នៅតំបន់ជនបទ ជីវភាពរបស់គ្រួសារខ្មែរជាច្រើននៅជួបការលំបាក ប៉ុន្តែនៅតែប្ដេជ្ញាចិត្តគិតគូរ ចិញ្ចឹមកូនៗរៀនសូត្រដើម្បីមានអនាគតល្អប្រសើរ។ តួយ៉ាងដូចជា លោកលីហ្វាប៊ិញ នៅភូមិបឹងកក់ និងលោកត្រឹងថាញ នៅភូមិពពុះទឹក ឃុំមីហឿង ទីក្រុងកឹងធើ បានជម្នះការលំបាកនឿយហត់ ដើម្បីចិញ្ចឹមកូនរៀនសូត្របានចប់ចុងចប់ដើម មានការងារធ្វើនិងមានប្រាក់ចំណូលស្ថិរភាព។

លោក លីហ្វាប៊ិញ មោទនភាពចំពោះលទ្ធផលរៀនសូត្ររបស់កូនៗ។
ពេលរំលឹកដល់លោក លីហ្វាប៊ិញ អ្នកភូមិបឹងកក់គ្រប់គ្នាតែងកោតសរសើរគាត់ មានដីស្រែត្រឹមតែ ៥ កុងប៉ុណ្ណោះ ប៉ុន្តែគាត់អាចចិញ្ចឹមកូន ២ នាក់រៀនមហាវិទ្យាល័យនិងមានការងារធ្វើលំនឹង។
ជាច្រើនឆ្នាំកន្លង ក្រៅពីធ្វើស្រែដើម្បីមានប្រាក់សម្រាប់ឱ្យកូនរៀនសូត្រ លោកប៊ិញ ថែមទាំងទៅធ្វើកម្មករនៅរោងចក្រកិនស្រូវមួយកន្លែងនៅទីតាំង ផ្សារសុកត្រាំង ចំណែកប្រពន្ធទៅធ្វើការបកបង្គានៅក្រុមហ៊ុន។ លោកប៊ិញ រៀបរាប់៖ “ប្ដីប្រពន្ធខ្ញុំធ្វើការពេញមួយថ្ងៃ ពេលយប់ទើបត្រឡប់មកផ្ទះម្នាក់ៗ សុទ្ធតែហត់នឿយ ប៉ុន្តែតែងលើកទឹកចិត្តគ្នា ត្រូវតែខិតខំប្រឹងប្រែងចិញ្ចឹមកូនរៀនសូត្រ កុំឱ្យធ្លាក់ខ្លួនក្រីក្រ និងលំបាកដូចយើងទៀត។ ប្រាក់ដែលរកបានទាំងប៉ុន្មាន គឺសន្សំផ្ញើឱ្យកូនពី ៣ ទៅ ៥ លានដុងក្នុងមួយខែ ដើម្បីឱ្យកូនៗបានស្ងប់អារម្មណ៍រៀនសូត្របានល្អ”។
ជីវភាពក្រីក្រនិងហត់នឿយ រឹតតែធ្វើឱ្យកូនៗរបស់លោកប៊ិញ ខិតខំរៀនសូត្រឱ្យបានពូកែនិងរៀនចប់មហាវិទ្យាល័យ។ បច្ចុប្បន្ន កូនទាំង ២ នាក់ កំពុងធ្វើការនៅក្រុមហ៊ុនក្នុងតំបន់ឧស្សាហកម្មអាងង៉េប ទីក្រុងកឹងធើ និងមានប្រាក់ចំណូលស្ថិរភាព។ ជាមួយការអត់ធ្មត់ ស៊ូលំបាកដើម្បីចិញ្ចឹមកូនរៀនសូត្រ បានបើកផ្លូវឱ្យកូនៗរបស់គាត់ឆ្ពោះទៅរកអនាគតភ្លឺស្វាង។ លោកប៊ិញ រៀបរាប់៖ “ការវិនិយោគលើការអប់រំ គឺជាការវិនិយោគប្រកបដោយចីរភាពសម្រាប់អនាគតរបស់កូនៗ។ ឥឡូវនេះ កូនៗមានការងារធ្វើ មានប្រាក់ចំណូលលំនឹង ខ្ញុំអស់បារម្ភ លែងទៅធ្វើការលីសែងដូចមុនទៀត នៅផ្ទះធ្វើស្រែ និងដាំដំណាំរួមផ្សំ”។
ផ្ទះក្រ គ្មានដីផលិត ថែមទាំងជាយុទ្ធជនពិការ មិនអាចធ្វើការងារធ្ងន់បាន ប៉ុន្តែលោកត្រឹងថាញ នៅភូមិពពុះទឹក នៅតែជម្នះរាល់ឧបសគ្គដើម្បីចិញ្ចឹមកូនឱ្យរៀនសូត្រមានចំណេះដឹង។ រាល់ថ្ងៃ ដើម្បីមានប្រាក់ចិញ្ចឹមកូនរៀន ប្រពន្ធរបស់លោកថាញ តែងក្រោកពីព្រលឹមធ្វើបង្អែមនិងដាំបបរលក់នៅពេលព្រឹក ចំណែកលោកថាញ រត់ម៉ូតូឌុប ហើយអ្នកណាពឹងពាក់ឱ្យជួយសរសេរលិខិតស្នាមអ្វីក៏ជួយដែរ អ្នកភូមិអាណិតស្រឡាញ់ជូនប្រាក់ប៉ុន្មានក៏បានដែរ។ ប្រាក់ដែលរកបានទាំងប៉ុន្មាន លោកថាញ សន្សំទុកដើម្បីផ្ញើឱ្យកូនស្រីរៀនមហាវិទ្យាល័យនៅទីក្រុងហាណូយ។ ទោះជាជីវភាពមានការលំបាក នឿយហត់ក៏ដោយ ប៉ុន្តែប្ដីប្រពន្ធគាត់តែងតែលើកទឹកចិត្តគ្នាទៅវិញទៅមកឱ្យខិតខំជម្នះលំបាក ដើម្បីឱ្យកូនមានចំណេះដឹង មានមុខរបរលំនឹង គិតគូរពីជីវភាព។
មិនធ្វើឱ្យខកបំណងចំពោះការហត់នឿយរបស់ឪពុកម្ដាយ កូនស្រីលោកថាញ់ រៀនចប់មហាវិទ្យាល័យ ក្លាយជាអ្នកបកប្រែភាសាឱ្យក្រុមហ៊ុនបរទេស នៅតំបន់ឧស្សាហកម្មអាងង៉េប រកបានប្រាក់ចំណូល ពី ១០ - ២០ លានដុងក្នុងមួយខែ។ លោកថាញ និយាយទាំងក្តីរំភើប៖ “ឥឡូវនេះ កូនស្រីមានការងារធ្វើ មានប្រាក់ចំណូលលំនឹង និងកតញ្ញូចំពោះឪពុកម្ដាយ ដូច្នេះ នេះជាសុភមង្គលដ៏ពិតប្រាកដ។ ការលះបង់និងភាពហត់នឿយរបស់ប្ដីប្រពន្ធខ្ញុំគឺពិត ជាមានតម្លៃណាស់ ព្រោះបានមកវិញនូវភាពជោគជ័យនិងអនាគតភ្លឺស្វាងរបស់កូន”៕
យ្វីអាញ-ត្រឹងរ៉ូន