06/02/2026 - 08:46

ចលនា​កី​ឡា​ទូក​ ងនា​រី​កាន់​តែ​អភិ​វឌ្ឍន៍​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ 

ប៉ុន្មាន​ឆ្នាំ​ជិត​ៗនេះ ចលនា​កី​ឡា​ទូក ងនា​រី​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​នៅ​ទី​ក្រុង​កឹង​ធើ កាន់​តែ​អភិវឌ្ឍន៍ និង​ផុលផុស​យ៉ាង​ខ្លាំង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ នេះ​​មិន​ត្រឹម​តែ​រួម​ចំ​ណែក​អភិ​រក្ស​ទូក ង ​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បញ្ជាក់​ពី​តួ​នា​ទី ឋានៈ​របស់​នា​រី​ក្នុង​សង្គម​នា​​បច្ចុប្បន្ន​ទៀត​ផង។

​ ទូក​ ងនា​រី​វត្ត​ទំ​នប់។

តាមប្រ​សាសន៍​លោក ឡឹម​ហ្វាង​ម៉ូវ នា​យក​មន្ទីរ​ជន​ជាតិ​​និង​សាសនា​ទី​​ក្រុង​កឹង​ធើ បច្ចុប្បន្ន វត្ត​ខ្មែរ​ជា​ច្រើន​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង បាន​បង្កើត​​ក្រុម​កី​ឡា​ទូក ង នា​រី​ជា​ច្រើន​ក្រុម។ កី​ឡា​កា​រិនី​មិន​ត្រឹម​តែ​បង្ហាញ​ពី​សុខ​ភាព​មាំ​មួន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្ហាញ​ពី​ស្មារតី​សាម​គ្គី ឆន្ទៈ​មុត​មាំ​ដើម្បី​ឆ្លង​កាត់​លំ​បាក​ និង​មោទ​នភាព ព្រួត​ដៃ​គ្នា​អភិ​រក្ស និង​អភិ​វឌ្ឍ​កី​ឡា​ប្រ​ណាំង​ទូក ង ប្រ​ពៃ​ណី​របស់​ជន​ជាតិ។ រៀង​រាល់​ឆ្នាំ នៅ​ពាន​រង្វាន់​ប្រ​ណាំង​ទូក ង ​របស់​ទី​ក្រុង​ មាន​ទូក​ ង​ នា​រី ជា​ច្រើន​ទូក ដូច៖ ទូក ង ​នា​រី​វត្ត​​ទំ​នប់ វត្ត​អូរ​ជុំ វត្ត​បឹង​ទន្សា វត្ត​ទំ​ពក់​សក់​។ល។ ចូល​រួម​ប្រ​ណាំងយ៉ាង​ពុះ​ពោរ​នៅ​ព្រែក Maspero។ ការ​ប្រ​ណាំង មិន​ត្រឹម​តែ​បង្ក​​បរិយា​កាស​ថ្ងៃ​​បុណ្យ​ទាន​ដ៏​រីក​រាយ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ក្លាយ​ជា​វិញ្ញាសា​កី​ឡា​​ដ៏​ពិ​សេស​ដោយ​ឡែក​របស់​ជន​រួម​ជាតិ​ខ្មែរ បាន​ទាក់​ទាញ​ប្រ​ជា​ជន និង​ភ្ញៀវ​ទេស​ចរ​ទាំង​ក្នុង​និង​ក្រៅ​ប្រ​ទេស​មក​ទស្សនា លើក​ទឹក​ចិត្ត​យ៉ាង​ច្រើនកុះ​​ករ​ទៀត​ផង។

ស្មារតី​សាមគ្គី​បាន​បង្ហាញ​ច្បាស់​តាម​រយៈ​ទូក​ ង​នា​រី​វត្ត​ទំ​នប់​ ឃុំ​អាង​និញ បាន​គ្រង​តំ​ណែង​ ជើង​ឯក​បី​ឆ្នាំ​បន្ត​បន្ទាប់។ បង​ស្រី​ត្រឹង​ធី​មី​ គ្រូ​បង្វឹក​ទូក ង ​នា​រី​វត្ត​ទំ​នប់ ឱ្យ​ដឹង៖ “ដោយ​សារ​ចូល​ចិត្ត​ប្រ​ណាំង​ទូក ង ​នា​រី ម្ល៉ោះ​ហើយ ឆ្នាំ ២០២០ ខ្ញុំ​បាន​វិនិ​យោគ​ឱ្យ​វត្ត​បោះ​ទូក ង​ នា​រី និង​ចលនា​បង​​ប្អូន​នារី​ក្នុង​ភូមិ​ស្រុក​មក​ហាត់​សម​និង​អុំ​ប្រ​ណាំង។ ពី​មុនដោយ​សារ​សង្គម​មិន​ទាន់​អភិ​វឌ្ឍន៍ ការ​យល់​ដឹង​នៅ​មាន​កម្រិត ម្ល៉ោះហើយ​ពី​ដើម​​មិន​ឱ្យ​នា​រី​មក​ជិត​ទូក ង​ ទេ ។ ចំ​ណែក​ឥ​ឡូវ បុរស​និង​នា​រី​ស្មើ​ភាព​គ្នា ហើយ​​នា​រី​បាន​ចូល​រួម​ប្រ​ណាំង​ទូក ង មិន​ត្រឹម​តែ​បង្ហាញ​ពី​មោទ​នភាពវប្ប​​ធម៌​របស់​ជន​ជាតិ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្ហាញពី​វឌ្ឍន​ភាព​ក្នុង​សម័យ​អភិ​វឌ្ឍ​ទៀត​ផង”។

បច្ចុប្បន្ន​ វត្ត​ខ្មែរ​ជា​ច្រើន​នៅ​ទី​ក្រុង​កឹង​ធើ កំ​ពុង​ត្រៀម​បម្រុង​បោះ​ទូក ង​ ថ្មី ដើម្បី​បង្កើត​ទូក ង​ នា​រី។ ព្រះ​តេជ​ព្រះ​គុណ​ ថាច់​ថឿន ព្រះ​ចៅ​អធិ​ការ​វត្តបឹង​ក្រ​ចាប់​ថ្មី ឃុំ​តឹង​ថាញ់ មាន​ថេរ​ដី​កា៖ “វត្ត​មាន​ទូក ង​ លុង​សម្រាប់​បុរស ​ហើយនៅ​ខ្វះ​ទូក​ ង​ នា​រី។ ដោយ​មាន​ការ​រួម​ចំណែក​របស់​ពុទ្ធ​បរិ​ស័ទ វត្ត​បាន​ត្រៀម​បម្រុង​ឈើ និង​អញ្ជើញ​ជាង​មកបោះ​ទូក ង​ ថ្មី​សម្រាប់​​នារី​ចូល​រួម​ដណ្តើម​រង្វាន់ ប្រ​ណាំង​ទូក ង​ ប្រ​ពៃ​ណី​ទី​ក្រុង​កឹង​ធើ ឆ្នាំ ២០២៦។  កី​ឡា​កា​រិនី​ គឺ​ពុទ្ធ​បរិ​ស័ទ​ក្នុង​ចំ​ណុះ​ជើង​វត្ត​ស្ម័គ្រ​ចិត្ត​ចូល​រួម”។

អាច​សង្កេត​ឃើញ​ចលនា​ប្រ​ណាំង​ទូក ង នា​រី​របស់​ជន​រួម​ខ្មែរ​នៅ​​ទី​ក្រុង​កឹង​ធើ កំ​ពុង​តែ​អភិ​វឌ្ឍន៍​និង​ផុល​ផុស​យ៉ាង​ខ្លាំង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ នេះ​មិន​ត្រឹម​តែ​ជា​សកម្ម​ភាព​កី​ឡា​ប្រ​ពៃ​ណី​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​និមិត្ត​រូប​ល្អ​អំ​ពី​ស្មារតី​សាមគ្គី​ភាព មោ​ទន​ភាព​និង​ការ​ឈាន​ឡើង​របស់នា​រី​ខ្មែរ​ក្នុង​ជីវ​ភាព​សង្គម​នា​សម័យ​ទំ​នើប៕

                                    យ្វី​អាញ - វិមាន​

ចែករំលែកអត្ថបទ