គណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ ទើបចេញសេចក្តីសម្រេចលេខ ១៤៧៤/ QĐ-UBND អនុម័តពីគោលការណ៍វិនិយោគគម្រោងជួសជុលបន្ទាន់កេរដំណែលជាតិពិសេសប្រាសាទបុរាណវិញហឹង ស្ថិតនៅឃុំចូវថើយ ក្នុងគោលបំណងអភិរក្សនិងទប់ស្កាត់ស្ថានភាពចុះទ្រុឌទ្រោមយ៉ាងខ្លាំងនៅប្រាសាទបុរាណមួយនេះ។
យោងតាមសេចក្តីសម្រេច គម្រោងនេះមានកម្រិតទុនវិនិយោគសរុបជាង ១៤,៤ ពាន់លានដុងពីប្រភពថវិកាខេត្ត ក្នុងផែនការវិនិយោគរដ្ឋរយៈពេលមធ្យម ដំណាក់កាល ២០២៦ - ២០៣០។ មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្តកាម៉ាវ បានប្រគល់ភារកិច្ចជាម្ចាស់វិនិយោគ ដើម្បីអនុវត្តក្នុងដំណាក់កាលពីឆ្នាំ ២០២៦ ដល់ឆ្នាំ ២០២៨។
.jpg)
ប្រាសាទបុរាណវិញហឹង បានរៀបចំណាត់ថ្នាក់ជាកេរដំណែលជាតិពិសេស។
ទ្រង់ទ្រាយវិនិយោគនៃគម្រោងរួមមានផ្នែកសំខាន់ៗ ដូចជា៖ កសាងប្រព័ន្ធទប់ស្កាត់ជ្រាបទឹក លូបង្ហូរទឹក និងបង្ហូតទឹកចេញពីបរិវេណប្រាសាទ ក៏ដូចជាក្នុងមណ្ឌលកេរដំណែលទាំងមូល។ ជាពិសេស គឺទប់ស្កាត់ការច្រោះបំផ្លាញពីធម្មជាតិលើផ្នែកគ្រឹះធារនិងសំណង់ប្រាសាទ។ ទន្ទឹមនឹងនោះ វិនិយោគកសាងដំបូលគ្របពីលើតំបន់ប្រាសាទបុរាណទាំងមូល ដោយមានរចនាសម្ព័ន្ធរឹងមាំ ធានាសោភណភាពសមស្របនឹងទេសភាពកេរដំណែល។
កាលពីខែកក្កដា ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល បានចេញសេចក្តីសម្រេចលេខ ៦៩៤/QĐ-TTg ស្តីពីការរៀបចំណាត់ថ្នាក់កេរដំណែលជាតិពិសេស (លើកទី១៥) ចំពោះកេរដំណែលចំនួន ៣ ក្នុងនោះ មានកេរដំណែលប្រាសាទបុរាណវិញហឹង។ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ ខេត្តបាកលីវចាស់ (បច្ចុប្បន្នខេត្តកាម៉ាវ) បានចាត់តាំងពិធីទទួលសេចក្តីសម្រេចទទួលស្គាល់កេរដំណែលជាតិពិសេស សម្រាប់ប្រាសាទបុរាណវិញហឹង។ គម្រោងជួសជុលកេរដំណែលជាតិពិសេសប្រាសាទបុរាណវិញហឹង មិនត្រឹមតែមានអត្ថន័យ ក្នុងការអភិរក្សកេរដំណែលវប្បធម៌ជាតិប៉ុណ្ណោះទេ ថែមទាំងរួមចំណែកជំរុញសក្តានុពលទេសចរណ៍ប្រវត្តិសាស្ត្រ-វប្បធម៌របស់ភូមិភាគក្នុងពេលខាងមុខទៀតផង៕
លីធាន - ថាច់ធី