មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

03/12/2024 - 09:53

ជម្នះ​ការ​លំ​បាក ឈាន​ឡើង​ធូរ​ធារ 

ដោយ​ស្មារតី​ស៊ូ​ទ្រាំ​លំ​បាក ព្យា​យាម​ពល​កម្ម សំ​ខាន់​គឺ​ឆន្ទៈ​ឈាន​ឡើង​ខ្លួន​ឯង បងថាច់​យ៉ែន នៅ​ភូមិ​ព​ពុះ​ទឹក ឃុំ​ភូមី ស្រុក​មី​ទូ ខេត្ត​សុក​ត្រាំង បាន​លើក​ស្ទួយ​ជីវ​ភាព​គ្រួសារ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ និង​ឈាន​ឡើង​ធូរ​ធារ។

បង​ថាច់​យ៉ែន កំ​ពុង​ដាក់​ស្មៅ​គោ។

ចាប់​ផ្ដើម​កសាង​ជីវ​ភាព​ដំ​បូង ប្ដី​ប្រ​ពន្ធ បង​ថាច់​យ៉ែន មាន​ដី​ផលិត​កម្ម​ត្រឹម​២ កុង​ដែល​ឪពុក​ម្ដាយ​ចែក​ឱ្យ​ប៉ុណ្ណោះ ម្ល៉ោះ​ហើយ​បង​យ៉ែន​បាន​លើក​រង​ដាំ​ជីរ​បន្លា ដោយ​រំ​ពឹង​ថា នឹង​មាន​ប្រាក់​ចំ​ណូល​ជា​ប្រ​ចាំ​សម្រាប់​ផ្គត់​ផ្គង់​ជីវ​ភាព។ កើត​ក្នុង​គ្រួ​សារ​ដែល​ជំ​នាញ​ដាំ​ជីរ​បន្លា បាន​ជា​បង​យ៉ែន ក្ដាប់​ច្បាស់​បច្ចេក​ទេស​ដាំ គួប​ផ្សំ​នឹង​ការ​ព្យា​យាម​និង​ស៊ូ​ទ្រាំ​លំ​បាក ការ​ដាំ​ជីរ​បន្លា​ក៏​កាក់​កប​និង​តម្លៃ​លក់​សម​រម្យ។ ផ្ដើម​ពី​ប្រ​សិទ្ធ​ភាព​ទាំង​នោះ បង​យ៉ែន​បាន​បន្ត​ជួល​ដី​២កុង​ដើម្បី​ពង្រីក​ការ​ដាំ​ដុះ និង​គួប​ផ្សំ​ជា​មួយ​ចិញ្ចឹម​ពូជ​គោ​បា​រាំង។ ប្ដី​ប្រ​ពន្ធ​បង​យ៉ែន បាន​ផ្ដោត​អា​រម្មណ៍​លើ​ការ​ដាំ​បន្លែ​និង​ចិញ្ចឹម​សត្វ ចំ​ណែក​ដី​ជុំ​វិញ​ផ្ទះ​និង​ភ្លឺ​ទំនប់​គឺ​ដាំ​ស្មៅ​ដើម្បី​ធា​នា​ប្រ​ភព​ចំ​ណី​ឱ្យ​គោ។ កន្លង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ប្រាក់​សន្សែ​សន្សំ​អំ​ពី​ការ​លក់​គោ​និង​ជីរ​បន្លា ប្ដី​ប្រ​ពន្ធ​បង​យ៉ែន ក៏​បាន​ជួល​ដី​ស្រែ​សម្រាប់​ធ្វើ​ស្រូវ។ មាន​ដើម​ទុន ផ្ដើម​ពី​ការ​ជួល​ដី​ជា​សន្សឹមៗ​ប្ដី​ប្រ​ពន្ធ​បង​យ៉ែន សន្សែ​សន្សំ​ទិញ​បាន​ដី​ស្រែ​បន្តិច​ម្ដងៗ រហូត​មក​ទល់​បច្ចុប្បន្ន គ្រួ​សារ​បង​យ៉ែន មាន​ដី​ស្រែ​ជា​កម្ម​សិទ្ធិ​ចំ​នួន​១០​កុង។ បង​យ៉ែន ឱ្យ​ដឹង៖ “តាម​រយៈ​អនុ​ផល​កសិកម្ម ដូច​ជា​ចំ​បើង​និង​ស្លឹក​ជីរ បន្លា​ចាស់ៗ​សម្រាប់​ធ្វើ​ជា​ចំណី​គោ ម្ល៉ោះ​ហើយ មេ​គោ ៤ ក្បាល​ធាត់​ធំ​ល្អ។ គិត​ជា​មធ្យម​ក្នុង​មួយ​ឆ្នាំ​ខ្ញុំ​លក់​កូន​គោ​ពី​២-៤ក្បាល ក្នុង​តម្លៃ​ពី​១៥-២០​លាន​ដុង/​ក្បាល (ទៅ​តាម​ដំ​ណាក់​កាល​នី​មួយៗ)។ ដោយ​ឡែក​ដី​នៅ​ជាប់​ភ្លឺ​ប្រ​ឡាយ មាន​ទឹក​សាប​ខួប​ឆ្នាំ ការ​ដាំ​ជីរ​បន្លា​និង​ស្មៅ​គឺ​ងាយ​ស្រួល​ណាស់។ ចំ​ណែក​ដី​២​កុង​នៅ​ជិត​ផ្ទះ ខ្ញុំ​ជីក​ស្រះ​ស្ដុក​ទឹក​សម្រាប់​ដាំ​ដុះ ម្ល៉ោះ​ហើយ​ទោះ​បី​រដូវ​ប្រាំង​ឬ​វស្សា ខ្ញុំ​តែង​មាន​ជីរ​បន្លា​លក់​គ្រប់​ពេល។ បច្ចុប្បន្ន ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ​ខ្ញុំ​ប្រ​មូល​ផល​ជីរ​បន្លា​ពី​៥០​-១០០​គីឡូ​ក្រាម លក់​ឱ្យ​ម៉ូយ តម្លៃ​ពី​១២.០០០ - ២២.០០០​ដុង​/គីឡូ​ក្រាម”។ តាម​សម្ដី​បង​យ៉ែន ការ​ដាំ​ជីរ​បន្លា​ថ្វី​ដ្បិត​នឿយ​ហត់​បន្តិច​ក៏​ពិត​មែន ប៉ុន្តែ​ដំ​ណាំ​មិន​សូវ​មាន​សត្វ​ល្អិត​បំ​ផ្លាញ ការ​ប្រើ​ប្រាស់​ជី​ក៏​តិច​តម្លៃ​ក៏​លំ​នឹង ម្ល៉ោះ​ហើយ​រក​បាន​ប្រាក់​ចំ​ណូល​ខ្ពស់។

  ចម្ការ​ជីរ​បន្លា​របស់​ប្ដី​ប្រ​ពន្ធ​បង​ថាច់​យ៉ែន​កំ​ពុង​លូត​លាស់​ល្អ​និង​ប្រ​មូល​ផល​រៀង​រាល់​ថ្ងៃ។

ផ្ដើម​ពី​ការ​ដាំ​ជីរ​បន្លា​និង​ចិញ្ចឹម​គោ គ្រួ​សារ​បង​យ៉ែន បាន​ឈាន​ឡើង​ធូរ​ធារ ហើយ​គាត់​បន្ត​ជួល​ដី​បន្ថែម​សម្រាប់​ពង្រីក​ការ​ដាំ​ដុះ មក​ទល់​បច្ចុប្បន្ន ផ្ទៃ​ដី​ដាំ​ជីរ​បន្លា​របស់​បង​យ៉ែន បាន​កើន​ឡើង​ដល់​៥​កុង ម្ល៉ោះ​ហើយ បង​យ៉ែន​មិន​សូវ​មាន​ពេល​ទំ​នេរ​នោះ​ទេ។ មួយ​ថ្ងៃៗ​ជាប់​រវល់​ជា​មួយ​នឹង​ការ​ងារ​ប្រ​មូល​ផល​ជីរ​បន្លា កាត់​ស្មៅ​គោ​និង​ថែ​ទាំ​ស្រូវ​ជា​ដើម។ ថ្វី​ដ្បិត​តែ​ការ​ងារ​មាន​ភាព​នឿយ​ហត់​ក៏​ដោយ ប៉ុន្តែ​ស្នាម​ញ​ញឹម​របស់​ប្ដី​ប្រ​ពន្ធ បង​យ៉ែន បាន​បង្ហាញ​ពី​មោទន​ភាព​ចំ​ពោះ​សមិទ្ធ​ផល​ដែល​សម្រេច​បាន។ បង​យ៉ែន ឱ្យ​ដឹង៖ “ប្ដី​ប្រ​ពន្ធ​ខ្ញុំ​ស៊ូ​ទ្រាំ​នឿយ​ហត់​ប្រ​កប​ការ​ងារ​រក​ស៊ី និង​ប្រើ​ប្រាស់​ប្រិត​សំ​ចៃ ទើប​បាន​សល់​ផល។ ឥឡូវ​មាន​ដី​ធ្លី មាន​ផ្ទះ​សម្បែង​សម​រម្យ មាន​លក្ខណ​សម្បត្តិ​ចិញ្ចឹម​កូន​រៀន​សូត្រ គឺ​ខ្ញុំ​រីក​រាយ​និង​សុភ​មង្គល​ទៅ​ហើយ”។

លោក​បាញ​ឌឹក​ក្វាង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ភូ​មី ឱ្យ​ដឹង៖ “ប្ដី​ប្រ​ពន្ធ​បង​យ៉ែន បាន​ស្រុះ​ស្រួល​គ្នា​គិត​គូរ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច កសាង​គ្រួ​សារ​សុភ​មង្គល សុខ​ដុម​រមនា។ ពិ​សេស ទោះ​បី​ជា​រដូវ​ប្រាំង​ឬ​វស្សា ចម្ការ​ជីរ​បន្លា​របស់​គាត់​តែង​លាស់​ខៀវ​ខ្ចី និង​នាំ​មក​រដូវ​ប្រ​មូល​ផល​កាក់​កប។ ដោយ​ឆន្ទៈ​និង​ប្ដេជ្ញា​ចិត្ត​ចាក​ផុត​ពី​ភាព​ក្រី​ក្រ ឈាន​ឡើង​ធូរ​ធារ​របស់​គ្រួ​សារ​បង​ថាច់​យ៉ែន តែង​បាន​មាមីង​ក្នុង​ភូមិ​ស្រុក​ស្ងើច​សរ​សើរ”៕

     លីធាន - ថាច់ធី

ចែករំលែកអត្ថបទ