មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

17/06/2026 - 06:56

ភាព​ផ្លាស់​ថ្មី​ផ្ដើម​ពី​កម្ម​វិធី​កសាង​ជន​បទ​ថ្មី​ 

ជា​មួយ​នឹង​គោល​ដៅ​ផ្តោត​លើ​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ជន​បទ បង្កើន​ប្រាក់​ចំ​ណូល​របស់​ប្រ​ជា​ជន​ឱ្យ​បាន​ឆាប់​រហ័ស វិនិ​យោគ​ក​សាង​និង​បង្កើន​កម្រិត​ហេដ្ឋា​រចនា​សម្ព័ន្ធ ពិ​សេស​គឺ​ប្រ​ព័ន្ធ​គមនា​គមន៍ ធារា​សាស្ត្រ អគារ​សិក្សា​និង​សំ​ណង់​សុខុ​មាល​ភាព​សង្គម ដើម្បី​លើក​ស្ទួយ​ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​ជូន​ប្រ​ជា​ជន​នៅ​តំប​ន់​ជន​បទ​ តែង​បាន​ឃុំ​ដូង​ចូវ ខេត្ត​វិញ​ឡុង​យក​ចិត្ត​ទុក​ដាក់។

រដ្ឋ​អំ​ណាច​ភូមិ​ភាគ​និង​ប្រ​ជា​ជនក​សាង​ដង​ផ្លូវ​ខេត្ត ៩១៤ ភ្លឺ​ - បៃ​តង - ជ្រះ - ស្អាត។

អ្នក​ស្រី ហ្វិញ​ធី​ត្រេវ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ដូង​ចូវ ឱ្យ​ដឹង៖ “ចាប់​តាំង​ពី​ពេល​អនុ​វត្ត​កម្ម​វិធី​គោល​ដៅ​ជាតិ​ស្តី​ពី​ការ​ក​សាង​ជន​បទ​ថ្មី​មក ឃុំ​ក៏​ជួប​ការ​លំ​បាក​ជា​ច្រើន​ដែរ។ ប៉ុន្តែ​ដោយ​សារ​ការ​ខិត​ខំ​ប្រឹង​ប្រែង ប្តេជ្ញា​ចិត្ត​របស់​បក្ខ​ភាគ រដ្ឋ​អំ​ណាច និង​ការ​យល់​ព្រម​គាំ​ទ្រ​ពី​សំ​ណាក់​ប្រ​ជា​ជន មក​ទល់​ពេល​នេះ ឃុំ​ដូង​ចូវ​សម្រេច​បាន ១៨/​១៩ លក្ខ​ឋានក​សាង​ជន​បទ​ថ្មី។ ចំ​ពោះ​ការ​ក​សាង​ឃុំ​ជន​បទ​ថ្មី​កម្រិត​ខ្ពស់ ឃុំ​សម្រេច​បាន ១៥/​១៩ លក្ខ​ឋាន”។

ដោយ​កំ​ណត់​ច្បាស់​គោល​ដៅ​នៃ​កម្ម​វិធី​កសាង​ជន​បទ​ថ្មី ដើម្បី​បម្រើ​ផល​ប្រ​យោជន៍​របស់​ប្រ​ជា​ជន ឃុំ​ដូង​ចូវ​បាន​ឆ្លៀត​ឱ​កាស​ជា​អតិ​បរ​មា​ប្រើ​ប្រាស់​ប្រ​ភព​ទុន​ជា​ច្រើន វិនិ​យោគ​ធ្វើ​ឱ្យ​សុក្រឹត​ប្រ​ព័ន្ធ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ ព្រម​ទាំង​កៀរ​គរ​កម្លាំង​ផ្ទៃ​ក្នុង​ដើម្បី​អនុ​វត្ត​ផ្នែក​សំ​ណង់​នៃ​កម្ម​វិធី ពិ​សេស​គឺ​ការ​ឈូស​ឆាយ​ពង្រាប​ផ្ទៃ​ដី​បម្រើ​ឱ្យ​ការ​ក​សាង​ប្រ​ព័ន្ធ​គមនា​គមន៍​ជន​បទ។ អា​ស្រ័យ​ដោយ​អនុ​វត្ត​ល្អ​ការ ឃោស​នា​ប្រ​ជា​ជន​បាន​យល់​ច្បាស់​ថា ការ​ក​សាង​ជន​បទ​ថ្មី​ដើម្បី​ជីវ​ភាព​របស់​ពួក​គាត់ ទើប​ប្រ​ជា​ជន​យល់​ព្រម​និង​គាំ​ទ្រ​ពេញ​ទំ​ហឹង។

លោក ថាច់​ង៉ុក​ភឿង នៅ​ភូមិ​បា​យ៉ាម ឱ្យ​ដឹង​ដោយ​ក្តី​រីក​រាយ៖ “កន្លង​ហើយ ឃុំ​បាន​ចល​នា​កសាង​ផ្លូវ​បេ​តុង​របស់​ភូមិ​ជា​មួយ​គោល​លំ​នាំ “រដ្ឋ​និង​ប្រ​ជា​ជន​រួម​គ្នា​ធ្វើ” គ្រួ​សារ​ខ្ញុំ​បាន​គាំ​ទ្រ និង​បរិច្ចាគ​ដី​ប្រ​មា​ណ ៣០០ ម៉ែត្រ​កា​រ៉េ​ធ្វើ​ផ្លូវ ព្រោះ​យល់​ឃើញ​ថា ប្រ​សិទ្ធ​ភាព​នៃ​ការ​ធ្វើ​ផ្លូវ​មិន​ត្រឹម​តែ​បម្រើ​ដល់​គ្រួ​សារ ខ្ញុំ​ផ្ទាល់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បម្រើ​ដល់​កសិករ​នៅ​ទី​នេះ​ឱ្យ​មាន​ភាព​ងាយ​ស្រួល​ធ្វើ​ដំ​ណើរ​ទៅ​មក​ ជួញ​ដូរ​ទំ​និញ​ រួម​ចំ​ណែក​កសាង​ជន​បទ​ថ្មី។ ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​ប្រ​ជា​ជន​នៅ​ទី​នេះ ពិត​ជា​បាន​ផ្លាស់​ថ្មី​យ៉ាង​ច្បាស់​ក្រ​ឡែត”។

ទន្ទឹម​នឹង​ការ​ជួយ​ឧបត្ថម្ភ​ពី​រដ្ឋ ក៏​មាន​ការ​ចូល​រួម​កម្លាំង​ពី​សំ​ណាក់​ប្រ​ជា​ជន​ផង​ដែរ។ មក​ដល់​ពេល​នេះ ប្រ​ព័ន្ធ​ផ្លូវ​គមនា​គមន៍​ជន​បទ ធា​រា​សាស្ត្រ​ជា​សារ​វ័ន្ត​សម្រេច​ជា​ស្ថា​ពរ​ធា​នា​ដល់​ការ​បង្ក​បង្កើន​ផល​និង​បម្រើ​ជីវ​ភាព​ប្រ​ជា​ជន។ ប្រ​ព័ន្ធ​នយោ​បាយ​សង្គម​មាន​ភាព​រឹង​មាំ ហើយ​ស្ថាន​ភាព​សន្តិ​សុខ​ន​យោ​បាយ សណ្តាប់​ធ្នាប់ សុ​វត្ថិ​ភាព​សង្គម​ធា​នា​លំ​នឹង។

ទន្ទឹម​នឹង​កា​រវិ​និយោគ​ក​សាង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​-សង្គម​ ឃុំ​ដូង​ចូវ ថែម​ទាំង​យក​ចិត្ត​ទុក​ដាក់ ជា​ពិ​សេស​ចំ​ពោះ​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច ដើម្បី​លើក​កម្ពស់​ប្រាក់​ចំ​ណូល​ជូន​ប្រ​ជា​ជន​នៅ​ជន​បទ។ ឆ្នាំ​កន្លង​ ចំ​ពោះ​វិស័យ​កសិ​កម្ម​បាន​អភិវឌ្ឍ​តាម​ទិស​ដៅ បង្វែរ​រចនា​សម្ព័ន្ធ​ផលិត​ទំនិញ​ផ្ដល់​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់។ បំ​ផុស​ចលនា​ប្រ​ជា​ជន​ជំ​រុញ​ការ​ចិញ្ចឹម​សត្វ ធ្វើ​វា​រី​វប្ប​កម្ម យក​ដំ​ណាំ​ផ្សេងៗ​មក​ដាំ​លើ​វាល​ស្រែ​ជំ​នួស​ឱ្យ​រដូវ​ស្រូវ​ដែល​ផ្តល់​ទិន្ន​ផល​ទាប។ ដោយ​ឡែក​ចំ​ពោះ​ការ​ធ្វើ​ស្រែ ឃុំ​បាន​ចល​នា​ឱ្យ​កសិ​ករ​ផ្លាស់​ប្តូរ​ទម្លាប់​ផលិត​ចាស់ ដោយ​ជ្រើស​រើស​ពូជ ស្រូវ​មាន​គុណ​ភាព​ខ្ពស់ អនុ​វត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ជឿន​លឿន​ទៅ​ក្នុង​ផលិត។

អ្នក​ស្រី ហ្វិញ​ធី​ត្រេវ លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស ឃុំ​ដូង​ចូវ ឱ្យ​ដឹង​បន្ថែម៖ “ដើម្បី​សម្រេច​បទ​ដ្ឋាន​ឃុំ​ជន​បទ​ថ្មី និង​ឃុំ​ជន​បទ​ថ្មី​កម្រិត​ខ្ពស់ រយៈ​ពេល​ខាង មុខ​ឃុំ​នឹង​បន្ត​ពង្រីក​សក្តា​នុភាព​អំ​ពី​លក្ខណៈ​ធម្ម​ជាតិ​ ដើម្បី​លើក​ទឹក​ចិត្ត​ប្រ​ជា​ជន​ផលិត​ទំ​និញ​ប្រ​មូល​ផ្តុំ ជា​មួយ​ប្រ​ភេទ​ដំ​ណាំ សត្វ​ចិញ្ចឹម​និង​វា​រី​វប្ប​កម្ម​ដែល​ផ្ដល់​ទិន្ន​ផល បរិ​មាណ​ផល​និង​តម្លៃ​សេដ្ឋ​កិច្ច​ខ្ពស់ សម​ស្រប​នឹង​លក្ខណៈ​នៃ​ភូមិ​ភាគ។ ហេតុ​នោះ បក្ខ​ភាគ​និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​កំ​ណត់​ច្បាស់​នូវ​ការ​ងារ​ជាក់​ស្តែង ដោយ​ដាក់​ចេញ​នូវ​បែប​បទ​អនុ​វត្ត​លក្ខ​ឋាន​ដែល​នៅ​សល់ ដោយ​ការ​ពង្រីក​កម្លាំង​រួម ផ្សព្វ​ផ្សាយ​កម្ម​វិធី​ផ្សេង​ៗ និង​បង្ក​ការ​ឯក​ភាព​ខ្ពស់​ពី​ផ្ទៃ​ក្នុង​រហូត​ដល់​ប្រ​ជា​ជន; អនុ​វត្ត​តាម​គោល​លំ​នាំ​រដ្ឋ​និង​ប្រ​ជា​ជន​រួម​គ្នា​ធ្វើ រួម​គ្នា​ខិត​ខំ​កសាង​ឱ្យ​បាន​ជោគ​ជ័យ​ឃុំ​ជន​បទ​ថ្មី និង​ជន​បទ​ថ្មី​កម្រិត​ខ្ពស់”៕

                         ស៊ើង​ម៉ា​ល័យ​ - លី​សៀ​

ចែករំលែកអត្ថបទ