នាថ្ងៃទី ២៧ ខែកុម្ភៈ នៅឃុំឡាយហ្វា គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំឡាយហ្វា បានសហការជាមួយនឹងគណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមសង្កាត់វិញភឿក ព្រមទាំងប៉ុស្តិ៍ការពារព្រំដែនឡាយហ្វា គណៈបញ្ជាការយោធាការពារព្រំដែនទីក្រុងកឹងធើ រួមចាត់តាំងទិវាបុណ្យការពារព្រំដែនទូទាំងប្រជាជន ឆ្នាំ ២០២៦។
ក្នុងទិវាបុណ្យ មានកម្មាភិបាល ប្រជាជន និងប្អូនៗសិស្សានុសិស្សយ៉ាងកុះករ បានចូលរួមលេងល្បែងប្រជាប្រិយយ៉ាងសម្បូរបែប មានដូចជា៖ ទាញព្រ័ត្រ លោតការុង។ល។ ទន្ទឹមនឹងនោះ ក្នុងកម្មវិធីក៏មានការចាត់តាំងបង្ហាញផលិតផល OCOP របស់បណ្តាឃុំ សង្កាត់ នៅតំបន់ព្រំដែនសមុទ្ររបស់ទីក្រុង និងបណ្ដាទម្រង់អភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម របស់ប៉ុស្តិ៍ការពារព្រំដែន និងកងនាវាការពារព្រំដែនផងដែរ។

សមមិត្ត ង្វៀងធីធ្វីលីញ អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម និងជាប្រធានសមាគមសហព័ន្ធនារីទីក្រុងកឹងធើ បានប្រគល់ផ្លាកនិមិត្តរូបផ្ទះមហាសាមគ្គីចំនួន ២០ ខ្នង ដល់គ្រួសារក្រីក្រ។
ក្រៅពីនោះ គណៈចាត់តាំងក៏បានប្រគល់ពពែពូជចំនួន ១០ គូ ជូនដល់មាមីងនៅតំបន់ព្រំដែនសមុទ្រ ប្រគល់ផ្ទះ “មហាសាមគ្គី” ចំនួន ២០ ខ្នង និងអាហារូបករណ៍ចំនួន ៩០ ចំណែក ដល់សិស្សានុសិស្សដែលមានស្ថានភាពលំបាកខ្លាំង; ជូនអំណោយដល់អ្នកមានប្រិយភាព អ្នកមុខអ្នកការសាសនា និងប្អូនៗសិស្សានុសិស្សក្នុងកម្មវិធី “ម្តាយគាំពារ”; ប្រគល់អាហារូបករណ៍ក្នុងកម្មវិធី “ជំរុញដំណើរប្អូនទៅសាលា”, គម្រោង “កម្មាភិបាល យុទ្ធជនកងទ័ពជំរុញដំណើរប្អូនទៅសាលា” រួមនឹងសិស្សានុសិស្សស្ថិតក្នុងក្របខ័ណ្ឌគ្រួសារក្បែរក្រ និងគ្រួសារលំបាកខ្លាំងដែលខិតខំជម្នះការលំបាករៀនពូកែ នៅតំបន់ព្រំដែនសមុទ្រ...។ សរុបទឹកប្រាក់ឧបត្ថម្ភទាំងអស់គឺ ១,៤ ពាន់លានដុង។

ប្រគល់ពពែពូជដល់គ្រួសារដែលមានស្ថានភាពលំបាក។
តាមរយៈសកម្មភាពនៃទិវាបុណ្យនេះ គឺសំដៅលើកកម្ពស់ការយល់ដឹង ស្មារតីទទួលខុសត្រូវ និងការប្រុងប្រយ័ត្នរបស់ប្រជាជន; បង្ហាញពីតួនាទី និងការប្តេជ្ញាចិត្តនយោបាយរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្សមាតុភូមិ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនគ្រប់ជាន់ស្រទាប់ ក្នុងការកសាង គ្រប់គ្រង និងការពារអធិបតេយ្យភាព សន្តិសុខព្រំដែនសមុទ្រ; បង្កជាចំណុចលេចធ្លោវិជ្ជមានក្នុងប្រព័ន្ធនយោបាយ និងទូទាំងប្រជាជន ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវ “ទិវាបុណ្យការពារព្រំដែនទូទាំងប្រជាជន” និងចលនាទូទាំងប្រជាជនចូលរួមការពារអធិបតេយ្យភាពដែនដី សន្តិសុខព្រំដែនជាតិក្នុងស្ថានភាពថ្មី។
ទន្ទឹមនឹងនោះ ការចាត់តាំងទិវាបុណ្យក៏បានបង្ករនូវបរិយាកាសអធិកអធម សប្បាយរីករាយ និងលើកទឹកចិត្តដល់ប្រជាជន ក៏ដូចជាកងកម្លាំងការពារព្រំដែន ក្នុងកិច្ចការគ្រប់គ្រងនិងការពារព្រំដែនតំបន់សមុទ្ររបស់ទីក្រុង រួមចំណែករឹតចំណងសាមគ្គីភាពរវាងកងទ័ពនិងប្រជាជនឱ្យកាន់តែជិតស្និទ្ធ និងពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិនៅតំបន់ព្រំដែនសមុទ្រ។
ក្នុងឱកាសនេះ គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុង និងគណៈកម្មាធិការប្រជាជនឃុំឡាយហ្វា បានប្រគល់ប័ណ្ណសរសើរដល់សមូហភាពចំនួន ៤ និងបុគ្គលចំនួន ៨ រូប ដែលមានស្នាដៃឆ្នើមក្នុងការកសាង គ្រប់គ្រង និងការពារអធិបតេយ្យភាព សន្តិសុខព្រំដែនជាតិ៕
យ្វីអាញ - ថាច់ធី