ដោយជ្រួតជ្រាបដំបូន្មានអ៊ំ៖ “កម្មាភិបាលគឺជាឫសគល់នៃការងារទាំងអស់” ដូច្នេះក្នុងតួនាទីជា លេខាសាខាបក្ស និងជាប្រធានគណៈប្រជាជនភូមិ ៨A ឃុំវិញធ្វឹងដុង ទីក្រុងកឹងធើ លោកយ័ញឌេ តែងលើកកម្ពស់ស្មារតីទទួលខុសត្រូវ ជាគំរូ និងនាំមុខគ្រប់សកម្មភាពនិងចលនានៅភូមិភាគ។ ម៉្លោះហើយ លោកតែងបានប្រជាជនស្រឡាញ់និងជឿទុកចិត្ត។

លោកយ័ញឌេ លេខាសាខាបក្សនិងជាប្រធានគណៈប្រជាជនភូមិគំរូ ជិតដិតនឹងប្រជាជន។
ជាមួយបទពិសោធន៍ជាង ១០ ឆ្នាំក្នុងមុខតំណែងផ្សេងៗនៅក្នុងសាខាបក្ស និងថ្នាក់ដឹកនាំភូមិ។ ឆ្នាំ២០១៣ លោក យ័ញឌេ បានជ្រើសតាំងជាប្រធានគណៈប្រជាជនភូមិ ៨A ឆ្នាំ ២០១៨ លោកក៏បានកាន់តួនាទីជាលេខាសាខាបក្សភូមិ ៨A រហូតដល់បច្ចុប្បន្ន។ ទោះបីក្នុងមុខ តំណែងណាក៏ដោយ លោកតែងសម្រេចល្អភារកិច្ចដែលបានប្រគល់ ដោយបានដឹងថា ភូមិ ៨A ជាភូមិមានជនរួមជាតិខ្មែររស់នៅកុះករ ដោយ មាន ៣១៣ គ្រួសារ ក្នុងនោះ ជនរួមជាតិខ្មែរមានដល់ទៅ២០៥គ្រួសារ។ ជីវភាពនៅជួបការលំបាកច្រើន។ ចំពោះមុខស្ថានភាពនេះ លោកតែងសហការយ៉ាងសកម្មជាមួយអង្គការមហាជនផ្សេងៗ ស្វែងរកដំណោះស្រាយដើម្បីប្រជាជនមានជីវភាពប្រសើរឡើង តាមរយៈសកម្មភាពជាក់ស្តែង៖ សហការជាមួយធនាគារគោលនយោបាយ ផ្តល់ប្រាក់កម្ចីដើម្បីគ្រួសារខ្វះខាតមានលក្ខណៈអភិវឌ្ឍផលិត ធ្វើសេនាធិការនឹងរដ្ឋអំណាចពិនិត្យឧបត្ថម្ភលំនៅឋានដល់គ្រួសារក្រីក្រ និងគ្រួសារដែលមានជីវភាពខ្វះខាត រួមដំណើរនិងចែករំលែកបទពិសោធន៍ការផលិតដល់ប្រជាជនជាដើម។ តាំងពីនោះមក ជីវភាពរបស់ប្រជាជនបានកែលម្អជាលំដាប់ មានគ្រួសារជាច្រើនបានធូរធារអាស្រ័យដោយការកសាងទម្រង់ផលិតមានប្រសិទ្ធភាព។ ដោយវិធីអនុវត្តមានប្រសិទ្ធភាពនិងជាក់ស្តែងរបស់លោក ទើបជីវភាពប្រជាជនភូមិ ៨A មានការផ្លាស់ប្តូរយ៉ាងច្បាស់។ អត្រាគ្រួសារក្រីក្របានថយចុះពី ៥០ គ្រួសារ (ឆ្នាំ២០១៨) មកត្រឹម ១០ គ្រួសារ (ឆ្នាំ ២០២៥)។
មិនត្រឹមតែពង្រីកតួនាទីជាគំរូប៉ុណ្ណោះទេ លោក យ័ញឌេ នៅទាំងឈានមុខរាល់ការចលនាផ្សេងៗក្នុងភូមិ ពិសេស គឺចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទីក្រុងស៊ីវិល័យ” គាត់បានចលនាសប្បុរសជនកសាងស្ពានចំនួន ១០ និងជួសជុលផ្លូវដានក្នុងភូមិ ប្រវែងសរុបជាង ២.០០០ ម៉ែត្រ ដោយថវិកាសរុបជាង ២ ពាន់លានដុង។ ជារៀងរាល់ឆ្នាំ លោកចលនាសៀវភៅសរសេរបានចំនួន ៥០០ ក្បាលសម្រាប់សិស្សក្រីក្រ និងអំណោយចំនួន ២០០ ចំណែកជូនដល់គ្រួសារដែលមានស្ថានភាពក្រលំបាកនៅក្នុងឃុំ...។
សមមិត្ត ង្វៀងហ្វីកឿង លេខាគណៈកម្មាធិការ បក្សឃុំវិញធ្វឹងដុង ឱ្យដឹង៖ “ក្នុងតួនាទីជាលេខាសាខាបក្ស និងជាប្រធានភូមិ ៨A សមមិត្ត យ័ញឌេ តែងតែសម្រេចភារកិច្ចដែលប្រគល់ឱ្យបានយ៉ាងល្អ យកចិត្តទុកដាក់គិតគូរ ស្តាប់និងឆ្លុះបញ្ចាំងបានទាន់ពេលពីឆន្ទៈនិងបំណងប្រាថ្នារបស់ប្រជាជនជាមួយគណៈកម្មាធិការបក្ស និងរដ្ឋអំណាច។ ខ្នះខ្នែងចលនាប្រជាជនចូលរួមក្នុងរាល់សកម្មភាពនិងចលនាដែលភូមិភាគដាក់ចេញ រួមចំណែកជាមួយនឹងរដ្ឋអំណាចអនុវត្តជោគជ័យភារកិច្ចសេដ្ឋកិច្ចនិងនយោបាយក្នុងរយៈពេលកន្លងមក”៕
ថាញវ៉ាង-មេងលី