សិល្បៈល្ខោនបាសាក់បានក្លាយជាផ្នែកមួយមិនអាចខ្វះបានក្នុងជីវភាពវប្បធម៌របស់ជនរួមជាតិខ្មែរណាមបូ។ បណ្តាតួអង្គក្នុងរឿងល្ខោនបាសាក់បានដិតជាប់ក្នុងអារម្មណ៍របស់សហគមន៍ជនរួមជាតិខ្មែរ ក្នុងនោះភាគច្រើនក្នុងរឿងល្ខោនបាសាក់តែងមានតួអង្គ ពិសេស មានគូរមុខក្រវេមក្រវាមហើយមានកាយវិការក៏ប្លែក បង្ហាញនូវកម្លាំងខ្លាំងក្លាភាពរឹងមាំនិងកាចសាហាវនោះគឺតួអង្គយក្ស។
តួអង្គយក្សក្នុងឈុតសម្តែងល្ខោនបាសាក់។
ក្នុងរឿងល្ខោនបាសាក់ យក្សគឺជាតួអង្គមានកម្លាំងខ្លាំងក្លានិងមានសិល្ប៍វិជ្ជា អាចកាឡាខ្លួនជាមនុស្សឬសត្វផ្សេងៗ។ យក្ស គឺជាតួអង្គមានល្បិចកលច្រើន ចិត្តអាក្រក់ និងល្មោភស្រីស្អាត។ តួអង្គយក្សតែងប្រើសិល្ប៍សាស្ត្រដើម្បីបង្កជម្លោះ ច្បាំងកាប់សម្លាប់បង្កជាឈុតឆាកដ៏ស្ញប់ស្ញែងក្នុងរឿងល្ខោនបាសាក់។
ក្នុងរឿងល្ខោនបាសាក់តួអង្គនីមួយ មានការស្អិតស្អាងប្លែកពីគ្នា ក្នុងនោះ អាចនិយាយបានថាតួអង្គយក្សមានការតុប តែងស្មុគស្មាញបំផុត។ ព្រោះអីដើម្បីឱ្យអ្នកទស្សនាចាប់អារម្មណ៍ក្រៅពីសម្លៀកបំពាក់ កាយវិការសិល្បករដើរតួយក្សត្រូវយល់ច្បាស់របៀបផ្សំពណ៌លាបមុខ ធ្វើយ៉ាងណាឱ្យឃើញកាចសាហាវ ស្ញប់ស្ញែងនិងឫទ្ធារបស់តួអង្គនេះ។
ព្រោះជាតួតំណាងឱ្យអាក្រក់ បានជាកាយវិការរបស់យក្សត្រូវតែខ្លាំង កាចសាហាវ ពេលសម្តែងឆ្ការដៃលើកឡើងផុតក្បាល ជើងដើរធ្ងន់ ជំហានវែងៗ។ លើឆាក តួអង្គយក្សតែងសម្តែងខុសប្លែកពីតួអង្គដទៃឆ្លងតាមការរាំនិងក្បាច់គុន។ យក្សតែងប្រើយុទ្ធគុនដើម្បីបង្ក្រាបគូប្រយុទ្ធ តិចនិយាយស្តី ភាគច្រើនគឺស្រែកក្នុងគោលបំណងបង្ក្រាបគូប្រយុទ្ធនិងបង្ហាញឫទ្ធរបស់ខ្លួន។ ក្រៅពីនោះ យក្សមានចង្កូម១គូ វែងនិងកោងពេលខ្លះលេបចូល ពេលខ្លះបញ្ចេញចង្កូមឱ្យឃើញកាចសាហាវ។
អាស្រ័យហេតុនេះ ដើម្បីសម្តែងឱ្យបានសមសួនក្នុងតួអង្គនេះ សិល្បករមួយរូបៗត្រូវហាត់តាមបែបបទនិងម៉ត់ចត់។ មានច្រើនឆ្នាំដើរតួយក្សក្នុងរឿងល្ខោនបាសាក់របស់ក្រុមសិល្បៈខ្មែរខេត្តសុកត្រាំង(ចាស់) បងឡឹមថាញ់ហ៊ុងចែករំលែកជាមួយយើងខ្ញុំថា៖ ពេលខ្ញុំទើបចូលក្រុមក៏បានសិល្បករជើងចាស់ប្រាប់បង្ហាញពីរបៀបសម្តែងតួយក្ស កាយវិការរួមមាន បញ្ចេញក្បាច់គុននិងក្បាច់ដំបងដល់របៀបគូរមុខធ្វើយ៉ាងម៉េចឱ្យឃើញកាចសាហាវ ឃោរឃៅ ដោយលាយចម្រុះពណ៌ខ្មៅនិងសជាពណ៌ចម្បងពេលខ្លះមានទាំងប្រើពណ៌បៃតងនិងក្រហមដើម្បីបង្ហាញឱ្យឃើញច្បាស់ទឹកមុខខឹងសម្បា កាចសាហាវរបស់តួអង្គយក្ស។ ពីដំបូងរៀនដើរតួយក្សពិបាកណាស់ព្រោះមិនទាន់ធ្លាប់ ដូច្នេះពេលច្រៀងឬពោលតាមរបៀបយក្សតែងឈឺនិងស្ងួតបំពង់ក ហើយឈឺមាត់ព្រោះបៀបចង្កូម តែហាត់យូរទៅក៏ធ្លាប់ហើយដើរតួនេះមកដល់បច្ចុប្បន្ន។
ជាទូទៅក្នុងសិល្បៈល្ខោនបាសាក់ ដំណើររឿងទាក់ទងដល់ការកម្ចាត់អំពើអាក្រក់ សម្លាប់យក្សសង្គ្រោះមនុស្សគឺជាការពេញនិយមក្នុងសាច់រឿង។ ឆ្លងតាមឈុតសម្តែងទាំងអស់នោះ បង្កប់នូវអត្ថន័យអប់រំនិងឱ្យយើងជឿជាក់ថាអំពើល្អនិងអាក្រក់តែងដើរទន្ទឹមគ្នាក្នុងសង្គម ហើយអំពើល្អ យកឈ្នះលើអំពើអាក្រក់ គឺជាការបញ្ចប់ដែលទស្សនិកជនចង់ឃើញ។ អាស្រ័យហេតុនេះ អាចនិយាយបានថាសាច់រឿងមានការសម្លាប់ឬឈ្នះលើតួអង្គយក្សមានប្រភពដើមពីរឿងបុរាណរបស់ជនជាតិខ្មែរ។ អនុបណ្ឌិតយ័ញមេន គ្រូបង្រៀនសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូឱ្យដឹង៖ យក្សក្នុងរឿងល្ខោនបាសាក់មានដើមកំណើតក្នុងរឿងវីរកថាឥណ្ឌាបុរាណ ជាពិសេសគឺរឿងរាមាយណៈ។ ក្នុងវប្បធម៌ខ្មែរ វីរកថានេះបានកែលំនាំទៅជារឿងរាមកេរ្តិ៍ នេះបានចាត់ទុកជាមូលដ្ឋានបង្កើតឈុតឆាកក្នុងរឿងល្ខោនបាសាក់ដទៃទៀត។ ក្នុងរឿងរាមកេរ្តិ៍ តួអង្គយក្សគឺតំណាងឱ្យបក្សពួកអាក្រក់។
នគរយក្សក្នុងរឿងល្ខោនបាសាក់។
អាចនិយាយបានថាតួអង្គយក្សក្នុងសិល្បៈល្ខោនបាសាក់មិនគ្រាន់តែជាតួ អង្គអាក្រក់ សាហាវឃោរឃៅប៉ុណ្ណោះទេ ហើយថែមទាំងតំណាងឱ្យអំពើអាក្រក់ដែលមានក្នុងសង្គមរបស់យើង គឺបុគ្គលដែលមានល្បិចកលឃោរឃៅ បោកបញ្ឆោតឬបុគ្គលគំរាមកំហែងអាយុជីវិតអ្នកដទៃដែលមានជាក់ស្តែងក្នុងសង្គម។ ហើយតួអង្គនេះដែរជាអត្ថបដិរូបដែលសិល្បករជាអ្នកនិពន្ធចង់ផ្ញើដល់អ្នកទស្សនាអំពីសេចក្តីអាក្រក់និងល្អដែលមាននៅក្នុងសង្គម។ អនុបណ្ឌិតយ័ញមេនឱ្យដឹងបន្ថែម៖ ក្នុងសិល្បៈល្ខោនបាសាក់ តួអង្គយក្សមិនត្រឹមតែតំណាងឱ្យសេចក្តីអាក្រក់ប៉ុណ្ណោះទេ ជាងនោះទៀតគឺឆ្លុះបញ្ចាំងបណ្តាទង្វើអសកម្មក្នុងសង្គម ទី១គឺការលោភលន់ ល្មោភបុណ្យស័ក្តិហួសហេតុ ព្រោះអីជាទូទៅតួយក្សក្នុងទីនេះ ជាស្តេចយក្សតំណាងឱ្យអ្នកមានអំណាចតែរំលោភអំណាច ទី២គឺអំពើហិង្សា ឈ្លានពាន ព្រោះថាយក្សតែងឈ្លានពានដែនដី ចាប់ឬសង្កត់សង្កិនមនុស្ស ទី៣គឺតណ្ហានិងអាត្មានិយម ព្រោះអីយក្សងប់នឹងសម្រស់ ចាប់ពង្រាត់ស្ត្រី។ល។ តាមរយៈតួអង្គយក្ស សិល្បៈល្ខោនបាសាក់បានអប់រំសីលធម៌ លើកតម្កើងភាពក្លាហាន ស្មោះស្ម័គ្រនិងយុត្តិធម៌ ជាពិសេសបញ្ជាក់ឱ្យឃើញថា សេចក្តីអាក្រក់ទោះបីខ្លាំងយ៉ាងណាក៏មិនអាចយកឈ្នះលើសេចក្តីល្អបាន។
តាមរយៈតួអង្គយក្សក្នុងសិល្បៈល្ខោនបាសាក់របស់ជនរួមជាតិខ្មែរណាមបូ បានឱ្យយើងឃើញថាអំពើល្អនិងអាក្រក់តែងដើរទន្ទឹមគ្នា តែទោះជាយ៉ាងណាអំពើល្អក៏យកឈ្នះលើអំពើអាក្រក់។ ហើយនោះ ក៏ជាមេរៀនសីលធម៌មនុស្សសាស្ត្រដែលសិល្បករខ្មែរចង់ផ្ញើជូនដល់សហគមន៍។
ថាញ់ហ៊ុង - អិនទ្វឹង
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយកស្តីទី: ហ្វិញហ្វាងម៉េន
លិខិតអនុញាតលេខ ៧៨៩/GP- BTTTTអាស្រ័យក្រសួងព័ត៌មាននិងសារគមនាគមន៍ផ្តល់នូវថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ សង្កាត់និញកេវ ក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម: quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព "សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពី websiteនេះ។