ពិធីបុណ្យអកអំបុករបស់ជនរួមជាតិខ្មែរ បានប្រព្រឹត្តឡើងយ៉ាងអធិកអធមនៅតាមបណ្ដាខេត្ត ក្រុងដែលមានជនរួមជាតិខ្មែររស់នៅកុះករនៅតំបន់វាលរាបទន្លេគឺវឡុង។ ក្នុងឱកាសពិធីបុណ្យអកអំបុក - ប្រណាំងទូក-ងខេត្តសុកត្រាំង តំបន់វាលរាបទន្លេគឺវឡុង លើកទី៦ និងសប្តាហ៍វប្បធម៌ កីឡា និងទេសចរណ៍ខេត្តសុកត្រាំង លើកទី១ ឆ្នាំ ២០២៤ (ហៅកាត់ថា ពិធីបុណ្យ) បានទាក់ទាញភ្ញៀវទេសចររាប់ពាន់លើកនាក់នៅក្នុងនិងក្រៅប្រទេសមកទស្សនាកម្សាន្តសប្បាយ។ ក្នុងចំណោមសកម្មភាពទាំង១១នៃពិធីបុណ្យ ឃើញថា ការប្រណាំងទូក-ងបានប្រព្រឹត្តឡើងយ៉ាងពុះពោរបំផុតនៅលើដងព្រែក Maspero ដោយមានមនុស្សម្នាមកទស្សនានិងលើកទឹកចិត្តយ៉ាងច្រើនកុះករ បង្កជារូបភាពគួរឱ្យចាប់អារម្មណ៍ និងភាពអឹកធឹកតាមបណ្ដោយដងមាត់ព្រែក Maspero។ ប្រណាំងទូក-ង គឺជាសកម្មភាពមិនអាចខ្វះបានក្នុងពិធីបុណ្យអកអំបុក ហេតុនោះ នៅខេត្តគៀងយ៉ាង និងត្រាវិញ ក៏បានរៀបចំប្រណាំងដែរ បានទាក់ទាញភ្ញៀវទេសចរណ៍រាប់ពាន់នាក់មកទស្សនា និងលើកទឹកចិត្តនៅដងទន្លេកៃឡើង (គៀងយ៉ាង) និងព្រែកឡុងប៊ិញ (ត្រាវិញ)។
ឈុតសម្តែងសិល្បៈអំណររាត្រីបើកពិធីបុណ្យនៅសុកត្រាំង។ រូបថត៖ លីធាន
តំណាងអង្គការឯតទគ្គកម្មវៀតណាម ប្រគល់សេចក្តីសម្រេចនិងវិញ្ញាបនបត្របង្កើតឯតទគ្គកម្មការប្រគំភ្លេងពិណពាទ្យរបស់ជនរួមជាតិខ្មែរនៅខេត្តសុកត្រាំង ទ្រង់ទ្រាយធំបំផុតនៅវៀតណាម។ រូបថត៖ លីធាន
ប្រទីបនិងទូកគែហ៊ៅចែងចាំងពន្លឺចម្រុះពណ៌ កំពុងបណ្ដែតខ្លួននៅលើដងព្រែក Maspero ក្រុងសុកត្រាំង។ រូបថត៖ លីធាន
ក្រុមទូក-ងប្រមូលផ្តុំមកបម្រុងនឹងប្រណាំងនៅព្រែកឡុងប៊ិញ (ត្រាវិញ)។ រូបថត៖ ម៉ាល័យ
ការប្រគំភ្លេងពិណពាទ្យនៅទិវាវប្បធម៌ កីឡានិងទេសចរណ៍ជនរួមជាតិខ្មែរខេត្តគៀងយ៉ាង ឆ្នាំ២០២៤។ រូបថត៖ L.G
ពិធីបុណ្យអកអំបុកនេះ សំដៅលើកតម្កើងលក្ខណៈវប្បធម៌ប្រពៃណីដ៏ល្អរបស់ជនរួមជាតិខ្មែរ ហេតុនោះ ក្រៅពីសកម្មភាពប្រណាំងទូក-ង នៅមានសកម្មភាពវប្បធម៌ប្រពៃណីជាច្រើនទៀត ដូចជា៖ សម្តែងបង្ហាញភ្លេងពិណពាទ្យ បណ្ដែតប្រទីប និងទូកគែហ៊ៅ ប្រឡងប្រទីបស្អាត; ពិធីសំពះព្រះខែ សមោសរសិល្បៈមហាជន បង្ហាញម៉ូតសម្លៀកបំពាក់ខ្មែរ ឧទ្ទេសនាមម្ហូបអាហាររបស់ជនរួមជាតិខ្មែរណាមបូ និងសកម្មភាពកីឡាប្រពៃណី ។ល។ ក្នុងឱកាសនៃពិធីបុណ្យភូមិភាគនានា នៅទាំងរៀបចំផ្សារណាត់ពាណិជ្ជកម្ម - ផលិតផលឧស្សាហកម្មជនបទ និង OCOP ។ល។ ទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករមកស្វែងរកឱកាសធ្វើអាជីវកម្ម និងទិញរបស់របរ ក៏ដូចជាសកម្មភាពចងសម្ព័ន្ធ ដើម្បីនាំយកផលិតផលពិសេសរបស់ជនរួមជាតិខ្មែរក្នុងតំបន់ឈានទៅឆ្ងាយថែមទៀត...៕
ក្រុមអ្នកយកព័ត៌មាន - ប្រែសម្រួល៖ វិមាន