មិនរារែកបង្វែររចនាសម្ព័ន្ធពូជដំណាំ អនុវត្តវិទ្យាសាស្ត្របច្ចេកទេសជឿនលឿនក្នុងការបង្កបង្កើនផល ជួយឱ្យកសិករដាំដំណាំជាច្រើននៅកាម៉ាវ បង្កើតបានផលិតផលមានគុណភាព ឆ្លើយតបទៅនឹងតម្រូវការអ្នកប្រើប្រាស់។ ផ្តើមពីនោះ រកបានប្រាក់ចំណូលគ្រាន់បើនិងកែលម្អជីវភាពកាន់តែប្រសើរ។

វាលស្រែឪឡឹករបស់លោកត្រឹងថាញវ៉ូវ។
បច្ចុប្បន្ន ទម្រង់ផលិតមានដូច៖ ដាំឪឡឹក ដើមភ្លៅកង្កែប ត្រចៀកចាំ។ល។ របស់កសិករជាច្រើននៅខេត្តកាម៉ាវ កំពុងមមាញឹកក្នុងការថែទាំនិងប្រមូលផល។ នៅភូមិមី១ និងភឿកថាញ់១ ឃុំភឿកឡុង មានផ្ទៃដីដាំឪឡឹកប្រមាណ ជាង ៥០ ហិកតា។ ពូជឪឡឹកដែលបានកសិករ ជ្រើសដាំមានដូច៖ ពូជថាំងឡុង ម៉ាក់ត្រើយ-ដ ឪឡឹកសាច់ក្រហម ហាក់មីញឹង។ល។ លោក ត្រឹងថាញវ៉ូវ នៅភូមិភឿកធ្វឹង១ ឃុំភឿកឡុង ឱ្យដឹង៖ “ឆ្នាំនេះ ខ្ញុំដាំឪឡឹកលើផ្ទៃដីជិត ១,៥ ហិកតា ចំណាយទុនច្រើន ដោយសារមានការចុះកិច្ចសន្យា ប្រមូលទិញផលិតផលតាមបទដ្ឋានខ្ពស់ ដូច្នេះ ត្រូវផ្តុំកម្លាំងថែទាំដំណាំឱ្យបានលូតលាស់ល្អ។ មួយទងជ្រើសយកតែ ២ ផ្លែគឺល្អបំផុត ក្រៅពីនោះកាត់ចោល ដើម្បីធានាឱ្យទងមានសារធាតុគ្រប់គ្រាន់សម្រាប់ចិញ្ចឹមផ្លែរីកធំល្អ។ ដាំឪឡឹកគឺ នឿយហត់ណាស់ ទាមទារត្រូវមានបទពិសោធន៍ និងបច្ចេកទេសខ្ពស់ ប្រសិនថែទាំមិនត្រឹមត្រូវតាមបច្ចេកទេស អត្រាបរាជ័យខ្ពស់។ ឆ្នាំនេះ អាស្រ័យអាកាសធាតុអំណោយផល ដំណាំឪឡឹកបានផលកាកកប់ លក់បានថ្លៃ ក្រោយពីទូទាត់ចំណាយ នៅចំណេញបានជាង១៨ លានដុងក្នុងមួយកុង”។ តាមសម្តីលោក ត្រឹងថាញវ៉ូវ ដាំឪឡឹក មិនពិបាក ប៉ុន្តែរាល់ដំណាក់ការត្រូវថែទាំដោយការប្រុងប្រយ័ត្ន។ ដើម្បីរដូវឪឡឹកសម្រេចទិន្នផលខ្ពស់ ផ្លែធំ គុណភាពល្អ សំខាន់គឺការថែទាំ បំផុតគឺពេលឪឡឹករៀបនឹងចេញផ្កាកាន់ក្តឹប។
បងឡេវ៉ាំងឌិញ នៅភូមិតាគី ឃុំហុងយឹង ដាំដំណាំគ្រប់ប្រភេទលើផ្ទៃដីជិត ២.០០០ ម៉ែត្រ រួមមាន៖ ត្រសក់ ម្រះ ត្រឡាច ខ្ទឹមស្លឹក។ល។ ដោយសារអនុវត្តវិទ្យាសាស្ត្របច្ចេកទេសជឿនលឿនក្នុងការបង្កបង្កើនផល តួយ៉ាងដូចប្រើប្រាស់ផ្ទាំងគម្របកសិកម្ម ដើម្បីបន្ថយស្មៅ គួបផ្សំនឹងប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ មិនត្រឹមតែធ្វើឱ្យដំណាំលូតលាស់ល្អប៉ុណ្ណោះទេ ថែមទាំងជួយសន្សំសំចៃប្រភពទឹក និងកម្លាំងពលកម្ម។ បងឌិញ ឱ្យដឹង៖ “នៅពេលខាងមុខ ខ្ញុំនឹងបុលទុនអាទិភាពរបស់ធនាគារ គោលនយោបាយសង្គម ដើម្បីវិនិយោគលើការសាងសង់រោងសំណាញ់សម្រាប់ដាំដំណាំតាមទិសដៅសុវត្ថិភាព។ ពីព្រោះរោងសំណាញ់អាចជួយបង្ការសត្វល្អិត ស្មៅ និងបន្ថយការប្រើប្រាស់ថ្នាំការពាររុក្ខជាតិ ផ្តើមពីនោះ បង្កើតផលិតផលដំណាំសុវត្ថិភាពនិងគុណភាពដល់អ្នកប្រើប្រាស់ តម្លៃលំនឹង ផ្តល់ប្រាក់ចំណូលខ្ពស់ជាងបើប្រៀបធៀបនឹងការដំណាំតាមបែបប្រពៃណី”។
ទម្រង់របស់បងឌិញ បានរដ្ឋអំណាចភូមិភាគវាយតម្លៃខ្ពស់ ពីព្រោះមិនត្រឹមតែនាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ថែមទាំងឆ្ពោះទៅរកការផលិតកសិកម្មសុវត្ថិភាព ចីរភាព រួមចំណែកក្នុងការបង្កើតម៉ាកយីហោកសិផលនៅមូលដ្ឋាន៕
យីអាញ់-មុនី