មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

25/02/2026 - 06:40

សហ​ករណ៍ "សាមគ្គី​និង​អភិវឌ្ឍន៍" ជា​ទី​បង្អែក​សម្រាប់​កសិ​ករ​ភូមិ​ព្រែក​អណ្តើក​ 

ផ្តើម​ពី​ការ​ផលិត​ជា​លក្ខណៈ​គ្រួ​សារ កសិ​ករ​ភូមិ​ព្រែក​អណ្តើក ឃុំ​ញូ​យ៉ា ទី​ក្រុង​កឹង​ធើ បាន​ចង​សម្ព័ន្ធ​បង្កើត​ជា​សហ​ករណ៍ “សាម​គ្គី​និង​អភិ​វឌ្ឍន៍” ដើម្បី​បង្កើត​តំ​បន់​ផលិត​ប្រ​មូល​ផ្តុំ បង្កើន​ប្រាក់​ចំ​ណូល​ លំ​នឹង​ជីវ​ភាព​និង​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព។

ទម្រង់​ដាំ​ដំ​ណាំ​របស់​សហ​ករណ៍ “សាម​គ្គី​និង​អភិ​វឌ្ឍន៍”។

តាម​រយៈ​ការ​ក្ដាប់​ពី​មតិ​និង​គោល​បំ​ណង​របស់​សមា​ជិក សមា​គម​កសិ​ករ​ឃុំ​ញូ​យ៉ា បាន​ខ្នះ​ខ្នែង​ផ្សព្វ​ផ្សាយ ចលនា​កសិ​ករ​ចូល​រួម​ក្នុង​ការ​អភិ​វឌ្ឍ​ទម្រង់​សេដ្ឋ​កិច្ច​សមូហ​ភាព។ ផ្អែក​លើ​មូល​ដ្ឋាន​ធ្វើ​សេ​នា​ធិ​ការ​ពី​សា​ខា​សមា​គម​កសិ​ករ​ភូមិ​ព្រែក​អណ្តើក​ ព្រម​ទាំង​ទទួល​បាន​ការ​ឯក​ភាព​ពី​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ សហ​ករណ៍ “សាម​គ្គី​និង​អភិ​វឌ្ឍន៍” ភូមិ​ព្រែក​អណ្តើក ឃុំ​ញូ​យ៉ា ទី​ក្រុង​កឹង​ធើ បាន​បង្កើត​ឡើង​ជា​ផ្លូវ​ការ។

សហ​ករណ៍​ផ្តើម​ដំ​ណើរ​ការ​ជា​ផ្លូវ​ការ​ ចាប់​ពី​ខែ កក្កដា​ ឆ្នាំ​២០២២ មាន​សមា​ជិក ៣១ នាក់ ដោយ​មាន​ផ្ទៃ​ដី​ផលិត​សរុប​ ៩០ ហិក​តា។ ប៉ុន្មាន​ថ្ងៃ​ដំ​បូង សមា​ជិក​នៅ​ស្រ​ពេច​ស្រ​ពិល​ចំ​ពោះ​វិធី​សាស្ត្រ​ក្នុង​ការ​ផលិត​និង​ការ​គ្រប់​គ្រង។ ប៉ុន្តែ​តាម​រយៈ​វគ្គ​ហ្វឹក​ហ្វឺន​អំ​ពី​ការ​ផ្ទេរ​វិទ្យា​សាស្ត្រ បច្ចេក​ទេស​ជឿន​លឿន​ក្នុង​ការ​ដាំ​ដុះ​និង​ចិញ្ចឹម​សត្វ សមា​ជិក​បាន​ផ្លាស់​ប្តូរ​គំ​និត​បន្តិច​ម្តងៗ មោះ​មុត​អនុ​វត្ត​បច្ចេក​ទេស​ថ្មី​ក្នុង​ការ​ផលិត។

ឆ្នាំ​ ២០២៥ សហ​ករណ៍​មាន​សមា​ជិក​កើន​ឡើង ៤៥ នាក់ ជា​មួយ​ផ្ទៃ​ដី​ផលិត​ពង្រីក​ទំ​ហំ ១១០ ហិក​តា។ បច្ចុប្បន្ន សហ​ករណ៍​បាន​ចុះ​កិច្ច​សន្យា​ជា​មួយ​ក្រុម​ហ៊ុន​ហ៊ឺវ​ឌាំង ធានា​ទិញ​ស្រូវ​ពូជ OM៥៧៦ ផលិត​លើ​ផ្ទៃ​ដី​ ២០ ហិក​តា ចំ​ណែក​ផ្ទៃ​ដី​នៅ​សល់​ផលិត​ពូជ​ស្រូវ​គុណ​ភាព​ខ្ពស់ ​ដូច៖ ពូជ​ស្រូវ​ដាយ​ថើម​៨​និង​OM១៨។ ក្រៅ​ពី​នោះ សមា​ជិក​ថែម​ទាំង​ឆ្លៀត​ប្រើ​ប្រាស់​ដី​តាម​មាត់​ប្រ​ឡាយ ភ្លឺ​ស្រែ​ដើម្បី​ដាំ​ដំ​ណាំ​រួម​ផ្សំ មាន​ដូច៖ ស្ពៃ ម្ទេស ត្រ​ឡាច ល្ពៅ​ជា​ដើម​។ល។ ជា​មួយ​ផ្ទៃ​ដី​ប្រ​មាណ ៧ ហិក​តា រួម​ចំ​ណែក​បង្កើន​ប្រាក់​ចំ​ណូល។

បង​យឿង​យៀង សមា​ជិក​សហ​ករណ៍ “សាមគ្គី និង​អភិ​វឌ្ឍន៍” ឱ្យ​ដឹង៖ “ចូល​រួម​ក្នុង​សហ​ករណ៍ យើង​ខ្ញុំ​បាន​ណែ​នាំ​អំ​ពី​បច្ចេក​ទេស​ចង​សម្ព័ន្ធ​ការ​ផលិត​និង​មាន​ទី​ផ្សារ​ធា​នា​ទិញ​ផលិត​ផល ទើប​ការ​ចំ​ណាយ​ថយ​ចុះ ច្រក​ចេញ​លំ​នឹង​ជាង​មុន។ អា​ស្រ័យ​ហេ​តុ​នេះ ប្រាក់​ចំ​ណូល​របស់​គ្រួ​សារ​ខ្ញុំ ក៏​បាន​លើក​កម្ពស់​បើ​ធៀប​នឹង​ពី​មុន”។

មិន​ត្រឹម​តែ​ផ្តោត​លើ​ការ​ផលិត​ប៉ុណ្ណោះ​ទេ សហ​ករណ៍​នៅ​ទាំង​រក្សា​ទម្រង់​ហ៊ុន​ទុន​បង្វិល​ជុំ​ដើម​ទុន ៣១ លាន​ដុង ដើម្បី​ឱ្យ​សមា​ជិក​ខ្ចី​គ្មាន​គិត​ការ​ប្រាក់​ក្នុង​រយៈ​ពេល ៦ ខែ ឧបត្ថម្ភ​សមា​ជិក​ក្នុង​ការ​ផលិត​និង​ការ​រស់​នៅ​បាន​ទាន់​ពេល។ ជា​រៀង​រាល់​ខែ សមា​ជិក​ទាំង​អស់​ចូល​រួម​ប្រ​ជុំ​ជីវ​ភាព ដើម្បី​ដោះ​ដូរ​បទ​ពិ​សោធន៍ រួម​គ្នា​ដោះ​ស្រាយ​បញ្ហា​ប្រ​ឈម ពង្រឹង​ស្មារតី​សាមគ្គី​និង​បង្ក​ភាព​ស្និទ្ធ​ស្នាល។

អ្នក​ស្រី ង្វៀង​ហ៊ុង​ក្វាង​ ប្រ​ធាន​សមា​គម​កសិ​ករ ឃុំ​ញូ​យ៉ា បញ្ជាក់៖ “សហ​ករណ៍ “សាមគ្គី​និង​អភិ​វឌ្ឍន៍” ជា​ទម្រង់​សេដ្ឋ​កិច្ច​សមូហ​ភាព​សម​ស្រប នឹង​លក្ខណៈ​ភូមិ​ភាគ រួម​ចំ​ណែក​រៀប​ចំ​ការ​ផលិត​ឡើង​វិញ បង្កើន​ប្រាក់​ចំ​ណូល​ដល់​កសិ​ករ​ព្រម​ទាំង​ទាក់​ទាញ​សមា​ជិក ចូល​រួម​ប្រ​ជុំ​ជីវ​ភាព​សមា​គម លើក​កម្ពស់​គុណ​ភាព​របស់​សាខា​សមា​គម​និង​ក្រុម​សមា​គម​នៅ​មូល​ដ្ឋាន”៕

ហុង​ទើ-មុនី​

ចែករំលែកអត្ថបទ