10/02/2026 - 22:06

និទាឃរដូវដ៏កក់ក្តៅនៃមនោសញ្ចេតនាកងទ័ពនិងប្រជាជននៅតំបន់ព្រំដែនសមុទ្រ 

រៀងរាល់ឆ្នាំ ឱ្យតែដល់បុណ្យចូលឆ្នាំវៀតណាម គណៈបញ្ជាការកងទ័ពការពារព្រំដែនទី​ក្រុង​កឹង​ធើ តែងចាត់តាំងសកម្មភាព និងចលនាជាច្រើនឆ្ពោះទៅប្រជាជននៅតំបន់ព្រំដែនសមុទ្រ។ លេចធ្លោគឺមានកម្មវិធី "និទាឃរដូវការពារព្រំដែនកក់ក្តៅចិត្តអ្នកភូមិ" បាននាំមកនូវនិទាឃរដូវដ៏កក់ក្តៅដល់ប្រជាជននៅតំបន់ព្រំដែនសមុទ្ររបស់ទីក្រុង។

ចំពោះកងទ័ពការពារព្រំដែនទីក្រុងកឹងធើ ពេលបុណ្យចូលឆ្នាំវៀតណាមនិងនិទាឃរដូវឈានចូលមកដល់ម្តងៗ មិនត្រឹមតែជាដំណាក់កាលត្រៀមប្រយុទ្ធ ការពារអធិបតេយ្យ សន្តិសុខព្រំដែនជាតិបានរឹងមាំប៉ុណ្ណោះទេ ថែមទាំងជាឱកាសដើម្បីគិតគូរជីវភាពប្រជាជនទៀតផង ពិសេសគឺជនជាតិភាគតិច។ ឆ្នាំ ២០២៦ កងទ័ពការពារព្រំដែនទីក្រុងកឹងធើ បានសហការជាមួយប៉ុស្តិ៍ការពារព្រំដែនចំនួន៥ ដើម្បីចាត់តាំងកម្មវិធី "និទាឃរដូវការពារព្រំដែន កក់ក្តៅចិត្តអ្នកភូមិ" (ហៅកាត់ថា កម្មវិធី) គិតជាទឹកប្រាក់សរុបជិត៩០០លានដុង។ ឆ្លងតាមរយៈនោះ មានសកម្មភាពជាក់ស្តែងជាច្រើន ដូចជា៖ ឧបត្ថម្ភសង់ផ្ទះ ជូនអាហារូបករណ៍ដល់សិស្សក្រីក្រ ជូនអំណោយ ពិនិត្យជំងឺនិងជូនថ្នាំពេទ្យដោយឥតគិតថ្លៃ។ល។ ដល់ប្រជាជនដែលមានស្ថានភាពលំបាក។

លោក ង្វៀងវុាំងខើយ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ប្រគល់ផ្លាកនិមិត្តរូបឧបត្ថម្ភផ្ទះមហាសាមគ្គី១០ខ្នង ដល់ឃុំកូវឡាវយុង។

នៅប៉ុស្តិ៍ការពារព្រំដែនឡាយហ្វា កម្មវិធីនេះបានប្រគល់ជូនផ្ទះមហាសាមគ្គីបាន៣ខ្នង (ផ្ទះមួយខ្នងៗមានតម្លៃ ៦០ លានដុង) និងអំណោយ១០០ចំណែក រួមមាន៖ ទឹកប្រាក់ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងចាត់តាំងពិនិត្យជំងឺ និងជូនថ្នាំពេទ្យដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រជិត១០០នាក់ ដែលមានស្ថានភាពលំបាកនៅលើភូមិឋាន គិតជាទឹកប្រាក់សរុបជាង២៥០លានដុង។ ទទួលអំណោយដែលកម្មាភិបាល យុទ្ធជនការពារព្រំដែនជូនដោយផ្ទាល់ដៃ បងលីហ្វិញសាង នៅឃុំឡាយហ្វា ឱ្យដឹង៖ “បុណ្យចូលឆ្នាំវៀតណាមឆ្នាំនេះពិតជាពិសេសណាស់ ខ្ញុំមានក្តីត្រេកអរក្រៃលែង ដោយបានក្មួយៗកងទ័ពការពារព្រំដែនជូនអំណោយ ពិនិត្យ ព្យាបាលជំងឺនិងជូនថ្នាំពេទ្យដោយឥតគិតថ្លៃ។ ពិសេស គ្រួសារខ្ញុំបានក្មួយៗកងទ័ពការពារព្រំដែនចលនាឧបត្ថម្ភសង់ផ្ទះថ្មីជូន ហេតុនោះគ្រួសារខ្ញុំទទួលបុណ្យចូលឆ្នាំដោយភាពកក់ក្តៅនិងសុភមង្គល”។ ចំណែកអ្នកមីង ថាច់ធីហឿង នៅភូមិយ៉ុងជួរ ឃុំត្រឹងដេ ឱ្យដឹងដោយ​ក្តី​រីក​សាយ៖ "រៀងរាល់ឆ្នាំឱ្យតែដល់បុណ្យចូលឆ្នាំវៀតណាមម្តងៗ ក្មួយៗកងទ័ពការពារព្រំដែនតែង​មក​ជូន​អំណោយ ដើម្បីខ្ញុំទទួលបុណ្យចូលឆ្នាំដោយពេញលេញ ថែមទាំងបានពិនិត្យជំងឺ និង​ជូនថ្នាំពេទ្យដោយឥតគិតថ្លៃទៀតផង។ ទង្វើនេះបាននាំមកនូវក្តីរីករាយ សុភមង្គលដល់អ្នក​ក្រ​​ដូចខ្ញុំទទួលបុណ្យចូលឆ្នាំដោយកក់ក្តៅ"។

វរសេនីយ៍ឯក ហាហ្វីត្រឿង ស្នងការនយោបាយរងនៃ​គណៈបញ្ជាការ​កងទ័ពការពារ​ព្រំដែនទី​ក្រុង​កឹងធើ ជូនអំណោយ​ដល់​មាមីង​ក្រីក្រ​នៅ​តំបន់​ព្រំដែន​សមុទ្រឃុំត្រឹងដេ។

តាម​កងទ័ព​ការពារ​ព្រំដែនទីក្រុង​កឹងធើ កម្មវិធី​នេះចាប់ផ្តើមអនុវត្ត​ពី​ឆ្នាំ២០២១ រហូតដល់សព្វថ្ងៃ ​សហការប្រគល់ផ្ទះមហា​សាមគ្គីបាន៩៤ខ្នង (ផ្ទះមួយខ្នងៗមានតម្លៃ៦០លាន​ដុង​) ឧបត្ថម្ភសង់ផ្ទះ​ជូនសិស្ស​ក្រីក្រ​សង្វាត​រៀនសូត្របាន៣ខ្នង (ផ្ទះមួយខ្នងៗមានតម្លៃ៥០លាន​ដុង​) និងជូនអំណោយ​ដល់​គ្រួសារ​គោលនយោបាយ ​គ្រួសារ​ក្រីក្របាន ៥.២៦៩ចំណែក (មួយចំណែកៗមានតម្លៃ៥០០ពាន់ដុង) អាហារូបករណ៍​បាន ៨៦១ចំណែក (មួយចំណែក ១លានដុង​) និង​កង់១១៤គ្រឿង (មួយគ្រឿងតម្លៃ២លាន​ដុង​) ដល់ប្អូនៗ​សិស្សានុសិស្ស គិតជាទឹកប្រាក់​សរុប​ប្រមាណ១០ពាន់​លាន​ដុង។ ឆ្លងតាមរយៈនោះ ជួយ​ប្រជាជន​នៅ​តំបន់​ព្រំដែន​សមុទ្រ​​មាន​ជីវភាព​លំនឹង ចូលរួម​អភិវឌ្ឍ​ន៍សេដ្ឋកិច្ច-សង្គម​នៅភូមិភាគ ហើយ​រួមជាមួយ​កម្មាភិបាល យុទ្ធជនកងទ័ព​ការពារ​ព្រំដែន អនុវត្ត​បានល្អនូវភារកិច្ច​រក្សា​សន្តិសុខ​នៅ​តំបន់​ព្រំដែន​សមុទ្រ​ និង​ការពារ​អធិបតេយ្យ​សមុទ្រ កោះ​របស់​មាតុភូមិ​បាន​រឹងមាំ។

វរសេនីយ៍ឯក ហាហ្វីត្រឿង ស្នងការនយោបាយរង​នៃគណៈបញ្ជាការកងទ័ព​ការពារ​ព្រំដែនទី​ក្រុង​កឹងធើ ឱ្យដឹង៖ កម្មវិធី​នេះ គឺជា​សកម្មភាព​មនុស្សធម៌​ដ៏ជ្រាលជ្រៅ​ ​ធ្វើ​ឱ្យទៅជាភាពជាក់ស្តែងនូវ​គោលការណ៍ គោលនយោបាយ​របស់​បក្ស និង​រដ្ឋ​អំពី​ការគិតគូរដល់គ្រួសារ​គោលន​យោបាយ និង​គ្រួសារ​ក្រីក្រ​អំណរនិទាឃរដូវ ទទួលបុណ្យចូលឆ្នាំថ្មី។ ឆ្លងតាមរយៈ​សកម្មភាព​របស់​កម្ម​វិធី បានរួមចំណែក​ជាមួយ​គណៈកម្មាធិការ​បក្ស រដ្ឋអំណាចភូមិភាគគិតគូរ ជួយប្រជាជន​នៅ​តំបន់​ព្រំដែន​សមុទ្រ​របស់​ទីក្រុង​ទទួល​បុណ្យ​ចូលឆ្នាំ​ថ្មីដ៏​កក់ក្តៅ និងពេញ​លេញជាងទៀត ​បង្ហាញ​ពី​សីលធម៌ជួយ​គ្នា​ទៅវិញទៅមករបស់ជនជាតិ បង្កើនចំណងសាមគ្គីភាព ផ្សារភ្ជាប់​ស្អិត​ល្មួត​រវាងកងទ័ពនិង​ប្រជាជន និងធ្វើឱ្យគុណសម្បត្តិ​របស់ "កងទ័ពអ៊ំហូ" កាន់តែល្អប្រ​សើរជាងទៀត។ ទន្ទឹមនឹងនោះ ​រួមចំណែក​បង្កើនចំណង​សាមគ្គីភាព​រវាងកងទ័ពនិងប្រជា​ជន កសាង​ជំហរយុទ្ធសាស្រ្តទឹកចិត្តប្រជាជនរឹងមាំ  ពង្រីកកម្លាំងទូទៅ​ដើម្បី​គ្រប់គ្រងនិងការ​ពារ​​អធិបតេយ្យ ​សន្តិសុខ​ព្រំដែនជាតិរឹងមាំ​ក្នុង​ស្ថានភាព​ថ្មី៕

យ្វីអាញ - វិមាន

ចែករំលែកអត្ថបទ