ឆ្នាំសិក្សា ២០២៥-២០២៦ ជាឆ្នាំដំបូងដែលផ្សព្វផ្សាយសេចក្តីសម្រេចចិត្តលេខ ៧១-NQ/TW ចុះថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៥ របស់ការិយាល័យនយោបាយ អំពីការលោតផ្លោះអភិវឌ្ឍអប់រំនិងបណ្តុះបណ្តាល។ នេះចាត់ទុកជារបត់ដ៏សំខាន់សម្រាប់ផ្នែកអប់រំនិយាយរួម សាលាអនុវិទ្យាល័យ និងវិទ្យាល័យជនជាតិអន្តេវាសិកថាញ់ភូ ឃុំញូយ៉ា ទីក្រុងកឹងធើ និយាយដោយឡែក។ ឆ្នាំសិក្សាថ្មី ចាប់ផ្តើមដោយការប្តេជ្ញាចិត្តនិងក្តីរំពឹងអំពីការអភិវឌ្ឍគ្រប់ជ្រុងជ្រោយនិងប្រកបដោយចីរភាព។

ម៉ោងសិក្សារបស់សិស្សសាលាអនុវិទ្យាល័យនិងវិទ្យាល័យជនជាតិអន្តេវាសិកថាញ់ភូ
ឃុំញូយ៉ា ទីក្រុងកឹងធើ។
រយៈពេលជិត ១៣ ឆ្នាំកសាងនិងអភិវឌ្ឍសាលាអនុវិទ្យាល័យនិងវិទ្យាល័យជនជាតិអន្តេវាសិកថាញ់ភូ មានមូលដ្ឋានសម្ភារៈបានវិនិយោគកសាងសមរម្យ កងជួរគ្រូបង្រៀនអស់ពីចិត្តនឹងអាជីព សិស្សលុះក្នុងដំបូន្មានទាំងគ្រូនិងសិស្សខំប្រឹងឈានឡើងឥតឈប់ឈរ។ លោកគ្រូយឿងសាផល ចាងហ្វាងសាលា ឱ្យដឹង៖ ជាមួយស្មារតីសាមគ្គីនិងការប្តេជ្ញាចិត្តខ្ពស់ គ្រូនិងសិស្សរបស់សាលាសម្រេចបានស្នាដៃលេចធ្លោជាច្រើន។ ឆ្នាំសិក្សាកន្លង នៅកម្រិតអនុវិទ្យាល័យ អត្រាសិស្សសម្រេចនិទ្ទេសគ្រាន់បើ ពូកែជិត ៧០%; ចរិយាសម្បត្តិល្អសម្រេចជាង៩០%; កម្រិតវិទ្យាល័យ អត្រាសិស្សសម្រេចនិទ្ទេសគ្រាន់បើ ពូកែ ជិត៨០%; ចរិយាសម្បត្តិល្អសម្រេចជិត ១០០%; សិស្សខ្នះខ្នែងចូលរួមរាល់ការចលនាពិធីប្រឡង ហើយទទួលបានរង្វាន់លេខ២ ចំនួន១រង្វាន់ លើកទឹកចិត្តចំនួន៦ នៅក្នុងសម័យប្រឡងសិស្សពូកែថ្នាក់ខេត្ត និងទទួលបានរង្វាន់លើកទឹកចិត្តចំនួន ១ ក្នុងពិធីប្រឡងថ្នាក់ជាតិ…។
ឆ្នាំសិក្សានេះ ទូទាំងសាលាមានសិស្ស ៤៧៣ នាក់ ក្នុងនោះ សិស្សអនុវិទ្យាល័យមាន ២៦៧ នាក់ សិស្សវិទ្យាល័យ ២០៦ នាក់ មានកម្មាភិបាល គ្រូបង្រៀននិងបុគ្គលិក៤៩នាក់។ នេះជាឆ្នាំសិក្សាដែលមានការរំពឹងជាច្រើន ប៉ុន្តែក៏ពោរពេញដោយការលំបាកសាកល្បង ពេលទូទាំងផ្នែកអប់រំជំរុញការផ្លាស់ថ្មីជាសារវន្តគ្រប់ជ្រុងជ្រោយ តាមស្មារតីសេចក្តីសម្រេចចិត្តលេខ៧១។ ចំពោះបញ្ហាលំបាកសាកល្បងខាងលើ សមូហភាពគ្រូបង្រៀននិងសិស្ស តែងកំណត់ទិសដៅច្បាស់លាស់ ជាក់លាក់ ដើម្បីឆ្នាំសិក្សាថ្មីនេះ អនុវត្តសម្រេចល្អភារកិច្ចនិងនាំនូវស្នាដៃថ្មីៗជូនសាលា។
ប្អូនកាវធីប៊ិតពឿង សិស្សថ្នាក់ទី ១០A១ ចែករំលែក៖ “ឆ្នាំសិក្សាថ្មី ជាមួយការលំបាក សាកល្បងជាច្រើន ម៉្លោះហើយចាប់ពីដើមឆ្នាំសិក្សា ប្អូនក៏មានផែនការនិងរៀបចំពេលវេលាសម្រាប់ខ្លួនឱ្យបានសមស្រប ដើម្បីសម្រេចបានលទ្ធផលល្អបំផុតក្នុងការសិក្សា។ ពេលចូលសាលា ប្អូនយកចិត្តទុកដាក់ស្តាប់គ្រូពន្យល់មេរៀន ចំណុចណាមិនទាន់យល់ ប្អូនក៏សួរលោកគ្រូ អ្នកគ្រូភ្លាម ពួកប្អូនបង្កើនការសិក្សាជាក្រុម”។ ជាមួយនឹងទិសដៅផែនការដាក់ចេញ សង្ឃឹមថាឆ្នាំសិក្សាថ្មីនេះ សិស្សានុសិស្សនឹងសម្រេចបានលទ្ធផលល្អជាច្រើន រួមចំណែកបង្កើតភាពជោគជ័យរួមសម្រាប់សាលា។
“ជាមួយស្មារតី “ក្រឹត្យក្រមច្នៃប្រតិដ្ឋ លោតផ្លោះ និងអភិវឌ្ឍ” នៅឆ្នាំសិក្សាថ្មី សាលារៀននឹងបន្តការផ្លាស់ថ្មីវិធីសាស្ត្របង្រៀន ពង្រីកសមត្ថភាពនិងគុណសម្បត្តិសិស្ស; ផ្តោតសំខាន់ទៅលើការអនុវត្តបច្ចេកវិទ្យាព័ត៌មាន ផ្លាស់ប្តូរឌីជីថលក្នុងការគ្រប់គ្រងនិងការបង្រៀន។ ទន្ទឹមនឹងនោះ បង្កើតបរិស្ថានរៀនសូត្រជិតស្និទ្ធ; បំប៉នលើកកម្ពស់ជំនាញវិជ្ជាជីវៈដល់កងជួរកម្មាភិបាល គ្រូបង្រៀនបំផុសស្មារតីច្នៃប្រតិដ្ឋ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអប់រំសម័យទំនើប” លោកគ្រូ យឿងសាផល ចាងហ្វាងសាលាបានឱ្យដឹងដូច្នេះ”៕
អត្ថបទនិងរូបថត៖ ថាញវ៉ាង-ប្រែសម្រួល៖ មុនី