19/04/2025 - 09:59

ភាព​កក់​ក្តៅ​នៃ​មនោ​សញ្ចេត​នា​រវាង​កង​ទ័ព​និង​ប្រ​ជា​ជន​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ 

ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង បាន​អនុ​វត្ត​នូវ​ទម្រង់ និង​កម្ម​វិធី​ជា​ច្រើន​ដើម្បី​គិត​គូរ​ដល់​អ្នក​ក្រ បំ​ផុត​គឺ​ជន​រួម​ជាតិ​ភាគ​តិច​នៅ​លើ​ភូមិ​សាស្រ្ត។ ឆ្លង​តាម​រយៈ​នោះ បាន​រួម​ចំ​ណែក​កសាង​ទំ​នាក់​ទំនង​រវាង​កង​ទ័ព​និង​ប្រ​ជា​ជន​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​កាន់​តែ​ស្អិត​ល្មួត។

ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា បើក​ការ​សាង​សង់​ផ្ទះ​ជូន​គ្រួ​សារ​ក្រី​ក្រ។

ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា គ្រប់​គ្រង​ភូមិ​សាស្រ្ត​ឃុំ​ចំ​នួន​ពីរ គឺ​ឡាយ​ហ្វា​និង​វិញ​តឹង​នៃ​ទី​រួម​ខេត្ត​វិញ​ចូវ ទី​នេះ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​៧០% ហើយ​លក្ខណៈ​សេដ្ឋ​កិច្ច​នៅ​លំ​បាក​ច្រើន។ យោង​តាម​ប្រ​សាសន៍​វរសេ​នីយ៍​ត្រី ង្វៀង​ហ្វាង​ដេ ស្នង​ការ​នយោ​បាយ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា ផ្តើម​ពី​ស្ថាន​ភាព​ជាក់​ស្តែង អង្គ​ភាព​បាន​ធ្វើ​សេនា​ធិ​ការ​ជូន​គណៈ​កម្មា​ធិការ​បក្ស បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ កសាង​ទម្រង់​និង​សកម្ម​ភាព​ជួយ​ប្រ​ជា​ជន។ ក្នុង​នោះ មាន​ទម្រង់ “ល្វែង​ទំ​និញ​សូន្យ​ដុង” “ផ្សារ​ណាត់​ពិសេស” សម្រាប់​អ្នក​ក្រ និង​ផែន​ការ “រាល់​សប្តាហ៍​មាន​ការ​ងារ​មួយ​ប្រ​កប​ដោយ​អត្ថ​ន័យ” ត្រូវ​បាន​អនុ​ម័ត និង​វាយ​តម្លៃ​ខ្ពស់។ មក​ដល់​ពេល​នេះ ទម្រង់​ត្រូវ​បាន​អនុវត្ត​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព ជួយ​ឱ្យ​អ្នក​ក្រ មនុស្ស​ចាស់​គ្មាន​ទី​ពឹង និង​ជន​ពិការ​ជា​ជន​ជាតិ​ខ្មែរ ទទួល​បាន​អំ​ណោយ​ដោយ​ក្តី​រីក​រាយ​និង​ភាព​កក់​ក្តៅ ជួយ​កាត់​បន្ថយ​បាន​ការ​លំ​បាក​ក្នុង​ជីវ​ភាព។ ដោយ​ឡែក​នៅ​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី អង្គ​ភាព​ក៏​បាន​រៀប​ចំ​ជូន​អំ​ណោយ​និង​វេច​នំ​អន្សម​ជូន​មា​មីង​ខ្មែរ​ដែល​មាន​ជីវ​ភាព​ក្រី​ក្រ មនុស្ស​ចាស់​គ្មាន​ទី​ពឹង និង​ជន​ពិ​ការ​ផង​ដែរ ដើម្បី​គ្រប់​គ្រួ​សារ​បាន​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​កប​ដោយ​ភាព​រីក​រាយ​និង​កក់​ក្តៅ។ ទន្ទឹម​នឹង​នោះ អង្គ​ភាព​បាន​រៀប​ចំ​កម្ម​វិធី​សិល្បៈ​ដើម្បី​ជន​រួម​ជាតិ​ច្រៀង​រាំ​សប្បាយ​អំ​ណរ​ឆ្នាំ​ថ្មី។

កម្មា​ភិបាល​ពេទ្យ​យោ​ធា​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា មក​ពិនិត្យ​ជំងឺ​និង​ផ្តល់​ថ្នាំ​ពេទ្យ​ដល់​ជន​ពិការ។

ទម្រង់ “ល្វែង​ទំ​និញ​សូន្យ​ដុង” និង “ផ្សារ​ណាត់​ពិ​សេស” សម្រាប់​អ្នក​ក្រ​ត្រូវ​បាន​អង្គ​ភាព​រៀប​ចំ​ឡើង​ចាប់​ពី​ខែ​តុលា ឆ្នាំ​២០២៣ មក​ដល់​បច្ចុប្បន្ន។ តាម​នោះ អង្គ​ភាព​រៀប​ចំ​បាន​ចំ​នួន​១៩​លើក ចែក​ជូន​អំ​ណោយ​ជាង ៧០០ ចំ​ណែក រួម​មាន÷ អង្ករ មី ត្រី​សាច់ បន្លែ ផ្លែ​ឈើ និង​របស់​របរ​ប្រើ​ប្រាស់​ចាំ​បាច់​ដល់​អ្នក​ក្រ មនុស្ស​ចាស់​គ្មាន​ទី​ពឹង​និង​ជន​ពិ​ការ។ បន្លែ​ផ្លែ​ឈើ ត្រី សាច់​ជា​ដើម គឺ​អង្គ​ភាព​ផលិត​ដោយ​ផ្ទាល់។ ចំពោះ​ទម្រង់ “រាល់​សប្តាហ៍​មាន​ការ​ងារ​មួយ​ប្រ​កប​ដោយ​អត្ថ​ន័យ” អង្គ​ភាព​បាន​កៀរ​គរ​សង់​ផ្ទះ​មហា​សាមគ្គី​បាន​៤​ខ្នង កង់​១៥​គ្រឿង អំ​ណោយ​ចំ​នួន​៤៨​ចំ​ណែក ។ល។ ជូន​សិស្សា​នុសិស្ស និង​ប្រ​ជា​ជន​ក្រី​ក្រ​លើ​ភូមិ​សាស្រ្ត។ លោក​យាយ ថាច់​ធី​ឡូយ បាន​ឱ្យ​ដឹង៖ “ប្តី​ប្រ​ព័ន្ធ​ខ្ញុំ​មាន​វ័យ​ចាស់ បាន​ក្មួយៗ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ឧបត្ថម្ភ ពិនិត្យ​ជំងឺ ផ្តល់​ថ្នាំ​ពេទ្យ អង្ករ ប្រាក់​កាស បន្លែ ផ្លែ​ឈើ និង​របស់​របរ​ប្រើ​ប្រាស់​ចាំ​បាច់​ជា​រឿយៗ ដូច្នេះ យើង​ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់។ ចំ​ណែក​នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ក្មួយៗ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​បាន​មក​ជូន​នំ​អន្សម អង្ករ ប្រាក់ បន្លែ ត្រី​សាច់។ល។ ទឹក​ចិត្ត​របស់​ក្មួយៗ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន បាន​ជួយ​ឱ្យ​យើង​ខ្ញុំ​មាន​ភាព​កក់​ក្តៅ ដូច្នេះ យើង​ខ្ញុំ​តែង​ចង​ចាំ​នូវ​សគុណ​បំ​ណាច់​នេះ​ជា​រៀង​រហូត” ។

ទន្ទឹម​នឹង​នោះ ទម្រង់ “រាល់​សប្តាហ៍​មាន​ការ​ងារ​មួយ​ប្រ​កប​ដោយ​អត្ថ​ន័យ” នៅ​ទាំង​ចលនា​កម្មា​ភិបាល យុទ្ធ​ជន​ក្នុង​អង្គ​ភាព ប្រិត​សំ​ចៃ​ពី​ចំ​ណែក​អា​ហារ​ប្រ​ចាំ​ថ្ងៃ ដើម្បី​បង្កើត “ខាប់​អង្ករ​មនោ​សញ្ចេត​នា​កង​ទ័ព​និង​ប្រ​ជា​ជន” នៅ​ចុង​សប្តាហ៍​បូក​សរុប​និង​ចែក​ជូន​ដល់​ប្រ​ជា​ជន​ក្រី​ក្រ។ ព្រម​ទាំង​ដក​ប្រាក់​ចំ​ណេញ​ពី​ការ​បង្ក​បង្កើន​ផល​មួយ​ចំ​ណែក ដើម្បី​បង់​កូន​ជ្រូក​ដី “ធ្វើ​ជា​មូល​និធិ​សម្រាប់​សកម្ម​ភាព” ទឹក​ប្រាក់​ដែល​បាន​មក​ពី​ការ​បង់​កូន​ជ្រូក​ដី​នឹង​យក​ទៅ​ទិញ​ថ្នាំ​ពេទ្យ​របស់​ប្រើ​ប្រាស់​ចាំ​បាច់ ហើយ​រៀង​រាល់​សប្តាហ៍ ចាត់​បុគ្គ​លិក​ពេទ្យ​យោ​ធា​ចុះ​ទៅ​ដល់​ផ្ទះ​ពិនិត្យ​ជំងឺ ផ្តល់​ថ្នាំ​ដោយ​ឥត​គិត​ថ្លៃ ព្រម​ទាំង​អំ​ណោយ​ដល់​មនុស្ស​ចាស់​គ្មាន​ទី​ពឹង ជន​ពិ​ការ និង​អ្នក​មាន​ជំងឺ​រុាំ​រៃ​លើ​ភូមិ​សាស្រ្ត។ ទន្ទឹម​នឹង​នោះ ចាត់​កម្មា​ភិបាល​ចុះ​ទៅ​ផ្ទះ​ជន​ពិ​ការ ដើម្បី​ណែ​នាំ​អំ​ពី​បច្ចេក​ទេស​បណ្ដុះ​សណ្តែក​បណ្តុះ​ស្អាត។ល។ ដើម្បី​ជួយ​ឱ្យ​ពួក​គាត់​រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​ជីវ​ភាព។ លោក​លី​ថាញ​សាង នៅ​ភូមិ​ព្រៃ​ជាប់ B បាន​ឱ្យ​ដឹង៖ “ពី​មុន​ដោយ​សារ​សុខ​ភាព​មិន​ល្អ ខ្ញុំ​ពឹង​ទាំង​ស្រុង​ទៅ​លើ​ការ​ជំ​នួយ​ពី​សប្បុ​រស​ជន ព្រោះ​គ្មាន​ការ​ងារ​ធ្វើ និង​មិន​ដឹង​ធ្វើ​អ្វី​រក​ប្រាក់​ឡើយ។ ឥឡូវ​បាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សាង​សង់​ផ្ទះ​ថ្មី​ជូន ផ្តល់​អំ​ណោយ​ថ្នាំ​ពេទ្យ និង​បង្ហាញ​ខ្ញុំ​ពី​របៀប​បណ្តុះ​សណ្តែត​បណ្តុះ ដូច្នេះ ចន្លោះ​៥ ថ្ងៃ​គឺ​ប្រ​មូល​ផល​ម្តង។ រៀង​រាល់​លើក​ប្រ​មូល​ផល តែង​បាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ជួយ​លក់​ឱ្យ​បាន​ជិត ៣០០​ពាន់​ដុង ដូច្នេះ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ព្រោះ​អាច​រក​បាន​ប្រាក់​ចំ​ណូល​គួរ​សម​ដែរ”។

វរសេនីយ៍​ត្រី ង្វៀង​ហ្វាង​ដេ មាន​ប្រ​សាសន៍៖ “តាម​រយៈ​ការ​អនុវត្ត​ទម្រង់​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន ឡាយ​ហ្វា ត្រូវ​បាន​រដ្ឋ​អំ​ណាច​ភូមិ​ភាគ គណៈ​កម្មា​ធិការ​បក្ស​និង​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​វាយ​តម្លៃ​ថា អង្គ​ភាព​បាន​ក្លាយ​ជា​ទី​បង្អែក​ដ៏​រឹង​មាំ​សម្រាប់​ប្រ​ជា​ជន​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ។ ប្រ​ការ​នេះ បាន​ជួយ​ពង្រឹង​ទំ​នាក់​ទំ​នង​រវាង​កង​ទ័ព​និង​ប្រ​ជា​ជន​កាន់​តែ​ស្អិត​ល្មួត​ជាង​ទៀត ក៏​ដូច​ជា​កសាង​ជំ​ហរ​យុទ្ធ​សាស្រ្ត​ទឹក​ចិត្ត​ប្រ​ជា​ជន​កាន់​តែ​រឹង​មាំ​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ”៕

លីធាន - សុផន

ចែករំលែកអត្ថបទ