ឆ្ពោះដល់ថ្ងៃបោះឆ្នោតជ្រើសតំណាងរដ្ឋសភា នីតិកាលទី ១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ អាណត្តិកាល ២០២៦ – ២០៣១ ឃុំទ្រីតូង ខេត្តអាងយ៉ាង កំពុងសកម្មអនុវត្តការងារសំខាន់ៗជាច្រើន។ ចាប់ពីការចាត់តាំងឃោសនា រហូតដល់ការជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត សុទ្ធតែបានរៀបចំយ៉ាងហ្មត់ចត់ ដើម្បីត្រៀមលក្ខណៈសម្រាប់ទិវាបុណ្យធំនៃទូទាំងប្រជាជន។

តាមដងផ្លូវក្នុងឃុំទ្រីតូង បានតុបតែងដោយបដា និងពាក្យស្លោកអបអរសាទរថ្ងៃបោះឆ្នោតជ្រើសតំណាងរដ្ឋសភា នីតិកាលទី ១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់។
ក្នុងប៉ុន្មានថ្ងៃនេះ បរិយាកាសត្រៀមបម្រុងឱ្យថ្ងៃបោះឆ្នោតជ្រើសតំណាងរដ្ឋសភា នីតិកាលទី ១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ អាណត្តិកាល ២០២៦ – ២០៣១ កំពុងប្រព្រឹត្តទៅយ៉ាងមមាញឹកក្នុងឃុំទ្រីតូង។ ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ គណៈកម្មាធិការបក្ស រដ្ឋអំណាច និងបណ្តាផ្នែក អង្គការមហាជនភូមិភាគ កំពុងផ្តោតការអនុវត្តព្រមៗគ្នានូវភារកិច្ចទាំងឡាយ ដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅបានត្រឹមត្រូវតាមបទប្បញ្ញត្តិ ប្រជាធិបតេយ្យ សុវត្ថិភាព និងប្រិតសំចៃ។
យោងតាមគណៈកម្មាធិការបោះឆ្នោតឃុំទ្រីតូង ឃុំទាំងមូលបានបែងចែកជា ៨ អង្គភាពបោះឆ្នោត ជាមួយនឹង ២១ មណ្ឌលបោះឆ្នោត នៅតាមភូមិចំនួន ១៩ និងមានម្ចាស់ឆ្នោតជាង ៣៨.០០០ នាក់ចូលរួមបោះឆ្នោត។ ដើម្បីចាត់តាំងការងារបោះឆ្នោតឱ្យបានល្អ គណៈកម្មាធិការបោះឆ្នោតឃុំបានចេញសេចក្តីសម្រេចបង្កើតក្រុមបោះឆ្នោតចំនួន ២១ ដែលត្រូវនឹងមណ្ឌលបោះឆ្នោតទាំង ២១ ក្នុងឃុំ។ ក្រុមបោះឆ្នោតនីមួយៗមានសមាជិក ២១ នាក់ រួមមានកម្មាភិបាល អ្នករដ្ឋការ អង្គការមហាជន និងអ្នកមានប្រិយភាពនៅភូមិភាគ ដើម្បីធានាសមត្ថភាពគ្រប់គ្រាន់ក្នុងការអនុវត្តភារកិច្ចតាមបទប្បញ្ញត្តិ។

ការងារត្រៀមបម្រុងមូលដ្ឋានសម្ភារៈនៅមណ្ឌលបោះឆ្នោតនៅឃុំទ្រីតូង
បានអនុវត្តយ៉ាងហ្មត់ចត់។
ទន្ទឹមនឹងការចាត់តាំង ឃុំទ្រីតូងក៏បានជំរុញសកម្មភាពឃោសនាអំពីការបោះឆ្នោតតាមរូបភាពជាច្រើន។ បដា ពាក្យស្លោក ប៉ាណូឃោសនា បានចងព្យួរនៅតាមដងផ្លូវសំខាន់ៗនៃផ្លូវខេត្ត នៅមជ្ឈមណ្ឌលឃុំ និងមណ្ឌលប្រជាជនតាំងទីលំនៅ។ ខ្លឹមសារឃោសនាផ្តោតលើអត្ថន័យ សារៈសំខាន់នៃការបោះឆ្នោត សិទ្ធិនិងកាតព្វកិច្ចរបស់ម្ចាស់ឆ្នោត ក៏ដូចជាពេលវេលា និងទីកន្លែងបោះឆ្នោត ដើម្បីជួយឱ្យប្រជាជនក្តាប់ច្បាស់និងសកម្មចូលរួម។
ក្រៅពីនេះ ឃុំនៅទាំងចាត់តាំងការជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតជាច្រើនលើក ដើម្បីបង្កលក្ខណៈឱ្យអ្នកឈរឆ្នោតតំណាងរដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ បានជួបជុំ ដោះដូរមតិយោបល់ជាមួយប្រជាជន។ តាមរយៈការជួបសំណេះសំណាលទាំងនេះ ម្ចាស់ឆ្នោតបានស្តាប់កម្មវិធីសកម្មភាពរបស់អ្នកឈរឆ្នោត ព្រមទាំងលើកឡើងនូវមតិយោបល់ គោលបំណង និងបញ្ហាដែលចាប់អារម្មណ៍នៅភូមិភាគ។ នេះក៏ជាឱកាសសម្រាប់អ្នកឈរឆ្នោត ក្តាប់បាននូវស្ថានភាពជាក់ស្តែងនៃជីវភាពរស់នៅរបស់ប្រជាជន តាមរយៈនោះកសាងកម្មវិធីសកម្មភាពជាក់ស្តែង រួមចំណែកលើកកម្ពស់សិទ្ធិធ្វើម្ចាស់របស់ម្ចាស់ឆ្នោត។
លោកឡឹមថាញ់ស៊ី សមាជិកគណៈកម្មាធិការបក្សខេត្ត លេខាគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនឃុំ ប្រធានគណៈចង្អុលការបោះឆ្នោតឃុំទ្រីតូង បានសំណូមពរ៖ “បណ្តាសមាជិកគណៈចង្អុលការ គណៈកម្មាធិការបោះឆ្នោត ក្រុមបោះឆ្នោត និងបណ្តាស្ថាប័ន អង្គភាពពាក់ព័ន្ធ បន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវ ម្ចាស់ការសហការអនុវត្តភារកិច្ចដែលបានប្រគល់ជូន។ ព្រមទាំងបង្កើនការឃោសនាដល់គ្រប់មណ្ឌលប្រជាជនតាំងទីលំនៅ រួមទាំងបណ្តាភូមិឃុំដែលនៅឆ្ងាយពីមជ្ឈមណ្ឌល ដើម្បីជួយឱ្យប្រជាជនយល់ដឹងច្បាស់ពីសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួនក្នុងថ្ងៃបោះឆ្នោត”។
ទន្ទឹមនឹងនោះ ការងារធានាសន្តិសុខសណ្តាប់ធ្នាប់ បានយកចិត្តទុកដាក់ពិសេស។ លោកត្រឹងវ៉ាំងគឿង អនុលេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនឃុំ ប្រធានគណៈកម្មាធិការបោះឆ្នោតឃុំទ្រីតូង បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការរក្សាសន្តិសុខសណ្តាប់ធ្នាប់ ក្នុងអំឡុងពេលប្រព្រឹត្តឡើងនៃការបោះឆ្នោត។ កងកម្លាំងមានសមត្ថកិច្ចត្រូវបានតម្រូវឱ្យសហការជិតស្និទ្ធ ម្ចាស់ការក្តាប់ស្ថានភាព និងដោះស្រាយបញ្ហាដែលកើតឡើងបានទាន់ពេលវេលា៕
ហុងទើ - សុផន