មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី XIV របស់បក្ស ប្រព្រឹត្តឡើងចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ នៅរដ្ឋធានីហាណូយ។ នៅគ្រប់ទិសទីក្នុងតំបន់ជនបទនិងទីក្រុងនានា ប្រជាជន កម្មាភិបាល និងបក្ខជនគ្រប់រូបក្នុងខេត្តកាម៉ាវ កំពុងដាក់ក្តីសង្ឃឹមនិងជឿជាក់លើកងជួរថ្នាក់ដឹកនាំអាណត្តិកាលថ្មី ក៏ដូចជាគោលនយោបាយលោតផ្លោះដែលនឹងបានអនុម័តនៅក្នុងមហាសន្និបាត។ ពិសេសគឺសេចក្តីសម្រេចគោលនយោបាយដែលមានលក្ខណៈលោតផ្លោះ បង្កជាកម្លាំងជំរុញខេត្តកាម៉ាវ ដែនដីនៅចុងប៉ូលខាងត្បូងនៃមាតុភូមិ កាន់តែអភិវឌ្ឍរហ័សប្រកបដោយចីរភាព និងក្លាយជាប៉ូលកំណើននៃតំបន់វាលរាបទន្លេគឺវឡុង។
ឆ្ពោះទៅកាន់មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី XIV របស់បក្ស លោកង្វៀងហ្វាងថ្វយ ប្រធានសមាគមកសិករខេត្តកាម៉ាវ បានដាក់ជំនឿនិងក្ដីសង្ឃឹមទាំងស្រុងក្នុងសេចក្តីសម្រេចចិត្តគោលនយោបាយដែលមានលក្ខណៈយុទ្ធសាស្ត្ររបស់បក្ស។ លោករំពឹងថា មហាសន្និបាតលើកនេះនឹងបន្តវេនព្រមទាំងលើកកម្ពស់គោលការណ៍ គោលនយោបាយ ដើម្បីកសិករក្លាយជាអង្គសំខាន់ពិតប្រាកដនិងទទួលផលប្រយោជន៍ផ្ទាល់ពីសមិទ្ធផលនៃការផលិតនិងអភិវឌ្ឍ។
សមាគមកសិករខេត្តកាម៉ាវ ដាក់ជំនឿដាច់ខាតលើការដឹកនាំរបស់បក្ស និងប្តេជ្ញាបន្តពង្រីកស្មារតីសាមគ្គី ផ្លាស់ថ្មីច្នៃប្រតិដ្ឋ ដើម្បីរួមដំណើរជាមួយកសិករទូទាំងប្រទេស អនុវត្តជោគជ័យនូវទិសដៅ “ប្រជាជនសម្បូរសប្បាយ ប្រទេសរុងរឿង ប្រជាធិបតេយ្យ សមធម៌ អារ្យធម៌”។ លោកង្វៀងហ្វាងថ្វយ ចែករំលែកថា បានចូលរួមមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី XIV របស់បក្ស គឺជាកិត្តិយសដ៏ឧត្តុង្គឧត្តម និងជាការទទួលខុសត្រូវដ៏ធំធេង។ ទន្ទឹមនឹងនោះ លោកបញ្ជាក់ថា នឹងនាំមកជូនមហាសន្និបាតនូវស្មារតីទទួលខុសត្រូវខ្ពស់បំផុត ប្រមូលផ្តុំបញ្ញា ដើម្បីចូលរួមផ្តល់មតិយោបល់ក្នុងសេចក្តីសម្រេចចិត្តគោលនយោបាយធំៗរបស់បក្ស។ លោកក៏រំពឹងថា មជ្ឈិមនឹងបន្តធ្វើឱ្យសុក្រឹត និងដាក់ចេញនូវយន្តការ គោលនយោបាយពិសេសសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចកសិកម្ម ជាពិសេសគឺគោលនយោបាយលើកទឹកចិត្តឱ្យមានការប្រមូលផ្តុំដីធ្លីបម្រើដល់ការផលិតទំនិញខ្នាតធំ អភិវឌ្ឍកសិកម្មជីវបរិស្ថាន កសិកម្មសរីរាង្គ កសិកម្មវិលជុំ និងបំភាយឧស្ម័នទាប ស្របតាមតម្រូវការស៊ាំនឹងការប្រែប្រួលអាកាសធាតុនៃតំបន់វាលរាបទន្លេគឺវឡុង។

នៅតាមដងផ្លូវនានាខេត្តកាម៉ាវ មានភាពត្រចះត្រចង់ដោយទង់ជាតិស្រស់បំព្រងអបអរសាទរមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី XIV របស់បក្ស។
តាមប្រសាសន៍ អ្នកស្រី ង្វៀងធូតឺ នាយិកាមន្ទីរជនជាតិនិងសាសនាខេត្តកាម៉ាវ ក្នុងឆ្នាំកន្លងហើយ កម្មវិធី គម្រោងនិងគោលនយោបាយសម្រាប់ជនជាតិភាគតិច តែងបានផ្សព្វផ្សាយអនុវត្តគ្រប់សព្វទាន់ពេលនិងមានប្រសិទ្ធភាព ដោយអត្រារំសាយថវិកាសម្រេចបានជាង ៧៩%; សម្រេចនូវទិសដៅបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះទ្រុឌទ្រោម; ការងារអនុវត្តច្បាប់ ធ្វើវិមជ្ឈការ វិសហមជ្ឈការនិងកំណត់ដែនសមត្ថកិច្ចរបស់រដ្ឋអំណាចភូមិភាគ២ថ្នាក់ក្នុងវិស័យការងារជនជាតិ ជំនឿនិងសាសនា ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព ឈានដល់ការកំណត់តំបន់ជនជាតិភាគតិចទាន់ពេល ដើម្បីធ្វើជាមូលដ្ឋានអនុវត្តគោលនយោបាយលើភូមិឋានខេត្ត។ អត្រាគ្រួសារជនជាតិភាគតិចក្រីក្រនៅត្រឹមតែ ២% ហើយជនជាតិភាគតិច១០០% ដែលរស់នៅតំបន់លំបាកបានផ្តល់ប័ណ្ណធានារ៉ាប់រងសុខាភិបាលដោយឥតគិតថ្លៃ។ ទាំងនេះគឺជាលទ្ធផលលេចធ្លោ គួរជាទីរីករាយ រួមចំណែកកែលម្អជីវភាពសម្ភារៈនិងស្មារតីរបស់ជនរួមជាតិ។

អ្នកស្រីង្វៀងធូតឺ នាយិកាមន្ទីរជនជាតិនិងសាសនាខេត្តកាម៉ាវ។
ផ្ញើជូនមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី XIV របស់បក្ស លោកស្រីង្វៀងធូតឺ មានបំណងនៅមហាសន្និបាតនឹងបន្តពិភាក្សាអំពីដំណោះស្រាយ ដាក់ចេញនូវកម្មវិធី ផែនការ ទិសដៅ និងសេចក្តីសម្រេចចិត្តគោលនយោបាយ ដើម្បីប្រមូលផ្តុំប្រភពធនធានឧបត្ថម្ភដល់ជនជាតិភាគតិចដែលនៅជួបការលំបាកខ្លាំង; ក្នុងនោះ មានជនជាតិភាគតិចតំបន់វាលរាបទន្លេគឺវឡុងនិយាយរួម និងខេត្តកាម៉ាវនិយាយដោយឡែក។ តាមរយៈនោះ ដើម្បីធានានូវទិសដៅរបស់បក្សនិងរដ្ឋ ដែលបានដាក់ចេញគឺ “មិនទុកចោលអ្នកណាម្នាក់ឱ្យនៅខាងក្រោយ” ធានាបង្រួញគម្លាតនិងសមធម៌ក្នុងការទទួលប្រភពធនធានរវាងសមាសភាពជនជាតិនិងសាសនា ជាពិសេសគឺក្នុងវិស័យអប់រំនិងសុខាភិបាល។
ចំណែកលោក ង្វៀងក្វឹកថាញ នាយកមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្តកាម៉ាវ រំពឹងថា មហាសន្និបាតនឹងបន្តអះអាងវប្បធម៌គឺជាមូលដ្ឋានគ្រឹះនិងជាកម្លាំងផ្ទៃក្នុង តាមរយៈនោះ បង្កើតមូលដ្ឋានដើម្បីខេត្តកសាងយុទ្ធសាស្ត្រអភិវឌ្ឍវប្បធម៌ស៊ីជម្រៅ ផ្សារភ្ជាប់ការអភិរក្សបេតិកភណ្ឌ សិល្បៈប្រពៃណី ជាមួយនឹងការកសាងកាម៉ាវក្នុងសម័យកាលថ្មី និងទាញយកផលប្រយោជន៍ប្រកបដោយប្រសិទ្ធភាពពីប្រព័ន្ធតម្លៃវប្បធម៌ក្នុងការអភិវឌ្ឍទេសចរណ៍ និងឧស្សាហកម្មវប្បធម៌។ ទន្ទឹមនឹងនោះ ការកំណត់ទិសដៅអំពីកីឡាអប់រំកាយ ត្រូវបានរំពឹងថានឹងជួយឱ្យភូមិភាគផ្លាស់ប្តូរយ៉ាងខ្លាំងក្លាពីគំនិតចលនាក្នុងសង្គម ទៅជាគំនិតអភិវឌ្ឍចីរភាព ដោយយកកីឡាមហាជនធ្វើជាមូលដ្ឋានគ្រឹះក្នុងការលើកកម្ពស់សុខភាពប្រជាជន និងអភិវឌ្ឍកម្ពស់មាឌមនុស្សវៀតណាមក្នុងសម័យកាលថ្មី។ ជាមួយគ្នានោះ ក៏ជ្រើសរើសវិនិយោគលើវិញ្ញាសាកីឡាដែលសមស្រប បង្កើតស្នាមគំនូសនិងឋានៈក្នុងតំបន់។
មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ ក៏រំពឹងថា មហាសន្និបាតនឹងបន្តធ្វើសុក្រឹតយន្តការ បង្កើនការធ្វើវិមជ្ឈការ វិសហមជ្ឈការ បង្កលក្ខណៈងាយស្រួល ដើម្បីភូមិភាគមានភាពម្ចាស់ការនិងបត់បែនក្នុងការអនុវត្ត។ តាមរយៈនោះ ជួយឱ្យកាម៉ាវបំប្លែងសក្តានុភាពទៅជាកម្លាំងជំរុញ ឈានទៅរកការបង្កើតនិងអភិវឌ្ឍវិស័យឧស្សាហកម្មផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍វប្បធម៌ ធ្វើឱ្យវប្បធម៌ក្លាយជាមូលដ្ឋានគ្រឹះអភិវឌ្ឍចីរភាព កីឡាក្លាយជាកម្លាំងសហគមន៍ និងទេសចរណ៍ក្លាយជាសសរស្តម្ភដ៏សំខាន់ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ខេត្តក្នុងដំណាក់កាលថ្មី៕
យ្វីអាញ- ថាច់ធី