នាព្រឹកថ្ងៃទី២២ ខែធ្នូ សន្និបាតលើកទី១៥ នៃគណៈប្រតិបត្តិការមជ្ឈិមបក្ស អាណត្តិកាលទី XIII បានបើកជាផ្លូវការនៅរដ្ឋធានីហាណូយ។ លោកអគ្គលេខាបក្ស តូឡឹម ជាអធិបតី និងថ្លែងការណ៍បើកសន្និបាត។
ខាងក្រោមនេះគឺជាខ្លឹមសារទាំងស្រុងនៃសេចក្តីថ្លែងការណ៍បើកសន្និបាតរបស់លោកអគ្គលេខាបក្ស តូឡឹម៖

គោរពបណ្តាសមមិត្តជាសមាជិកការិយាល័យនយោបាយ សមាជិកគណៈលេខាបក្ស សមាជិកមជ្ឈិមបក្ស
សូមគោរពបណ្តាសមមិត្តដែលចូលរួមសន្និបាតទាំងអស់ជាទីមេត្រី។
អនុវត្តកម្មវិធីការងារពេញមួយអាណត្តិកាល ថ្ងៃនេះគណៈប្រតិបត្តិការមជ្ឈិមបក្សបានបើកសន្និបាតលើកទី១៥ ដែលជាសន្និបាតមជ្ឈិមចុងក្រោយនៃអាណត្តិកាលមហាសន្និបាតលើកទី XIII ដើម្បីពិនិត្យ និងផ្តល់មតិលើការងារនានា ត្រៀមចាត់តាំងមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី XIV របស់បក្សឱ្យបានជោគជ័យ។
ជំនួសមុខការិយាល័យនយោបាយ និងគណៈលេខាមជ្ឈិមបក្ស ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះបណ្តាសមមិត្តសមាជិកមជ្ឈិមបក្ស និងបណ្តាសមមិត្តតំណាងដែលបានចូលរួមសន្និបាត និងសូមផ្ញើជូននូវការសួរសុខទុក្ខយ៉ាងស្និទ្ធស្នាល ប្រសិទ្ធពរជ័យសិរីសួស្តី សុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច។
សូមគោរពសមមិត្តគ្រប់រូប!
សន្និបាតមជ្ឈិមលើកទី១៥ ផ្តោតលើការដោះស្រាយខ្លឹមសារសំខាន់ៗចំនួន ៣ រួមមាន៖ (១) ក្រុមបញ្ហាការងារបុគ្គលិកសម្រាប់មហាសន្និបាតលើកទី XIV របស់បក្ស (២) ក្រុមបញ្ហាសេចក្តីព្រាងខ្លឹមសារនៃឯកសារនានាដែលត្រូវដាក់ជូនមហាសន្និបាតលើកទី XIV និង (៣) ការងារចាត់តាំងមហាសន្និបាតលើកលើកទី XIV ដូច៖ លក្ខន្តិកៈធ្វើការ លក្ខន្តិកៈបោះឆ្នោតក្នុងមហាសន្និបាត; របាយការណ៍ការងារត្រួតពិនិត្យ អង្កេត និងអនុវត្តវិន័យបក្សក្នុងអាណត្តិកាលទី XIII; របាយការណ៍ការងារត្រួតពិនិត្យ អង្កេត និងអនុវត្តវិន័យបក្សឆ្នាំ២០២៥ ទិសដៅភារកិច្ចឆ្នាំ២០២៦; អំពីគោលការណ៍បូកសរុប ១០០ ឆ្នាំនៃការដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាម (១៩៣០-២០៣០) ចំពោះបដិវត្តន៍វៀតណាម និងបូកសរុប ៤០ ឆ្នាំនៃការអនុវត្តកម្មវិធីនយោបាយកសាងប្រទេសក្នុងដំណាក់កាលឈានឡើងសង្គមនិយម; របាយការណ៍ការងារចាត់តាំងបម្រើឱ្យមហាសន្និបាតលើកទី XIV ព្រមទាំងខ្លឹមសារពាក់ព័ន្ធផ្សេងៗទៀត។

លោកអគ្គលេខាបក្ស តូឡឹម ថ្លែងការណ៍បើកសន្និបាតលើកទី ១៥នៃគណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាល XIII
(រូប ÷ យ៉ងតឹង/TTXVN)
ឯកសារសន្និបាតដែលសមមិត្តទាំងឡាយបានទទួលតាំងពីចុងសប្តាហ៍មុន ខ្ញុំជឿជាក់ថាបណ្តាសមមិត្តបានសិក្សាស្រាវជ្រាវយ៉ាងល្អិតល្អន់ និងត្រៀមខ្លួនជាស្រេចក្នុងការផ្តល់មតិយោបល់ក្នុងអំឡុងពេលប្រព្រឹត្តនៃសន្និបាតនេះ។
ដើម្បីឱ្យសន្និបាតទទួលបានជោគជ័យ ខ្ញុំមានចំណុចមួយចំនួនសម្រាប់ជាការតម្រង់ទិសដល់បណ្តាសមមិត្ត៖
ទីមួយ៖ អំពីការងារបុគ្គលិកនៃមហាសន្និបាតទី XIV របស់បក្ស។
នៅក្នុងសន្និបាតមជ្ឈិមលើកទី១៣ និងទី១៤ ផ្អែកលើសំណើរបស់ការិយាល័យនយោបាយ គណៈប្រតិបត្តិការមជ្ឈិមបក្សអាណត្តិកាលទី XIII បានមានមតិឯកភាព ឯកច្ឆន្ទខ្ពស់ ឧទ្ទេសនាមបុគ្គលិកសម្រាប់ចូលរួមគណៈប្រតិបត្តិការមជ្ឈិមបក្ស (ទាំងសមាជិកពេញសិទ្ធិ និងសមាជិកបម្រុង) ឧទ្ទេសនាមបុគ្គលិកចូលរួមការិយាល័យនយោបាយ និងគណៈលេខាបក្សអាណត្តិកាលទី XIV ដោយធានានូវរចនាសម្ព័ន្ធ ចំនួនបទដ្ឋាន និងលក្ខខណ្ឌស្របតាមលក្ខន្តិកៈ សេចក្តីកំណត់របស់បក្ស និងទិសដៅការងារបុគ្គលិកនៃមហាសន្និបាតទី XIV។
អនុវត្តតាមសេចក្តីសម្រេចចិត្តនៃសន្និបាតមជ្ឈិមលើកទី១៤ អាណត្តិកាលទី XIII ការិយាល័យនយោបាយបានផ្តោតលើការដឹកនាំត្រៀមការងារដែលនៅសេសសល់ ដើម្បីឈានដល់មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី XIV; ចង្អុលការអនុគណៈកម្មការបុគ្គលិកបន្តបំពេញបន្ថែម និងសម្រេចផែនការបុគ្គលិក។ ក្នុងសម័យប្រជុំនៃអនុគណៈកម្មការបុគ្គលិក ក៏ដូចជាសម័យប្រជុំនៃការិយាល័យនយោបាយ និងថ្នាក់ដឹកនាំស្នូល បណ្តាសមមិត្តការិយាល័យនយោបាយប្រកាន់ខ្ជាប់ស្មារតីបដិវត្តន៍របស់សមាជិកបក្សកុម្មុយនីស្ត ដោយតម្កល់ផលប្រយោជន៍របស់បក្ស របស់ប្រជាជន របស់ជាតិ និងមាតុភូមិជាធំ និងចម្បងបំផុត ក្នុងកិច្ចពិភាក្សា វិភាគយ៉ាងម៉ត់ចត់ បេជ្ញាចិត្តខ្ពស់ ថ្លឹងថ្លែងគ្រប់មុខ គ្រប់ជ្រុងជ្រោយ ច្បាស់លាស់ ហ្មត់ចត់ និងឈានដល់ការឯកភាពខ្ពស់បំផុតក្នុងការឧទ្ទេសនាមបុគ្គលិកចូលរួមគណៈប្រតិបត្តិការមជ្ឈិមបក្ស ការិយាល័យនយោបាយ គណៈលេខាបក្ស នីតិកាល XIV ថ្នាក់ដឹកនាំស្នូលរបស់បក្សនិងរដ្ឋ អាណត្តិកាល ២០២៦-២០៣១។
ក្នុងសន្និបាតលើកទី១៥នេះ ផ្អែកលើរបាយការណ៍របស់ការិយាល័យនយោបាយ សូមសំណូមពរបណ្តាសមមិត្តសមាជិកមជ្ឈិមពិភាក្សា និងផ្តល់មតិដើម្បីសម្រេចរបាយការណ៍របស់គណៈប្រតិបត្តិការមជ្ឈិម នីតិកាល XIII អំពីការងារបុគ្គលិកគណៈប្រតិបត្តិការមជ្ឈិម នីតិកាល XIV ដើម្បីដាក់ជូនមហាសន្និបាតទូទាំងប្រទេសលើកទី XIV និងសន្និបាតមជ្ឈិមលើកទី ១ នីតិកាលXIV សម្រេចនិងបោះឆ្នោតតាមសេចក្តីកំណត់។
ការងារត្រៀមបម្រុង និងឧទ្ទេសបុគ្គលិកគណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី XIV គឺជាភារកិច្ច និងជាការងារដ៏សំខាន់បំផុត ជាការទទួលខុសត្រូវដ៏ធំរបស់សមាជិកមជ្ឈិមបក្ស ក៏ដូចជាទូទាំងបក្សផងដែរ។ ការជ្រើសរើសបុគ្គលិកថ្នាក់ដឹកនាំជាន់ខ្ពស់របស់បក្ស ដើម្បីដឹកនាំផ្សព្វផ្សាយអនុវត្តទិសដៅ និងភារកិច្ចដ៏ខ្ពង់ខ្ពស់ ម៉ឺងម៉ាត់ និងបន្ទាន់បំផុត សំដៅអភិវឌ្ឍប្រទេសជាតិក្នុងដំណាក់កាលថ្មី ត្រូវតែធ្វើឡើងដោយហ្មត់ចត់ ច្បាស់លាស់ ប្រុងប្រយ័ត្ន ត្រឹមត្រូវ និងស្របតាមបទប្បញ្ញត្តិ ដូចដែលគណៈប្រតិបត្តិការមជ្ឈិមបក្សធ្លាប់បានសំណូមពរក្នុងសន្និបាតមជ្ឈិមបក្សលើកមុនៗ។
ទីពីរ៖ អំពីសេចក្តីព្រាងឯកសារដាក់ជូនមហាសន្និបាតលើកទី XIV។
ការិយាល័យនយោបាយបានផ្ញើសេចក្តីព្រាងឯកសារដាក់ជូនមហាសន្និបាតលើកទី XIV ដល់បណ្តាសមមិត្តរួចហើយ។ បក្ខជនគ្រប់រូបនិងប្រជាជនគ្រប់មជ្ឈដ្ឋានបានវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តរបស់មជ្ឈិម ក្នុងការរួមបញ្ចូលខ្លឹមសារនៃឯកសារចំនួន ៣ (រួមមាន របាយការណ៍នយោបាយ របាយការណ៍សេដ្ឋកិច្ច-សង្គម និងរបាយការណ៍បូកសរុបការងារកសាងបក្ស) ទៅជា "របាយការណ៍នយោបាយ" តែមួយដែលឯកភាពនិងស្របគ្នា។ បន្ទាប់ពីការរួមមតិយោបល់ក្នុងមហាសន្និបាតបក្ខភាគគ្រប់លំដាប់ថ្នាក់ ការរួមមតិយោបល់របស់បណ្តាសមមិត្តក្នុងសន្និបាតមជ្ឈិមលើកទី ១៤ គិតមកដល់ពេលនេះ មានមតិយោបល់ជិត ១៤ លាននៃកម្មាភិបាល បក្ខជន និងប្រជាជនជិត ៥ លាននាក់ បានចូលរួមមតិលើសេចក្តីព្រាងឯកសារ (ចាប់ពីថ្ងៃទី ១៥/១០ ដល់ ១៥/១១/២០២៥)។
បណ្តាអនុគណៈកម្មការឯកសារ និងការិយាល័យនយោបាយ គណៈលេខាបក្ស បានបង្ហើយសេចក្តីព្រាងឯកសារនានា ដើម្បីដាក់ជូនសន្និបាតមជ្ឈិមលើកទី ១៥។ នេះពិតជាគំនិត និងជារបៀបធ្វើបែបបដិវត្តន៍ លោតផ្លោះក្នុងកិច្ចការកសាងឯកសារមហាសន្និបាតបក្ស។ នេះក៏ជាអាណត្តិកាលមហាសន្និបាតបក្ស ដែលឆ្លៀតយកការចូលរួមមតិពីសំណាក់ប្រជាជនយ៉ាងច្រើនកុះករបំផុត បើធៀបនឹងអាណត្តិកាលមហាសន្និបាតមុនៗ។ បណ្ដាអនុគណៈកម្មការឯកសារមហាសន្និបាតលើកទី XIV បានចម្រាញ់ និងទទួលយកជាអតិបរមានូវរាល់មតិយោបល់ដែលសមស្រប ដើម្បីបន្តបង្ហើយរបាយការណ៍នយោបាយ។ បញ្ញាសមូហភាព បញ្ញារបស់ប្រជាជន ត្រូវបានរួមបញ្ជូលក្នុងឯកសារមហាសន្និបាតលើកទី XIV របស់បក្ស។
ដើម្បីឱ្យឯកសារក្លាយជា "ពន្លឺបំភ្លឺផ្លូវ" ជា "ត្រីវិស័យសកម្មភាព" សម្រាប់ទូទាំងបក្ស ទូទាំងប្រជាជន អនុវត្តការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិក្នុងដំណាក់កាលបដិវត្តន៍ថ្មី គណៈប្រតិបត្តិការមជ្ឈិមសំណូមពរបណ្តាសមមិត្តមជ្ឈិម គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ បក្ខជន និងប្រជាជន បន្តចូលរួមមតិលើខ្លឹមសារនៃឯកសារនានា។

តំណាងទាំងឡាយចូលរួមពិធីបើកសន្និបាតលើកទី ១៥ នៃគណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី XIII។ (រូបថត៖ ភឿងហ្វា/TTXVN)
ផ្អែកលើលទ្ធផលការងារនៃអាណត្តិកាលមហាសន្និបាតលើកទី XIII និងចេញពីជាក់ស្តែងនៃការងារ ដែលសមមិត្តមជ្ឈិមទាំងឡាយបាននិងកំពុងទទួលបន្ទុក ខ្ញុំសំណូមពរសមមិត្តទាំងឡាយចូលរួមមតិយោបល់ ដើម្បីបង្ហើយខ្លឹមសាររបាយការណ៍នយោបាយ និងឯកសារនានាដែលត្រូវដាក់ជូនមហាសន្និបាតលើកទី XIV ជាពិសេសគឺកម្មវិធីសកម្មភាពរបស់គណៈប្រតិបត្តិការមជ្ឈិមបក្ស ក្នុងការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី XIV របស់បក្ស។
ទីបី៖ អំពីការងារត្រៀមបម្រុងមហាសន្និបាតទី XIV។
មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី XIV របស់បក្ស គ្រោងនឹងរៀបចំឡើងចាប់ពីថ្ងៃទី ១៩/០១/២០២៦ ដល់ថ្ងៃទី ២៥/០១/២០២៦ នៅរដ្ឋធានីហាណូយ ដោយមានតំណាងចំនួន ១.៥៨៦ រូប តំណាងឱ្យបក្ខជនជាង ៥ លាននាក់ ចូលរួមមហាសន្និបាត។ ការិយាល័យនយោបាយ គណៈលេខាបក្ស បានចង្អុលការជ្រួតជ្រាប និងផ្សព្វផ្សាយអនុវត្តបណ្ដាសេចក្តីសម្រេចចិត្ត និងសេចក្តីសន្និដ្ឋានរបស់មជ្ឈិម និងការិយាល័យនយោបាយ អំពីកិច្ចការត្រៀមបម្រុងមហាសន្និបាតលើកទី XIV របស់បក្ស។ ចំពោះខ្លឹមសារឯកសារ និងកិច្ចការបុគ្គលិក គឺខ្ញុំបានរាយការណ៍ជូននៅខាងលើរួចហើយ។
ការងារចាត់តាំងបម្រើមហាសន្និបាតត្រូវត្រៀមបម្រុងឱ្យបានហ្មត់ចត់ ធានាសន្តិសុខ សុវត្ថិភាព និងត្រឹមត្រូវតាមសេចក្តីកំណត់របស់បក្ស។ ហេតុនេះ សំណូមពរបណ្តាសមមិត្តជ្រួតជ្រាបឱ្យបានច្បាស់លាស់នូវរបាយការណ៍របស់អនុគណៈកម្មការនានា ដើម្បីផ្តល់មតិបន្ថែម សំដៅធ្វើឱ្យការងារនេះកាន់តែល្អឥតខ្ចោះ រួមចំណែកដល់ជោគជ័យនៃមហាសន្និបាត។
សូមគោរពសមមិត្តគ្រប់រូប!
ជាមួយនឹងខ្លឹមសារកម្មវិធីខាងលើ ខ្ញុំសំណូមពរសមមិត្តទាំងឡាយផ្តោតបញ្ញា ស្មារតីទទួលខុសត្រូវ ភាពស្មោះត្រង់ សត្យានុម័តិនិងសុក្រឹតភាព ក្នុងការជ្រើសរើសបុគ្គលិក ឧទ្ទេសនាមជូនមហាសន្និបាតលើកទី XIV របស់បក្ស ក៏ដូចជាការផ្តល់មតិលើខ្លឹមសារកម្មវិធីនៃមហាសន្និបាត។
ជំនួសមុខការិយាល័យនយោបាយ និងគណៈលេខាបក្ស ខ្ញុំសូមប្រកាសបើកសន្និបាតលើកទី១៥ នៃគណៈប្រតិបត្តិការមជ្ឈិមបក្ស អាណត្តិកាលទី XIII។
សូមជូនពរសន្និបាតរបស់យើងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់៕
ប្រភព÷ TTXVN - ចន្ថា
| ចែករំលែកអត្ថបទ |
|
ពាក្យគន្លឹះអគ្គនិពន្ធនាយកស្តីទី: ហ្វិញហ្វាងម៉េន
លិខិតអនុញាតលេខ ៧៨៩/GP- BTTTTអាស្រ័យក្រសួងព័ត៌មាននិងសារគមនាគមន៍ផ្តល់នូវថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ សង្កាត់និញកេវ ក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម: quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព "សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពី websiteនេះ។
