ដើម្បីបម្រើទីផ្សារបុណ្យចូលឆ្នាំវៀតណាម ប៊ិញ ង៉ ឆ្នាំ២០២៦ អ្នកចម្ការនៅទីក្រុងកឹងធើ កំពុងមមាញឹកក្នុងការថែទាំផ្កាលម្អនិងដំណាំជាមួយស្មារតីម្ចាស់ការទប់ទល់នឹងអាកាសធាតុ លើកកម្ពស់គុណភាពផលិតផល។

បងលីវហ្វាយ៉ាង កំពុងថែទាំសួនផ្កាលម្អ។
យោងតាមសាខានាយកដ្ឋានដាំដុះ និងការពាររុក្ខជាតិចំណុះមន្ទីរកសិកម្មនិងបរិស្ថានទីក្រុងកឹងធើ មកទល់ពេលនេះ កសិករទូទាំងក្រុងបានដាំផ្កាលម្អប្រមាណ ៦៥០.០០០ ផើង ដើម្បីបម្រើទីផ្សារបុណ្យចូលឆ្នាំវៀតណាម សំខាន់គឺ ផ្កាស្បៃរឿង ផ្កាសំណាង ។ល។ ចាប់តាំងពីដើមរដូវមក គ្រួសារដាំផ្កាលម្អ បានរៀបចំដី ផើង ជីយ៉ាងហ្មត់ចត់ ព្រមទាំងជ្រើសរើសពូជនិងត្រៀមចុះពូជឱ្យបានសមស្រប ដើម្បីផ្ការីកចំឱកាសបុណ្យចូលឆ្នាំវៀតណាម។
រដូវផ្កាឆ្នាំនេះ បងលីវហ្វាងយ៉ាង នៅភូមិផ្នោកំបុត ឃុំង៉ុកតូ ដាំផ្កាជាច្រើនប្រភេទ មានដូច៖ ផ្កាស្បៃរឿង ផ្កាសិរមាន់ ផ្កាឈូករ័ត្ន ផ្កាធីតាសួគ៌ ផ្កាស្បៃរឿងកូរ៉េ។ល។ ក្រោយពីចុះពូជនៅថ្ងៃ ២៣ ខែ១០ (ចន្ទគតិវៀត) គាត់តែងពិនិត្យតាមដានអាកាសធាតុ កែសម្រួលបរិមាណទឹកនិងដាក់ជីឱ្យសមស្របនឹងរដូវកាលលូតលាស់របស់ដំណាំ។
បងយ៉ាង ចែករំលែក៖ “ប្រភេទផ្កានីមួយៗ ត្រូវការរបៀបថែទាំខុសៗគ្នា។ សម្រាប់ផ្កាស្បៃរឿង គ្រាន់តែក្តិចចុងម្តងដើម្បីឱ្យបែកមែក ចំណែកផ្កាធីតាសួគ៌ត្រូវក្តិចចុងពី ៣ - ៤ លើក ដើម្បីឱ្យមានរាងមូល ផ្ការីកស្រុះនិងស្រស់ស្អាត។ ក្រៅពីនោះ ខ្ញុំតែងពិនិត្យមើលសត្វល្អិតនិងជំងឺជាប្រចាំ ដើម្បីវិនិច្ឆ័យបានទាន់ពេល ធានាផ្កាលូតលាស់ស្មើគ្នា។ អាស្រ័យមានបទពិសោធន៍ច្រើនក្នុងការអនុវត្តជាក់ស្តែង និងស្វែងយល់តាមប្រព័ន្ធអ៊ីនធឺណិត ទើបផ្ការបស់គ្រួសារលូតលាស់ល្អ”។
ទន្ទឹមនឹងការដាំផ្កាលម្អ អ្នកចម្ការដាំឈើហូបផ្លែ ក៏កំពុងផ្តុំកម្លាំងថែទាំដើម្បីធានាផ្លែឈើសម្រេច គុណភាព បម្រើទីផ្សារក្នុងឱកាសបុណ្យចូលឆ្នាំវៀតណាម។ នៅភូមិថើយធ្វឹង B ឃុំថើយឡាយ ពូលីវឫទ្ធី ក៏បានយកចិត្តទុកដាក់លើការអនុវត្តវិធានការថែទាំចម្ការទៀបបារាំងនិងល្មុត ដើម្បីផ្គត់ផ្គង់ទាន់ពេលសម្រាប់ទីផ្សារបុណ្យចូលឆ្នាំវៀតណាមនាពេលខាងមុខ។
ពូលីវឫទ្ធី ឱ្យដឹង៖ “ដើម្បីធានាដំណាំចេញផ្លែស្មើនិងស្ថិរភាព អ្នកចម្ការត្រូវពិនិត្យតាមដានដំណាក់កាលចេញផ្កា កាន់ផ្លែ បាចជីថ្លឹងថ្លែងឱ្យសមស្របនឹងដំណាក់កាលនីមួយៗ ព្រមទាំងទល់មែកណាផ្លែច្រើន ដើម្បីកុំឱ្យបាក់មែក”។ អាស្រ័យអាកាសធាតុអំណោយផល ព្រមទាំងអនុវត្តត្រឹមត្រូវតាមវិធានការបច្ចេកទេស រំពឹងថារដូវកាលបុណ្យចូលឆ្នាំថ្មីវៀតណាមឆ្នាំនេះ ចម្ការផ្លែឈើរបស់គ្រួសារខ្ញុំនឹងបានផលកាក់កប លក់បានថ្លៃ”។
អ្នកស្រី ផាមធីមិញហ៊ីវ ប្រធានសាខានាយកដ្ឋាន ដាំដុះនិងការពាររុក្ខជាតិទីក្រុងកឹងធើ ផ្តល់អនុសន៍៖ “កសិករគប្បីម្ចាស់ការ បង្ការទប់ស្កាត់ទឹកជំនន់ បង្កើនការពិនិត្យសត្វល្អិតបំផ្លាញ កាត់ រំលស់មែកចាស់ៗ ព្រមទាំងផ្តល់សារធាតុចិញ្ចឹមឱ្យបានគ្រប់គ្រាន់និងទាន់ពេលវេលាសម្រាប់ដំណាំ បំផុតគឺប្រភេទផ្កាលម្អនិងផ្លែឈើ ដើម្បីធានាបម្រើទីផ្សារបុណ្យចូលឆ្នាំវៀតណាម៕
ហុងទើ-មុនី