ដោយការប្តេជ្ញាចិត្តនិងព្យាយាមពលកម្ម មានគ្រួសារនៅភូមិព្រែកឈ្វេង ឃុំញ៉ូយ៉ា ទីក្រុងកឹងធើ បានឈានឡើងលំនឹងជីវភាព ក្លាយជាគ្រួសារគំរូក្នុងការឈានឡើងចាកផុតភាពក្រីក្រនៅភូមិភាគ។

បងសើុងថាញលី កំពុងសកអំពៅ។
ក្រោយពីរៀបការនៅឆ្នាំ ២០០៤ គ្រួសារបងសើុងថាញលី និងបងស្រីត្រេវធីឡាង កាលនោះ គ្រួសារគាត់ជាគ្រួសារក្រីក្រ គ្មានដីបង្កបង្កើនផល ស្ថានភាពគ្រួសារជួបការលំបាក។ ដោយមានបំណងចង់ផ្លាស់ប្តូរជីវភាព ពីរនាក់ប្តីប្រពន្ធបានទៅធ្វើកម្មករនៅប៊ិញយឿង។ ប៉ុន្តែប្រាក់ចំណូលទាប ការចំណាយខ្ពស់ ម៉្លោះហើយជីវភាពនៅតែខ្វះមុខខ្វះក្រោយ។ ដោយសង្កេតឃើញថាមិនអាចពឹងលើការស៊ីឈ្នួលរហូតនោះទេ ប្តីប្រពន្ធបងក៏សម្រេចចិត្តវិលមកស្រុកដើម្បីផ្តើមអាជីព។
ឆ្នាំ២០២០ គ្រួសារបងបានធនាគារគោលនយោបាយសង្គមឧបត្ថម្ភបុលទុន ៥០ លានដុង សម្រាប់បើកតៀមលក់ដូរ។ បន្ទាប់ពីសងប្រាក់កម្ចីលើកដំបូងរួច ប្តីប្រពន្ធគាត់បន្តបុលទុនបន្ថែម១០០លានដុង។ អាស្រ័យឧស្សាហ៍ពលកម្មនិងចេះគិតគូរ ប្តីប្រពន្ធគាត់វិនិយោគទិញម៉ាស៊ីនសកអំពៅតម្លៃ ៣៦ លានដុង និងម៉ាស៊ីន គាបទឹកអំពៅតម្លៃជាង ១០ លានដុង ដើម្បីពង្រីកអាជីវកម្ម។

លោកសើុងសិននិងអ្នកមីងឡឹមធីហា ជាមួយនឹងគេហដ្ឋានថ្មី។
ជាមួយការខិតខំប្រឹងប្រែងដោយឥតឈប់ឈរ ឆ្នាំ២០២៤ ក្រោយពីសន្សំសំចៃប្រាក់បានមួយចំនួន ប្តីប្រពន្ធគាត់ទិញបានដីធារទំហំ ១៦៩ ម៉ែត្រការ៉េ ដើម្បីសង់តៀមថ្មីឱ្យទូលាយលក់ដូរបន្តិចបន្តួច។ ទន្ទឹមនឹងនោះ គ្រួសារគាត់នៅទាំងដាំអំពៅ២កុង សម្រាប់គាបទឹកលក់និងចែកចាយដល់តៀមទឹកអំពៅនៅលើភូមិសាស្ត្រឃុំនិងឃុំជិតខាងទៀតផង។ រៀងរាល់ថ្ងៃ ប្រាក់ចំណូលបានមកពីការលក់ដូរនិងលក់ទឹកអំពៅប្រមាណ ៣០០.០០០ដុង។
បងថាញលី ចែករំលែក៖ “ខ្ញុំតែងស្វែងយល់ពីទម្រង់រកស៊ីមានប្រសិទ្ធភាពតាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីរៀនសូត្រសង្កេតឃើញថា ដំណាំអំពៅសមស្របនឹងលក្ខណៈគ្រួសារ។ ដោយលក្ខណៈពិសេសរបស់អំពៅគឺងាយស្រួលដាំដុះ គឺដាំតែម្ដងប៉ុណ្ណោះ ក្រោយរយៈពេល ១០ ខែគឺអាចប្រមូលផល ហើយប្រមូលផលដល់ទៅពី ៤ -៥ លើក។ អំពៅ ១ កុងផ្តល់ប្រាក់ចំណូលប្រមាណ ១៥ លានដុងក្នុងមួយឆ្នាំ។ ក្រៅពីអំពៅផ្ទះ ខ្ញុំនៅទាំងទិញអំពៅពីកូវឡាវយុងនិងហូវយ៉ាងយកមកលក់បន្ថែមទៀតផង”។
មិនត្រឹមតែផ្ដោតលើការអភិវឌ្ឍសេដ្ឋកិច្ចសម្រាប់គ្រួសារប៉ុណ្ណោះទេ បងថាញលី ថែមទាំងត្រៀមលក្ខណៈជួយណែនាំពីបច្ចេកទេសដាំដុះ និងធានាច្រកចេញប្រសិនបើមាមីងមានតម្រូវការដាំអំពៅ។
ចំណែកគ្រួសារលោកសើុងសិននិងអ្នកមីងឡឹមធីហា ក៏ជាគ្រួសារមួយស្ថិតក្នុងក្របខ័ណ្ឌគ្រួសារក្រីក្រ។ គាត់រៀបការនៅឆ្នាំ ១៩៩២ ក្នុងលក្ខណៈខ្វះខាត បានឪពុកម្តាយចែកដីស្រែ ៣,៥ កុង។ រយៈពេលដំបូង ប្តីប្រពន្ធគាត់ចិញ្ចឹមជ្រូក ប៉ុន្តែមិនជោគជ័យ។ ដោយមិនចុះញមភាពក្រីក្រ គាត់បង្វែរមកដាំចម្ការ អាស្រ័យខ្នះខ្នែងពលកម្ម ចាយវាយប្រិតសំចៃ គាត់ទិញបានដីស្រែបន្ថែមដើម្បីពង្រីកការផលិត។ ក្រោយពីចែកដីស្រែ៧កុងឱ្យកូនៗ នៅសល់៨,៥កុងគាត់ធ្វើស្រែនិងដាំដំណាំរួមផ្សំ រៀងរាល់ឆ្នាំ រកបានប្រាក់ចំណូលប្រមាណ ១០០ លានដុង។ ផ្តើមពីប្រភពចំណូលសន្សំសំចៃជាច្រើនឆ្នាំ បច្ចុប្បន្ន គាត់សង់បានផ្ទះមួយខ្នងគិតជាតម្លៃជិត ៦០០ លានដុង ។ ពូសើុងសិន ចែករំលែក៖ “ឪពុកម្តាយក្រ ចែកទ្រព្យសម្បត្តិបានតិចតួច ខ្ញុំខំប្រឹងធ្វើការរកស៊ីដោយខ្លួនឯង។ ធ្វើស្រែ ដាំដុះ ចិញ្ចឹមសត្វ។ល។ ខ្ញុំខិតខំប្រឹងប្រែងធ្វើជាគំរូដើម្បីឱ្យកូនចៅយកតម្រាប់តាម”។
បងលីមិញក្វាង ប្រធានប្រជាជនភូមិព្រែកឈ្វេង ឃុំញ៉ូយ៉ា បញ្ជាក់៖ “គ្រួសារទាំងពីរនេះ សុទ្ធតែជាគ្រួសារគំរូក្នុងការចលនាជម្នះលំបាកធ្វើមាន។ ពួកគាត់មិនទន្ទឹងរង់ចាំឬសំអាងលើរដ្ឋ ចេះភ្ញាក់រំលឹកខ្លួន ទីពឹងខ្លួនដើម្បីឈានឡើង។ នេះគឺជាគ្រួសារគំរូ មាមីងក្នុងភូមិគួររៀនសូត្រនិងយកតម្រាប់តាម”៕
អត្ថបទនិងរូបថត៖ អាញ់ទ្វឹង-មុនី