អស់រយៈពេលជាង ១៥ ឆ្នាំបម្រើការនៅភូមិភាគ បងសើុងឌឿង លេខាសាខាបក្សភូមិត្បូង នាយឃុំកូវកែ ខេត្តវិញឡុង តែងអស់ពីចិត្តគិតគូរជីវភាពរបស់ប្រជាជន។ ជាមួយតួនាទីរបស់ខ្លួន បងតែងបង្កលក្ខណៈឱ្យគ្រួសារក្រីក្របានបង្ខិតជិតកម្ចីទុន ពង្រីកការផលិត ឧបត្ថម្ភពូជ ឈើដំណាំ សត្វចិញ្ចឹម បង្រៀនវិជ្ជាជីវៈ ឧទ្ទេសនាមការងារធ្វើ៘ ជួយមាមីងជាជំហានៗ ចាកផុតភាពក្រីក្រឈានឡើងមានបាន ម្ល៉ោះហើយ បានមាមីងជឿជាក់និងគោរពរាប់អាន។

លេខាសាខាបក្សសើុងឌឿង (ខាងស្តាំ) ពិនិត្យទម្រង់ដាំបន្លែរបស់ប្រជាជន។
ភូមិត្បូងនាយ បច្ចុប្បន្នមានប្រជាជន ៤៩០ គ្រួសារ មាន ២.១៤៥ នាក់ ជីវភាពរបស់គ្រួសារជាច្រើននៅជួបការលំបាក។ កើតនិងធំដឹងក្តីនៅភូមិត្បូងនាយ ជាច្រើនឆ្នាំទទួលបន្ទុកជាលេខាសាខាបក្សភូមិ ម៉្លោះហើយបងយល់ច្បាស់អំពីស្ថានភាពសេដ្ឋកិច្ចគ្រួសារនីមួយៗក្នុងភូមិ។ បងសើុងឌឿង ឱ្យដឹង៖ “ភាគច្រើនមាមីង ខ្មែរខ្វះដីផលិតខ្វះដើមទុននិងមិនសូវយល់ច្បាស់ វិទ្យាសាស្ត្របច្ចេកទេសក្នុងការផលិត។ អាស្រ័យហេតុនេះ ត្រូវជួយមាមីងមានទុនមានការងារធ្វើ បង្កើនប្រាក់ចំណូល ទើបអាចចាកផុតភាពក្រីក្រដោយចីរភាព”។ ផ្តើមពីគំនិតទាំងនោះ ខណៈពេលបានប្រជាជនទំនុកចិត្ត បោះឆ្នោតធ្វើជាលេខាសាខាបក្ស បងបានស្ទាបស្ទង់ស្ថានភាពគ្រួសារក្រីក្រនីមួយៗ ក្តាប់បំណងប្រាថ្នារបស់មាមីង។ លើមូលដ្ឋាននោះ បងរាយបញ្ជីឈ្មោះស្នើគណៈកម្មាធិការប្រជាជនឃុំឧបត្ថម្ភកម្ចីទុនអនុគ្រោះ ទន្ទឹមនឹងនោះ សហការចាត់តាំងបើកវគ្គហ្វឹកហាត់ បច្ចេកទេសដាំដុះ ចិញ្ចឹមសត្វដល់ប្រជាជន។ បង ថែមទាំងចលនាអ្នកចូលរួមក្នុងអង្គការមហាជនជាង ១៧០ នាក់ ដូច៖ សមាគមកសិករ សមាគមនារី សម្ព័ន្ធយុវជន និងសមាគមមនុស្សចាស់ ដើម្បីទទួលបានជំនួយអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ ពូថាច់សាង នៅភូមិត្បូងនាយ ឱ្យដឹង៖ ‘’គ្រួសារខ្ញុំមានចម្ការក្រូចពោធិ៍សាត់តែ ២ កុងប៉ុណ្ណោះ ពេលក្រូចមានជំងឺមិនផ្តល់ផ្លែ ប្តីប្រពន្ធខ្ញុំទៅធ្វើការឈ្នួលដើម្បីផ្គត់ផ្គង់ជីវភាព។ តាំងពីបានពូឌឿងជួយបុលទុនឱ្យបាន ១៥ លានដុង ខ្ញុំទិញគោ ១ ក្បាល និងកែប្រែដីចម្ការឡើងវិញដើម្បីដាំដំណាំរួមផ្សំដូច៖ ម្រះ ត្រសក់ ត្រប់វែង៘ ម្ល៉ោះហើយទើប គ្រួសារខ្ញុំមានប្រាក់ចំណូលលំនឹងហើយធូរធារជាងមុនច្រើន”។
អាស្រ័យការយកចិត្តទុកដាក់របស់បក្ស រដ្ឋ រដ្ឋអំណាចភូមិភាគ ព្រមទាំងការអស់ពីចិត្តរបស់លេខាសាខាបក្សភូមិ ឆ្នាំ ២០២៥ ភូមិត្បូងនាយ គ្មាននៅគ្រួសារក្រីក្រ នៅតែ៤គ្រួសារក្បែរក្រីក្រប៉ុណ្ណោះ។ លោកស្រីថាច់ធីសោមវណ្ណា អនុប្រធានគណៈកម្មាធិការប្រជាជនឃុំកូវកែ ឱ្យដឹង៖ “សមមិត្តសើុងឌឿង លេខាសាខាបក្សភូមិត្បូង នាយ តែងសកម្មក្នុងការងារនិងជីវភាពសង្គម អនុវត្តល្អគោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋ។ សមមិត្តមិនត្រឹមតែជួយមាមីងអភិវឌ្ឍន៍សេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងជាគ្រួសារគំរូ មានប្រិយភាពក្នុងសហគមន៍ទៀតផង។ គ្រួសារសមមិត្តបានបរិច្ចាគដី ៧០០ ម៉ែត្រការ៉េ ដើម្បីកសាងទីស្នាក់ការភូមិផងដែរ”៕
សើុងម៉ាល័យ - លីសៀ