ចំពោះតំបន់ជនជាតិភាគតិច ចំណោទបន្ថយភាពក្រីក្រដោយចីរភាព មិនបង្អង់ត្រឹមតែការឧបត្ថម្ភទុនឬផ្តល់របររកស៊ីចិញ្ចឹមជីវិតជាទូទៅឡើយ។ កត្តាសំខាន់បំផុតនាំមកប្រសិទ្ធភាព គឺការជ្រើសរើសចំមុខសញ្ញា ត្រូវតម្រូវការ សមស្របនឹងភាពជាក់ស្តែងរបស់គ្រួសារនីមួយៗ។ អាស្រ័យការជិតដិតរបស់កងជួរកម្មាភិបាលនៅមូលដ្ឋានក្នុងការក្តោបក្តាប់ស្ថានភាព កំណត់ទិសដៅទម្រង់សមស្រប ដូច្នេះ គោលនយោបាយឧបត្ថម្ភរបស់រដ្ឋបានក្លាយជាទម្ររឹងមាំ ជួយគ្រួសារក្រីក្រជាច្រើនម្ចាស់ការឈានឡើងលំនឹងជីវភាព។

គ្មានដីផលិត ជាច្រើនឆ្នាំកន្លង អ្នកមីងថាច់ធីក្វាង អាយុ៧៨ឆ្នាំ នៅភូមិដើមពោធិ៍ ឃុំត្រឹងដេ រស់នៅជាមួយប្តីប្រពន្ធកូនប្រុស ប្រកបរបរធ្វើការឈ្នួលមានប្រភពចំណូលមិនទៀងទាត់។ អ្នកណាជួលធ្វើអ្វីក៏ធ្វើដែរ ដូច្នេះ ជីវភាពជួបការលំបាកមុខខ្វះក្រោយ។ ប៉ុន្មានឆ្នាំមុន គ្រួសារគាត់បានចិញ្ចឹមគោដោយចង់កែលម្អសេដ្ឋកិច្ច។
សង្កេតឃើញគ្រួសារអ្នកមីងក្វាងមានលក្ខណៈធ្វើក្រោល និងមានបទពិសោធន៍ក្នុងការថែទាំសត្វចិញ្ចឹម ឆ្នាំ២០២៣ ភូមិភាគបានពិនិត្យជ្រើសរើសគ្រួសារគាត់ចូលរួមទម្រង់ចិញ្ចឹមគោបន្តពូជស្ថិតក្នុងកម្មវិធីទិសដៅជាតិ។ តាមរយៈនោះ គ្រួសារគាត់បានឧបត្ថម្ភគោញី ២ក្បាល ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច។ បានឧបត្ថម្ភចំមុខរបរសមស្របនឹងលក្ខណៈជាក់ស្តែង ហ្វូងគោរបស់គ្រួសារកាន់តែចម្រើន។ ប្តីប្រពន្ធកូនប្រុសទៅធ្វើការឈ្នួល ពេលត្រឡប់មកផ្ទះក៏ឆ្លៀតពេលទៅកាត់ស្មៅនិងថែទាំហ្វូងគោ។ ផ្តើមពីគោឧបត្ថម្ភដំបូង មកទល់នឹងពេលនេះ គ្រួសារគាត់លក់គោបាន៤ក្បាល រកបានប្រាក់ចំណូលរាប់សិបលានដុង។ បច្ចុប្បន្ន ក្នុងទ្រុងមានគោផើម៦ក្បាល គោជំទង់២ក្បាលកំពុងធំធាត់ល្អ។ សម្លឹងឃើញហ្វូងគោកាន់តែចម្រើន អ្នកមីងថាច់ធីក្វាង មិនអាចលាក់បាំងបានក្តីរីករាយ។ អ្នកមីងក្វាង រៀបរាប់ដោយរំភើប៖ "បានរដ្ឋឧបត្ថម្ភគោញី ខ្ញុំសប្បាយចិត្តខ្លាំងណាស់ពេលឃើញហ្វូងគោកាន់តែចម្រើន។ កូនៗទៅធ្វើការឈ្នួលត្រឡប់មកនៅតែខំប្រឹងថែទាំហ្វូងគោ ទោះបីនឿយហត់ក៏ឆ្លៀតទៅកាត់ស្មៅឱ្យគោស៊ី។ មានឆន្ទៈខិតខំប្រឹងប្រែង ទើបជីវភាពបានល្អប្រសើរជាង"។

ទម្រង់ចិញ្ចឹមគោបន្តពូជរបស់គ្រួសារអ្នកមីងថាច់ធីក្វាងនៅភូមិដើមពោធិ៍ ឃុំត្រឹងដេ។
ភាពជាក់ស្តែងពីគ្រួសារអ្នកមីងក្វាង បង្ហាញឱ្យឃើញថា ប្រសិទ្ធភាពនៃកម្មវិធីមិនត្រឹមតែស្ថិតនៅលើដើមទុនឬពូជដំណាំសត្វចិញ្ចឹមដែលបានឧបត្ថម្ភនោះទេ អ្វីដែលសំខាន់ជាងគេ គឺការជ្រើសរើសចំមុខសញ្ញានិងត្រូវទម្រង់រកស៊ី។ ដើម្បីធ្វើបានប្រការទាំងនេះ កម្មាភិបាលភូមិតែងទៅដល់ផ្ទះប្រជាជនរាល់គ្រួសារ ដើម្បីក្តោបក្តាប់ស្ថានភាព ពិនិត្យលក្ខណៈផលិតនិងផ្សព្វផ្សាយពីគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋ ផ្តើមពីនោះ ជួយប្រជាជនជ្រើសរើសទម្រង់រកស៊ីសមស្រប។លោកស៊ើងយិញ ប្រធានគណៈប្រជាជនភូមិដើមពោធិ៍ ឃុំត្រឹងដេ ឱ្យដឹង៖"ខ្ញុំតែងទៅដល់ផ្ទះគ្រួសារក្រីក្រ គ្រួសារក្បែរក្រគ្រប់គ្រួសារ ដើម្បីស្វែងយល់ពីស្ថានភាព មើលមាមីងចង់បានឧបត្ថម្ភនូវទម្រង់អ្វី ចិញ្ចឹមសត្វអ្វី ធ្វើការងារអ្វី។ ផ្តើមពីនោះ ជ្រើសរើសទម្រង់រកស៊ីសមស្របលក្ខណៈនៃគ្រួសារនីមួយៗ ដើម្បីជួយមាមីងអភិវឌ្ឍសេដ្ឋកិច្ច ឈានឡើង ចាកផុតពីភាពក្រីក្រ"។
តាមប្រសាសន៍លោកយិញ ពីមុន ភូមិដើមពោធិ៍មានគ្រួសារក្រីក្រ១០គ្រួសារ។ ដោយការខិតខំប្រឹងប្រែងឈានឡើងរបស់ប្រជាជន រួមជាមួយគោលនយោបាយឧបត្ថម្ភរបស់បក្សនិងរដ្ឋ ដល់ឆ្នាំ២០២៥ មាន៦គ្រួសារបានចាកផុតពីភាពក្រីក្រ។ ចំនួនគ្រួសារក្បែរក្រថយចុះពី១៦គ្រួសារមកនៅ១០គ្រួសារ។ ទទួលបានលទ្ធផលទាំងនេះ អាស្រ័យកម្មាភិបាលមូលដ្ឋានតែងទៅដល់គ្រួសារនីមួយៗដែលជួបការលំបាក ដើម្បីពិនិត្យឡើងវិញ និងពិនិត្យជម្រើសបើកចំហ ជួយគ្រួសារមានលក្ខណៈគ្រប់គ្រាន់បានបង្ខិតជិតប្រភពទុនឧបត្ថម្ភនិងមានឱកាសអភិវឌ្ឍសេដ្ឋកិច្ច។
ផ្អែកលើមូលដ្ឋាននៃការពិនិត្យឡើងវិញនូវគ្រួសារក្រីក្រ គ្រួសារក្បែរក្រ ផ្នែកសមត្ថកិច្ចបានដំណើរការពិនិត្យជ្រើសរើសទម្រង់រកស៊ីសមស្រប។ ផ្តើមពីទម្រង់បានឧបត្ថម្ភ គ្រួសារប្រជាជនជាច្រើនមានលក្ខណៈអភិវឌ្ឍសេដ្ឋកិច្ច ជាជំហានៗលំនឹងជីវភាព។ មកទល់នឹងពេលនេះ ចំនួនគ្រួសារក្រីក្រនៅលើភូមិឋានឃុំថយចុះនៅ៥៣គ្រួសារ គ្រួសារក្បែរក្រនៅ២០៦គ្រួសារ បង្ហាញឱ្យឃើញថា ប្រសិទ្ធភាពវិជ្ជមាននៃកម្មវិធីទិសដៅជាតិក្នុងតំបន់ជនជាតិភាគតិច។ លោកលីហ្វាងង៉ឹង ឱ្យដឹងបន្ថែម៖"នៅពេលខាងមុខ ដើម្បីបន្តការអនុវត្តមានប្រសិទ្ធភាពជាង ចំពោះការិយាល័យវប្បធម៌សង្គម បន្តធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនឃុំ បន្តការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងជូនប្រជាជនអំពីការអភិវឌ្ឍការផលិត ក៏ដូចជាការបង្កើតមុខរបរជូនប្រជាជន បណ្តុះបណ្តាវិជ្ជាជីវៈនិងដោះស្រាយការងារធ្វើ ពង្រីកទម្រង់ចិញ្ចឹមសត្វបង្កបង្កើនផលសមស្រប ដូចជា៖ ចិញ្ចឹមវារីវប្បកម្ម ចិញ្ចឹមជ្រូក មាន់ ទា ដាំដំណាំរួមផ្សំ បង្កើនការឧបត្ថម្ភទុនដល់ប្រជាជន ជំរុញការផ្លាស់ប្តូរឌីជីថលក្នុងការការគ្រប់គ្រងគ្រួសារក្រីក្រ គ្រួសារក្បែរក្រ អនុវត្តមានប្រសិទ្ធភាពការងារកៀរគររាល់ប្រភពទុន ដើម្បីបង្កើនកម្រិតគិតគូរដល់គ្រួសារក្រីក្រ គ្រួសារក្បែរក្រ រួមចំណែកកាត់បន្ថយភាពក្រីក្រដោយចីរភាព បន្ថយភាពក្រីក្រសាឡើងវិញនិងលើកកម្ពស់គុណភាពជីវភាពប្រជាជន"។
ពិតណាស់ គន្លឹះនៃការកាត់បន្ថយភាពក្រីក្រដោយចីរភាព មិនស្ថិតលើការឧបត្ថម្ភប្រាក់ប៉ុន្មាននោះទេ សំខាន់គឺឧបត្ថម្ភយ៉ាងណា។ ផ្តល់ឱកាសត្រូវចំតម្រូវការ សមស្របនឹងសមត្ថភាពរបស់គ្រួសារនីមួយៗ ទើបជាដំណោះស្រាយមូលដ្ឋាន។ ផ្តើមពីទម្រង់រកស៊ីមានប្រសិទ្ធភាពនៅឃុំត្រឹងដេ បានបញ្ជាក់យ៉ាងច្បាស់ ពេលគោលនយោបាយទន្ទឹមនឹងការរួមដំណើរជិតដិតរបស់កម្មាភិបាលនៅមូលដ្ឋាន ប្រភពកម្លាំងរបស់រដ្ឋនឹងក្លាយជាទីបង្អែកដ៏រឹងមាំ ជំនួយកម្លាំងដល់អ្នកក្រមានភាពម្ចាស់ការជម្នះលំបាក ឈានឡើងអភិវឌ្ឍដោយចីរភាពក្នុងអនាគត៕
ថាញហ៊ុង-មុនី