ឆ្នាំសិក្សា ២០២៦ - ២០២៧ វត្តខ្មែរមួយចំនួននៅលើភូមិឋានទីក្រុងកឹងធើ បានបើកថ្នាក់បង្រៀនភាសាបាលី ចាប់ពីថ្នាក់បាលីទី ១ ដល់ថ្នាក់ទី ៣ ដើម្បីបង្រៀនអក្សរសាស្រ្ត និងធម៌វិន័យដល់សមណសិស្ស រួមចំណែកអភិរក្សភាសា អក្សរសាស្រ្ត និងបង្កប្រភពដើម្បីមានសិក្ខាកាមចូលរៀននៅសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូកឹងធើ។

សមណសិស្សថ្នាក់បាលី១ នៅវត្តពោធិសត្ថារាម សង្កាត់ភូឡើយ ទីក្រុងកឹងធើ។
នៅវត្តពោធិសត្ថារាម សង្កាត់ភូឡើយ ទីក្រុងកឹងធើ តែងបើកថ្នាក់បង្រៀនភាសាបាលីជាច្រើនឆ្នាំបន្តបន្ទាប់។ បងលីថាញត្វឹង ជាគ្រូបង្រៀននៅវត្តពោធិសត្ថារាម សង្កាត់ភូឡើយ ទីក្រុងកឹងធើ ឱ្យដឹង៖ “ឆ្នាំសិក្សា ២០២៦ - ២០២៧ នេះ វត្តពោធិសត្ថារាមបានបើកថ្នាក់បាលីទី១។ ពីមុនវត្តធ្លាប់បើកថ្នាក់ធម្មវិន័យ ចាប់ពីថ្នាក់ត្រី ថ្នាក់ទោដល់ថ្នាក់ឯក។ ដោយសម្របតាមកាលវេលានិងសង្គម និងដើម្បីបង្កលក្ខណៈឱ្យសមណសិស្សបានចូលរៀននៅសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ ម្ល៉ោះហើយវត្តបានបើកថ្នាក់បាលីទី១ ទី២ និងទី៣ ប៉ុន្តែនៅតែមិនចោលថ្នាក់ធម្មវិន័យ។ តួយ៉ាងដូចថ្នាក់បាលីទី១ នឹងបំប៉នបន្ថែមធម្មវិន័យថ្នាក់ត្រី បាលីទី២ បំប៉នបន្ថែមធម្មវិន័យថ្នាក់ទោ និងបាលីទី៣ បំប៉នបន្ថែមធម្មវិន័យថ្នាក់ឯក។ អាស្រ័យហេតុនោះ ពេលសមណសិស្សបញ្ចប់ថ្នាក់បាលីទី៣ (បាលីរង) នឹងមានចំណេះដឹងទាំងផ្នែកបាលី និងធម្មវិន័យ”។
នៅវត្តព្រែកអណ្ដើក ឃុំញូយ៉ា ទើបបានបើកថ្នាក់បង្រៀនភាសាបាលីក្នុងអំឡុងប៉ុន្មានឆ្នាំជិតៗនេះទេ។ អាចារ្យ លីថាញ គ្រូបង្រៀននៅវត្តព្រែកអណ្ដើក ឃុំញូយ៉ា ទីក្រុងកឹងធើ ឱ្យដឹង៖ “ឆ្នាំនេះ វត្តបានបើកថ្នាក់បាលីទី១ និងបាលីទី៣ មានសមណសិស្ស ២១ អង្គ។ ថ្នាក់បង្រៀនភាសាបាលីតែងនាំមកនូវអត្ថប្រយោជន៍ជាច្រើន ជួយឱ្យសមណសិស្សយល់ច្បាស់អំពីធម៌វិន័យ សិក្ខាបទ ផ្តើមពីនោះ អាចណែនាំពុទ្ធបរិស័ទអនុវត្តបានត្រឹមត្រូវ ក្រៅពីភាសាបាលី សមណសិស្សនៅទាំងរៀនមុខវិជ្ជាផ្សេងៗទៀតដូចជា វេយ្យាករណ៍ខ្មែរ វិន័យ ពុទ្ធប្រវត្តិ សរសេរតាមអាន… ដើម្បីបំពេញបន្ថែម”។

ម៉ោងរៀនរបស់សណសិស្សវត្តព្រែកអណ្ដើក ឃុំញូយ៉ា។
ថ្នាក់បង្រៀនភាសាបាលីមិនត្រឹមតែបានរៀនពីអក្សរសាស្ត្រ និងធម៌វិន័យប៉ុណ្ណោះទេ ថែមទាំងជួយបណ្តុះគុណធម៌ និងប្រាជ្ញាដល់សមណសិស្សទៀតផង។ ឆ្លងតាមរយៈការរៀនពីព្រះត្រៃបិដក គម្ពីរ សមណសិស្សបានយល់ដឹងកាន់តែច្បាស់ពីព្រះធម៌ និងចេះរបៀបអនុវត្តទៅក្នុងជីវភាពអ្នកបួស។ ទន្ទឹមនឹងនោះ នេះក៏ជាវិធីសាស្រ្តដើម្បីថែរក្សាភាសា និងអក្សរសាស្រ្តជាតិ ដែលជាកត្តាដ៏សំខាន់ផ្សារភ្ជាប់នឹងវប្បធម៌ ជំនឿ និងអត្តសញ្ញាណរបស់ជនរួមជាតិខ្មែរផងដែរ។ ក្រោយពីបញ្ចប់កម្មវិធីសិក្សាថ្នាក់បាលីរង សមណសិស្សជាច្រើនអាចបន្តការសិក្សានៅសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ អនុវត្តចំណេះដឹងដែលបានសិក្សាដើម្បីបង្រៀនបន្តដល់ជំនាន់ក្រោយ អាចនិយាយបានថា នេះជាប្រភពធនធានព្រះសង្ឃរួមចំណែករក្សាព្រះពុទ្ធសាសនាខ្មែរបានយូរអង្វែង ទន្ទឹមនឹងនោះបណ្តុះកងជួរបញ្ញវន្តបម្រើភូមិស្រុកទៅអនាគតផងដែរ។
ក្នុងបរិការណ៍សមាហរណកម្ម និងអភិវឌ្ឍ ការអភិរក្សភាសា អក្សរសាស្រ្តជាតិកំពុងទទួលបានការយកចិត្តទុកដាក់របស់គណៈ ផ្នែកគ្រប់ថ្នាក់ និងសហគមន៍។ បច្ចុប្បន្ន នៅទីក្រុងកឹងធើ មានវត្តខ្មែរជិត៣០វត្ត បាននិងកំពុងបើកថ្នាក់បង្រៀនភាសាបាលី ក្នុងនោះ មានវត្តពោធិសត្ថារាម និងវត្តព្រែកអណ្តើក គឺជាវត្តមួយក្នុងចំណោមវត្តបានរួមចំណែកអភិរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិយ៉ាងជាក់ស្តែង។ នេះជាគ្រឹះដ៏សំខាន់ដើម្បីកសាងកងជួរស្នងបន្តវេនមានចំណេះដឹង គុណធម៌គ្រប់គ្រាន់ និងទទួលខុសត្រូវក្នុងការអភិរក្សភាសា និងវប្បធម៌ខ្មែរ៕
ដាលីន - វិមាន