មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

27/08/2025 - 09:07

គំ​រូ​អ្នក​មាន​ប្រ​ជា​ប្រិយ​បម្រើ​ការ​ងារ​ល្អ​បាន​ច្រើន​ 

ជា​ច្រើន​ឆ្នាំ​មក​នេះ​ អ្នក​មាន​ប្រិយ​ភាព​តែង​ដើរ​តួនា​ទី​ជា​ស្ពាន​តភ្ជាប់​នាំ​យក​គោល​ការណ៍​ គោល​នយោ​បាយ​របស់​បក្ស​ ច្បាប់​របស់​រដ្ឋ​ដល់​ជន​រួម​ជាតិ​ខ្មែរ​ជា​និច្ច។​ ទន្ទឹម​នឹង​នោះ​ ជួយ​បក្ស​ រដ្ឋ​ក្តាប់​ពី​បំ​ណង​ប្រាថ្នា​របស់​ជន​រួម​ជាតិ​ ពង្រីក​ខ្លាំង​ក្លា​កម្លាំង​មហា​សាម​គ្គី​ទូទាំង​ជន​ជាតិ។​

លោក​លីសា​រិន (ខាង​ឆ្វេង​) អ្នក​មាន​ប្រិយ​ភាព​នៅ​ឃុំ​តឹង​ថាញ់ ក្រុង​កឹង​ធើ។​ រូប​ថត​៖ ថាញ​វ៉ាង​

ជា​កម្មា​ភិបាល​ចូល​និវត្តន៍​ ធ្លាប់​កាន់​តំ​ណែង​ជា​អនុប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​សុក​ត្រាំង​ (ចាស់) លោក​លីសា​រិន តែង​ជា​បក្ខ​ជន​គំរូ​និង​ជា​អ្នក​មាន​ប្រិយ​ភាព​នៅ​ឃុំ​តឹង​ថាញ់។​ ខណៈ​ដែល​ភូមិ​ស្រុក​លំ​បាក​ លោក​តែង​អស់​ពី​ចិត្ត​បន្ត​កម្លាំង​ជួយ​ប្រ​ជា​ជន​ក្នុង​ការ​លុប​បំ​បាត់​ភាព​អត់​ឃ្លាន​ បន្ថយ​ភាព​ក្រី​ក្រ ស្រុះ​ស្រួល​រួម​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​សម្រេច​ជា​ស្ថា​ពរ​នូវ​លក្ខ​ឋាន​កសាង​ជន​បទ​ថ្មី។​ លោក​សា​រិន ឱ្យ​ដឹង៖ “ដើម្បី​រួម​ជា​មួយ​រដ្ឋ​អំ​ណាច​សម្រេច​ជា​ស្ថាពរ​នូវ​លក្ខ​ឋាន​ កសាង​ជន​បទ​ថ្មី​ រយៈ​ពេល​កន្លង​ ខ្ញុំ​បាន​សហការ​ជា​មួយ​អង្គ​ការ​មហា​ជន​នា​នា​ ចលនា​ប្រ​ជា​ជន​បរិច្ចាគ​ដី​ពង្រីក​ផ្លូវ​; ចលនា​ថវិកា​កសាង​ស្ពាន​បាន​១២ខ្សែ ​គិត​ជា​តម្លៃ​ទឹក​ប្រាក់​ជាង​១ពាន់​លាន​ដុង៘”។​ ក្រៅ​ពី​នេះ​ ឆ្នាំ​ ២០១២ លោក​ថែម​ទាំង​រួម​ជា​មួយ​គណៈ​កម្ម​ការ​វត្ត​បឹង​ក្រ​ចាប់​ចាស់​ ឃុំ​តឹង​ថាញ់ ចលនា​ពុទ្ធ​បរិស័ទ​កសាង​សា​លា​ របង​វត្ត​ បង្គោល​ទង់​និង​ទី​ធ្លា​វត្ត៘ គិត​ជា​តម្លៃ​ទឹក​ប្រាក់​ជាង​៦ពាន់​លាន​ដុង។​

អ្នក​ស្រី​ លីវ​ធី​ឡាញ់​ (ខាង​ស្ដាំ​) អ្នក​មាន​ប្រិយ​ភាព​ឃុំ​តឹង​ថាញ់ ក្រុង​កឹង​ធើ។​

ចំ​ណែក​អ្នក​ស្រី​លីវ​ធី​ឡាញ់​ អ្នក​មាន​ប្រិយ​ភាព​នៅ​ភូមិ​តឹង​គ្វី A ឃុំ​តឹង​ថាញ់ ចែក​រំលែក៖ “ដោយ​ឃើញ​ជីវ​ភាព​របស់​មា​មីង​នៅ​លំ​បាក​ច្រើន​ ម្ល៉ោះ​ហើយ​ក្រោយ​ពី​ចូល​និវត្តន៍​ឆ្នាំ​២០១១ ខ្ញុំ​តែង​សហ​ការ​ជា​មួយ​រដ្ឋ​អំ​ណាច​ដើម្បី​គិត​គូរ​ពី​ជីវ​ភាព​ប្រ​ជា​ជន​ ឆ្លង​តាម​រយៈ​ការ​ងារ​សប្បុ​រស​ធម៌​ ឧបត្ថម្ភ​ ចែក​រំលែក​ដល់​គ្រួ​សារ​ដែល​មាន​ជីវ​ភាព​ខ្វះ​ខាត​នៅ​ភូមិ​ស្រុក”។​ រៀង​រាល់​ឆ្នាំ​ អ្នក​ស្រី​ឡាញ់​ ចលនា​អំ​ណោយ​បាន​ប្រ​មាណ​២០០​ចំ​ណែក​ ក្តារ​មឈូស​ប្រ​មាណ​១០ និង​សំ​ពត់​ស​រាប់​ពាន់​ម៉ែត្រ ឧបត្ថម្ភ​ដល់​គ្រួ​សារ​ដែល​មាន​ជីវ​ភាព​ខ្វះ​ខាត​ពេល​មាន​ពិធី​បុណ្យ​សព​ម្តង​ៗ។​ ពិ​សេស​ ក្នុង​អំ​ឡុង​ពេល​ Covid - ១៩ កាល​ពី​ឆ្នាំ​២០២១ អ្នក​ស្រី​ឡាញ់​ ចលនា​ម្ហូប​អា​ហារ​បាន​ជិត​១.០០០​ចំ​ណែក​ ជូន​មា​មីង​ក្នុង​តំ​បន់។​ ទន្ទឹម​នឹង​នោះ​ មា​មីង​ចលនា​សាច់​ញាតិ​រួម​វិភាគ​ទាន​ទឹក​ប្រាក់​សម្រាប់​កសាង​សមិទ្ធ​ផល​នា​នា ​តាម​វត្ត​ពុទ្ធ​សាស​នា​ទក្ខិណ​និកាយ​ខ្មែរ​នៅ​លើ​ភូមិ​សាស្ត្រ​ឃុំ​; តែង​ផ្សព្វ​ផ្សាយ​ ចលនា​មាមីង​ពុទ្ធ​បរិស័ទ​ក្នុង​ភូមិ​ស្រុក​ អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ រួម​សាម​គ្គី​ ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ឈាន​ឡើង​ក្នុង​ជីវ​ភាព។​

សម​មិត្ត​ ង្វៀង​ធីគីវ​លឹន - លេខា​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​តឹង​ថាញ់ ឱ្យ​ដឹង៖ “ជីវ​ភាព​របស់​មា​មីង​ រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ក្នុង​នោះ​ មាន​ការ​រួម​ចំ​ណែក​យ៉ាង​ជាក់​ស្តែង​ពី​អ្នក​មាន​ប្រិយ​ភាព​ក្នុង​តំ​បន់​ជន​ជាតិ​ផង​ដែរ។​ ចំ​ពោះ​ទង្វើ​ជាក់​ស្តែង​ ដែល​ប្រ​កប​ដោយ​មនុស្ស​ធម៌​របស់​ពួក​គាត់​ បាន​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​ភូមិ​ភាគ​ ជា​ពិ​សេស​ ពាំនាំ​នូវ​គោល​ការណ៍​ គោល​នយោ​បាយ​របស់​បក្ស​ រដ្ឋ​ផ្សព្វ​ផ្សាយ​ដល់​ប្រ​ជា​ជន​ ដើម្បី​ប្រ​ជា​ជន​យល់​និង​អនុវត្ត​បាន​ល្អ​ប្រ​សើរ”។​

ដើម្បី​ពង្រីក​តួនា​ទី​របស់​កង​កម្លាំង​មហា​ជន​ដ៏​ពិ​សេស​នេះ​ គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​ អង្គ​ការ​មហា​ជន​ គប្បី​យក​ចិត្ត​ទុក​ដាក់​ គិត​គូរ​កសាង​កង​ជួរ​អ្នក​មាន​ប្រិយ​ភាព​ ជាក់​ស្ដែង​ជា​បុគ្គល​គំរូ​ ជា​ទីបង្អែក​ផ្សារ​ភ្ជាប់​រវាង​ជន​ជាតិ​នីមួយ​ៗ​ ជា​ស្ពាន​តភ្ជាប់​ដ៏​សំ​ខាន់​រវាង​ឆន្ទៈ​បក្ស​ និង​ទឹក​ចិត្ត​ប្រ​ជា​ជន៕​

       អត្ថ​បទ​ និង​រូប​ថត​៖ ថាញវ៉ាង​ - លី​សៀ

ចែករំលែកអត្ថបទ