28/01/2026 - 22:27

នាំមកនូវនិទាឃរដូវដ៏កក់ក្តៅដល់មាមីងនៅឃុំកោះកូវឡាវយុង 

នៅថ្ងៃទី ២៨ ខែមករា នៅប៉ុស្តិ៍ការ​ពារ​ព្រំ​ដែន​អាង​ថាញ់​បា គណៈបញ្ជាការកងទ័ពការពារព្រំដែនទី​ក្រុង​កឹង​ធើ បានចាត់តាំងកម្មវិធី "និទាឃរដូវកក់ក្តៅទឹកចិត្តអ្នកភូមិ" ឆ្នាំ២០២៦។ នេះគឺជាអង្គភាពទី២ ដែលបានជ្រើស​រើស​ឱ្យចាត់តាំងមុនគេ ព្រឹត្តិការណ៍សកម្មភាពបុណ្យ​ចូល​ឆ្នាំកងទ័ព-ប្រជាជន ឆ្នាំ ២០២៦ របស់ទីក្រុង។

អញ្ជើញចូលរួមមានសមមិត្ត ឧត្តមសេនីយ៍ត្រី ត្រឹង​ង៉ុក​ហ៊ឺវ មេបញ្ជាការរងកងទ័ពការពារព្រំដែន សមមិត្ត ង្វៀង​វ៉ាំង​ខើយ អនុប្រធានគណៈកម្មាធិការប្រជាជនទី​ក្រុង​កឹង​ធើ តំណាងថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែកនិងប្រជាជនយ៉ាងច្រើននៅលើភូមិឋានឃុំកូវឡាវយុង។

សម្តែងសិល្បៈអបអរសាទរកម្មវិធី

នៅក្នុងកម្មវិធីនេះ គណៈចាត់តាំងបានប្រគល់ផ្ទះមហា​សាមគ្គី ១០ ខ្នង សំ​ណង់​ផ្គត់ផ្គង់ទឹកស្អាត សំ​ណង់​សាងសង់ស្ពានជនបទ ជូនអំណោយ ១០០ ចំ​ណែកដល់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រលើ​ភូមិ​ឋានឃុំ ជូនអាហារូបករណ៍ ៤០ ចំណែក ដល់សិស្សានុសិស្សដែលមានស្ថានភាពលំបាក ដាក់តាំងល្វែងទំនិញសូន្យដុង ព្រមទាំងពិនិត្យជំងឺនិងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃដល់ប្រជាជន គិតជាទឹកប្រាក់ជាង១,១ពាន់លានដុង។

ឧត្តមសេនីយ៍ត្រី ត្រឹងង៉ុកហ៊ឺវ មេបញ្ចាការរងកងទ័ពការពារព្រំដែន និងលោកង្វៀងវ៉ាំងខើយ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ជូនអំណោយដល់គ្រួសារក្រីក្រ។

ទន្ទឹមនឹងនោះ កម្មវិធីនៅទាំងចាត់តាំងសកម្មភាពដោះ​ដូរ​ការប្រកួតកីឡាអប់រំកាយ វេចនំអន្សំជ្រូក ចាត់តាំងល្បែងប្រជាប្រិយ សម្តែងសិល្បៈ  ល្វែងទំនិញ "សូន្យ​ដុង" "កន្ត្រៃព្រំដែន" ។ល។ សកម្មភាពទាំងនេះ បង្ករបរិយាកាសសប្បាយរីករាយ សាមគ្គី បន្សល់នូវចំណាប់អារម្មណ៍ដ៏ល្អក្នុងទឹកចិត្តប្រជាជននៅតំបន់ព្រំដែន។

កម្មវិធី "និទាឃរដូវកក់ក្តៅទឹកចិត្តអ្នកភូមិ" គឺជាការចែករំលែកដោយស្មោះត្រង់ បង្ហាញ​ពីមនោ​សញ្ចេតនានិងការទទួលខុសត្រូវរបស់កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនក្នុងការគិតគូរជីវ​ភាព​ប្រជាជននៅតំបន់ព្រំដែន។ តាមរយៈនោះ រួមចំណែកពង្រឹងកម្លាំងផែនមហាសាមគ្គីទូទាំងជនជាតិ បញ្ជាក់ពីតម្លៃវប្បធម៌ប្រ​ពៃ​ណីដ៏ច្លៃថ្នូររបស់ប្រជាជាតិយើង គឺជាមនុស្សធម៌ មនោ​សញ្ចេតនា គុណសម្បត្តិដ៏ថ្លៃថ្នូររបស់ "កង​ទ័ព​អ៊ំ​ហូ" ពូនជ្រំបន្ថែមនូវទំនុកចិត្ត ឆន្ទៈប្តេជ្ញាចិត្តរបស់កងទ័ពនិងប្រជាជនក្នុងបុព្វហេតុកសាងនិងការពាររឹងមាំអធិបតេយ្យដែនដី សន្តិសុខព្រំដែនជាតិ។

ជាច្រើនឆ្នាំកន្លង កម្មវិធី "និទាឃរដូវកក់ក្តៅទឹកចិត្តអ្នកភូមិ" កងទ័ពការពារព្រំដែនទីក្រុង បានសហការប្រគល់ផ្ទះមហាសាមគ្គី ៩៤ ខ្នង (មួយខ្នងគិតជាទឹកប្រាក់ ៦០ លានដុង) ជូនផ្ទះដល់សិស្សសង្វាតរៀនសូត្រ ៣ ខ្នង (មួយខ្នងគិតជាទឹកប្រាក់ ៥០ លានដុង) ជូនអំណាយ ៥.២៦៩ ចំណែក ដល់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ ជូនអាហារូបករណ៍ ៨៦១ ចំណែកនិងកង់ ១១៤ គ្រឿងដល់សិស្ស គិតជាទឹកប្រាក់សរុប ៧,៣ ពាន់​លាន​ដុង។

ថ្លែងការណ៍នៅក្នុងកម្មវិធី សមមិត្ត ង្វៀងវ៉ាំងខើយ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង​កឹង​ធើ ឱ្យដឹង៖ ឱកាសបុណ្យចូលឆ្នាំថ្មីម្តងៗ និទាឃរដូវចូលមក កម្មវិធី "និទាឃរដូវកក់ក្តៅទឹកចិត្តអ្នកភូមិ" របស់កងទ័ពការពារព្រំដែនទីក្រុង បានចាត់តាំងនូវសកម្មភាពជាក់ស្តែងជាច្រើន មានអត្ថន័យ ជិតស្និទនឹងជនរួមជាតិបណ្តាជនជាតិ បន្តប្រវេណី "ផឹកទឹកនឹកប្រភព" "ជួយគ្នាទៅវិញទៅមក" "ស្លឹកជាពាសស្លឹកដាច់" ។ កម្មវិធីនេះគឺបញ្ជាក់ពីភាពរស់រវើកអំពីមនោសញ្ចេតនារវាងកងទ័ពនិងប្រជាជន អំពីការយកចិត្តទុកដាក់គិតគូរជីវភាពរបស់កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែន និងគណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ដល់ប្រជាជននៅតំបន់ព្រំដែនសមុទ្ររបស់ទីក្រុងក្នុងឱកាសបុណ្យចូលឆ្នាំវៀតណាម។

តំណាងថ្នាក់ដឹកនាំកាត់ខ្សែបូសម្ពោធស្តូបរូបសំណាក "អ៊ំហូជាមួយយុទ្ធជនការពារព្រំដែន"។

ស្របក្នុងឱកាសនេះដែរ គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ ធ្វើពិធីកាត់ខ្សែបូ​សម្តោធ​ស្តូបរូបសំណាក "អ៊ំហូជាមួយយុទ្ធជនការពារព្រំដែន" ដែលមានទីតាំងនៅក្នុងបរិវេណប៉ុស្តិ៍ការ​ពារព្រំដែន​អាង​ថាញ់​បា៕

យ្វីអាញ-មុនី

ចែករំលែកអត្ថបទ