មហាសន្និបាតតំណាងទូទាំងប្រទេសនៃរណសិរ្សមាតុភូមិវៀតណាម លើកទី XI នឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៦ នៅមជ្ឈមណ្ឌលសន្និបាតជាតិ។ ក្រុមប្រតិភូក្រុងកឹងធើមានអ្នកតំណាង ៣៨ រូបអញ្ជើញចូលរួម។
នៅថ្ងៃទី ៨ ខែឧសភា គណៈប្រចាំការនៃគណៈកម្មាធិការបក្សក្រុងកឹងធើ បានចាត់តាំងពិធីជួបជុំជាមួយក្រុមប្រតិភូក្រុងកឹងធើ ដែលអញ្ជើញចូលរួមមហាសន្និបាតតំណាងទូទាំងប្រទេសនៃរណសិរ្សមាតុភូមិវៀតណាម លើកទី XI អាណត្តិកាល ២០២៦-២០៣១។
នៅក្នុងពិធីជួបជុំ លោក ឡេក្វាងទុង សមាជិកមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សក្រុង ប្រធានក្រុមប្រតិភូតំណាងរដ្ឋសភាក្រុងកឹងធើ បានសង្កត់ធ្ងន់៖ មហាសន្និបាតតំណាងទូទាំងប្រទេសនៃរណសិរ្សមាតុភូមិវៀតណាម លើកទី XI គឺជាព្រឹត្តិការណ៍នយោបាយមានអត្ថន័យសំខាន់ ជាពិសេសសម្រាប់ធ្លុងមហាសាមគ្គីទូទាំងជនជាតិ។ ប្រព្រឹត្តឡើងក្នុងបរិការណ៍ដែលប្រទេសជាតិឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី ជាមួយនឹងតម្រូវយ៉ាងខ្ពស់អំពីការពង្រីកកម្លាំងទូទាំងប្រជាជន បំផុសសេចក្តីប្រាថ្នាអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានភាពរុងរឿង និងសុភមង្គល; យកចិត្តទុកដាក់គិតគូរជីវភាពរបស់ប្រជាជនមួយថ្ងៃកាន់តែប្រសើរឡើង; កសាងបក្ស និងប្រព័ន្ធនយោបាយឱ្យពិតជាស្អាតស្អំ និងរឹងមាំ; ពង្រឹងជំនឿទុកចិត្តរបស់ប្រជាជនចំពោះបក្ស និងរដ្ឋ។ មហាសន្និបាតគឺជាឱកាសដើម្បីវាយតម្លៃគ្រប់ជ្រុងជ្រោយលទ្ធផលការងាររណសិរ្សក្នុងអាណត្តិកន្លង ទន្ទឹមនឹងនោះ កំណត់ទិសដៅ និងភារកិច្ចក្នុងពេលខាងមុខ ឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍ប្រទេសជាតិឱ្យបានឆាប់រហ័ស និងប្រកបដោយចីរភាព ជាពិសេសក្នុងបរិការណ៍ជំរុញយ៉ាងខ្លាំងក្លាការផ្លាស់ប្តូរឌីជីថល កែទម្រង់រដ្ឋបាល និងកសាងប្រព័ន្ធគ្រប់គ្រងបែបទំនើប ដើម្បីបម្រើប្រជាជនឱ្យកាន់តែប្រសើរឡើង។

លោក ឡេក្វាងទុង សមាជិកមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សក្រុងកឹងធើ ប្រធានក្រុមប្រតិភូតំណាងរដ្ឋសភាក្រុងកឹងធើ ថ្លែងក្នុងកិច្ចប្រជុំ។
លេខាគណៈកម្មាធិការបក្សក្រុង បានស្នើឱ្យសមាជិកនៃក្រុមប្រតិភូទាំងអស់ លើកកម្ពស់ស្មារតីទទួលខុសត្រូវ ប្រកបដោយបញ្ញាប្រជាធិបតេយ្យនិងសាមគ្គី; សកម្មចូលរួមមតិលើឯកសារដែលត្រៀមលើក ជូនមហាសន្និបាត ដោយស្មារតីស្ថាបនា ខិតជិតនឹងភាពជាក់ស្តែង ឆ្លុះបញ្ចាំងពេញលេញនូវបំណងប្រាថ្នាស្របច្បាប់របស់ប្រជាជន និងស្ថានភាពជាក់ស្តែងរបស់ក្រុងកឹងធើ ក៏ដូចជាតំបន់វាលរាបទន្លេគឺវឡុង។ ក្នុងនោះ គប្បីយកចិត្តទុកដាក់ស្នើនូវដំណោះស្រាយនានាដើម្បីលើកកម្ពស់គុណភាពសកម្មភាពរបស់រណសិរ្សក្នុងស្ថានភាពថ្មី; ផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងក្លានូវខ្លឹមសារ និងវិធីសាស្ត្រសកម្មភាពតាមទិសដៅជិតស្និទ្ធនឹងប្រជាជន និងឆ្ពោះទៅកាន់មូលដ្ឋាន; បង្កើនការអនុវត្តផ្លាស់ប្តូរឌីជីថលក្នុងការងាររណសិរ្ស; លើកកម្ពស់ប្រសិទ្ធភាពការងារត្រួតពិនិត្យនិងរិះគន់សង្គម; លើកកម្ពស់តួនាទីរបស់ប្រជាជនក្នុងការចូលរួមកសាងបក្ស និងកសាងរដ្ឋអំណាច; ពង្រឹងធ្លុងមហាសាមគ្គីទូទាំងជនជាតិឱ្យកាន់តែរឹងមាំ។
តាមរយៈសកម្មភាពនៃមហាសន្និបាត អ្នកតំណាងបានដោះដូរ រៀនសូត្រនូវបទពិសោធន៍ល្អៗ និងវិធីសាស្ត្រមានប្រសិទ្ធភាពពីភូមិភាគនានាក្នុងទូទាំងប្រទេស ដើម្បីយកមកសិក្សានិងអនុវត្តសមស្របជាមួយស្ថានភាពជាក់ស្តែងរបស់ទីក្រុង។ ជាពិសេសគឺទម្រង់លើកកម្ពស់តួនាទីរបស់សាសនា ជនជាតិ ធុរជន បញ្ញវន្តនិងជនជាតិវៀតណាមនៅប្រទេសក្រៅ; បណ្តាទម្រង់សុខុមាលភាពសង្គម គិតគូរជូនអ្នកងាយរងគ្រោះ កសាងជនបទថ្មី ទីក្រុងស៊ីវិល័យ ការពារបរិស្ថាននិងការបន្ស៊ាំជាមួយនឹងការប្រែប្រួលអាកាសធាតុ។ ទន្ទឹមនឹងនោះ សកម្មឧទ្ទេសនាម ផ្សព្វផ្សាយរូបភាពក្រុងកឹងធើស៊ីវិល័យ ទំនើប និងសម្បូរទៅដោយអត្តសញ្ញាណ; អះអាងពីតួនាទីរបស់ទីក្រុងជាមជ្ឈមណ្ឌល និងជាកម្លាំងចលករអភិវឌ្ឍនៅតំបន់វាលរាបទន្លេគឺវឡុង។

លោក ឡេក្វាងទុង សមាជិកមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សក្រុងកឹងធើ ប្រធានក្រុមប្រតិភូតំណាងរដ្ឋសភាក្រុងកឹងធើ ជូនអំណោយដល់សមាជិកនៃក្រុមប្រតិភូដែលអញ្ជើញចូលរួមមហាសន្និបាត។
លេខាគណៈកម្មាធិការបក្សក្រុង បានស្នើក្រោយពីមហាសន្និបាត គណៈប្រចាំការនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមក្រុង ឆាប់បញ្ជ្រាប ផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពនូវសេចក្តីសម្រេចនៃមហាសន្និបាត; ធ្វើឱ្យជាក់ស្តែងទៅជាកម្មវិធី និងផែនការសមស្របជាមួយលក្ខណៈជាក់ស្តែងរបស់ទីក្រុង; បន្តលើកកម្ពស់តួនាទីស្នូលនយោបាយរបស់រណសិរ្ស ក្នុងការកសាងធ្លុងមហាសាមគ្គីទូទាំងជនជាតិ បង្កការឯកភាពក្នុងសង្គម រួមចំណែកអនុវត្តជោគជ័យទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ការការពារប្រទេស សន្តិសុខនិងកសាងប្រព័ន្ធនយោបាយរបស់ទីក្រុងក្នុងដំណាក់កាលថ្មី។

លោកស្រី ហូធីកឹមដាវ អនុលេខានៃគណៈកម្មាធិការបក្សក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមក្រុង ទទួលយកមតិយោបល់របស់លេខាគណៈកម្មាធិការបក្សក្រុង។
តំណាងឱ្យក្រុមប្រតិភូ លោកស្រី ហូធីកឹមដាវ អនុលេខានៃគណៈកម្មាធិការបក្សក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមក្រុង បានទទួលយកមតិយោបល់របស់លេខាគណៈកម្មាធិការបក្សក្រុង; អនុវត្តម៉ឺងម៉ាត់កម្មវិធី បទបញ្ជា និងលក្ខន្តិកៈរបស់មហាសន្និបាត; ចូលរួមដោយស្មារតីម្ចាស់ការ ទទួលខុសត្រូវ ប្រកបដោយបញ្ញានិងការប្តេជ្ញាចិត្ត; ចូលរួមផ្តល់មតិយោបល់ជាក់ស្តែង ឆ្លុះបញ្ចាំងប្រាកដប្រជាភាពជាក់ស្តែងដ៏រស់រវើករបស់ក្រុងកឹងធើក្នុងការងាររណសិរ្ស កសាងធ្លុងមហាសាមគ្គីទូទាំងជនជាតិ និងសេចក្តីប្រាថ្នាចង់អភិវឌ្ឍទីក្រុងឱ្យបានឆាប់រហ័ស ចីរភាព អារ្យធម៌ ស៊ីវិស័យនិងមនោសញ្ចេតនា។ ទន្ទឹមនឹងនោះ ទទួលយកពេញលេញនូវស្មារតី និងខ្លឹមសារនៃសេចក្តីសម្រេចមហាសន្និបាត ដើម្បីធ្វើសេនាធិការក្នុងការធ្វើឱ្យជាក់ស្តែង និងផ្សព្វផ្សាយអនុវត្តប្រកបដោយប្រសិទ្ធភាពនៅភូមិភាគក្នុងពេលខាងមុខ។

ថ្នាក់ដឹកនាំទីក្រុងថតរូបអនុស្សាវរីយ៍ជាមួយក្រុមប្រតិភូតំណាងទីក្រុងកឹងធើ ដែលចូលរួមមហាសន្និបាតតំណាងទូទាំងប្រទេសនៃរណសិរ្សមាតុភូមិវៀតណាម លើកទី XI។
មហាសន្និបាតតំណាងទូទាំងប្រទេសនៃរណសិរ្សមាតុភូមិវៀតណាម លើកទី XI នឹងប្រព្រឹត្តឡើង ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាតជាតិ។ ក្រុមប្រតិភូក្រុងកឹងធើ មានអ្នកតំណាងចំនួន ៣៨ រូបចូលរួម។ លោកស្រី ហូធីកឹមដាវ អនុលេខានៃគណៈកម្មាធិការបក្សក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមក្រុង ជាប្រធានក្រុមប្រតិភូ; លោក ត្រឹងវ៉ាំងជិញ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សក្រុង អនុប្រធានប្រចាំការនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមក្រុង ជាអនុប្រធានក្រុមប្រតិភូ។ អញ្ជើញចូលរួមមហាសន្និបាតលើកនេះ ក្រុមប្រតិភូតំណាងរណសិរ្សមាតុភូមិវៀតណាមក្រុងកឹងធើ ត្រូវបានចាត់ឱ្យត្រៀមបទអន្តរាគមន៍ស្តីពីខ្លឹមសារ៖ "ផ្លាស់ថ្មីវិធីសាស្ត្រសកម្មភាពរបស់រណសិរ្សមាតុភូមិវៀតណាម នៅលើភូមិសាស្រ្តដែលមានមណ្ឌលទីក្រុងថ្មីនានា; តថភាពនិងដំណោះស្រាយ"៕
ង៉ុកក្វៀង - វ៉ាន់តឹន