17/04/2026 - 06:42

ទំនៀម​និង​អត្ថ​ន័យ​នៃ​ពិធី​ពូន​ភ្នំ​ខ្សាច់​ 

ពិធី​ពូន​ភ្នំ​ខ្សាច់​ជា​ពិធី​បុណ្យ​មួយ​ដែល​ផ្សារ​ភ្ជាប់​នឹង​ទស្សន​នៃ​ព្រះ​ពុទ្ធ​សាស​នា តែង​បាន​ជន​រួម​ជាតិ​ខ្មែរ​ចាត់​តាំង​ឡើង ដោយ​រួម​បញ្ចូល​ក្នុង​ពិធី​បុណ្យ​ផ្សេងៗ​ដូច​ជា៖ បុណ្យ​បញ្ចុះ​សី​មា បុណ្យ​ភ្ជុំ​បិណ្ឌ បុណ្យ​មាឃ​បូ​ជា បុណ្យ​វិសាខ​បូ​ជា បុណ្យ​បច្ច័យ​បួន​។ល។ ប៉ុន្តែ​ប្រា​រព្ធ​ជា​ហូរ​ហែ​គឺ​ក្នុង​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ ថ្មី​ប្រ​ពៃ​ណី​ជាតិ​របស់​ជន​រួម​ជាតិ​ខ្មែរ។

 ព្រះ​សង្ឃ​ចាត់​តាំង​ពិធី​ស្រង់​ទឹក​ព្រះ​ក្នុង​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី។

ភ្នំ​ខ្សាច់ ឬ​ហៅ​ថា វា​លុក​ចេ​តិយ​ជន​រួម​ជាតិ​ខ្មែរ​ជឿ​ជាក់​ថា ការ​ពូន​ភ្នំ​ខ្សាច់​គឺ ដើម្បី​តំ​ណាង​ឱ្យ​ព្រះ​ចូ​ឡា​មណី​ចេ​តិយ ជា​ចេ​តិយ​តម្កល់​នូវ​ព្រះ​កេ​សា និង​ព្រះ​ចង្កូម​កែវ​របស់​ព្រះ​សម្មា​សម្ពុទ្ធ ដែល​ទេវ​តា​ឧទ្ទិស​សាង​ថ្វាយ​នៅ​ស្ថាន​តា​វត្តិង្ស។ អ្នក​ដែល​បាន​ពូន​ភ្នំ​ខ្សាច់​នឹង​ទទួល​បាន​អា​និសង្ស​បុណ្យ​យ៉ាង​ច្រើន​ឥត​គណ​នា។ ក្នុង​គម្ពីរ​មហា​សំ​ការ​សូត្រ បាន​ចា​រឹក​ទុក ថា៖ “នៅ​ពេល​សង្ក្រាន្ត​ថ្មី​ជិត​មក​ដល់ មាន​ព្រះ​មហា​ក្សត្រ​មួយ​ព្រះ​អង្គ​ព្រះ​នាម ព្រះ​បាទ​បសេន​ទិ​កោ​សល បាន​យាង​ទៅ​គាល់​ព្រះ​សម្មា​សម្ពុទ្ធ ហើយ​ទូល​សួរ​ថា៖ “បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ក្រោយ​ពេល​ព្រះ​អង្គ​ចូល​បរិ​និព្វាន​ទៅ កាល​បើ​ដល់​រដូវ​សង្ក្រាន្ត​ឆ្នាំ​ក្រោយ តើ​ទូល​ព្រះ​បង្គំ​គួរ​សាង​បុណ្យ​កុ​សល​អ្វី​ខ្លះ ដើម្បី​ទទួល​បាន​បុណ្យ​កុសល​ច្រើន​ទៅ​ថ្ងៃ​អនា​គត?”។ ព្រះ​ពុទ្ធ​ទ្រង់​ត្រាស់​សម្តែង​ថា៖ “បើ​សិន​ជា​ព្រះ​អង្គ​ចង់​បាន​បុណ្យ​កុសល​ច្រើន​ទៅ​ថ្ងៃ​អនា​គត ព្រះ​អង្គ​គួរ​តែ​រៀប​ចំ​ពិធី​ពូន​ភ្នំ​ខ្សាច់ ឬ​ពិធី​ស្រង់​ព្រះ​កក់ ស្រង់​ព្រះ​សង្ឃ មា​តា​បិ​តា ជី​ដូន​ជី​តា... នោះ​ព្រះ​អង្គ​នឹង​ទទួល​បាន​បុណ្យ​កុសល​យ៉ាង​ច្រើន​លើស​លុប”។ ចាប់​តាំង​ពី​ពេល​នោះ​មក ជា​រៀង​រាល់​ឆ្នាំ​ឱ្យ​តែ​ដល់​បុណ្យ​ចូល​ឆ្នាំ​ថ្មី ជន​រួម​ជាតិ​ខ្មែរ​តែង​ប្រា​រព្វ​ពិ​ធី​ពូន​ភ្នំ​ខ្សាច់​នេះ​ឡើង។

មាន​រឿង​និទាន​មួយ​បាន​ចា​រឹក​ទុក​ក្នុង​គម្ពីរ​ថា៖ ក្នុង​សម័យ​ពុទ្ធ​កាល មាន​បុរស​ព្រាន​ព្រៃ​ម្នាក់​ចិញ្ចឹម​ជីវិត​ដោយ​របរ​បាញ់​សត្វ​ធ្វើ​ជា​អា​ហារ​ចិញ្ចឹម​ជី​វិត មិន​ដែល​បាន​ធ្វើ​បុណ្យ​ដល់​ម្តង​សោះ។ នា​ថ្ងៃ​មួយ​នោះ មាន​ព្រះ​ភិក្ខុ​សង្ឃ​មួយ​អង្គ​ដឹង​ពី​ឧប​និស្ស័យ​របស់​គាត់ ក៏​គិត​រក​ឧបាយ​ឱ្យ​ព្រាន​ព្រៃ​បាន​សាង​បុណ្យ​កុសល​ខ្លះ។ លុះ​គិត​ដូច្នេះ ហើយព្រះ​ភិក្ខុ​សង្ឃ​ក៏​បាន​និមន្ត​ទៅ​បិណ្ឌ​បាត​ដល់​ផ្ទះ។ ថ្ងៃ​នោះ​វេលា​ព្រឹក​ចៅ​ព្រាន​ព្រៃ​លី​លំ​ពែង​១ និង​ពុន​បាយ ១ កញ្ចប់​ចេញ​ទៅ​ព្រៃ​ដើម្បី​ស្វែង​រក​សត្វ​មក​ចិញ្ចឹម​ជី​វិត​ដូច​កាល​សព្វ​ដង។ ដំ​បូង​ចៅ​ព្រាន​ព្រៃ​ប្រ​កែក​ដាច់​ណាត់​ថា មិន​ព្រម​ប្រគេន​ចង្ហាន់ តែ​ភិក្ខុ​នោះ​ចេះ​តែ​ទទូច​សុំ​អត់ មិន​បាន​ក៏​រំ​លែក​បាយ ១ ពំ​នូត​ប្រ​គេន។

ក្រោយ​មក ចៅ​ព្រាន​ព្រៃ​ក៏​រំ​លាយ​ខន្ធ​ស្លាប់​ទៅ ពួក​យម​បាល​បាន​នាំ​ខ្លួន​ទៅ​សួរ​យក​ចម្លើយ​អំ​ពី​រឿង​កាល​នៅ​ជា​មនុស្ស​លោក​បាន​ធ្វើ​បុណ្យ​ខ្លះ​ដែរ​ឬ​ទេ? ទេវ​បុត្រ​ក៏​បាន​ឆ្លើយ​ថា​ខ្លួន​មិន​បានធ្វើ​បុណ្យ​អ្វី​ទេ គឺ​មាន​តែ​របរ​ដើរ​បរ​បាញ់​សត្វ​ចិញ្ចឹម​ជី​វិត​តែ​ប៉ុណ្ណោះ។ លុះ​ពិ​និត្យ​ទៅ​ឃើញ ថា​ទេវ​បុត្រ​មាន​ទោស​ច្រើន​អនេក យម​រាជ​ក៏​បង្គាប់​ឱ្យ​យម​បាល​ដាក់​ទណ្ឌ​កម្ម​ចំ​ពោះ​ទេវ​បុត្រ។ ពេល​យម​បាល​យក​ទេវ​បុត្រ​ទៅ​បោះ​ចូល​ខ្ទះ​ខ្លាញ់ បោះ​ចូល​ក្នុង​ភ្នក់​ភ្លើង​ច្រើន​លើក​ច្រើន​សារ តែ​មិន​មាន​កើត​ក្តី​ឈឺ​ចាប់​ដល់​ទេវ​បុត្រ​ឡើយ ព្រោះ​តែ​មាន​បារមី​ជួយ​ទ្រ​ទ្រង់​ទេវ​បុត្រ​ជា​និច្ច។ ពេល​នោះ​យម​រាជ​បាន​នាំ​យក​ទេវ​បុត្រ​មក​កាត់​សេច​ក្តី​ម្តង​ទៀត តែ​នៅ​ពេល​យម​រាជ​សួរ​ចម្លើយ ទៅ​កាន់​ទេវ​បុត្រ​ថា តើ​ចៅ​ព្រាន​ព្រៃ​ឯង​បាន​ធ្វើ​បុណ្យ​អ្វី​បាន​ជា​យើង​បញ្ជា​ឱ្យ​ដាក់​ទណ្ឌ​កម្ម តែង​តែ​មាន​បារ​មី​មក​ជួយ។ ទេវ​បុត្រ​បាន​ឆ្លើយ​តប​ថា ខ្លួន​មិន​បាន​ធ្វើ​បុណ្យ​អ្វី​ទេ គឺ​មាន​តែ​របរ​ដើរ​បរ​បាញ់​សត្វ​ចិញ្ចឹម​ជីវិត​តែ​ប៉ុណ្ណោះ។ យម​រាជ​សួរ​ចុះ​សួរ​ឡើង​ទេវ​បុត្រ​នៅ​តែ​ឆ្លើយ​ពាក្យ​នោះ​ដ​ដែល ទើប​បញ្ជា​ឱ្យ​យម​បាល​យក​ចៅ​ព្រាន​ព្រៃ​ទៅ​បោះ​ក្នុង​ភ្នក់​ភ្លើង​ម្តង​ទៀត ដើម្បី​ឱ្យ​យម​រាជ​មើល​ឃើញ​ផ្ទាល់​នឹង​ភ្នែក។ ពេល​រៀប​នឹង​បោះ ទេវ​បុត្រ​ក្រ​ឡេក​ទៅ​ឃើញ​អណ្តាត​ភ្លើង​មាន​សម្បុរ​ដូច​ចីវរ​ព្រះ​សង្ឃ ស្រាប់​តែ​នឹក​ឃើញ​ដល់​ទាន​ដែល​ខ្លួន​បាន​ធ្វើ ទើប​ឆ្លើយ​ថា កាល​នៅ​ជា​មនុស្ស​លោក​បាន​ធ្វើ​ទាន​បាយ​មួយ​ពំ​នូត​ដល់​ភិក្ខុ ១ អង្គ​ផង​ដែរ។

លុះ​យម​រាជ​មើល​ទៅ​ឃើញ​ថា ថ្វី​ដ្បិត​តែ​ចៅ​ព្រាន​ព្រៃ​បាន​ប្រ​ព្រឹត្ត​អំ​ពើ​អា​ក្រក់​ច្រើន តែ​មាន​ចិត្ត​បរិ​សុទ្ធ​នៅ​ពេល​ដាក់​បាត្រ​ដល់​ព្រះ​ភិក្ខុ យម​រាជ​ក៏​អនុញ្ញាត​ឱ្យ​ទេវ​បុត្រ​ទៅ​សោយ​សុខ​នៅ​ស្ថាន​សួគ៌​ចំ​នួន ៧ ថ្ងៃ លុះ​ដល់​ថ្ងៃ​កំ​ណត់​នឹង​យក​ខ្លួន​មក​ទទួល​ទោស​នៅ​ឋាន​នរក​នេះ​វិញ។ ពេល​បាន​ទៅ​សោយ​សុខ​នៅ​ឯឋាន​សួគ៌ ទេវ​បុត្រ​មាន​ទេព​ធី​តា​សុវណ្ណ​ឱរៃ​ជា​ទេ​ពី មាន​រូប​សម្បត្តិ​ឆោម​លោម ប្រាជ្ញា​ឈ្លាស​វៃ។ ថ្ងៃ​មួយ​នោះ ឃើញ​ទេវ​បុត្រ​កើត​សេច​ក្តី​ទុក្ខ​ទោម​នស្ស​ពន់​ពេក នាង​សុ​វណ្ណ​ឱរៃ​ឃើញ​ដូច្នេះ​ក៏​ចូល​ទៅ​សួរ អន្នំ​លោ​កង្សិន៍ ទេវ​បុត្រ​ក៏​រ៉ាយ​រាប់​ប្រាប់​អំ​ពី​រឿង​រ៉ាវ​ដែល​ខ្លួន​ត្រូវ​ទៅ​ទទួល​ទណ្ឌ​កម្ម​នៅ​ឋាន​នរក​វិញ។ នាង​សុវណ្ណ​ឱរៃ​បាន​លួង​លោម​ថា បើ​ដូច្នោះ សូម​ព្រះ​អង្គ​កុំ​កើត​ទុក្ខ​ទោ​មនស្ស​ឡើយ សូម​ព្រះ​អង្គ​សាង​វា​លុក​ចេ​តិយ រួច​ធ្វើ​បុណ្យ​ឆ្លងនឹង​ផុត​ចាក​កម្ម​ពៀរ​ជា​មិន​ខាន។ អន្នំ​លោ​កង្សិន៍ ទេវ​បុត្រ​បាន​ឮ​ដូច្នោះ​ក៏​សោ​មន​ស្ស ទើប​ចាត់​ការ​សាង​វា​លុក​ចេ​តិយ និង​ធ្វើ​បុណ្យ​ឆ្លង​ហើយ​ស្រេច​ក្នុង​រវាង ៧ ថ្ងៃ​នោះ។ លុះ​ដល់​ថ្ងៃ​កំ​ណត់ យម​បាល​ទាំង​ពីរ​បាន​មក​ទទួល​ទេវ​បុត្រ​ឱ្យ​ត្រ​ឡប់​ទៅ​ទទួល​ទណ្ឌ​កម្ម​វិញ តែ​នាង​ទេព​ធី​តា​សុ​វណ្ណ​ឱរៃ​ មិន​ព្រម​ប្រ​គល់​ទេវ​បុត្រ​ឱ្យ​ទៅ​យម​បាល​ទាំង​ពីរ​នោះ​ទេ។ ទេព​ធី​តា​ទ្រង់​បាន​ប្រាប់ យម​បាល​ទាំង​ពីរ​ថា ស្វា​មី​របស់​ខ្លួន​បាន​ធ្វើ​បុណ្យ​ពូន​ភ្នំ​ខ្សាច់ ផ្តាច់​កម្ម​ពៀរ​អស់​ហើយ បើ​យម​បាល​ទាំង​ពីរ​មិន​ទៅ​វិញ​ទេ នៅ​តែ​ត្រូវ​ការ​យក​ខ្លួន​គាត់​ទៅ​ធ្វើ​ទោស ចូរ​អ្នក​ទាំង​ពីរ​រាប់​គ្រាប់​ខ្សាច់​នោះ​ឱ្យ​អស់​ទៅ ទើប​ខ្ញុំ​យល់​ព្រម។ យម​បាល​ទាំង​ពីរ​មិន​បង្អង់ ក៏​ចាប់​ផ្តើម​រាប់​គ្រាប់​ដី​ខ្សាច់​ទាំង​នោះ​។ លុះ​ដល់​រាប់​ចុះ​រាប់​ឡើង​ភ្លេច​ក៏​សុខ​ចិត្ត​ចុះ​ចាញ់ ហើយ​នាំ​គ្នា​ទៅ​វិញ​ដោយ​ខ្លួន​ទទេ។ ចាប់​ពី​ពេល​នោះ​មក ទេវ​បុត្រ​និង​ទេព​ធី​តា​សុវណ្ណ​ឱរៃ ក៏​រស់​នៅ​សោយ​សុខ​ជា​មួយ​គ្នា​ជា​រៀង​រហូត​មក។

  ភ្នំ​ខ្សាច់​បាន​ពូន​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី។

ឯ​ពិធី​ពូន​ភ្នំ​ខ្សាច់ គឺ​គេ​យក​ខ្សាច់​សុទ្ធ​មក​ចាក់​នៅ​កណ្តាល​ទី​ធ្លា​ដែល​គេ​បាន​កំ​ណត់ រួច​ពូន​ឱ្យ​ចេញ​ទៅ​ជា​រាង​ចេ​តិយ បែរ​មុខ​ទៅ​ទិស​ខាង​កើត ហើយ​គេ​សន្មត​ហៅ​ថា “វា​លុក​ចេ​តិយ” ។ មុន​ពេល​ពូន គេ​ត្រូវ​រៀប​ចំ​សម្ភារៈ​មួយ​ចំ​នួន ដូច​ជា៖ ធូប ទៀន ទឹក​អប់ ផ្កា​ភ្ញី អង្ករ ស្រូវ ល្ង​ជា​ដើម។ ការ​ពូន​ភ្នំ​នេះ​ទៀត​សោត គេ​ពូន​មិន​មាន​កំ​ណត់​ថា​ត្រូវ​មាន​ខ្នាត​តូច ធំ ខ្ពស់ ទាប​ប៉ុណ្ណា ឬ​ប៉ុន្មាន​នោះ​ទេ គឺ​ប្រ​ព្រឹត្ត​ទៅ​តាម​ការ​ពេញ​ចិត្ត​របស់​អ្នក​ស្អាង។ តាម​ទំ​នៀម​ទម្លាប់​ពី​ដូន​តា គេ​អាច​ពូន​ជា​ភ្នំ​៣ ភ្នំ​៥ ភ្នំ​៧ ភ្នំ​៩​ច្រើន ជាង​នេះ​ក៏​សឹង​មាន នៅ​ជុំ​វិញ​ភ្នំ​គេ​មាន​ធ្វើ​រាជ​វ័តិ តុប​តែង លំ​អ​ស្លឹក​ដូង ស្លឹក​ទន្សែ​ជា​បួន​ជ្រុង មាន​ទ្វារ​ចេញ​ចូល​តាម​ទិស​ធំ​ទាំង ៤។ នៅ​ជុំ​វិញ​រាជ​វ័តិ គេ​មាន​រៀប​រាន​ទេវ​តា នៅ​លើ​រាន​ទេវ​តា​គេ​រៀប​ស្លា​ធម៌​មួយ​គូ បាយ​សី​មួយ​គូ ទៀន ៥ ធូប​៥ ផ្កា​ភ្ញី​និង​អុជ​ទៀន​ធូប​ថ្វាយ។ ពេល​ពូន​រួច​ស្រេច​លោក​អា​ចារ្យ ឬ​ព្រះ​សង្ឃ​ត្រូវ​សូត្រ​ធម៌​បំ​បួស​អធិ​ដ្ឋាន​ភ្នំ​ខ្សាច់​នោះ​ឱ្យ​ក្លាយ​ជា​ចូឡា​មណី​ចេ​តិយ។ ក្រោយ​ពី​ចប់​កម្ម​វិធី​សព្វ​គ្រប់​ហើយ​អ្នក​ដែល​មាន​បំ​ណង​ទៅ​ធ្វើ​បុណ្យ អាច​ចូល​ទៅ​ធ្វើ​បុណ្យ​បាន​តាម​ប្រ​ពៃ​ណី ដោយ​យក​ដី​ខ្សាច់​ដាក់​ក្នុង​ចាន​ឬ​ផ្តិល​ពូន​សុំ​សេច​ក្តី​សុខ និង​ឧទ្ទិស​ផល​ដល់​ញាតិ​សន្តាន ដែល​បាន​ចែក​ឋាន​ទៅ​កាន់​បរ​លោក​ខាង​មុខ​ជា​ដើម។ នៅ​ពេល​បញ្ចប់​កម្ម​វិធី​បុណ្យ លោក​អា​ចារ្យ​ត្រូវ​សូត្រ​ផ្សឹក​ភ្នំ​ខ្សាច់​នោះ​ឱ្យ​ទៅ​ជា​ដី​ធម្ម​តា​វិញ។

ការ​សាង​វា​លុក​ចេ​តិយ​នេះ ដោយ​គេ​សម្គាល់​ថា​នឹង​បាន​ផលា​និសង្ស​វិសេស​វិសាល​ណាស់ មហា​សំ​ការ​សូត្រ​ក៏​បាន​បញ្ជាក់​ថា៖ “នរៈ​នា​រី​ណា ដែល​បាន​សាង​វា​លុក​ចេ​តិយ ហើយ​បាន​យក​នូវ​បាយ​ទឹក សំ​ពត់ ផ្កា​ភ្ញី គ្រឿង​ក្រ​អូប គ្រឿង​លាប​ជា​ដើម បូ​ជា​ព្រះ​ចេ​តិយ​នោះ ដោយ​សទ្ធា​ជ្រះ​ថ្លា​ នរៈ​នា​រី​នោះ រមែង​បាន​ទទួល​នូវ​ផលា​និសង្ស​ច្រើន រមែង​បាន​ទៅ​កើត​ក្នុង​ត្រ​កូល​ពីរ គឺ​ខត្តិយ​ត្រ​កូល​និង​ព្រា​ហ្មណ៍​ត្រ​កូល មិន​ទៅ​កើត​ក្នុង​ត្រ​កូល​ថោក​ទាប​ឡើយ។ ឧប​មា​ថា បើ​លោក​អ្នក​បាន​ពូន​ភ្នំ​ខ្សាច់​ស្មើ​មួយ​កំ​ប៉ុង​អង្ករ​ដើម្បី​ជា​គ្រឿង​តំ​ណាង​ឱ្យ​ព្រះ​ចូឡា​មណី​ចេ​តិយ​នៅ​ឋាន​ត្រៃ​ត្រិង្ស​នោះ ផល​បុណ្យ​កុសល​របស់​លោក​អ្នក​នឹង​មាន​ច្រើន​រាប់​មិន​អស់ ដូច​អង្ករ​ឬ​ខ្សាច់​ទាំង​នោះ​ផង​ដែរ។ ដោយ​មាន​ជំនឿ​នេះ ហើយ​បាន​ជា​ជន​រួម​ជាតិ​ខ្មែរ​មាន​ទម្លាប់​ពូន​ភ្នំ​ខ្សាច់ ជា​ហូរ​ហែ​រហូត​មក​ទល់​នឹង​បច្ចុប្បន្ន៕​

                                ស្រាវ​ជ្រាវ​៖ វ៉ាន់​តឹន

ចែករំលែកអត្ថបទ