នាព្រឹកថ្ងៃទី១២ ខែមេសា នៅមហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិស្បៈខ្មែរណាមបូនិងមនុស្សសាស្ត្រ (Slaska) ចំណុះសាកលវិទ្យាល័យត្រាវិញ បានប្រារព្ធពិធីប្រឡងវោហាសាស្ត្រភាសាខ្មែរលើកទី៥ ឆ្នាំ២០២៦។ ព្រឹត្តិការណ៍នេះ បានទាក់ទាញសិស្ស និស្សិតក្នុងនិងក្រៅខេត្តចូលរួមច្រើនកុះករ។

តំណាងអង្គភាពប្រឡងទទួលទង់អនុស្សាវរីយ៍របស់គណៈចាត់តាំង។
ការប្រឡងមានការចូលរួមពី១៨ក្រុម មានបេក្ខជនប្រឡងជាង២០០នាក់ មកពីសាលាចំណេះទូទៅជនជាតិអន្តេវាសិកចំណុះខេត្តវិញឡុង ទីក្រុងកឹងធើ អាងយ៉ាង និងនិស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យត្រាវិញ បង្កបរិយាកាសយ៉ាងពុះពោរនិងដិតដាមដោយអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិខ្មែរណាមបូ។
ថ្លែងការណ៍នៅក្នុងពិធីបើក លោកស្រីបណ្ឌិត ង៉ោសុភា នាយិកាសាលា Slaska បញ្ជាក់ពីសារសំខាន់នៃការអភិរក្សនិងពង្រីកភាសាខ្មែរ ព្រមទាំងបានបញ្ជាក់ថា ការប្រឡងនេះមិនត្រឹមតែជាទីលានសម្រាប់បង្ហាញពីសមត្ថភាពក្នុងការប្រើភាសាប៉ុណ្ណោះទេ ថែមទាំងរួមចំណែកហាត់ពត់ស្មារតីវាងវៃ បង្កើនបំណិនសន្ទនានិងមានភាពជឿជាក់ពេលថ្លែងការណ៍នៅចំពោះមុខសាធារណជន។
ជាមួយប្រធានបទ "យុវជននឹងបច្ចេកវិទ្យាឌីជីថល " ការប្រឡងបានឆ្លុះបញ្ចាំងពីការចាប់អារម្មណ៍របស់ជំនាន់យុវវ័យចំពោះនិន្នាការអភិវឌ្ឍន៍បច្ចេកវិទ្យាទំនើប ព្រមទាំងលើកឡើងនូវបញ្ហាដែលជាប់ពាក់ព័ន្ធដល់ការអនុវត្តបច្ចេកវិទ្យាក្នុងការសិក្សា ការរស់នៅនិងការអភិរក្សវប្បធម៌ជនជាតិ។ នេះជាប្រធានបទដែលជិតស្និទ្ធ មានភាពជាក់ស្តែង ជួយបេក្ខជនមានឱកាសបញ្ចេញមតិនិងទស្សនៈពីតួនាទីរបស់បច្ចេកវិទ្យាក្នុងសម័យឌីជីថល។

ក្រុមនីមួយៗមានបេក្ខជនពី៥ដល់៧នាក់ ត្រូវឆ្លងកាត់ការប្រឡង៣វគ្គ។ វគ្គប្រឡងជ្រើសដោយសេរី ក្រុមនីមួយៗបង្ហាញពីភាពច្នៃប្រតិដ្ឋតាមរយៈទម្រង់ដូចជាអត្ថបទខ្លី កំណាព្យ របាំ ចម្រៀងរ៉េប ។ល។ រួមផ្សំនឹងការសម្តែងកាយវិការដើម្បីបង្កើនភាពទាក់ទាញ។ វគ្គប្រឡងវោហាសាស្រ្តជ្រើសដោយសេរី គឺអនុញ្ញាតឱ្យក្រុមនីមួយៗ បង្ហាញពីទស្សនៈប្រធានបទដែលបានគ្រោងទុកជាមុនក្នុងរយៈពេលពី៥ដល់៧នាទី។ ចុងបញ្ចប់គឺវគ្គប្រឡងវោហាសាស្ត្រតាមសភាពការណ៍ តម្រូវឱ្យក្រុមនីមួយៗ ត្រូវមានភាពរហ័សរហួនក្នុងការឆ្លើយតប រយៈពេលពី៣ដល់៥នាទី បង្ហាញពីសមត្ថភាពបញ្ញារវៀសរវៃនិងការប្រើប្រាស់ភាសាបានល្អ។
បញ្ចប់ពិធីប្រឡង គណៈចាត់តាំងបានជូនរង្វាន់លេខ ១ ដល់អង្គភាពសាលាវិទ្យាល័យជនជាតិអន្តេវាសិកអាងយ៉ាង ២ រង្វាន់លេខ ២ បានទៅសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ។ ក្រៅពីនោះ គណៈចាត់តាំងជូនរង្វាន់លេខ ៣ ចំនួន ១ និងរង្វាន់លើកទឹកចិត្តចំនួន ៣ ដល់ក្រុមឆ្នើម ព្រមទាំងរង្វាន់បុគ្គលចំនួន ៤ សម្រាប់បេក្ខជនដែលលេចធ្លោក្នុងវគ្គផ្តាច់ព្រ័ត្រ៕
សឺនម៉ាល័យ-មុនី