02/04/2026 - 18:49

ក្រុមល្ខោនយូរកេរសម្ដែងក្នុងរដូវប្រាំង 

នៅ​ពេល​ធាតុ​អា​កាស​ឈាន​ចូល​រដូវ​ប្រាំង ក៏​ជា​ពេល​នៅ​តាម​ភូមិ​ស្រុក​ខ្មែរ រៀប​ចំ​បុណ្យ​កម្សាន្ត​ភូមិ​យ៉ាង​អធិក​អធម ជា​កាល​ចាប់​ផ្តើម​ពិ​ធី​បុណ្យ​ទាន​ដោយ​មាន​សកម្ម​ភាព​ជំនឿ សាស​នា និង​វប្ប​ធម៌​ដ៏​វិ​សេស​វិ​សាល ហើយ​នោះ​ក៏​ជា​ពេល​ដែល​ក្រុម​សិល្បៈ​ល្ខោន​យូរ​កេរ​ទាំង​ឡាយ ម​មា​ញឹក​ក្នុង​ការ​ត្រៀម​លក្ខណៈ​ដើម្បី​ចេញ​ទៅ​សម្ដែង​បម្រើ​ទស្ស​និក​ជន​ផង​ដែរ។

សិល្បករ - សិល្បការិនីនៃក្រុមសិល្បៈមហាជនរ៉ងរ៉ង សម្ដែងបម្រើជូនទស្សនិកជន។

ក្រោយ​ពី​ពេល​ឈប់​សម្រាក​សកម្ម​ភាព​ក្នុង​រដូវ​វស្សា និង​ហាត់​សម​រឿង​សម្ដែង​នា​នា ពេល​រដូវ​ប្រាំង​ចូល​មក​ដល់ ក្រុម​សិល្បៈ​ល្ខោន​យូរ​កេរ​ទាំង​ឡាយ​ក៏​ចាប់​ផ្ដើម​ត្រៀម​ខ្លួន​ចេញ​ទៅ​សម្តែង​បម្រើ​ទស្ស​និក​ជន។ ក្នុង​នោះ មាន​គ្រួ​សារ​លោក​បូ​ស៊ុង បាន​បង្កើត​ក្រុម​សិល្បៈ​ល្ខោន​យូរ​កេរ​តាំង​ពី​ជំ​នាន់​ជី​តា​រហូត​មក​ទល់​បច្ចុប្បន្ន លោក​គឺ​ជា​អ្នក​បន្ត​វេន​ជំ​នាន់​ទី​៣​ក្នុង​អា​ជីព​សិល្បៈ​នេះ។ ក្រុម​សិល្បៈ​មហា​ជន​រ៉ង​រ៉ង នៅ​ឃុំ​ធ្វឹង​ហ្វា ទី​ក្រុង​កឹង​ធើ ដែល​លោក​បូ​ស៊ុង​កំ​ពុង​បន្ត​វេន កាល​ពី​មុន​ធ្លាប់​ល្បី​ឈ្មោះ​សុស​សាយ​ក្នុង​ខេត្ត​សុក​ត្រាំង (ចាស់)។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ ក្រុម​បាន​ចេញ​ទៅ​សម្តែង​នៅ​តាម​ទី​តាំង​ជាង ១០ នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កង​ធើ។ ទោះ​បី​បច្ចុប្បន្ន​ក្រុម​សិល្បៈ​ល្ខោន​យូ​កេរ​មហា​ជន​ដូច​ជា​ក្រុម​រ៉ង​រ៉ង មិន​សូវ​មាន​ច្រើន​ដូច​មុន​ក្តី ប៉ុន្តែ​អ្នក​ដែល​បន្ត​អា​ជីពនិង​រក្សា​មត៌ក​សិល្បៈ​នៅ​តែ​មាន​វត្ត​មាន​ជា​និច្ច​នៅ​ក្នុង​សហ​គមន៍​ភូមិ​ស្រុក។ លោក​បូ​ស៊ុង - ប្រ​ធាន​ក្រុម​សិល្បៈ​ម​ហា​ជន​រ៉ង​រ៉ង ឃុំ​ធ្វឹង​ហ្វា ទី​ក្រុង​កឹង​ធើ មាន​ប្រ​សាសន៍៖ “ការ​សម្ដែង​សិល្បៈ​ត្រូវ​តែ​មាន​សាម​គ្គី​ភាព​ទើប​អាច​រីក​ចម្រើន​ទៅ​មុខ​បាន។ បច្ចុប្បន្ន​វា​ខុស​ពី​សម័យ​មុន យើង​មិន​សម្ដែង​រហូត​ដល់​ម៉ោង ២​-៣​ទៀប​ភ្លឺ​ទៀត​ឡើយ គឺ​សម្ដែង​ត្រឹម​ម៉ោង ១១ យប់​ប៉ុណ្ណោះ ដើម្បី​ឱ្យ​បង​ប្អូន​សិល្ប​ករ​មាន​ពេល​វេលា​ទៅ​ប្រ​កប​របរ​ផ្សេងៗ​ទៀត អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ។ ពេល​ទៅ​សម្ដែង​ក៏​ទទួល​បាន​ការ​គាំ​ទ្រ​ពី​មហា​ជន ដូច្នេះ​យើង​ខ្ញុំ​តែង​តែ​ខិត​ខំ​រក្សា​អា​ជីព​នេះ​ជា​និច្ច តាម​ការ​លើក​ទឹក​ចិត្ត​របស់​ទស្ស​និក​ជន ហើយ​មិន​បោះ​បង់​ចោល​របរ​ឡើយ ទោះ​ស្ថិត​ក្នុង​កាលៈ​ទេសៈ​ណា​ក៏​ដោយ”។

ក្នុង​សន្ទុះ​នៃ​ជីវ​ភាព​សង្គម​សម័យ​ទំ​នើប និង​ការ​វិវឌ្ឍ​នា​បច្ចុប្បន្ន សិល្បៈ​ល្ខោន​យូរ​កេរ​បាន​ជួប​ប្រ​ទះ​នូវ​បញ្ហា​ប្រ​ឈម និង​ឧប​សគ្គ​ជា​ច្រើន ដែល​បណ្តាល​ឱ្យ​ក្រុម​ខ្លះ​ត្រូវ​រំ​សាយ ដោយ​មិន​អាច​ចិញ្ចឹម​ជី​វិត​ជា​មួយ​អា​ជីព​នេះ​បាន។ ទោះ​ជា​យ៉ាង​នេះ​ក្តី ចំ​ពោះ​អ្នក​ដែល​មាន​ចិត្ត​ស្រ​ឡាញ់ និង​ចំ​ណង់​ចំ​ណូល​ចិត្ត​ចំ​ពោះ​សិល្បៈ​ល្ខោន​យូរ​កេរ ពួក​គេ​តែង​តែ​ស្វែង​រក​គ្រប់​មធ្យោ​បាយ​ដើម្បី​ថែ​រក្សា​សិល្បៈ​ជន​ជាតិ។ មាន​សិល្ប​ករ​ជា​ច្រើន​ពេល​យប់​ឡើង​សម្ដែង រីឯ​ពេល​ថ្ងៃ​ទៅ​ធ្វើ​ជា​កម្ម​ករ ឬ​អ្នក​ខ្លះ​ទៀត​ទៅ​លី​ស្រូវ។ នៅ​ពេល​ពន្លឺ​ឆាក​បំ​ភ្លឺ​ឡើង គឺ​សិល្ប​ករ​ទាំង​នោះ​បាន​ដាក់​អស់​ដួង​ចិត្ត​ទៅ​ក្នុង​តួ​អង្គ និង​យក​អស់​សមត្ថ​ភាព​ដើម្បី​សម្ដែង​បម្រើ​ទស្ស​និក​ជន។ លោក​ថាច់​សា សមា​ជិក​ក្រុម​សិល្បៈ​មហា​ជន​រ៉ង​រ៉ង បាន​ឱ្យ​ដឹង៖ “រាល់​ពេល​ដល់​រដូវ​ប្រាំង ប្រ​ធាន​ក្រុម​តែង​តែ​ប្រ​មូល​ផ្ដុំ​បង​ប្អូន​សិល្ប​ករ​មក​ហាត់​សម​ដើម្បី​ត្រៀម​លក្ខណៈ​ចេញ​ទៅ​សម្ដែង។ នៅ​ពេល​សម្រាក​ពី​ការ​សម្តែង យើង​ខ្ញុំ​ម្នាក់ៗ​ប្រ​កប​របរ​ផ្សេងៗ​គ្នា​ដើម្បី​ចិញ្ចឹម​ជីវិត។ នា​ពេល​បច្ចុប្បន្ន ការ​ទំ​នាក់​ទំ​នង​មាន​ភាព​ងាយ​ស្រួល តាម​រយៈ​ទូរ​ស័ព្ទ​ចល័ត ដូច្នេះ​នៅ​ពេល​ប្រ​ធាន​ក្រុម​ហៅ​ទូរ​ស័ព្ទ យើង​ខ្ញុំ​នឹង​មាន​វត្ត​មាន​ភ្លាមៗ​​ដើម្បី​ត្រៀម​ខ្លួន​ចេញ​ទៅ​សម្តែង”។

ជា​មធ្យម​ក្រុម​សិល្បៈ​យូរ​កេរ​នីមួយៗ មាន​សមា​ជិក​ប្រ​មាណ ៤០ នាក់ រួម​មាន៖ សិល្ប​ករ តន្ត្រី​ករ ផ្នែក​ភស្តុ​ភារ សំ​ឡេង និង​ពន្លឺ​ជា​ដើម។ ក្នុង​ឱ​កាស​ចេញ​ទៅ​សម្តែង​នៅ​តំ​បន់​ឆ្ងាយ សមា​ជិក​ទាំង​អស់​ត្រូវ​ស្នាក់​នៅ​និង​ហូប​ចុក​ជុំ​គ្នា រហូត​ដល់​បញ្ចប់​រដូវ​កាល​សម្តែង​ទើប​បាន​ត្រ​ឡប់​ទៅ​ផ្ទះ​វិញ។ បច្ចុប្បន្ន អា​ស្រ័យ​ដោយ​ប្រ​ព័ន្ធ​ចរា​ចរណ៍​មាន​ភាព​ងាយ​ស្រួល ជីវ​ភាព​របស់​អ្នក​សិល្បៈ​ក៏​បន្ថយ​បាន​ការ​លំ​បាក ដោយ​អាច​ធ្វើ​ដំ​ណើរ​ទៅ​មក​ដោយ​មធ្យោ​បាយ​ផ្ទាល់​ខ្លួន។ លោក​ឡា​ហ្វាង​វិញ សមា​ជិក​ក្រុម​សិល្បៈ​មហា​ជន​រ៉ង​រ៉ង ឱ្យ​ដឹង៖ “ពេល​ថ្ងៃ​ខ្ញុំ​ធ្វើ​ការ​ងារ​រោង​ចក្រ យប់​ឡើង​ខ្ញុំ​មក​ក្រុម​ដើម្បី​សម្ដែង​បម្រើ​ជូន​ទស្ស​និក​ជន។ ក្រោយ​បញ្ចប់​កម្ម​វិធី ប្រ​សិន​បើ​កន្លែង​សម្តែង​នៅ​ជិត ខ្ញុំ​អាច​បើក​ម៉ូតូ​ត្រ​ឡប់​ទៅ​ផ្ទះ​វិញ ដើម្បី​មាន​ពេល​សម្រាក​និង​ធ្វើ​ការ​ងារ​ផ្សេងៗ។ ខ្ញុំ​មាន​ក្តី​សប្បាយ​រីក​រាយ​យ៉ាង​ខ្លាំង នៅ​ពេល​បាន​ឈរ​លើ​ឆាក​សម្តែង បញ្ចេញ​សមត្ថ​ភាព​បម្រើ​ទស្ស​និក​ជន”។

សិល្បៈ​ល្ខោន​យូរ​កេរ​ខ្មែរ​ណាម​បូ គឺ​ជា​មត៌ក​វប្ប​ធម៌​មិន​អាច​ខ្វះ​បាន​ក្នុង​ជីវ​ភាព​ស្មារតី​របស់​ជន​រួម​ជាតិ​ខ្មែរ។ ទម្រង់​សិល្បៈ​នេះ មិន​ត្រឹម​តែ​បម្រើ​នូវ​តម្រូវ​ការ​កម្សាន្ត​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​ឱ្យ​ទស្ស​និក​ជន​យល់​ដឹង​ពី​សីល​ធម៌ គុណ​ធម៌ ព្រម​ទាំង​បែង​ចែក​ឱ្យ​ដាច់​រវាង​អំ​ពើ​ល្អ​និង​អំ​ពើ​អា​ក្រក់ សុ​ចរិត​និង​ទុច្ច​រិត។ តាម​រយៈ​នោះ រួម​ចំ​ណែក​តម្រង់​ទិស​ឱ្យ​មនុស្ស​ម្នាក់​ៗកែ​ប្រែ​ខ្លួន​ឯង ដើម្បី​ឈាន​ទៅ​រក​ការ​កសាង​សង្គម​សម​ធម៌​និង​វឌ្ឍនភាព​ទៀត​ផង៕

ថាញហ៊ុង - ថាច់ធី

ចែករំលែកអត្ថបទ