ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

13/04/2026 - 05:41

ពិធី​ជួប​ជុំ​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី ឆ្នាំ​២០២៦ 

នៅ​មជ្ឈ​មណ្ឌល​វប្ប​ធម៌​និង​សន្និ​បាត​សង្កាត់​ភូ​ឡើយ គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង ក្រុម​ប្រឹក្សា​ប្រ​ជា​ជន គណៈ​កម្មា​ធិការ​ប្រ​ជា​ជន គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​ពិ​ធី​ជួប​ជុំ​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ ខ្មែរ​ឆ្នាំ​២០២៦។

អ្នក​តំ​ណាង​ថត​រូប​អនុស្សាវ​រីយ៍​ក្នុង​ពិធី​ជួប​ជុំ​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ ២០២៦។

ចូល​រួម​មាន​សម​មិត្ត៖ ស៊ើង​ភឿក​ហ្វាង អតីត​អនុ​រដ្ឋ​មន្រ្តី អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ (បច្ចុប្បន្ន​ជា​ក្រ​សួង​ជន​ជាតិ​និង​សាសនា); លោក​ស្រី ហូ​ធី​កឹម​ដាវ អនុ​លេខា​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ; លោក ស្រី​ម៉ា​ធី​ទឺយ សមា​ជិក​គណៈ​អចិន្រ្តៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ; លោក​លី​រដ្ឋា សមា​ជិក​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង អនុ​ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ; លោក​ង្វៀង​វ៉ាំង​ខើយ សមា​ជិក​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ; ព្រះ​ឧបជ្ឈាយ៍​តាំង​ណោ ព្រះ​សុ​ធម្មា​ធិប​តី​រង​ក្រុម​ប្រឹក្សា​វិន័យ​ធរ​នៃ​សមា​គម​ពុទ្ធ​សាស​នា​វៀត​ណាម ប្រ​ធាន​សមា​គម​ព្រះ​សង្ឃ​សាម​គ្គី ស្នេ​ហា​ជាតិ​ទី​ក្រុង​កឹង​ធើ; ព្រះ​ឧបជ្ឈាយ៍​ដាវ​ញ៉ឺ អនុ​ប្រ​ធាន​ក្រុម​ប្រឹក្សា​អភិ​បាល​សមា​គម​ពុទ្ធ​សា​ស​នា​វៀត​ណាម ប្រ​ធាន​គណៈ​អភិ​បាល​សមា​គម​ពុទ្ធ​សាស​នា​វៀត​ណាម​ទី​ក្រុង​កឹង​ធើ ប្រ​ធាន​វិទ្យា​ស្ថាន​ពុទ្ធ​សាស​នា​ទក្ខិណ​និកាយ​ខ្មែរ​ទី​ក្រុង​កឹង​ធើ ព្រម​ទាំង​អ្នក​តំ​ណាង​ ជាង​ ៥០០ រូប ជា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ក្រុម​ប្រឹក្សា​ប្រ​ជា​ជន គណៈ​កម្មា​ធិការ​ប្រ​ជា​ជន គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ទី​ក្រុង; បណ្តា​មន្ទីរ ផ្នែក; អតីត​ថ្នាក់​ដឹក​នាំ​ទី​ក្រុង បណ្តា​មន្ទីរ គណៈ ផ្នែក; បណ្តា​អ្នក​មុខ​អ្នក​ការ​សាស​នា; កម្មា​ភិ​បាល យុទ្ធ​ជន កម្មា​ភិ​បាល​ចូល​និវត្តន៍ គ្រួ​សារ​គោល​នយោ​បាយ អ្នក​មាន​ប្រិយ​ភាព​និង​ជន​រួម​ជាតិ​ខ្មែរ។

ទិដ្ឋ​ភាព​នៃ​ពិធី​ជួ​បជុំ។

ស្ថិត​ក្នុង​បរិយា​កាស​សប្បាយ​រីក​រាយ និង​កក់​ក្តៅ​នៃ​ពិធី​ជួប​ជុំ​ អ្នក​តំ​ណាង​ទាំង​ឡាយ​បាន​ស្តាប់ សម​មិត្ត​ថាច់​ធី​កេរិន្ទ នា​យិ​កា​រង​មន្ទីរ​ជន​ជាតិ​និង​សាស​នា​អាន​លិ​ខិត​ប្រ​សិទ្ធ​ពរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ឆ្នាំ​២០២៦ របស់​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង ក្រុម​ប្រឹក្សា​ប្រ​ជា​ជន គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ សូម​គោ​រព​ប្រ​គេន​ផ្ញើ​ជូន​ចំ​ពោះ​ព្រះ​ឧបជ្ឈាយ៍ ព្រះ​តេជ​ព្រះ​គុណ ព្រះ​សង្ឃ​គ្រប់​ព្រះ​អង្គ កម្មា​ភិ​បាល យុទ្ធ​ជន និង​ទូ​ទាំង​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ទី​ក្រុង នូវ​វា​ចា​សួរ​សុខ​ទុក្ខ​យ៉ាង​កក់​ក្តៅ ស្និទ្ធ​ស្នាល និង​សព្ទ​សារ​ធុការ​ពរ​ដ៏​ប្រ​សើរ​បំ​ផុត។ ទន្ទឹម​នឹង​នោះ អ្នក​តំ​ណាង​គ្រប់​រូប​នឹង​បាន​ទស្សនា​បទ យក​ការណ៍​អំ​ពី​លទ្ធ​ផល​អនុ​វត្ត​នូវ​កម្ម​វិធី គម្រោង អភិ​វឌ្ឍ​សេដ្ឋ​កិច្ច - សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច ពិ​សេស​កម្ម​វិធី​ទិស​ដៅ​ជាតិ គម្រោង​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច - សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច; ក៏​ដូច​ជា​សមិទ្ធ​ផល​ដ៏​ត្រ​ចះ​ត្រ​ចង់​របស់​ទី​ក្រុង​ដែល​សម្រេច​បាន​ក្នុង​ឆ្នាំ​កន្លង។

ក្នុង​ពិ​ធី​ជួប​ជុំ អ្នក​តំ​ណាង​គ្រប់​រូប​ក៏​បាន​សម្តែង នូវ​ការ​ត្រេក​អរ​ខណៈ​បាន​ការ​យក​ចិត្ត​ទុក​ដាក់​របស់​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង ក្រុម​ប្រឹក្សា​ប្រ​ជា​ជន គណៈ​កម្មា​ធិការ​ប្រ​ជា​ជន គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​ពិ​ធី​ជួប​ជុំ សួរ​សុខ​ទុក្ខ លើក​ទឹក​ចិត្ត​ជូន​ពរ​និង​ក្តាប់​ពី​បំ​ណង​ប្រាថ្នា​របស់​ជន​រួម​ជាតិ​ខ្មែរ។ នេះ​គឺ​ជា​កម្លាំង​ចល​ករ​ដើម្បី​ជន​រួម​ជាតិ​ខ្មែរ​បន្ត​ពង្រីក​ស្មារ​តី សាម​គ្គី ចូល​រួម​រាល់​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ​និង​ព្រួត​ដៃ​កសាង​ទី​ក្រុង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ កាន់​តែ​ស៊ី​វិល័យ ទំ​នើប​និង​អភិ​វឌ្ឍ​ចីរ​ភាព។

ថ្លែង​ក្នុង​ពិធី​ជួប​ជុំ សម​មិត្ត​ហូធី​កឹម​ដាវ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ បាន​ផ្ញើ​នូវ​បិយ​វា​ចា​ប្រ​សិទ្ធ​ពរ​ទូ​ទាំង​ជន​រួម​ជាតិ បណ្តា​សម​មិត្ត​ថ្នាក់​ដឹក​នាំ អតីត​ថ្នាក់​ដឹក​នាំ ព្រះ​ឧបជ្ឈាយ៍ ព្រះ​តេជ​ព្រះ​គុណ ព្រះ​សង្ឃ​គ្រប់​ព្រះ​អង្គ គ្រួ​សារ​គោល​នយោ​បាយ កម្មា​ភិ​បាល យុទ្ធ​ជន​ជា​ជន​រួម​ជាតិ​ខ្មែរ ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ឆ្នាំ ២០២៦ ប្រ​កប​ដោយ​ភាព​កក់​ក្តៅ សប្បាយ​រីក​រាយ សុភ​មង្គល​និង​ប្រ​កប​ដោយ​ពុទ្ធ​ពរ ៤ ប្រ​ការ គឺ “អា​យុ វណ្ណៈ សុខៈ ពលៈ”។ ទន្ទឹម​នឹង​នោះ សម​មិត្ត​ហូធី​កឹម​ដាវ សង្កត់​ធ្ងន់៖ បុណ្យ​ចូល​ឆ្នាំ​ថ្មី គឺ​ជា​លក្ខណៈ​វប្ប​ធម៌​ប្រ​ពៃ​ណី​ដ៏​ពិ​សេស​របស់​ជន​ រួម​ជាតិ​ខ្មែរ; ជា​ឱកាស​ដើម្បី​គ្រួ​សារ​នី​មួយៗ​ជួប​ជុំ​គ្នា រំលឹក​គុណ​បុព្វ​ការី​ជន ឆ្នាំ​ថ្មី​មាន​សេច​ក្តី​សុខ - ចម្រើន សុខ​ដុម​រមនា សុភ​មង្គល។ នេះ​ក៏​ជា​ឱកាស ដើម្បី​យើង​ទាំង​អស់​គ្នា​ពិ​និត្យ​ឡើង​វិញ​នូវ​លទ្ធ​ផល​ដែល​សម្រេច​បាន ជឿ​ជាក់​បន្ថែម ប្តេជ្ញា​ចិត្ត​បន្ថែម រួម​ដំ​ណើរ​កសាង​ភូមិ​ស្រុក​កឹង​ធើ​អភិ​វឌ្ឍ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

សម​មិត្ត​ហូធី​កឹម​ដាវ ក៏​បាន​របាយ​ការណ៍ ឆ្នាំ ២០២៥ គឺ​ជា​ឆ្នាំ​ដែល​មាន​អត្ថ​ន័យ​សំ​ខាន់​ពិ​សេស ជា​ឆ្នាំ​ចុង​ក្រោយ​អនុ​វត្ត​ផែន​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច - សង្គម​ដំ​ណាក់​កាល ២០២១ - ២០២៥ ជា​ឆ្នាំ​ដែល​ផ្សព្វ​ផ្សាយ​ខ្លាំង​ក្លា​កិច្ច​ការ​បដិ​វត្តន៍​រៀប​ចំ​កែ​ទម្រង់​រដ្ឋ​បាល។ ក្រោយ​ការ​ដឹក​នាំ កិច្ច​ចង្អុល​ការ​យ៉ាង​ដិត​ដល់​របស់​បក្ស​និង​រដ្ឋ; ការ​ចូល​រួម​របស់​ទូ​ទាំង​ប្រ​ព័ន្ធ​នយោ​បាយ; ព្រម​ទាំង​ការ​យល់​ស្រប​និង​ចូល​រួម​យ៉ាង​សកម្ម​របស់​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ សម្រេច​បាន​លទ្ធ​ផល​ជា​វិជ្ជ​មាន​លើ​គ្រប់​វិស័យ។

តាម​រយៈ​នោះ ទី​ក្រុង​កឹង​ធើ​សម្រេច​ជា​ស្ថា​ពរ​នូវ​សម្ទុះ​ល្បឿន​នៃ​កម្ម​វិធី​បំ​បាត់​ផ្ទះ​ទ្រុឌ​ទ្រោម ផ្ទះ​បណ្តោះ​អា​សន្ន ចំ​នួន ១១.៤៦២ ខ្នង សរុប​ថវិកា សាង​សង់​ជាង ៣១២ ពាន់​លាន​ដុង។ ដោយ​ឡែក​បុណ្យ​ចូល​ឆ្នាំ​វៀត​ណាម​ឆ្នាំ ២០២៦ ទី​ក្រុង បាន​ផ្សព្វ​ផ្សាយ​ការ​ងារ​គិត​គូរ ជូន​អំ​ណោយ​អ្នក​មាន​សគុណ​បាន​ជាង ៥៥.​០០០ នាក់ ធា​នា​រ៉ាប់​រង​សង្គម​ដល់​មុខ​សញ្ញា​ជាង ១៧២.​០០០ នាក់ ពល​ករ​ក្រី​ក្រ និង​ក្បែរ​ក្រ​បាន​ជាង ៣០.​០០០ គិត​ជា​តម្លៃ​ទឹក​ប្រាក់​សរុប​ជាង ១៣៤ ពាន់​លាន​ដុង។  បណ្តា​គោល​ការណ៍​របស់​បក្ស​និង​គោល​នយោ​បាយ​របស់​រដ្ឋ ចំ​ពោះ​ការ​ងារ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​លើ​ភូមិ​ឋាន​ទី​ក្រុង​បាន​ផ្សព្វ​ផ្សាយ​ព្រមៗ​គ្នា ប្តូរ​ផ្តាច់ ពិ​សេស​គឺ​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​កម្ម​វិធី​ទិស​ដៅ​ជាតិ​ចំ​នួន ៣ (បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព កសាង​ជន​បទ​ថ្មី និង​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច - សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច) ផ្គួប​បញ្ចូល​រាល់​ប្រ​ភព​ទុន​កសាង​ផ្សព្វ​ផ្សាយ​គម្រោង និង​គ្រោង​ការ​ស​មាស​ភាព។

ដំ​ណាក់​កាល ២០២១ - ២០២៥ ទី​ក្រុង​បាន​ផ្តុំ​កម្លាំង​កៀរ​គរ គួប​ផ្សំ​រាល់​ប្រ​ភព​កម្លាំង​វិនិ​យោគ ផ្សព្វ​ផ្សាយ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំ​ខាន់ៗ​ចាំ​បាច់​បាន​ចំ​នួន ២១៨ សំ​ណង់ ជា​មួយ​ថវិ​កា​សរុប​បាន​មក​ពី​កម្ម​វិធី គម្រោង​ផ្សេងៗ​រាប់​ពាន់​ពាន់​លាន​ដុង រួម​ចំ​ណែក​ជា​ជំ​ហាន​ធ្វើ​ឱ្យ​សុ​ក្រឹត​ប្រ​ព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​តំ​បន់​ជន​ជាតិ​ភាគ​តិច កែ​លម្អ​ច្បាស់​លាស់ លក្ខណៈ​ប្រ​ជុំ​ជីវ​ភាព​និង​ការ​ផលិត​របស់​ប្រ​ជា​ជន; អត្ត​សញ្ញាណ​វប្ប​ធម៌ ប្រ​ពៃ​ណី​ផូរ​ផង់​របស់​ជន​ជាតិ ភាគ​តិច​បាន​អភិ​រក្ស​និង​ពង្រីក​ជា​និច្ច; ស្ថាន​ភាព​សន្តិ​សុខ​នយោ​បាយ សណ្តាប់​ធ្នាប់ សុ​វត្ថិ​ភាព​សង្គម​បាន​រក្សា​រឹង​មាំ។ ការ​ងារ​កសាង​បក្ស កសាង​ប្រ​ព័ន្ធ​នយោ​បាយ​សម្រេច​បាន​លទ្ធ​ផល​វិជ្ជ​មាន​ជា​ច្រើន​។ល។

សម​មិត្ត ហូ​ធី​កឹម​ដាវ បាន​អះ​អាង៖ សមិទ្ធ​ផល​រួម​ទាំង​នោះ មាន​ការ​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​របស់​ជន​រួម​ជាតិ​ខ្មែរ អ្នក​មុខ​អ្នក​ការ​សាស​នា ព្រះ​សង្ឃ កម្មា​ភិ​បាល យុទ្ធ​ជន​ជា​ជន​រួម​ជាតិ​ខ្មែរ​ផង​ដែរ។ សម​មិត្ត បាន​កត់​សម្គាល់​និង​ស្ងើច​សរ​សើរ​ការ​ខិត​ខំ​ដោយ ឥត​ឈប់​ឈរ​របស់​បណ្តា​សម​មិត្ត​កម្មា​ភិបាល បក្ខ​ជន យុទ្ធ​ជន ពិ​សេស​ព្រះ​សង្ឃ​គ្រប់​ព្រះ​អង្គ​និង​ប្រ ​ជា​ជន​គ្រប់​ជាន់​ថ្នាក់​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ដែល​ខិត​ខំ​ប្រឹង​ប្រែង​រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការ​អភិ​វឌ្ឍន៍ របស់​ទី​ក្រុង​រយៈ​ពេល​កន្លង។ ទន្ទឹម​នឹង​នោះ សង្ឃឹម​ថា ព្រះ​ឧបជ្ឈាយ៍ ព្រះ​តេជ​ព្រះ​គុណ ព្រះ​សង្ឃ​គ្រប់​ព្រះ​អង្គ ជន​រួម​ជាតិ កម្មា​ភិ​បាល បក្ខ​ជន យុទ្ធ​ជន​ជា​ជន​ជាតិ​ខ្មែរ​បន្ត​ពង្រីក​ប្រ​ពៃ​ណី​មហា​សាម​គ្គី​ជន​ជាតិ អនុ​វត្ត​ល្អ​គោល​ការណ៍​របស់​បក្ស គោល​នយោ​បាយ ច្បាប់​របស់​រដ្ឋ; លើក​កម្ពស់​ស្មារតី​ខ្លួន​ទី​ពឹង​ខ្លួន ប្តេជ្ញា​ចិត្ត​ឆ្លង​កាត់​ការ​លំ​បាក សកម្ម​ចូល​រួម​រាល់​ចល​នា ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ កសាង​ជន​បទ​ថ្មី​។ល។ ទន្ទឹម​នឹង​នោះ បន្ត​អភិ​រក្ស​និង​ពង្រីក​អត្ត​សញ្ញាណ វប្ប​ធម៌​ជន​ជាតិ; លើក​កម្ពស់​ស្មារតី​ប្រុង​ប្រ​យ័ត្ន​បដិ​វត្តន៍ តស៊ូ​ច្រាន​ចោល​រាល់​បទ​អត្ថា​ធិប្បាយ​មួល​បង្កាច់ រាល់​សកម្ម​ភាព​ប្រ​ឆាំង​បក្ស រដ្ឋ​របស់​បច្ចា​មិត្ត សំ​ដៅ​បំ​បែក​បំ​បាក់​ផែន​មហា​សាម​គ្គី​ជន​ជាតិ រួម​ចំ​ណែក​រក្សា​រឹង​មាំ​សន្តិ​សុខ​នយោ​បាយ សណ្តាប់​ធ្នាប់ សុ​វត្ថិ​ភាព​សង្គម។

ស្រប​ក្នុង​ឱកាស​នេះ គណៈ​កម្មា​ធិ​ការ​បក្ស ក្រុម​ប្រឹក្សា​ប្រ​ជា​ជន គណៈ​កម្មា​ធិការ​ប្រ​ជា​ជន គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ បាន​ប្រ​គេន​អំ​ណោយ​ព្រះ​ឧបជ្ឈាយ៍ ព្រះ​តេជ​ព្រះ​គុណ។

 ក្នុង​ថ្ងៃ​នេះ​ដែរ គណៈ​កម្មា​ធិ​ការ​បក្ស ក្រុម​ប្រឹក្សា​ប្រ​ជា​ជន គណៈ​កម្មា​ធិការ​ប្រ​ជា​ជន គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ ក៏​បាន​ចាត់​តាំង​ពិធី​ជួប​ជុំ ជូន​អំ​ណោយ​និង​ប្រ​សិទ្ធ​ពរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ ២០២៦ ដល់​កម្មា​ភិបាល​អតីត ថ្នាក់​ដឹក​នាំ គ្រួ​សារ​គោល​នយោ​បាយ​គំរូ​លើ​ភូមិ​ឋាន ទី​ក្រុង​កឹង​ធើ​ផង​ដែរ៕

  យ្វី​អាញ - លី​សៀ

ចែករំលែកអត្ថបទ