07/07/2025 - 10:42

ភាព​អ៊ូអរ​នៃ​ថ្នាក់​រៀន​អក្សរ​ខ្មែរ 

រៀង​រាល់​រដូវ​វិស្សម​កាល ដំ​ណើរ​ស្វែង​រក​ភា​សា​កំ​ណើត​របស់​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​ក៏​ចាប់​ផ្ដើម។ នៅ​តាម​វត្ត​ពុទ្ធ​សាសនា​ទក្ខិណ​និកាយ​ខ្មែរ​លើ​ភូមិ​សាស្រ្ត​ឃុំ​ត្រឹង​ដេ ក្រុង​កឹង​ធើ បរិ​យា​កាស​ថ្នាក់​រៀន​អក្សរ​ខ្មែរ​កាន់​តែ​មាន​ភាព​ពុះ​ពោរ​និង​អ៊ូ​អរ។

ថ្នាក់​រៀន​អក្សរ​ខ្មែរ​នៅ​សា​លា​បឋម​សិក្សា​ទ្រុង​ប៊ិញ B។ រូប​ថត៖ ហុង​តើ

រដូវ​វិស្សម​កាល​រៀង​រាល់​ឆ្នាំ វត្ត​ពោធិ​គម្ភីរ​សា​គរ​ដង​ក្ដោង ភូមិ​ដង​ក្ដោង ឃុំ​ត្រឹង​ដេ ក្រុង​កឹង​ធើ តែង​បើក​បង្រៀន​អក្សរ​ខ្មែរ​ជូន​កូន​ចៅ​ពុទ្ធ​បរិស័ទ​ចំ​ណុះ​ជើង​វត្ត​និង​ក្រៅ​ជើង​វត្ត។ រដូវ​វិស្ស​មកាល​ឆ្នាំ​នេះ វត្ត​បើក​ថ្នាក់​ទី ១ និង​ទី ២ មាន​សិស្ស​ចូល​រៀន​ជាង ១០០ នាក់ ក្នុង​នោះ ថ្នាក់​ទី ១ មាន​៣​បន្ទប់ ថ្នាក់​ទី ២ មាន ២ បន្ទប់។ ពិ​សេស ដើម្បី​បង្ក​លក្ខណ​សម្បត្តិ​សម្រាប់​ប្អូនៗ​នៅ​ឆ្ងាយ វត្ត​បាន​បើក​បង្រៀន ២ ថ្នាក់​នៅ​ភូមិ​កណ្ដាល កន្លែង​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ។ ហេតុ​នោះ កុមារ​តូចៗ​ជាង ៥០ នាក់ មិន​បាច់​ធ្វើ​ដំ​ណើរ​ទៅ​ឆ្ងាយ ប៉ុន្តែ​បាន​រៀន​អក្សរ​ខ្មែរ​រៀង​រាល់​ថ្ងៃ​ដែរ។ ព្រះ​តេជ​ព្រះ​គុណ ថាច់​ចន្ថា ទទួល​បន្ទុក​បង្រៀន​អក្សរ​ខ្មែរ​ថ្នាក់​ទី ១ មាន​ថេរ​ដី​កា៖ “វត្ត​បាន​បើក​បង្រៀន​អក្សរ​ខ្មែរ​តាំង​ពី​ចុង​ខែ​ឧសភា​មក​ម៉្លេះ។ ឆ្នាំ​នេះ ចំ​នួន​សិស្ស​ចុះ​ឈ្មោះ​ចូល​រៀន​ច្រើន​បង្គួរ ជា​ពិ​សេស គឺ​ថ្នាក់​ទី ១ វត្ត បាន​រៀប​ចំ​បើក​បង្រៀន ៣ បន្ទប់​ដោយ​ឡែក។ ទោះ​បី​រដូវ​វស្សា មេឃ​បង្អុរ​ភ្លៀង​ច្រើន​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ​ប្អូនៗ​នៅ​តែ​មក​រៀន​ទៀង​ទាត់ និង​ផ្ចិត​ផ្ចង់​ស្ដាប់​អា​ត្មា​ភាព​បង្ហាត់​បង្រៀន”។

វត្ត​សិរី​ពោធិ​ដើម​ពោធិ៍ នៅ​ភូមិ​ដើម​ពោធិ៍ ក៏​ជា​ចំ​ណុច​លេច​ធ្លោ​មួយ​ក្នុង​ចលនា​បង្រៀន​អក្សរ​ខ្មែរ​នៅ​ឃុំ​ត្រឹង​ដេ​ផង​ដែរ។ ឆ្នាំ​នេះ វត្ត​បាន​រៀប​ចំ​បើក​បង្រៀន ៣ កន្លែង៖ នៅ​ក្នុង​វត្ត នៅ​សា​លា បឋម​សិក្សា​ទ្រុង​ប៊ិញ B និង​នៅ​សា​លា​បឋម​សិក្សា​ង៉ាង​រ៉ូ ២ សរុប​ចំ​នួន​សិស្ស​ចូល​រៀន​ទាំង ៣ ថ្នាក់ ទី១ ទី២ ទី៣ គឺ ជាង ៣៥០ នាក់។ ទោះ​បី​បើក​បង្រៀន​ច្រើន​កន្លែង​ផ្សេងៗ​គ្នា​ក៏​ដោយ ប៉ុន្តែ​នៅ​កន្លែង​ណា​ក៏​ឮ​សូរ​សំ​ឡេង​អាន “ក ខ គ ឃ ង” កង​រំពង​អម​ជា​មួយ​នឹង​សំ​ឡេង​បង្ហាត់​បង្រៀន​របស់​ព្រះ​សង្ឃ។ ប្អូន​ថាច់​ឡឹម​ញឺ​អី សិស្ស​រៀន​អក្សរ​ខ្មែរ​ថ្នាក់​ទី​១​នៅ​វត្ត​សិរី​ពោធិ​ដើម​ពោធិ៍ ចែក​រំលែក៖ “ប្អូន​ចូល​ចិត្ត​រៀន​អក្សរ​ខ្មែរ​ខ្លាំង​ណាស់ ពេល​ចូល​រៀន ប្អូន​បាន​ព្រះ​សង្ឃ​បង្រៀន​ស្រះ​ ព្យញ្ជនៈ ប្រ​កប​អក្សរ សរ​សេរ​អក្សរ​ជា​ដើម។ ប្អូន​តែង​យក​ចិត្ត​ទុក​ដាក់​រៀន​សូត្រ ដើម្បី​ចេះ​អាន ចេះ​សរ​សេរ​អក្សរ​ខ្មែរ”។

តាម​ថេរ​ដី​កា ព្រះ​តេជ​ព្រះ​គុណ សើុង​មិញ​ហៀង ព្រះ​ចៅ​អធិ​ការ​វត្ត​សិរី​ពោធិ​ដើម​ពោធិ៍ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេ​ហា​ជាតិ​ខេត្ត​សុក​ត្រាំង (ចាស់) ការ​បើក​បង្រៀន​អក្សរ​ខ្មែរ​ក្នុង​ឱកាស​វិស្ស​មកាល បាន​ទាក់​ទាញ​សិស្ស​ចូល​រៀន​យ៉ាង​កុះ​ករ។ ដើម្បី​ចលនា​សិស្ស​ចូល​រៀន​អក្សរ​ខ្មែរ វត្ត​តែង​ប្រ​កាស​រៀង​រាល់​ថ្ងៃ​សីល​និង​សហ​ការ​ជា​មួយ​នឹង​គណៈ​កម្ម​ការ​វត្ត​ចុះ​ទៅ​តាម​គ្រួ​សារ ដើម្បី​លើក​ទឹក​ចិត្ត​អា​ណា​ព្យា​បាល​សិស្ស​ជូន​កូន​ទៅ​រៀន​អក្សរ​ខ្មែរ។ ព្រះ​តេជ​ព្រះ​គុណ សើុង​មិញ​ហៀង ក៏​បាន​បញ្ជាក់​អំ​ពី​តួនាទី​យ៉ាង​សកម្ម​របស់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ ជា​ពិ​សេស​គឺ​ការ​ផ្សព្វ​ផ្សាយ​សេចក្ដី​សម្រេច​ចិត្ត​លេខ ១៧​/២០១៩​/NQ​-HĐND របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង (ចាស់)-គោល​នយោ​បាយ ឧបត្ថម្ភ​ពិ​សេស​ដោយ​ឡែក​សម្រាប់​អ្នក​បង្រៀន​ភា​សា​និង​អក្សរ​ខ្មែរ​ក្នុង​ឱកាស​វិស្ស​មកាល បាន​បង្ក​ជា​កម្លាំង​ចលករ​ជូន​ព្រះ​សង្ឃ​និង​គ្រូ​បង្រៀន ក្នុង​ការ​បង្ហាត់​បង្រៀន​ភា​សា អក្សរ​និង​អភិរក្ស​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ​ខ្មែរ៕

 អត្ថ​បទ​និង​រូប​ថត៖ ហុង​តើ -បក​ប្រែ៖ ថាច់​ធី

 

ចែករំលែកអត្ថបទ