ថ្ងៃបោះឆ្នោតជ្រើសតំណាងរដ្ឋសភា នីតិកាលទី១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ អាណត្តិកាល ២០២៦-២០៣១ នៅឃុំហឹងហោយ ខេត្តកាម៉ាវ បានប្រព្រឹត្តទៅក្នុងបរិយាកាសឱឡារិកអធិកអធម ក្លាយជាថ្ងៃបុណ្យទូទាំងប្រជាជនយ៉ាងពិតប្រាកដ។ នៅតាមដងផ្លូវនានាចូលទៅកាន់ភូមិស្រុក និងតាមទីតាំងបោះឆ្នោត សុទ្ធតែបានតុបតែងលម្អដោយទង់ និងផ្កាភ្ញីយ៉ាងស្រស់បំព្រង។ ម្ចាស់ឆ្នោតគ្រប់រូបសុទ្ធតែមានទឹកមុខរីករាយ សប្បាយចិត្ត ដើម្បីអនុវត្តសិទ្ធិ កាតព្វកិច្ចពលរដ្ឋរបស់ខ្លួន ព្រមទាំងផ្ញើនូវក្ដីជឿជាក់និងក្តីសង្ឃឹមយ៉ាងមុតមាំក្នុងអាណត្តិកាលថ្មី។
តាមប្រសាសន៍លោក តឺមិញភុក លេខាគណៈកម្មាធិការបក្សឃុំ និងជាប្រធានគណៈចង្អុលការបោះឆ្នោតឃុំហឹងហោយ បានឱ្យដឹង៖ ឃុំមានប្រជាជនជិត ៣០.០០០នាក់ ក្នុងនោះមាមីងជនរួមជាតិខ្មែរមានអត្រាជាង ៣០%។ នេះជាឃុំដែលមានជនរួមជាតិខ្មែរច្រើនបំផុតក្នុងខេត្តកាម៉ាវ ដោយមានមណ្ឌលបោះឆ្នោតចំនួន ១៨ កន្លែងនៅតាមភូមិ និងមានម្ចាស់ឆ្នោតជាង ២១.០០០ នាក់ចូលរួមបោះឆ្នោត។ ឃុំមានបេក្ខជនឈរឈ្មោះតំណាងរដ្ឋសភា នីតិកាលទី១៦ ចំនួន ០៥ រូប (បោះឆ្នោតជ្រើសរើសយក ០៣ រូប) បេក្ខជនតំណាងក្រុមប្រឹក្សាប្រជាជនខេត្តកាម៉ាវ ០៧រូប (បោះឆ្នោតជ្រើសរើសយក ០៤រូប) និងបេក្ខជនតំណាងក្រុមប្រឹក្សាប្រជាជនឃុំ ៣៥ រូប (បោះឆ្នោតជ្រើសរើសយក ២១ រូប)។
-1.gif)
លោកស្រី ត្រឹងធីហ្វារី អនុប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា (ខាងឆ្វេង) និងម្ចាស់ឆ្នោតឃុំហឹងហោយ អញ្ជើញទៅបោះឆ្នោត។
តាមការកត់សម្គាល់នៅទីតាំងបោះឆ្នោតវត្តបុប្ផារាម (មណ្ឌលបោះឆ្នោតលេខ ១៦) ឃុំហឹងហោយ តាំងពីព្រលឹមស្រាងៗ មានម្ចាស់ឆ្នោតយ៉ាងច្រើនកុះករ ស្លៀកពាក់តាមប្រពៃណី អញ្ជើញមកអនុវត្តកាតព្វកិច្ចពលរដ្ឋ។ ពិធីបើកការបោះឆ្នោតនៅទីនេះបានប្រព្រឹត្តទៅយ៉ាងខ្លីខ្លឹម និងសមរម្យ។ បន្ទាប់ពីក្រុមការងារបោះឆ្នោតបានអានលក្ខន្តិកៈបន្ទប់បោះឆ្នោត រួចពិនិត្យហិបឆ្នោតធំ និងហិបឆ្នោតបន្ទាប់បន្សំ នៅចំពោះមុខម្ចាស់ឆ្នោត ព្រមទាំងបិទស្លាកសញ្ញាតាមសេចក្ដីកំណត់រួចរាល់ហើយនោះ ម្ចាស់ឆ្នោតក៏ចាប់ផ្តើមបោះសន្លឹកឆ្នោត។ បណ្តាថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា និងឃុំហឹងហូយ គឺជាម្ចាស់ឆ្នោតដែលបានបោះសន្លឹកឆ្នោតដំបូងបង្អស់ បន្ទាប់មកមាមីងម្ចាស់ឆ្នោត ក៏បន្តគ្នាអនុវត្តសិទ្ធិបោះឆ្នោតរបស់ខ្លួន ប្រកបដោយសណ្តាប់ធ្នាប់រៀបរយ។
ព្រះឧបជ្ឈាយ៍ តាំងសាវង្ស ព្រះចៅអធិការវត្តបុប្ផារាម មានថេរដីកាថា ព្រះអង្គបានស្វែងយល់យ៉ាងច្បាស់លាស់នូវប្រវត្តិរូបសង្ខេបរបស់បេក្ខជនតំណាងរដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ ដើម្បីសម្រេចចិត្តបោះឆ្នោតជ្រើសរើសបុគ្គលដែលមានគុណធម៌ និងសមត្ថភាពពេញលេញ ចូលក្នុងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់។ ព្រះឧបជ្ឈាយ៍ តាំងសាវង្ស ក៏បានផ្ញើនូវក្ដីជឿជាក់យ៉ាងមុតមាំថា រដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ក្នុងអាណត្តិកាលថ្មី នឹងអនុវត្តបានល្អនូវភារកិច្ចរបស់ខ្លួន ដើម្បីដឹកនាំប្រទេសជាតិឈានចូលយុគសម័យថ្មី - យុគសម័យឈានឡើងនៃប្រជាជាតិ ដូចប្រសាសន៍ចង្អុលការរបស់លោកអគ្គលេខាធិការបក្ស តូឡឹម។
លោកថាច់ខួន អ្នកមានប្រិយភាពក្នុងជនរួមជាតិខ្មែរនៅភូមិកៃយ៉ា ទោះបីលោកមានអាយុជាង ៧០ ឆ្នាំក៏ដោយ ក៏នៅតែមានស្មារតីសកម្ម កាន់សន្លឹកឆ្នោតតាំងពីព្រលឹមដើម្បីអនុវត្តសិទ្ធិបោះឆ្នោត។ លោកថាច់ខួន មានប្រសាសន៍៖ “តាមរយៈអង្គប្រជុំជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត ខ្ញុំក្តាប់ច្បាស់នូវព័ត៌មានអំពីជីវប្រវត្តិនយោបាយ កម្រិតវិជ្ជាជីវៈ ក៏ដូចជាកម្មវិធីសកម្មភាពរបស់បេក្ខជនម្នាក់ៗ។ អាស្រ័យហេតុនោះ ខ្ញុំបានសម្រេចចិត្តជ្រើសរើសតាមរយៈសន្លឹកឆ្នោត និងរំពឹងថា បេក្ខជនដែលជាប់ឆ្នោតនឹងបន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវ ជាពិសេសគឺនៅជិតដិតជាមួយប្រជាជន យកចិត្តទុកដាក់ស្ដាប់ និងពាំនាំយកនូវបំណងប្រាថ្នារបស់ប្រជាជនជូនដល់បក្ស និងរដ្ឋ”។
-1.gif)
អ្នកតំណាងចូលរួមពិធីបើកការបោះឆ្នោត។
ជាមួយស្មារតីទទួលខុសត្រូវខ្ពស់ ម្ចាស់ឆ្នោតនៅតាមទីតាំងបោះឆ្នោតនានាក្នុងឃុំហឹងហោយនិយាយរួម និងជនរួមជាតិខ្មែរនិយាយដោយឡែក ចាប់ពីមនុស្សចាស់រហូតដល់យុវជនដែលទើបអនុវត្តសិទ្ធិបោះឆ្នោតលើកដំបូង បានអញ្ជើញមកចូលរួមយ៉ាងកុះករ ដើម្បីបំពេញសិទ្ធិនិងកាតព្វកិច្ចពលរដ្ឋ។ តាមរយៈនោះ ម្ចាស់ឆ្នោតបានសម្រេចចិត្តជ្រើសរើសតំណាងឆ្នើមដែលមានទាំងគុណធម៌និងសមត្ថភាព ដើម្បីតំណាងឱ្យឆន្ទៈនិងបំណងប្រាថ្នារបស់ប្រជាជន ចូលជាតំណាងរដ្ឋសភានីតិកាលទី ១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ អាណត្តិកាល ២០២៦-២០៣១។ ប្អូនថាច់សួស្ដី អាយុ ១៩ ឆ្នាំ ដែលចូលរួមបោះឆ្នោតលើកដំបូង បានបញ្ចេញក្ដីរំភើបរីករាយថា៖ “ខ្ញុំមានអារម្មណ៍ភ័យផងអរផងនិងរំភើបយ៉ាងខ្លាំង។ ដំបូង ខ្ញុំបារម្ភខ្លាចអនុវត្តខុសនីតិវិធីបោះឆ្នោត ព្រោះនេះជាព្រឹត្តិការណ៍ដ៏សំខាន់របស់ប្រទេសជាតិ ប៉ុន្តែដោយសារមានការណែនាំពីកម្មាភិបាលឃុំ រួមជាមួយការស្វែងយល់ព័ត៌មានតាមសារព័ត៌មាន ទើបខ្ញុំយល់ច្បាស់និងអនុវត្តបានត្រឹមត្រូវតាមសេចក្ដីកំណត់។ ខ្ញុំមានមោទនភាពណាស់ដែលបានរួមចំណែកជាមួយមាមីងក្នុងឃុំ អនុវត្តជោគជ័យនូវការបោះឆ្នោតលើកនេះ”។
ការបោះឆ្នោតជ្រើសតំណាងរដ្ឋសភា នីតិកាលទី ១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ អាណត្តិកាល ២០២៦-២០៣១ មិនត្រឹមតែជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់របស់ប្រទេសជាតិប៉ុណ្ណោះទេ នៅទាំងជាឱកាសដើម្បីប្រជាជនគ្រប់រូបបញ្ជាក់ពីក្ដីជឿជាក់ទៅលើបក្ស រដ្ឋ និងការអភិវឌ្ឍប្រទេសជាតិនៅអនាគត។ ក្នុងបរិយាកាសសប្បាយរីករាយនៃទិវាបុណ្យទូតាំងប្រទេស មាមីងខ្មែរនៅឃុំហឹងហោយ ខេត្តកាម៉ាវ សម្តែងនូវការទំនុកចិត្តនិងក្តីរំពឹងថា ការបោះឆ្នោតជ្រើសតំណាងរដ្ឋសភា នីតិកាលទី ១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ អាណត្តិកាល ២០២៦-២០៣១ នឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ បង្កនូវទិសដៅអភិវឌ្ឍន៍ប្រទេសជាតិគ្រប់ជ្រុងជ្រោយ ក្នុងយុគសម័យថ្មី - យុគសម័យឈានឡើងនៃប្រជាជាតិ៕
យ្វីអាញ - ថាច់ធី