ទឹកអង្ករមានគុណប្រយោជន៍ជាច្រើនក្នុងជីវភាពប្រចាំថ្ងៃ ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែដឹងទាំងអស់នោះទេ។

រូបជាឧទាហរណ៍។
ទន្ទឹមនឹងអត្ថប្រយោជន៍ក្នុងការថែសម្រស់ទឹកអង្ករបានផ្តល់គុណប្រយោជន៍ជាច្រើនទៀត ក្នុងជីវភាពប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា។
ធ្វើឱ្យឆ្នាំងភ្លឺរលោង
ចំពោះឆ្នាំងមីញ៉ូម ដែកស្មិតអ៊ីណុកដែលទុកយូរថ្ងៃមិនប្រើវានឹងឡើងស្នឹម។ ដើម្បីឱ្យឆ្នាំងភ្លឺរលោងដូចដើមវិញលោកអ្នកអាចនឹងចាក់ទឹកអង្ករចូលពេញឆ្នាំង បន្ទាប់មកដាក់ឡើងចង្ក្រាន ដាំឱ្យពុះមួយស្របក់ រួចបិទភ្លើងចង្ក្រានទុកឱ្យទឹកអង្ករត្រជាក់សឹមចាក់ចេញ រួចលាងឆ្នាំងដោយទឹកធម្មតា គឺឆ្នាំងនឹងភ្លឺរលោងដូចដើមវិញ។
ប្រើសម្រាប់លាងចាន
ទឹកអង្ករអាចនឹងប្រើសម្រាប់ជាទឹកលាងចាន ពីព្រោះវាអាចនឹងលាងជម្រះចាន ស្លាបព្រាដែលជាប់ខ្លាញ់តិចតួច។
លោកអ្នកអាចនឹងប្រើប្រាស់ក្រណាត់ទន់ ជាសំពត់ងាយស្រួលក្នុងការដុសជ្រលក់ចូលទឹកអង្ករ ហើយយកមកដុសលាងចាន ស្លាបព្រា។ បន្ទាប់ពីលាងរួច គ្រាន់តែជម្រះដោយទឹកស្អាតជាការស្រេច។
បំបាត់ក្លិនឆ្អាបត្រី
ទឹកអង្ករបំបាត់ក្លិនឆ្អាបត្រីបានល្អ។ យើងចាប់ផ្តើមលាងត្រីឱ្យស្អាតពីរបីទឹកដោយចំពួយទឹក រួចត្រាំក្នុងទឹកអង្ករដោយលាយអំបិលមួយចំពិតរយៈពេលពី ១០-១៥ នាទី បន្ទាប់មកលាងដោយទឹកស្អាត ទុកឱ្យស្រក់ទឹកមុនពេលច្នៃជាម្ហូប។
ជម្រះជាតិរំអិលខ្យង
ជាវិធីមួយដើម្បីបំបាត់ជាតិរំអិលនិងដីភក់ដែលមានក្នុងខ្យងនោះគឺត្រាំខ្យងក្នុងទឹកអង្ករ។ ដំបូង លោកអ្នកគប្បីយកចានដែកមួយហើយចាក់ទឹកអង្ករចូលឱ្យពេញ បន្ទាប់មកហាន់ម្ទេសតូចៗពីរបីផ្លែបង់ចូលរួចហើយត្រាំខ្យងក្នុងរយៈពេលពី ១-២ម៉ោង។
ក្រោយពីត្រាំរួចស្រេច ដីភក់ដែលមានក្នុងខ្យងទាំងប៉ុន្មាននឹងក្អែចេញដោយស្វ័យប្រវត្តិ ហើយជាតិរំអិលនឹងកកខះជាដុំៗ៕
ប្រភព៖ laodong.vn - ប្រែសម្រួល៖ លីសៀ