ជាមួយនឹងបញ្ហាប្រឈមជាច្រើនពីការប្រែប្រួលអាកាសធាតុ សត្វល្អិតបំផ្លាញ និងតម្រូវការកាន់តែខ្ពស់របស់ទីផ្សារអំពីគុណភាព ការផ្លាស់ប្តូរផ្នត់គំនិតបែរមកអនុវត្តវិទ្យាសាស្រ្ត - បច្ចេកទេសចូលក្នុងផលិត បានក្លាយជាកត្តាដ៏សំខាន់ជួយឱ្យកសិករនៅទីក្រុងកឹងធើ លើកកម្ពស់តម្លៃកសិផល។

លោកង្វៀងវ៉ាំងស៊ើង (ខាងស្តាំ) នៅឃុំទ្រឿងខាញ់ ទទួលបានប្រសិទ្ធភាពសេដ្ឋកិច្ចពីទម្រង់ដាំជម្ពូក្នុងផ្ទះសំណាញ់។
ក្នុងបំណងចង់លើកកម្ពស់គុណភាពកសិផល កសិករជាច្រើននៅទីក្រុងកឹងធើ បានម្ចាស់ការផ្លាស់ប្តូររចនាសម្ព័ន្ធពូជដំណាំ និងអនុវត្តវិទ្យាសាស្រ្ត - បច្ចេកទេសក្នុងផលិត។ ក្នុងនោះ លេចធ្លោជាងគេគឺទម្រង់ដាំជម្ពូបៃតងក្នុងផ្ទះសំណាញ់របស់លោកង្វៀងវ៉ាំងស៊ើង នៅភូមិភូធឺ ឃុំទ្រឿងខាញ់។ កាលពីមុន គ្រួសារលោកធ្វើស្រែជាចម្បង ប៉ុន្តែប្រសិទ្ធភាពសេដ្ឋកិច្ចមិនសូវខ្ពស់។ លុះដល់ឆ្នាំ ២០០២ ចៃដន្យលោកទិញបានពូជជម្ពូបៃតង ផ្អែមយកមកដាំសាកល្បង ឃើញថាជម្ពូបៃតងផ្អែមនេះ លូតលាស់ល្អ ផ្លែធំផ្អែម និងងាយស្រួលថែទាំ ទើបលោកសម្រេចចិត្តបង្វែរដីស្រែ ៣ ហិកតា មកដាំជម្ពូវិញ។ ជំនួសឱ្យការច្រកថង់ការពារផ្លែតាមបែបបុរាណ លោកស៊ើង បានវិនិយោគប្រព័ន្ធសំណាញ់គ្របដណ្តប់សួនទាំងមូល។ លោកស៊ើង ឱ្យដឹង៖ “ការដាំជម្ពូក្នុងផ្ទះសំណាញ់នាំមកនូវផលប្រយោជន៍ជាច្រើន ជួយកាត់បន្ថយចំណាយ និងកម្លាំងពលកម្ម ដោយសារមិនបាច់ប្រើថង់ប្លាស្ទិកសម្រាប់ច្រកផ្លែនីមួយៗឡើយ។ ស្រទាប់សំណាញ់ថែមទាំងជួយកាត់បន្ថយកម្ដៅក្នុងសួន រក្សាសំណើមបានល្អ អាស្រ័យហេតុនោះ អាចសន្សំសំចៃទឹកស្រោចស្រពបានប្រហែលពី ៣០% ដល់ ៤០% បើធៀបនឹងការដាំដុះតាមបែបបុរាណ។ ជាពិសេស គឺទប់ស្កាត់បានសត្វល្អិតបំផ្លាញ ធ្វើឱ្យជម្ពូមានផ្លែធំ ស្អាត ឆ្លើយតបបានតាមបទដ្ឋានកសិផលជ្រះស្អាត”។ ជាមួយនឹងដើមជម្ពូបៃតងផ្អែមចំនួន ២.០០០ ដើម លើផ្ទៃដី ៣ ហិកតា ក្នុងមួយឆ្នាំៗផ្តល់ទិន្នផលប្រហែល ១០ តោន តម្លៃលក់ចន្លោះពី ៥០.០០០ ដុងដល់ ៨០.០០០ ដុងក្នុងមួយគីឡូក្រាម។ ក្រោយពេលទូទាត់ចំណាយរួច លោកទទួលបានប្រាក់ចំណេញប្រមាណ ៥០០ លានដុង ដែលខ្ពស់ជាងការធ្វើស្រែឆ្ងាយណាស់។
អាស្រ័យដោយការអនុវត្តប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ បានជួយដល់គ្រួសារលោកថាច់ផល នៅភូមិរ៉ាច់សេន ឃុំញូយ៉ា បន្ថយបានចំណាយផលិតកម្លាំងពលកម្ម និងបង្កើនទិន្នផលដំណាំរួមផ្សំ។ លោកផល ឱ្យដឹង៖ “ជាមួយនឹងផ្ទៃដីដាំខ្ទឹមស្លឹក ២.៥០០ ម៉ែត្រការ៉េ ការស្រោចស្រពនិងថែទាំគឺហត់នឿយណាស់ ប៉ុន្តែចាប់តាំងពីដំឡើងប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិមក ការបង្កបង្កើនផលកាន់តែមានភាពងាយស្រួល ដំណាំលូតលាស់ល្អ និងផ្តល់ទិន្នផលខ្ពស់ជាងការដាំដុះតាមបែបបុរាណ”។
លោក ដាំងតឹងយ៉ាង អនុប្រធានសមាគមកសិករទីក្រុងកឹងធើ បានសង្កត់ធ្ងន់៖ “ការអនុវត្តវិទ្យាសាស្រ្ត - បច្ចេកទេស មិនត្រឹមតែនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចប៉ុណ្ណោះទេ នៅថែមទាំងបើកចេញនូវទិសដៅថ្មី ក្នុងការផ្លាស់ប្តូរពីផលិតកសិកម្មតាមបែបសាមញ្ញ ទៅជាផលិតទំនិញ បង្កើនប្រាក់ចំណូលជូនកសិករ ឈានទៅរកការលើកកម្ពស់ទិន្នផល គុណភាពផលិតផល ដើម្បីឆ្លើយតបនឹងតម្រូវការកាន់តែខ្ពស់របស់ទីផ្សារ”៕
ថាញវ៉ាង - ថាច់ធី