តាមសារាចរថ្មីអំពីការបណ្តុះបណ្តាលបើកបររថយន្ត អនុញ្ញាត ឱ្យប្រភេទប័ណ្ណបើកបររថយន្ត អាចរៀនទ្រឹស្តីតាមទ្រង់ទ្រាយប្រមូលផ្តុំ ឬបណ្តុះបណ្តាលពីចម្ងាយ ឬក៏ស្វ័យសិក្សាដោយមានការណែនាំ។

រូបជាឧទាហរណ៍។
ក្រសួងគមនាគមន៍និងដឹកជញ្ជូន ទើបប្រកាសឱ្យប្រើសារាចរលេខ ៣៥/២០២៤/TT-BGTVT កំណត់អំពីការបណ្តុះបណ្តាលប្រឡងនិងផ្តល់ជូនប័ណ្ណបើកបរ; ផ្តល់ជូននិងប្រើប្រាស់ប័ណ្ណបើកបរអន្តរជាតិ; បណ្តុះបណ្តាលពិនិត្យផ្ទៀងផ្ទាត់ និងផ្តល់ជូនវិញ្ញាបនបត្របំប៉នចំណេះដឹងច្បាប់អំពីចរាចរណ៍ផ្លូវគោក។ សារាចរនេះ មានសុពលភាពជាធរមានចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២៥។
ប្រការគួរកត់សម្គាល់ គឺក្រសួងគមនាគមន៍និងដឹកជញ្ជូន សំណូមពរគ្រប់ប្រភេទប័ណ្ណបើកបររថយន្តទាំងអស់ត្រូវតែរៀនទ្រឹស្តី ឱ្យបានគ្រប់សព្វតាមទ្រង់ទ្រាយប្រមូលផ្តុំ ឬបណ្តុះបណ្តាលពីចម្ងាយ ឬក៏ស្វ័យសិក្សាដោយមានការណែនាំ។
ជាក់ស្តែង អ្នកមានតម្រូវការសុំផ្តល់ប័ណ្ណបើកបរប្រភេទ៖ B, C១, C, D១, D២, D, BE, C១E, CE, D១E, D២E និង DE ត្រូវសិក្សាគ្រប់កម្មវិធីទ្រឹស្តីតាមបទប្បញ្ញត្តិ និងបានជ្រើសរើសវិធីសិក្សាមួយក្នុងចំណោមវិធីសិក្សាទាំងឡាយ ដូចជា៖ ប្រមូលផ្តុំនៅមូលដ្ឋានបណ្តុះបណ្តាលបើកបរ ឬបណ្តុះបណ្តាលពីចម្ងាយ ឬក៏ស្វ័យសិក្សាដោយមានការណែនាំតាមសេចក្តីកំណត់របស់ច្បាប់អំពីសកម្មភាពបណ្តុះបណ្តាល និងប្រឡងបើកបរ។
ចំពោះខ្លឹមសារអនុវត្តបើកបរជាក់ស្តែង ត្រូវសិក្សាតាមទ្រង់ទ្រាយប្រមូលផ្តុំនៅមូលដ្ឋានបណ្តុះបណ្តាលបើកបរ។
លោក ង្វៀងវ៉ាន់វៀង ប្រធានសម្ព័ន្ធសមាគមដឹកជញ្ជូនរថយន្តវៀតណាម មានប្រសាសន៍ថា តាមបទប្បញ្ញត្តិជាធរមានអនុញ្ញាតឱ្យអ្នករៀនបើកបរប្រភេទ B១ បានរៀនទ្រឹស្តីដោយខ្លួនឯង គ្រាន់តែធ្វើតេស្តនៅមូលដ្ឋានបណ្តុះបណ្តាលប៉ុណ្ណោះ។ ប្រភេទប័ណ្ណបើកបរផ្សេងទៀតត្រូវរៀនប្រមូលផ្តុំ។
“ការអនុញ្ញាតជាផ្លូវការឱ្យមានការបណ្តុះបណ្តាលពីចម្ងាយ ស្វ័យសិក្សាដោយមានការណែនាំ គឺបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ ឬបណ្តុះបណ្តាលប្រមូលផ្តុំ ជំនួសឱ្យការបណ្តុះបណ្តាល ប្រមូលផ្តុំតែមួយបែប ដូចពីមុននោះ គឺជាការជឿនលឿនមួយជួយកាត់បន្ថយការចំណាយនិងពេលវេលាទាំងអ្នកសិក្សា និងគ្រឹះស្ថាន បណ្តុះបណ្តាល” - លោកង្វៀងវ៉ាន់វៀង បានឱ្យដឹងដូច្នេះ៕
យោង៖ Chinhphu.vn - ប្រែសម្រួល៖ វិមាន