ជាច្រើនឆ្នាំមកនេះ ការងារអភិរក្សនិងពង្រីកបេតិកភ័ណ្ឌវប្បធម៌អរូបីនៅលើភូមិសាស្ត្រខេត្តអាងយ៉ាង មិនត្រឹមតែរួមចំណែកអភិរក្សអត្តសញ្ញាណជនជាតិប៉ុណ្ណោះទេ ថែមទាំងមានតួនាទីដ៏សំខាន់ក្នុងការអភិវឌ្ឍទេសចរណ៍ លើកស្ទួយជីវភាពស្មារតីដល់ប្រជាជនទៀតផង។


របរធ្វើស្ករត្នោតរបស់ជនរួមជាតិខ្មែរនៅស្រុកទ្រីតូងនិងទីរួមខេត្តទិញបៀង ជាបេតិកភ័ណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។
ទូទាំងខេត្តអាងយ៉ាង បច្ចុប្បន្នមានបេតិកភ័ណ្ឌវប្បធម៌អរូបីចំនួន ៨២ ត្រូវបានធ្វើស្ថិតិ។ ក្នុងនោះ លេចធ្លោគឺ៖ មានពិធីបុណ្យប្រពៃណីចំនួន ១១ ដូចជា ពិធីបុណ្យដូនចួសឺ ភ្នំសាម (ក្រុងចូវដុក) ពិធីប្រណាំងគោបៃណូយ ពិធីបុណ្យសែនដូនតានិងពិធីបុណ្យចូលឆ្នាំថ្មីរបស់ជនជាតិខ្មែរ៘ មានទម្រង់សិល្បៈសម្តែងប្រជាប្រិយចំនួន ៥ មានដូច៖ ល្ខោនហាកបោយ ចម្រៀងប្រជាប្រិយខ្មែរ របាំប្រជាប្រិយចាម ភ្លេងពិណពាទ្យ៘ មានរបរហត្ថកម្មប្រពៃណីចំនួន ៨ ដូច៖ ត្បាញហូល ធ្វើស្ករត្នោត ធ្វើនំប្រពៃណីរបស់ជនរួមជាតិខ្មែរ និងត្បាញបន្ទោះ៘ ពិសេសគឺពិធីបុណ្យដូនចួសឺ ភ្នំសាម ត្រូវបានទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៌អរូបីតំណាងមនុស្សជាតិ ក្លាយជាកន្លែងជំនឿសាសនា - ទេសចរណ៍ដ៏ធំទូទាំងតំបន់វាលរាបទន្លេគឺវឡុង ទាក់ទាញភ្ញៀវទេសចរជាង ២លានលើកនាក់ជារៀងរាល់ឆ្នាំ។
ការអភិរក្សបេតិកភ័ណ្ឌវប្បធម៌អរូបីលើភូមិសាស្ត្រខេត្ត ត្រូវបានផ្សព្វផ្សាយព្រមៗគ្នា។ ក្នុងនោះ លេចធ្លោគឺខេត្តរៀបចំធ្វើស្ថិតិ បង្កើតបញ្ជីឈ្មោះសំណង់បេតិកភ័ណ្ឌវប្បធម៌អរូបីនៅ ១១ ស្រុក ទីរួមខេត្ត ក្រុង។ ធ្វើបញ្ជីឈ្មោះនិងធ្វើបច្ចុប្បន្នភាពសមិទ្ធផលបេតិកភ័ណ្ឌ ៨២ កន្លែង រួមមានពិធីបុណ្យ សិល្បៈសម្តែង របរហត្ថកម្ម ទំនៀមទម្លាប់៘ អាងយ៉ាង ក៏បានរៀបចំវគ្គហ្វឹកហាត់ ១២ ថ្នាក់ បង្រៀនរបរប្រពៃណី ចម្រៀងប្រជាប្រិយ របាំប្រជាប្រិយ ជួយសិក្ខាកាមជាង ៣០០ នាក់ ជាយុវជនជនជាតិភាគតិច បង្ខិតជិតនិងបន្តស្នងតម្លៃវប្បធម៌។ ឧបត្ថម្ភជួសជុល កែលម្អទីតាំងសកម្មភាពវប្បធម៌ជនជាតិ ១៥ កន្លែង ដូចជាវត្តអារាមខ្មែរ វិហារគ្រិស្តសាសនា ទីធ្លាប្រារព្ធពិធីបុណ្យប្រពៃណី។ មានសកម្មភាព សម្តែងសិល្បៈប្រជាប្រិយ ដាក់តាំងផលិតផលប្រពៃណី ប្រឡងសម្តែងសិល្បៈជនជាតិជាច្រើន ត្រូវបានរៀបចំរៀងរាល់ឆ្នាំក្នុងបរិយាកាសទិវាបុណ្យវប្បធម៌បណ្តាជនជាតិ សប្ដាហ៍វប្បធម៌ – ទេសចរណ៍អាងយ៉ាង៘
អាងយ៉ាងជាសន្សឹមៗនាំយកតម្លៃវប្បធម៌អរូបីសម្រាប់បម្រើការអភិវឌ្ឍទេសចរសហគមន៍។ របរហត្ថកម្មប្រកបដោយលក្ខណៈវប្បធម៌ជនជាតិ ត្រូវបានវិនិយោគអភិវឌ្ឍ បង្កើតបានជាផលិតផល អនុស្សាវរីយ៍ដ៏ពិសេស បម្រើជូនភ្ញៀវទេសចរ។ ដូចជាភូមិរបរត្បាញហូលចាមចូវផុង ចាមដាភឿក ភូមិរបរត្បាញហូលខ្មែរវ៉ាន់យ៉ាវ ភូមិរបរផលិតស្ករត្នោតអាងភូ ចូវឡាំង ខេត្តអាងយ៉ាង៘ ភ្ញៀវទេសចរមកអាងយ៉ាង មិនត្រឹមតែបានទស្សនាទេសភាពធម្មជាតិដ៏ស្រស់ត្រកាលប៉ុណ្ណោះទេ ថែមទាំងបានទស្សនាកម្សាន្តវប្បធម៌ប្រកបដោយលក្ខណៈពិសេសរបស់បណ្តាជនជាតិភាគតិច– ជាឧត្តមភាពមួយដើម្បីខេត្តអភិវឌ្ឍទេសចរណ៍ផ្សារភ្ជាប់នឹងអភិរក្សវប្បធម៌។
ដើម្បីអភិរក្សនិងពង្រីកប្រសិទ្ធភាពតម្លៃបេតិកភ័ណ្ឌវប្បធម៌អរូបី លោកឡេវ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអាងយ៉ាង មានប្រសាសន៍៖ ខេត្តបន្តធ្វើបញ្ជីឈ្មោះ បង្កើតឯកសារ និងឌីជីថលភាវូបនីយកម្មបេតិកភ័ណ្ឌវប្បធម៌អរូបី; កសាងគោលនយោបាយអនុគ្រោះដល់សិប្បករ ឧបត្ថម្ភដល់ការងារបង្ហាត់បង្រៀន បង្កលក្ខណសម្បត្តិសម្រាប់សិប្បករបើកថ្នាក់បង្រៀន។ ទន្ទឹមនឹងនោះ គួបផ្សំអប់រំវប្បធម៌ជនជាតិទៅក្នុងសាលា សកម្មភាពសម្ព័ន្ធយុវជន បង្កស្មារតីភ្ញាក់រលឹកស្នងបន្តដល់យុវវ័យជំនាន់ក្រោយ។ អភិវឌ្ឍទម្រង់ទេសចរណ៍ផ្សារភ្ជាប់នឹងវប្បធម៌ប្រពៃណីទាក់ទាញប្រភពធនធានក្នុងសង្គមសម្រាប់ការអភិរក្ស៕
ថាញឡុង- លីសៀ