វិស័យទេសចរណ៍ទីក្រុងកឹងធើបន្ទាប់ពីបង្រួម មានឱកាស និងបញ្ហាប្រឈមថ្មីជាច្រើន ពិសេសគឺការពង្រីកឧត្តមភាពមជ្ឈមណ្ឌលនៃតំបន់វាលរាបទន្លេគឺវឡុង។ ក្នុងឆ្នាំ ២០២៦ ផ្នែកទេសចរណ៍ទីក្រុងបានកំណត់ទិសដៅកំណើន១០% ឆ្ពោះដល់ការលើកកម្ពស់គុណភាព អភិវឌ្ឍន៍ប្រកបដោយចីរភាពនិងនិរន្តរភាព។
ភារកិច្ច និងដំណោះស្រាយជាច្រើនសម្រាប់ឆ្នាំថ្មី
ឆ្នាំ ២០២៦ ទីក្រុងកឹងធើបានកំណត់ទិសដៅទទួលភ្ញៀវទេសចរប្រមាណ ១២,៣ លាននាក់ កើនឡើងជាង ១០% បើធៀបនឹងឆ្នាំ ២០២៥។ ក្នុងនោះ ភ្ញៀវអន្តរជាតិរំពឹងថានឹងមានប្រមាណ ៦២០.០០០ នាក់ កើនឡើង ១៤% បើធៀបនឹងឆ្នាំ ២០២៥។ ភ្ញៀវស្នាក់នៅទេសចរណ៍សម្រេចជាង ៥,៤ លាននាក់ កើនឡើង ១០% បើធៀបនឹងឆ្នាំ ២០២៥។ ចំណូលសរុបពីទេសចរណ៍ខិតខំសម្រេចជាង ១១.៤០០ ពាន់លានដុង កើនឡើង ១៤% បើធៀបនឹងឆ្នាំ ២០២៥។
ដើម្បីសម្រេចបាននូវទិសដៅនេះ ទេសចរណ៍ទីក្រុងបានដាក់ចេញភារកិច្ចសំខាន់ៗ និងដំណោះស្រាយអនុវត្តតាមដំណាក់កាលនីមួយៗ។ ក្នុងនោះ ផ្ដោតសំខាន់លើការកសាងផលិតផលទេសចរណ៍។ ជាក់ស្តែង ទីក្រុងកឹងធើនឹងអភិវឌ្ឍ ធ្វើឱ្យសម្បូរបែបផលិតផលទេសចរណ៍ដោយផ្អែកលើសក្ដានុភាព និងឧត្តមភាព៖ អេកូទេសចរណ៍ព្រែកទន្លេ ទេសចរណ៍ MICE (ទេសចរណ៍ផ្សារភ្ជាប់ជាមួយសន្និសីទ សិក្ខាសាលា ព្រឹត្តិការណ៍...) ទេសចរណ៍វប្បធម៌ ពិធីបុណ្យ និងទេសចរណ៍សហគមន៍... ទន្ទឹមនឹងនោះ កសាងនិងអភិវឌ្ឍផលិតផលទេសចរណ៍ជាក់លាក់សម្រាប់រដូវទេសចរណ៍នីមួយៗ និងតំបន់សំខាន់ៗឱ្យសមស្របនឹងទីផ្សារ។ ផ្តើមពីនោះ ម្ចាស់ការតភ្ជាប់ទីតាំងទេសចរណ៍ជាមួយអង្គភាពនាំភៀវទេសចរ អាជីវកម្ម និងអង្គភាពផ្គត់ផ្គង់សេវាកម្ម ដើម្បីកសាងផលិតផលនិងជើងទេសចរណ៍ថ្មី។
ជាក់ស្តែង ឆាប់បង្កើតឱ្យមានផលិតផលទេសចរណ៍ឆ្លងបទពិសោធសម្រាប់ជើងទេសចរណ៍ផ្លូវទឹក ចាប់ពីកំពង់និញកេវទៅដល់ព្រែកខាយលួង និងជើងផ្លូវទឹកនានាក្នុងមជ្ឈមណ្ឌលទីក្រុង។ ទន្ទឹមនឹងនោះ ចាត់តាំងសកម្មភាពវប្បធម៌ កីឡា និងទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរ ដូច៖ ពិធីបុណ្យនំប្រព្រៃណីណាមបូ លើកទី១៣ ឆ្នាំ ២០២៦; Festival អន្តរជាតិវិស័យស្រូវអង្ករវៀតណាម លើកទី២ - កឹងធើ ២០២៦; ពិធីបុណ្យអកអំបុក ប្រណាំងទូក ង; ពានរង្វាន់ម៉ារ៉ាតុងអន្តរជាតិបេតិកភណ្ឌកឹងធើ; ពានរង្វាន់រត់ប្រណាំង VnExpress Marathon កឹងធើ ២០២៦; បុណ្យសៀវភៅទីក្រុងកឹងធើ; ទិវាបុណ្យព្រែកទន្លេ...
ទន្ទឹមនឹងនោះ ចាត់តាំងការអង្កេតទីតាំងទេសចរណ៍ថ្មីនៅលើភូមិឋានទីក្រុងកឹងធើ ដើម្បីឧបត្ថម្ភ ណែនាំកសាងនិងអភិវឌ្ឍផលិតផល សេវាកម្ម; វាយតម្លៃគុណភាពផលិតផល សេវាកម្ម និងតភ្ជាប់ជាមួយអាជីវកម្មទេសចរណ៍។ តាមរយៈនោះ ឈានដល់ការកសាងម៉ាកសញ្ញាជើងទេសចរណ៍ លើកកម្ពស់សមត្ថភាពប្រកួតប្រជែង បង្កើតទំនុកចិត្ត និងមានជំនាញច្បាស់លាស់ជាមួយភ្ញៀវទេសចរ។ ទន្ទឹមនឹងនោះ ចាត់តាំងក្រុមពិនិត្យអង្កេត សិក្សាទម្រង់ដែលមានប្រសិទ្ធភាពក្នុងការកសាង និងអភិវឌ្ឍផលិតផលទេសចរណ៍ទាំងក្នុងនិងក្រៅទីក្រុង ដើម្បីកែលម្អផលិតផលដែលមានសក្ដានុភាពឆ្លើយតបនឹងទីផ្សារ។
ផ្នែកទេសចរណ៍សហការធ្វើសេនាធិការយន្តការ គោលនយោបាយ បង្កលក្ខណៈងាយស្រួលដល់បណ្តាក្រុមហ៊ុនអាកាសចរណ៍ក្នុងប្រទេសនិងអន្តរជាតិ
បើកជើងហោះហើរថ្មី តភ្ជាប់ជាមួយទីផ្សារភ្ញៀវទេសចរដែលមានសក្តានុភាព លើកកម្ពស់គុណភាព និងធ្វើអាជីវកម្មមានប្រសិទ្ធភាពនៅព្រលានអាកាសយានដ្ឋានអន្តរជាតិកឹងធើ។ ឆ្លៀតយកប្រភពធនធាននានាដើម្បីវិនិយោគប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធព្រមៗគ្នា បម្រើដល់ការអភិវឌ្ឍទេសចរណ៍ ពិសេសគឺហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ផ្លូវគោក និងផ្លូវទឹក បង្កលក្ខណៈងាយស្រួល ដើម្បីអភិវឌ្ឍផលិតផលទេសចរណ៍ឱ្យសម្បូរបែប តភ្ជាប់ក្នុងតំបន់ និងសហតំបន់ប្រកបដោយប្រសិទ្ធភាព។
ទេសចរណ៍ទីក្រុងកឹងធើនឹងបង្កើនការផ្សព្វផ្សាយ និងជំរុញទេសចរណ៍ដោយរូបភាពជាច្រើន ឆ្ពោះទៅរកទីផ្សារសំខាន់ៗ។ ជាក់ស្តែង គឺការគួបផ្សំចាត់តាំងផ្សព្វផ្សាយជំរុញទេសចរណ៍ទីក្រុង នៅក្នុងសកម្មភាពជំរុញពាណិជ្ជកម្ម ជំរុញការវិនិយោគ និងការទូត វប្បធម៌ ដែលនាយកដ្ឋានទេសចរណ៍ជាតិវៀតណាម និងបណ្តាក្រុមដែលទីក្រុងចាត់តាំងឡើង។ ទន្ទឹមនឹងនោះ ចូលរួមសកម្មភាព៖ ទិវាបុណ្យទេសចរណ៍ក្រុងហូជីមិញ; ផ្សារណាត់ទេសចរណ៍អន្តរជាតិវៀតណាម - VITM ហាណូយ; ផ្សារណាត់ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញ (ITE HCMC)។ ចាត់តាំងសន្និសីទជំរុញនិងផ្សព្វផ្សាយទេសចរណ៍ទីក្រុងកឹងធើ នៅតាមទីផ្សារសំខាន់ៗទាក់ទាញភ្ញៀវទេសចរ ផ្អែកលើជើងហោះហើរតភ្ជាប់ពីទីក្រុងកឹងធើ...
ឆ្ពោះទៅរកការអភិវឌ្ឍទេសចរណ៍បៃតងនិងនិរន្តរភាព
ការអភិវឌ្ឍទេសចរណ៍បៃតងនិងនិរន្តរភាព គឺជាទិសដៅយូរអង្វែងនៃផ្នែកទេសចរណ៍ទីក្រុងកឹងធើ។ មានទីតាំងទេសចរណ៍បៃតងជាច្រើនរបស់ភូមិភាគបានបង្កើតឡើង និងបន្សល់នូវចំណាប់អារម្មណ៍ដល់ភ្ញៀវទេសចរក្នុងប្រទេសនិងអន្តរជាតិ ដូច៖ សណ្ឋាគារ Victoria កឹងធើ, កឹងធើ Ecolodge, Mekong Silt Ecolodge, វ៉ាមសាង Rustic កឹងធើ... លោក វ៉ថាញហ្វាង អ្នកគ្រប់គ្រងទីតាំងកឹងធើ Ecolodge បានឱ្យដឹង៖ "កឹងធើ Ecolodge កំណត់ទិសដៅអភិវឌ្ឍន៍ផ្សារភ្ជាប់ជាមួយសហគមន៍ភូមិភាគ ក្នុងនោះយើងផ្ដោតសំខាន់លើកត្តាវប្បធម៌ភូមិស្រុក និងបរិស្ថាន លើកកម្ពស់គុណភាពផលិតផល"។ តាមរយះនោះ កឹងធើ Ecolodge មិនត្រឹមតែមានបរិយាកាសបៃតង វត្ថុធាតុមានភាពសិ្នទ្ធនឹងបរិស្ថានប៉ុណ្ណោះទេ ថែមទាំងមានការឆ្លងបទពិសោធន៍ជាច្រើនដែលពោរពេញដោយអត្តសញ្ញាណនៃអ្នកស្រុក។ ភ្ញៀវអាចជិះទូក ជិះកង់ដើម្បីស្វែងយល់ពីជីវភាពរបស់អ្នកស្រុកនៅតំបន់ជុំវិញ។

ភ្ញៀវទេសចររៀនដេរដួនស្លឹកនៅសណ្ឋាគារ Victoria កឹងធើ។
វប្បធម៌ភូមិស្រុកគឺជាកត្តាសំខាន់ដែលត្រូវបានទីតាំងទេសចរណ៍នានានៅទីក្រុងកឹងធើអភិវឌ្ឍតាមទិសដៅចីរភាព។ ជាក់ស្តែង នៅក្នុងការឆ្លងបទពិសោធន៍របស់ភ្ញៀវទេសចរនៅតាមទីតាំងនីមួយៗ តែងមានការគួបបញ្ចូលវប្បធម៌ភូមិភាគដោយវិធីកៀកជិតសម្បូរបែប។ លោកស្រី ដងម៉ាយថាញ អ្នកជំនួយការនាយកសណ្ឋាគារ Victoria កឹងធើ បានឱ្យដឹង៖ "ជាច្រើនឆ្នាំមកនេះ យើងទទួលបានវិញ្ញាបនបត្រអំពីទេសចរណ៍ចីរភាពពីអង្គការអន្តរជាតិជាច្រើន។ ក្រៅពីកត្តាបរិស្ថាន គឺវប្បធម៌ភូមិស្រុកនិងការផ្សារភ្ជាប់ជាមួយសហគមន៍ភូមិភាគ តែងបានយើងខ្ញុំគួបបញ្ចូលក្នុងកម្មវិធីឆ្លងបទពិសោធន៍ដោយរូបភាពជាច្រើន៖ ជើងទេសចរណ៍ជិះកង់ ជិះទូកស្វែងយល់ពីភូមិរបរ ឬកម្មវិធីសិក្ខាសាលា"។ ជាក់ស្តែង នៅសណ្ឋាគារ Victoria កឹងធើ មានសិក្ខាសាលាអំពីការដេរដួនស្លឹក ត្បាញស្លឹកដូង ឬធ្វើនំប្រពៃណីណាមបូ ដែលបានចាត់តាំងឡើងជាប្រចាំរាល់ថ្ងៃ ឬចុងសប្តាហ៍ ដើម្បីឱ្យភ្ញៀវទេសចរចូលរួមឆ្លងបទពិសោធន៍។
ទន្ទឹមនឹងនោះ នៅ Mekong Silt Ecolodge សិក្ខាសាលា ឬកម្មវិធីឆ្លងបទពិសោធន៍បាននាំឱ្យភ្ញៀវទេសចរយល់ពីបរិយាកាសផ្សារជនបទ ត្បាញកំប្លោក ធ្វើនំប្រពៃណី បិទស្រា វេចនំអន្សម... ចំណែកនៅកឹងធើ Eco Resort លោក វ៉ង្វៀងមិញថាយ នាយកពាណិជ្ជកម្មនិងទំនាក់ទំនងទីតាំងទេសចរណ៍នេះបានឱ្យដឹង៖ "យើងខ្ញុំរក្សាសួនដំណាំ ប្រឡាយធម្មជាតិ និងដាំចម្ការឈើហូបផ្លែបន្ថែមជាច្រើន ដើម្បីធានាបរិយាកាសបៃតង។ ក្រៅពីនេះ យើងខ្ញុំក៏បានដាក់ធុងសំរាមដែលមានការបែងប្រភេទសំរាម ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ភ្ញៀវទេសចរក្នុងការថែរក្សាបរិស្ថាន។ ជារៀងរាល់ខែ យើងខ្ញុំមានមួយថ្ងៃសម្អាតប្រឡាយ ឬតំបន់ជុំវិញ រួមចំណែកការពារបរិស្ថានរួម"។ តាមនោះ អង្គភាពក៏កំពុងអនុវត្តឈានដល់ការសម្រេចបទដ្ឋានតាមកម្មវិធី VITA GREEN របស់សមាគមទេសចរណ៍វៀតណាម។
ឆ្នាំ ២០២៦ ទេសចរណ៍ទីក្រុងកឹងធើ មានទិសដៅច្បាស់លាស់ជាមួយនឹងទិសដៅជាក់លាក់ ក្នុងនោះអភិវឌ្ឍទេសចរណ៍បៃតង ទេសចរណ៍ព្រែកទន្លេបានអាទិភាព រំពឹងថានឹងមានជំហានវិវឌ្ឍន៍ថ្មីៗសម្រាប់ទេសចរណ៍ទីក្រុងបន្ទាប់ពីបង្រួម៕
ប្រភព៖ baocantho.com.vn - សុផន
| ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយកស្តីទី: ហ្វិញហ្វាងម៉េន
លិខិតអនុញាតលេខ ៧៨៩/GP- BTTTTអាស្រ័យក្រសួងព័ត៌មាននិងសារគមនាគមន៍ផ្តល់នូវថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ សង្កាត់និញកេវ ក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម: quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព "សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពី websiteនេះ។

ពាក្យគន្លឹះ