ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២៥ មានអនុក្រឹត្យដល់ទៅចំនួន ២៨ ស្តីពីវិមជ្ឈការ វិសហមជ្ឈការមានសុពលភាព។ ក្នុងនោះ សំណុំបែបបទថ្មីៗជាច្រើន នឹងត្រូវបានផ្លាស់ប្តូរស្ថាប័នមានសមត្ថកិច្ចដើម្បីដោះស្រាយ។

អាចរៀបរាប់បានដូចជា៖
គណៈកម្មាធិការប្រជាជនថ្នាក់ឃុំ មានសិទ្ធិផ្តល់សៀវភៅកាន់កាប់ដីធ្លីជាលើកដំបូងជូនប្រជាជន។ នេះគឺជាខ្លឹមសារត្រូវបានបញ្ជាក់ក្នុងមាត្រា ១៨ នៃអនុក្រឹត្យលេខ ១៥១/២០២៥/NĐ-CP ប្រសិនបើឆ្លើយតបត្រឹមត្រូវតាមលក្ខខណ្ឌក្នុងការផ្តល់សៀវភៅកាន់កាប់ដីធ្លីដោយ មិនមានវិវាទស្របនឹងផែនការរៀបចំដីធ្លី និងមិនបំពានច្បាប់ដីធ្លី។
គណៈកម្មាធិការប្រជាជនថ្នាក់ឃុំ មានសិទ្ធិបញ្ជាក់ឯកសារបកប្រែពីភាសាបរទេសមកភាសាវៀតណាម ឬពីភាសាវៀតណាមទៅភាសាបរទេស ស្ថិតក្នុងដែនសមត្ថកិច្ចរបស់គណៈកម្មាធិការប្រជាជនថ្នាក់ឃុំ។
ជំនួសឱ្យការអនុវត្តទៅតាមភូមិសាស្ត្រថ្នាក់ ស្រុកដូចមុននេះ ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥ កម្រិតប្រាក់អប្បបរមា ត្រូវបានបែងទៅតាមភូមិសាស្ត្រថ្នាក់ឃុំជាផ្លូវការ តាមអនុក្រឹត្យ លេខ ១២៨/២០២៥/NĐ-CP។
អាចដាក់ពាក្យចុះបញ្ជីអត្រានុកូលដ្ឋាន នៅទីស្នាក់ការគណៈកម្មាធិការប្រជាជនថ្នាក់ឃុំណាមួយដែលខ្លួនស្នាក់នៅ កន្លែងតាំងទីលំនៅរបស់បុគ្គល ត្រូវបានកំណត់តាមសេចក្ដីកំណត់នៃច្បាប់ ស្តីពីការតាំងទីលំនៅតាមសេចក្ដីកំណត់ត្រង់ប្រការ ១ នៃមាត្រា ៥ នៃអនុក្រឹត្យលេខ ១២០/២០២៥/NĐ-CP។
ច្បាប់ធានារ៉ាប់រងសុខាភិបាលវិសោធនកម្ម ឆ្នាំ ២០២៤ ចាប់ផ្ដើមមានសុពលភាព
អត្ថប្រយោជន៍និងបទប្បញ្ញត្តិជាច្រើនដែលទាក់ទងនឹងធានារ៉ាប់រងសុខាភិបាល ត្រូវបានអនុវត្តចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥ យោងតាមច្បាប់វិសោធនកម្ម ច្បាប់ស្តីពីធានារ៉ាប់រងសុខាភិបាល ឆ្នាំ ២០២៤។ ខាងក្រោមនេះគឺជាខ្លឹមសារសំខាន់ៗមួយចំនួនដែលគួរចាប់អារម្មណ៍៖
វិសោធនកម្មនិងធ្វើបច្ចុប្បន្នភាពចំពោះមុខសញ្ញាចូលរួមធានារ៉ាប់រងសុខាភិបាល ដោយបន្ថែមមុខសញ្ញាដែលត្រូវចូលរួមធានារ៉ាប់រងសុខាភិបាលចាប់បង្ខំ; បុគ្គលិកសុខាភិបាលតាមភូមិ សហការីសុខាភិបាលតាមភូមិ; អ្នកចូលរួមក្នុងកងកម្លាំងការពារសន្តិសុខ សណ្ដាប់ធ្នាប់នៅមូលដ្ឋាន; អ្នកដែលមានអាយុចាប់ពី ៧៥ ឆ្នាំឡើងទៅ កំពុងទទួលប្រាក់ឧបត្ថម្ភសោធនប្រចាំខែ និងអ្នកដែលមានអាយុចាប់ពី ៧០ ឆ្នាំ ដល់ក្រោម ៧៥ ឆ្នាំ ដែលស្ថិតក្នុងក្របខ័ណ្ឌគ្រួសារក្រីក្រ ហើយកំពុងទទួលប្រាក់ឧបត្ថម្ភសោធនប្រចាំខែ។
ការពិនិត្យ ព្យាបាលជំងឺនៅផ្ទះ ក៏ត្រូវបានធានារ៉ាប់រងសុខាភិបាលបង់ថ្លៃ ដោយផ្អែកលើប្រការ ១៦ មាត្រា ១ នៃច្បាប់វិសោធនកម្ម ច្បាប់ស្តីពីធានារ៉ាប់រងសុខាភិបាល ឆ្នាំ២០២៤ ការពិនិត្យ និងព្យាបាលជំងឺ រួមមាន៖ ការពិនិត្យនិងព្យាបាលជំងឺពីចម្ងាយ ជំនួយការពិនិត្យនិងព្យាបាលជំងឺពីចម្ងាយ ការពិនិត្យនិងព្យាបាលជំងឺវេជ្ជសាស្រ្តប្រចាំគ្រួសារ ការពិនិត្យនិងព្យាបាលជំងឺនៅផ្ទះ ការស្តារនីតិសម្បទា ការពិនិត្យផ្ទៃពោះជាប្រចាំ និងសម្រាលកូនជាដើម។
ការប្ដូរលេខកូដពន្ធដារដោយលេខសម្គាល់អត្តសញ្ញាណជាផ្លូវការ
ជាគម្រោងច្បាប់មួយក្នុងចំណោមគម្រោងច្បាប់ទាំងឡាយ មានឥទ្ធិពលធំធេងដល់គោលនយោបាយពន្ធដារសម្រាប់អ្នកប្រើប្រាស់ទូទាំងប្រទេស ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥ ច្បាប់អាករលើតម្លៃបន្ថែម ឆ្នាំ ២០២៤ ក៏មានសុពលភាព ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥ នេះតទៅ។
តាមរយៈនោះ ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥ អ្នកបង់ពន្ធនឹងប្រើលេខសម្គាល់អត្តសញ្ញាណជំនួសឱ្យលេខកូដពន្ធដារ។ ក្នុងនោះ លេខសម្គាល់អត្តសញ្ញាណរបស់ពលរដ្ឋវៀតណាម ដែលផ្ដល់ដោយក្រសួងនគរបាល គឺរួមមានតួលេខធម្មតាចំនួន ១២ ខ្ទង់ ត្រូវបានប្រើជំនួសលេខកូដពន្ធដារសម្រាប់អ្នកបង់ពន្ធដែលជាបុគ្គល និងអ្នករស់នៅក្នុងបន្ទុក។
ជាមួយគ្នានេះដែរ នៅពេលទិញទំនិញ ឬសេវាកម្មដែលមានតម្លៃក្រោម ២០ លានដុង ត្រូវមានវិក្កយបត្រ ដែលមិនប្រើសាច់ប្រាក់ លើកលែងករណីមួយចំនួនដែលរដ្ឋាភិបាលបានកំណត់។
ខណៈដែលមុននេះ ប្រការ ២ មាត្រា ១២ នៃច្បាប់អាករលើតម្លៃបន្ថែម ឆ្នាំ ២០០៨ កំណត់មុខទំនិញ ឬសេវាកម្មក្នុងការទិញម្ដងៗ មានតម្លៃក្រោម ២០ លានដុង មិនចាំបាច់មានវិក្កយបត្រដែលមិនប្រើសាច់ប្រាក់សម្រាប់កាត់បន្ថយពន្ធអាករលើតម្លៃបន្ថែមនោះ…៕
ប្រភព៖ TTXVN - ប្រែសម្រួល៖ ពេជ្រសឿន