ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

22/12/2025 - 17:54

ទូក ង វត្ត​ស្រ​ឡូង ទី​ក្រុង​កឹង​ធើ​ឈ្នះ​រង្វាន់​លេខ១ 

- ថ្ងៃ​ទី២១ ខែ​ធ្នូ លើ​ដង​ព្រែក​ជីក​ក្វាង​ឡោ​ពុង​ហ៊ីប ពាន​រង្វាន់​ប្រ​ណាំង​ទូក ង ឃុំ​ភឿក​ឡុង ឆ្នាំ​២០២៥ ខេត្ត​កា​ម៉ាវ បាន​ប្រ​ព្រឹត្ត​ឡើង​យ៉ាង​ផុល​ផុស។ ពាន​រង្វាន់​បាន​ចាត់​តាំង​ឡើង​ដើម្បី​អប​អរ​សា​ទរ​ខួប​អនុស្សាវ​រីយ៍ ៨១​ឆ្នាំ ទិវា​បង្កើត​កង​ទ័ព​ប្រ​ជា​ជន​វៀត​ណាម (២២​/១២/​១៩៤៤ - ២២/​១២/​២០២៥)។

ពាន​រង្វាន់​នេះ មាន​ទូក ង​បុរស​ចូល​រួម​១២​ទូក ក្នុង​នោះ ខេត្ត​កា​ម៉ាវ​មាន​៨​ទូក និង​ទូក ង មក​ពី​ទី​ក្រុង​កឹង​ធើ និង​ខេត្ត​អាង​យ៉ាង​ចំ​នួន​៤​ទូក។ ចម្ងាយ​ខ្សែ​ទឹក​អុំ​ប្រ​ណាំង ១.០០០​ម៉ែត្រ ហើយ​បាន​ចែក​ជា ៤ ពូល អុំ​ប្រ​ណាំង​វិល​ជុំ​មួយ​លើក​គិត​ពិន្ទុ។ បញ្ចប់​ការ​ប្រ​ណាំង​ចែក​ពូល នឹង​ជ្រើស​រើស​យក​ទូក​លំ​ដាប់​លេខ​១ លេខ​២​ក្នុង​ពូលនី​មួយៗ​ឈាន​ចូល​អុំ​វគ្គ​៨​ទូក។

ទូក ង ទាំង​អស់​បាន​មក​កាន់​ទី​តាំង​ចេញ​ដំ​ណើរ។

ក្នុង​ការ​អុំ​ប្រ​ណាំង​ទូក ងទាំង​អស់​បាន​បញ្ចេញ​សមត្ថ​ភាព​យ៉ាង​ស្វា​ហាប់ ដោយ​ការ​តាំង​ចិត្ត​ខ្ពស់ ដើម្បី​នាំ​មក​នូវ​ការ​ប្រ​ណាំង​ដ៏​ជក់​ចិត្ត​ដល់​អ្នក​ទស្សនា។ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ទូក ងវត្ត​ស្រ​ឡូង ទី​ក្រុង​កឹង​ធើ ជួប​នឹង​ទូក​ ង​វត្ត​ង៉ាង​យឿ ខេត្ត​កា​ម៉ាវ។ ទូក​ទាំង​ពីរ​ប្រ​កួត​ប្រ​ជែង​យ៉ាង​ស្វា​ហាប់ តាំង​ពី​ចេញ​ដំ​ណើរ​រហូត​ដល់​ទី​ខែ្ស​ព្រ័ត្រ​បញ្ចប់ ទាក់​ទាញ​ការ​គាំ​ទ្រ​លើក​ទឹក​ចិត្ត​ពី​ទស្ស​និក​ជន​ជា​ច្រើន​នៅ​តាម​បណ្តោយ​ដង​ព្រែក។ ជា​លទ្ធ​ផល ទូក ង​វត្ត​ស្រ​ឡូង​ទទួល​បា​ លេខ​១ ទូក ងវត្ត​ង៉ាង​យឿ លេខ​២ ចំ​ណែក​លេខ​៣ បាន​ទៅ​លើ​ទូក ង​វត្ត​បឹង​ក្រ​ចាប់​ថ្មី ឃុំ​តឹង​ថាញ់ ទី​ក្រុងកឹង​ធើ។

ការ​អុំ​ប្រ​ណាំង​វគ្គ​ប្រ​កួត​ផ្តាច់​ព្រ័ត្រ រវាង​ទូក ង​វត្ត​ស្រ​ឡូង (អាវ​ពណ៌​លឿង) ទី​ក្រុង​កឹង​ធើ
យក​ឈ្នះ​លើ​ទូក ង​វត្ត​ង៉ាង​យឿ ខេត្ត​កា​ម៉ាវ។

គណៈចាត់តាំងជូនរង្វាន់លេខ១ ដល់ទូក ងវត្តស្រឡូង ទីក្រុងកឹងធើ។

តាម​រយៈ​នោះ គណៈ​ចាត់​តាំង​បាន​ជូន​ទង់​និង​ប្រាក់​រង្វាន់​លេខ១ ចំ​នួន​៧០​លាន​ដុង​ដល់​ទូក ង​វត្ត​ស្រ​ឡូង; រង្វាន់​លេខ​២ ចំ​នួន ៥០​លាន​ដុង​ជូន​ទូក ង​វត្ត​ង៉ាង​យឿ; និង​លេខ​៣ ចំ​នួន ៣០លាន​ដុង​ជូន​ទូក ង​វត្ត​បឹង​ក្រ​ចាប់​ថ្មី ទី​ក្រុង​កឹង​ធើ។ លេខ​៤ បាន​ទៅ​លើ​វត្ត​កោះ​ធំ ខេត្ត​កា​ម៉ាវ។ ក្រៅ​ពី​នេះ ទូក ង​ដែល​ចូល​រួម​អុំ​ប្រ​ណាំង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ១០ លាន​ដុង​ពី​ប្រ​ភព​ថវិកា​ចលនា​ក្នុង​សង្គម​និង​ថវិកា​ខេត្ត៕

យ៉ី​អាញ -​ ពេជ្រ​សឿន

ចែករំលែកអត្ថបទ