុតស្រា ក្បាលត្រីរ៉ស់ចំហុយស្រាផុយឆ្អឹង ឡៅឡូត្រីរ៉ស់ បបរត្រីរ៉ស់ នំបញ្ចុកត្រីរ៉ស់ នំបញ្ចុកទឹកសម្លត្រីរ៉ស់ ពោះត្រីរ៉ស់ឆាខ្ញីខ្ចី ពោះត្រីរ៉ស់ហែកញាំត្រយូងចេក ពោះត្រីរ៉ស់ស្ងោរឆ្អិនញាំផ្អកល្ហុង។

និយាយដល់ប្រហុកផ្អក គឺនិយាយដល់ការច្នៃប្រតិដ្ឋដ៏វិសេសវិសាលរបស់មាមីងនៅវាលរាបទន្លេគឺវឡុង។ មុខម្ហូបទាំងនេះច្នៃពីត្រីជាចម្បង ក្រៅពីនោះមានផ្អកលៀសសមុទ្រ ផ្អកក្ដាមសេះ ផ្អកបង្គា និងក្ដាមប្រឃីប្រៃជាដើម។ សមដូចចម្រៀងប្រជាប្រិយថា៖ "ខ្យល់បក់រំភើយទៅចម្ការហូបក្ដាមសេះ ទៅតំបន់បឹងហូបត្រី ទៅស្រែហូបក្ដាម ចាប់ក្ដាមធ្វើផ្អកជូរ ផ្ញើទៅស្រុកខាងឪពុកដោយមិនបាច់ចំណាយប្រាក់ទិញ"។ 

ភាពច្នៃប្រតិដ្ឋតាមរយៈការប្រាស្រ័យទាក់ទង និងការទទួលឥទ្ធិពលវប្បធម៌

ជាតំបន់ដីប្រមូលផ្តុំទៅដោយសហគមន៍ប្រជាជនជាច្រើន តំបន់វាលរាបទន្លេគឺវឡុងតាំងពីយូរយារណាស់មកហើយបានក្លាយជាលំហប្រាស្រ័យទាក់ទងវប្បធម៌យ៉ាងទូលំទូលាយ។ ក្នុងដំណើរការរស់នៅរួមគ្នាជាមួយជនជាតិខ្មែរ ហ្វានិងចាម ជនជាតិកិញបានទទួលយកនូវកត្តាម្ហូបអាហារជាច្រើនរបស់សហគមន៍ទាំងនេះ ហើយច្នៃប្រតិដ្ឋទៅជាមុខម្ហូបដែលមានអត្តសញ្ញាណដោយឡែករបស់ខ្លួន។

នំបញ្ចុកទឹកសម្ល គឺជាឧទាហរណ៍ដ៏លេចធ្លោមួយ។ មុខម្ហូបនេះដើមឡើយជាលក្ខណៈពិសេសដោយឡែករបស់ជនជាតិខ្មែរ ប៉ុន្តែត្រូវបានប្រជាជនស្ទើរតែទាំងអស់នៅលើទឹកដីនេះចូលចិត្ត។ នំបញ្ចុកទឹកសម្លរបស់ជនជាតិខ្មែរ បានច្នៃពីបង្គា ត្រីស្ងោរឱ្យផុយ រួចបេះឆ្អឹងចេញអស់ ផ្សំគ្រឿងចូលក្នុងទឹកសម្ល ដូចស្លឹកគ្រៃ ម្ទេស ខ្ជាយដែលបុកម៉ដ្ឋ រួចហើយបង់ប្រហុកចូលដើម្បីធ្វើឱ្យមានរសជាតិបន្ថែម។ ហូបផ្សំជាមួយមុខម្ហូបនេះគឺបន្លែរបោយជីអង្កាម ជីរនាងវង គូឆាយ ត្រយូងចេក…ទន្ទឹមនឹងនោះ នៅពេលដែលនំបញ្ចុកទឹកសម្លនេះឆ្លងកាត់ដៃអ្នកចម្អិនជនជាតិ​កិញ គឺបានបន្ថែមបន្ថយគ្រឿងផ្សំដើម្បីឱ្យត្រូវទៅនឹងចំណូលចិត្តផ្ទាល់ខ្លួន ជាក់ស្តែងដូចជាបន្ថែមបង្គាបកសំបក សាច់ជ្រូកខ្វៃ និងបន្លែមួយចំនួនទៀត ដែលប្រភេទបន្លែទាំងនេះជួនកាលខុសស្រឡះពីប្រភពដើម។

ចំពោះមុខម្ហូបរបស់ជនជាតិហ្វា ដូចជាមុខម្ហូបបបរស ពងទាប្រៃ គឺមានភាពពេញនិយមនៅគ្រប់ទិសទី។ ប៉ុន្តែនៅពេលហូបបបរស ជនជាតិកិញមិនត្រឹមតែហូបជាមួយពងទាប្រៃប៉ុណ្ណោះទេ ថែមទាំងហូបជាមួយជ្រក់ប្រៃ និងត្រីបណ្ដូលអំពៅ ត្រីចង្វាខក្រៀមទៀតផង។ បន្ថែម​លើសពីនេះ មុខម្ហូបសាច់ជ្រូកខ្វៃរបស់ជនជាតិហ្វាដែលធម្មតាហូបផ្សំជាមួយនំបាញ់​ហយ​នោះ បែរជាបានជនជាតិកិញយកមកខឡើងវិញ ថែមគ្រឿងទេសចូល នាំឱ្យមុខម្ហូបមានរសជាតិចាប់មាត់បន្ថែមទៀត។

***

អាចនិយាយបានថា ភាពច្នៃប្រតិដ្ឋ បានរួមចំណែកបង្កើតឡើងនូវលក្ខណៈដ៏វិសេសវិសាលនៃវប្បធម៌ម្ហូបអាហារតំបន់វាលរាបទន្លេគឺវឡុង ព្រមទាំងឆ្លុះបញ្ចាំងពីសមត្ថភាពបន្សាំខ្លួន ស្មារតី​បើកចំហ និងកម្លាំងច្នៃប្រតិដ្ឋមិនចេះចប់របស់ជនជាតិកិញក្នុងដំណើរការជាញជ័យ និងកសាងទឹកដីនៅភូមិភាគខាងត្បូង៕

ត្រឹងផុងយីវ- ថាច់ធី

ចែករំលែកអត្ថបទ