វៀតណាមជាប្រទេសពហុជាតិសាសន៍ មាន ៥៤ ជនជាតិជាបងប្អូនរួមរស់ជាមួយគ្នា ជនជាតិនីមួយៗមានលក្ខណៈវប្បធម៌ពិសេសដោយឡែក រួមចំណែកបង្កជាផ្ទាំងរូបភាពចម្រុះពណ៌នៃខឿនវប្បធម៌វៀតណាម។ ក្នុងដំណើរការសមាហរណកម្មនិងអភិវឌ្ឍន៍ ការអភិរក្សបេតិកភណ្ឌវប្បធម៌អរូបីកាន់តែបានយកចិត្តទុកដាក់ពីមួយថ្ងៃទៅមួយថ្ងៃ។ មកទល់ពេលនេះ ជនរួមជាតិខ្មែរមានបេតិកភណ្ឌវប្បធម៌អរូបីចំនួន២២ បានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ បង្ហាញពីការយកចិត្តទុកដាក់របស់បក្ស រដ្ឋ និងរដ្ឋអំណាចភូមិភាគក្នុងការអភិរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌របស់បណ្តាជនជាតិ។

Inforgraphic បូកសរុបបេតិកភណ្ឌវប្បធម៌អរូបីរបស់ជនរួមជាតិខ្មែរណាមបូ។ រចនា៖ វឌ្ឍា
តាមច្បាប់បេតិកភណ្ឌ បេតិកភណ្ឌវប្បធម៌អរូបីគឺជាផលិតផលផ្នែកស្មារតី ផ្សារភ្ជាប់ជាមួយនឹងសហគមន៍ ឬបុគ្គល រួមជាមួយនឹងសម្ភារៈ និងទីកន្លែងវប្បធម៌ជាប់ពាក់ព័ន្ធ មានតម្លៃប្រវត្តិសាស្ត្រ វប្បធម៌ និងវិទ្យាសាស្ត្រ បានរក្សាជាច្រើនជំនាន់តាមរយៈការផ្សព្វផ្សាយ បន្តមាត់ ការបង្រៀន សម្តែងបង្ហាញ និងទម្រង់ផ្សេងៗទៀត។
ចំពោះជនរួមជាតិខ្មែរ ពិធីបុណ្យប្រពៃណីនានា ដូចជាបុណ្យចូលឆ្នាំថ្មី បុណ្យសែនដូនតា ឬបុណ្យអកអំបុក - សំពះព្រះខែ បានក្លាយជាលក្ខណៈវប្បធម៌ដ៏ពិសេសរបស់ជនជាតិតាំងពីយូរលង់ណាស់មកហើយ បង្ហាញពីសីលធម៌ផឹកទឹកនឹកប្រភព និងសេចក្តីប្រាថ្នាពីជីវភាពសម្បូរ រុងរឿង សុភមង្គល។ ទន្ទឹមនឹងនោះ ប្រភេទសិល្បៈសម្តែងប្រជាប្រិយ ដូចជា៖ សិល្បៈ ល្ខោនបាសាក់ សិល្បៈរបាំ រាំវង់ និងភ្លេងពិណពាទ្យ បានរួមចំណែកធ្វើឱ្យសម្បូរបែបជីវភាព វប្បធម៌ដ៏ល្អប្រណីត ប្រកបដោយលក្ខណៈកម្សាន្តផង និងដិតដាមដោយតម្លៃសិល្បៈផង; ភាសានិងអក្សរសាស្រ្តខ្មែរ ចំណេះដឹងប្រជាប្រិយ និងរបរសិប្បកម្មប្រពៃណីក៏ជាកត្តាដ៏សំខាន់បង្កជាអត្តសញ្ញាណពិសេសដោយឡែករបស់សហគមន៍។

បុណ្យជ្រោយរំចេក បានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីនៅឆ្នាំ ២០២៥។
រយៈពេលកន្លង ការគណនាបង្កើតបញ្ជី ធ្វើសំណុំលិខិត និងដាក់បញ្ចូលនូវកត្តាវប្បធម៌ឆ្នើមក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ តែងបានយកចិត្តទុកដាក់អនុវត្តបម្រើដល់ការងារគ្រប់គ្រង និងអភិរក្ស បង្កមូលដ្ឋានដល់ការការពារនិងពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌ ទន្ទឹមនឹងនោះ បង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋចំពោះបេតិកភណ្ឌវប្បធម៌របស់បណ្តាជនជាតិនៅវៀតណាមនិយាយរួម និងជនរួមជាតិខ្មែរនិយាយដោយឡែក។
តាមការបែងប្រភេទ បេតិកភណ្ឌវប្បធម៌អរូបី មាន ៧ ប្រភេទ៖ ភាសានិងអក្សរសាស្រ្ត; អក្សរ សិល្ប៍ប្រជាប្រិយ; សិល្បៈសម្តែងប្រជាប្រិយ; ទំនៀមទម្លាប់សង្គម; ពិធីបុណ្យប្រពៃណី; របរសិប្បកម្មប្រពៃណី និងចំណេះដឹងប្រជាប្រិយ។ ក្នុងនោះ បេតិកភណ្ឌរបស់ជនរួមជាតិខ្មែរបានទទួលស្គាល់ប្រមូលផ្តុំនៅ ៤ ប្រភេទជាសំខាន់៖ សិល្បៈសម្តែងប្រជាប្រិយ ពិធីបុណ្យប្រពៃណីរបរសិប្បកម្មប្រពៃណី និងចំណេះដឹងប្រជាប្រិយ។
បេតិកភណ្ឌវប្បធម៌បានពង្រាយនៅតាមភូមិភាគនានា ដូច៖ កឹងធើមានបេតិកភណ្ឌចំនួន ៨ វិញឡុងមានបេតិកភណ្ឌចំនួន ៦ អាងយ៉ាងមានបេតិកភណ្ឌចំនួន ៥ និងកាម៉ាវ ដុងណាយ តៃនិញ ភូមិភាគនីមួយៗមានបេតិកភណ្ឌចំនួន១។
ក្នុងនោះ សិល្បៈសម្តែងប្រជាប្រិយមាន ១១ ប្រភេទ៖ សិល្បៈចម្រៀងចាប៉ី (វិញឡុង ឆ្នាំ ២០១៣) សិល្បៈល្ខោនបាសាក់ (កឹងធើ ឆ្នាំ ២០១៤) សិល្បៈរបាំឆៃយុាំ (តីនិញ ឆ្នាំ ២០១៤) សិល្បៈរបាំ (វិញឡុង ឆ្នាំ ២០១៧; កឹងធើ ឆ្នាំ២០១៩) រាំវង់ (កឹងធើ ឆ្នាំ២០១៩) ភ្លេងពិណពាទ្យ (កឹងធើ ឆ្នាំ២០១៩) ចម្រៀងអាយ៉ៃ (កឹងធើ ឆ្នាំ ២០១៩) សិល្បៈវង់ភ្លេងស្គរធំ (កាម៉ាវ ឆ្នាំ ២០២២) សិល្បៈល្ខោនយីកេរ (អាងយ៉ាង ឆ្នាំ ២០២៣) និងសិល្បៈរបាំឆៃយុាំ (អាងយ៉ាង ឆ្នាំ ២០២៥)។

ទីកន្លែងគោរពបូជានិងចាត់តាំងបុណ្យធាក់គង។
ចំណែកពិធីបុណ្យប្រពៃណីមានចំនួន ៧៖ បុណ្យអកអំបុក (វិញឡុង ឆ្នាំ២០១៤) ពិធីប្រណាំងគោបៃណូយ (អាងយ៉ាង ឆ្នាំ២០១៦) បុណ្យយកត្រពាំង (ដុងណាយ ឆ្នាំ ២០១៩) ពិធីប្រណាំងទូក ង ក្នុងពិធីបុណ្យអកអំបុក (កឹងធើ ឆ្នាំ២០២២) ដំឡើងអ្នកតា (វិញឡុង ឆ្នាំ ២០២៤) បុណ្យជ្រោយរំចេក (កឹងធើ ឆ្នាំ ២០២៥) និងបុណ្យធាក់គង (កឹងធើ ឆ្នាំ២០២៥)។
របរសិប្បកម្មប្រពៃណីមាន ៣ ប្រភេទ៖ របរធ្វើស្ករត្នោត (អាងយ៉ាង ឆ្នាំ២០២៤) របរត្បាញកន្ទេលក្រហម (វិញឡុង ឆ្នាំ២០២៤) និងរបរធ្វើម្កុដ - មុខខ្មុក (វិញឡុង ឆ្នាំ២០២៤)។
ចំណេះដឹងប្រជាប្រិយមាន ១ ប្រភេទ៖ ចំណេះដឹងនិងបច្ចេកទេសចារសាស្រ្តាស្លឹករឹត (អាងយ៉ាង ឆ្នាំ២០១៧)។
ឆ្នាំ ២០២៥ ទីក្រុងកឹងធើ មានបេតិកភណ្ឌវប្បធម៌ចំនួន២ បានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ រួមមានបុណ្យជ្រោយរំចេក និងបុណ្យធាក់គង។ ទាំងពីរនេះជាពិធីបុណ្យពិសេសដោយឡែករបស់ជនរួមជាតិខ្មែរនៅតំបន់សមុទ្រវិញចូវ និងតំបន់ដីផ្នោរកំពង់ធំ មានអត្ថន័យបួងសួងសូមឱ្យភ្លៀងខ្យល់ធ្លាក់ស្មើ ដំណាំដាំដុះអំណោយផល ទន្ទឹមនឹងនោះ សម្តែងពីការដឹងគុណចំពោះធម្មជាតិ ដីធ្លី និងសមុទ្រ ក៏ដូចជាការជូនពរឆ្នាំថ្មីសុខសាន្តនិងសុភមង្គល។
អាចារ្យ ថាច់ថន ជាគណៈកម្មការវត្តសិរីក្រសាំង សង្កាត់វិញចូវ ឱ្យដឹង៖ “បុណ្យជ្រោយរំចេក គឺជាបុណ្យប្រចាំឆ្នាំរបស់ជនរួមជាតិខ្មែរនៅតំបន់សមុទ្រវិញចូវ កាលពីមុន ពិធីបុណ្យនេះ បានចាត់តាំងឡើងដោយទ្រង់ទ្រាយតូចទេ។ បច្ចុប្បន្ន ដោយសារបានការយកចិត្តទុកដាក់របស់រដ្ឋអំណាចភូមិភាគ យើងខ្ញុំអាចបន្តចាត់តាំងនិងពង្រីកទ្រង់ទ្រាយនៃបុណ្យនេះ យើងខ្ញុំមានក្តីត្រេកអរជាងទៀតពេលបុណ្យជ្រោយរំចេក បានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។ នេះក៏ជាកម្លាំងជំរុញដើម្បីយើងខ្ញុំបន្តថែរក្សា និងពង្រីកប្រវេណីក៏ដូចជាតម្លៃរបស់ពិធីបុណ្យ”។
ផ្តើមពីភាពជាក់ស្តែងនោះ បញ្ជាក់ឱ្យឃើញថា ការទទួលស្គាល់បេតិកភណ្ឌវប្បធម៌អរូបីនេះ មានអត្ថន័យដ៏សំខាន់ មិនត្រឹមតែរួមចំណែកអភិរក្សតម្លៃប្រពៃណីដែលកំពុងប្រឈមនឹងការបាត់បង់បណ្តើរៗប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យលេចធ្លោនូវតម្លៃវប្បធម៌ក្នុងជីវភាពសង្គមទៀតផង។ ពេលបានចុះបញ្ជីរួច បេតិកភណ្ឌមានមូលដ្ឋានច្បាប់ដើម្បីអភិរក្ស វិនិយោគ និងពង្រីកប្រសិទ្ធភាពជាងទៀត ឆ្លងតាមរយៈកម្មវិធីអភិរក្ស បង្ហាត់បង្រៀននិងផ្សព្វផ្សាយ។ ទន្ទឹមនឹងនោះ ការទទួលស្គាល់ ថែមទាំងលើកកម្ពស់ការយល់ដឹងរបស់សហគមន៍ ដាស់មោទនភាពជនជាតិ និងស្មារតីទទួលខុសត្រូវក្នុងការថែរក្សាអត្តសញ្ញាណវប្បធម៌ទៀតផង៕
វឌ្ឍា -វិមាន