ក្រោយពីរួមបញ្ចូល ៣ អង្គភាពរដ្ឋបាល៖ សង្កាត់ទី៧ សង្កាត់ទី៨ និងឃុំង្វៀកហ្វា សង្កាត់ង្វៀកហ្វា បច្ចុប្បន្នមានគ្រួសារជនរួមជាតិខ្មែរស្រូបអត្រាជាង ៣០% នៃចំនួនសរុបគ្រួសារប្រជាជនលើភូមិភាគ។ រយៈពេលកន្លង ជាមួយនឹងការយកចិត្តទុកដាក់របស់គណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគគ្រប់លំដាប់ថ្នាក់ សមាគមសហព័ន្ធនារីសង្កាត់ង្វៀកហ្វា បានអនុវត្តសកម្មភាពជាក់ស្តែងជាច្រើន ដើម្បីឧបត្ថម្ភសមាជិកានារី សំខាន់គឺនារីជនជាតិខ្មែរ ឈានឡើក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច លំនឹងជីវភាព។

បងស្រីថាច់ធីសាថា កំពុងលាបពណ៌ព្រះពុទ្ធបដិមា។
តាមអ្នកស្រីគឹមធីយ៉ុយ អនុប្រធានសមាគមសហព័ន្ធនារីសង្កាត់ង្វៀកហ្វា រយៈពេលកន្លងសមាគមបានសហការជាមួយធនាគារគោលនយោបាយ-សង្គម បង្កលក្ខណៈដើម្បីសមាជិកានារី ពិសេសគឺនារីជនជាតិខ្មែរ គ្រួសារក្រីក្រ ក្បែរក្រ និងគ្រួសារមានជីវភាពលំបាកបានខិតជិតប្រភពទុនអនុគ្រោះ។ បច្ចុប្បន្ន សមាគមគ្រប់គ្រងក្រុមបុលទុនចំនួន ៣៨ ជាមួយប្រាក់កម្ចីសរុបជាង ៥៦ ពាន់លានដុង ឧបត្ថម្ភជាង ១.៦៤២ គ្រួសារបុលដើមទុនអភិវឌ្ឍន៍សេដ្ឋកិច្ច។ ក្នុងនោះ មាន ១៨ គ្រួសារក្រីក្របុលជិត ១ ពាន់លានដុងនិង ៥៨ គ្រួសារក្បែរក្របុលជាង ២ ពាន់លានដុង។ រយៈពេលខាងមុខ សមាគមសហព័ន្ធនារីសង្កាត់នឹងបន្តសហការជាមួយផ្នែកមុខងារ និងអង្គការនយោបាយ-សង្គមនានា ស្នើបើកបន្ថែមថ្នាក់ប្តូរបង្វែរវិទ្យាសាស្ត្រ បច្ចេកទេស ហ្វឹកហ្វឺនបំណឹនការផលិតដើម្បីបងប្អូននារីមានចំណេះដឹង បទពិសោធន៍ក្នុងការប្រើប្រាស់ប្រភពដើមទុនមានប្រសិទ្ធភាព អនុវត្តក្នុងការចិញ្ចឹមសត្វនិងដាំដុះ រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារកាន់តែលំនឹងពីមួយថ្ងៃទៅមួយថ្ងៃ”។
គ្រួសារបងស្រីថាច់ធីសាថា នៅអនុសង្កាត់ លេខ ១៤ សង្កាត់ង្វៀកហ្វា ខេត្តវិញឡុង គឺជាគំរូមួយ។ ពីមុនគ្រួសាររបស់គាត់គឺជាគ្រួសារលំបាក ដោយខ្វះដើមទុនសម្រាប់វិនិយោគផលិត។ តាមរយៈការពិនិត្យ និងស្វែងយល់ពីស្ថានភាពជីវភាពសមាជិក សមាគមសហព័ន្ធនារីសង្កាត់ង្វៀកហ្វា បានឧបត្ថម្ភបងស្រីក្នុងការបុលដើមទុនចំនួន ៩០ លានដុង ដើម្បីវិនិយោគអភិវឌ្ឍន៍ទម្រង់ចាក់រូបសំណាក និងផលិតវត្ថុអនុស្សាវរីយ៍។ អាស្រ័យដោយមានដើមទុន ព្រមទាំងឧស្សាហ៍ព្យាយាមពលកម្មផលិត ទម្រង់ផលិតគ្រួសារបងស្រីកាន់តែអភិ ឌ្ឍមានប្រសិទ្ធភាព។ ជារៀងរាល់ខែ ក្រៅពីការលក់រាយវត្ថុអនុស្សាវរីយ៍ គ្រួសារបងនៅទាំងទទួលបានការដាក់ពាក្យទិញ និងលក់ចេញលំនឹងផលិតផលចំនួន ២០ ទៅ ៣០ មុខ ជួនកាលដល់ ៥០ មុខឯណោះ។ តាំងពីការផលិតជាលក្ខណៈគ្រួសារខ្នាតតូច មកទល់ពេលនេះ គ្រួសារបងស្រីសាថា ជាជំហានៗ បានពង្រីកទំហំផលិត ពិសេសបង្កការងារធ្វើដល់កម្មករក្នុងភូមិ ៤ នាក់។ ទន្ទឹមនឹងនោះ គ្រួសារបងស្រីថែមទាំងរួមផ្សំនឹងសេវាកម្មជួលសម្លៀកបំពាក់ប្រពៃណីខ្មែរសម្រាប់ពិធីបុណ្យ និងពិធីមង្គលការ រួមចំណែកបង្កើនប្រាក់ចំណូល។
បងស្រីថាច់ធីសាថា ចែករំលែក៖ “ពីមុន គ្រួសារខ្ញុំលំបាកណាស់ ប្រាក់ចំណូលភាគច្រើនបានមកពីការជួលសម្លៀកបំពាក់អាពាហ៍ពិពាហ៍ ដូច្នេះ សេដ្ឋកិច្ចនៅមានកម្រិត។ អាស្រ័យដោយការយកចិត្តទុកដាក់ពីសមាគមសហព័ន្ធនារីសង្កាត់ង្វៀកហ្វា គ្រួសារខ្ញុំអាចខិតជិតប្រភពទុនអនុគ្រោះពីធនាគារគោលនយោបាយ-សង្គម។ ទន្ទឹមនឹងនោះ តាមរយៈវគ្គហ្វឹកហ្វឺនដោយសមាគមចាត់តាំង គ្រួសារខ្ញុំបានការណែនាំបន្ថែមពីបច្ចេកទេសនិងរបៀបរកស៊ី។ ដូច្នេះ ប្រាក់ចំណូលកាន់តែលំនឹង ជីវភាពបានប្រសើរឡើង និងមានលក្ខណៈងាយស្រួលដើម្បីគិតគូរការសិក្សារៀនសូត្ររបស់កូនៗ”។

បងស្រីថាច់ធីណារិន្ទ នៅអនុសង្កាត់សមត្រាង កំពុងថែដំណាំ។
ស្រដៀងគ្នានឹងស្ថានភាពរបស់គ្រួសារបងស្រីថាច់ធីសាថាដែរនោះគឺ គ្រួសារបងស្រីថាច់ធីណារិន្ទ នៅអនុសង្កាត់សមត្រាង សង្កាត់ង្វៀកហ្វា ចែករំលែក៖ “ដំបូងឡើយ ដើម្បីមានដើមទុនសម្រាប់វិនិយោគផលិត ខ្ញុំបានការណែនាំពីសមាគមនារីគ្រប់ថ្នាក់ឱ្យបុលប្រាក់ចំនួន ២០ លានដុង។ ឆ្លៀតប្រើប្រាស់ផ្ទៃដី និងកម្លាំងពលកម្មគ្រួសារដែលមានស្រាប់ ដើម្បីអភិវឌ្ឍន៍ទម្រង់ដាំបន្លែ ដោយការចំណាយដើមទុនតិច បច្ចេកទេសងាយស្រួលអនុវត្តច្រកចេញផលិតផលលំនឹង និងរយៈពេលប្រមូលផលអូសបន្លាយ ខ្ញុំក៏ជ្រើសរើសប្រភេទដំណាំរយៈពេលខ្លី ដូចជា៖ ម្រះ ត្រសក់ និងល្ពៅជាដើម។ ទន្ទឹមនឹងនោះ ខ្ញុំនៅទាំងម្ចាស់ការរៀនសូត្របទពិសោធន៍ពីគ្រួសារជិតខាង និងចូលរួមវគ្គហ្វឹកហ្វឺនបច្ចេកទេសដែលភូមិចាត់តាំងឡើង។ ជាមួយផ្ទៃដីដាំដំណាំជាង ៣០០ ម៉ែត្រការ៉េ ជារៀងរាល់ឆ្នាំគ្រួសារខ្ញុំប្រមូលផលប្រហែល ៤ ដង ដោយនាំមកនូវប្រាក់ចំណេញជាមធ្យមពី ៥ ទៅ ៦ លានដុងក្នុងមួយខែ។ ហេតុនេះ គ្រួសារមានប្រាក់ចំណូលទៀងទាត់ ជីវភាពបានលំនឹងបន្តិចម្ដងៗ និងមានលក្ខណៈដើម្បីវិនិយោគពង្រីកការផលិត”។
អ្នកស្រីគឹមធីយ៉ុយ អនុប្រធានសមាគមសហព័ន្ធនារី ឱ្យដឹងបន្ថែម៖ “តាមរយៈសកម្មភាពជាក់ស្តែង សមាគមសហព័ន្ធនារីសង្កាត់ង្វៀកហ្វា ខេត្តវិញឡុង បាននិងកំពុងជួយសមាជិកនារីជាច្រើន ជាពិសេសនារីជនជាតិខ្មែរ ជាជំហានៗឆ្លងកាត់ការលំបាក ពង្រីកសេដ្ឋកិច្ច លំនឹងជីវភាព និងរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅភូមិភាគ”៕
ស៊ើងម៉ាល័យ-មេងលី